ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In និងក្រុមគណៈប្រតិភូរបស់លោកដែលមានសមាជិកជិត ២ រយនាក់ បានបញ្ចប់ការពិភាក្សាថ្ងៃដំបូងរបស់ខ្លួននៅក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។
លោក Yoon Young Chan អ្នកនាំពាក្យរដ្ឋាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់ថា ទោះបីជានេះគឺជាលើកទី ៣ នៃការពិភាក្សាទល់មុខគ្នារវាងលោក Moon Jae In និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ក៏ដោយ ក៏ជំនួបលើកនេះបង្ហាញឲ្យឃើញពីចំណុចមួយចំនួនដែលធ្វើឡើងជាលើកដំបូងផងដែរ។
លោក Yoon Young Chan បានប្រាប់អ្នកសារព័ត៌មានថា ជំនួបនៅថ្ងៃអង្គារនេះគឺជាជំនួបលើកដំបូងហើយដែលធ្វើឡើងនៅក្នុងទីក្រុងព្យុងយ៉ាង។ លោកបានបន្ថែមថា ក្រុមតន្ត្រីយោធាបានស្វាគមន៍គណៈប្រតិភូកូរ៉េខាងត្បូងដោយការសម្ដែងតន្ត្រីដែលជាទូទៅទុកសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសកូរ៉េខាងជើង។
វាក៏លើកដំបូងផងដែរ ដែលលោក Moon Jae In និងលោក Kim Jong Un ដើរលើកម្រាលព្រំពណ៌ក្រហមនៅឯប្រលានយន្តហោះអន្តរជាតិ Sunan ក្នុងទីក្រុងព្យុងយ៉ាង ហើយមេដឹកនាំកូរ៉េខាងត្បូងដើរត្រួតពលទាហានកូរ៉េខាងជើង។
គោលបំណងចម្បងនៃដំណើរទស្សនកិច្ចរបស់លោក Moon Jae In លើកនេះ គឺដើម្បីស្វែងរកវិធីដើម្បីកាត់បន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ និងដើម្បីជៀសវាងមិនឲ្យមានជម្លោះរវាងប្រទេសទាំងពីរ។
គោលបំណងអាទិភាពទីពីររបស់លោក គឺដើម្បី «សម្របសម្រួលកិច្ចពិភាក្សារវាងប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិកដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ» លើឧបទ្វីបកូរ៉េ។ លោក Moon Jae In បញ្ជាក់ថា ការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េមិនអាចសម្រេចបានដោយគ្មានការពិភាក្សាដោយផ្ទាល់រវាងលោក Kim Jong Un និងប្រធានាធិបតីអាមេរិកលោក Donald Trump នោះទេ៕