លោកម៉ូន ចេអ៊ីន (Moon Jae-In) ប្រធានាធិបតីកូរ៉េខាងត្បូងធ្វើដំណើរទៅទីក្រុងព្យុងយ៉ាងក្នុងសប្តាហ៍នេះដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយនឹងលោកគីម ជុងអ៊ុនមេដឹកនាំប្រទេសកូរ៉េខាងជើង។ នេះជាការខិតខំស្វែងរកវិធីបំបែកភាពទាល់ច្រកនៅពេលចរចាពីអាវុធនុយក្លេអ៊ែររវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក។
លោកម៉ូន នឹងទៅដល់ប្រទេសកូរ៉េខាងជើងនៅថ្ងៃអង្គារ ហើយនឹងស្នាក់នៅទីនោះរយៈពេលបីថ្ងៃ។ នេះជាការធ្វើបន្តការងារពីមេដឹកនាំមុនគឺលោកគីម ដេជុង ក្នុងឆ្នាំ២០០០ និងលោករ៉ូ មូយុន ក្នុងឆ្នាំ២០០៧។
កម្មវិធីលម្អិតនៅមិនទាន់បានប្រកាសនៅឡើយទេប៉ុន្តែក្រុងព្យុងយ៉ាងទំនងជានឹងប្រើប្រាស់ឱ្យអស់ពីលទ្ធភាពដែលខ្លួនមានដើម្បីបង្កើតឱ្យមានចំណាប់អារម្មណ៍ល្អមួយ ដែលក្នុងនោះនឹងមានមនុស្សរាប់ពាន់នាក់ឈរតម្រង់ជួរតាមវិថីនានាដើម្បីស្វាគមន៍លោកម៉ូន
ដំណើរទស្សនកិច្ចនេះកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបង្ហាញរូបភាពឃោសនាដ៏ធំមួយដែលមានក្នុងរយៈពេល៥ឆ្នាំម្តង។ រូបភាពនោះគឺមានលោកគីម និងលោកម៉ូន ដែលបានជួបគ្នានៅកិច្ចប្រជុំកំពូលលើកទីមួយកាលពីខែមេសានៅតំបន់គ្មានកងទ័ពដែលបានបែងចែកប្រទេសទាំងពីរ។ ការណ៍នេះបាននាំឱ្យមានទិដ្ឋភាពមិនធម្មតាមួយដែលជនជាតិកូរ៉េខាងជើងរាប់ម៉ឺននាក់ដែលចូលរួមក្នុងកម្មវិធីនៅស្តាត May Day បានទះដៃអបអរសាទរយ៉ាងខ្លាំងដល់មេដឹកនាំកូរ៉េខាងត្បូង៕