កម្ពុជាប្រកាសបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញដែលភាគច្រើនមានប្រភពមកពីវារីអគ្គិសនីឱ្យបាន៧០ភាគរយ ត្រឹមឆ្នាំ២០៣០ ខណៈសកម្មជនបរិស្ថានចង់ឱ្យរដ្ឋាភិបាលបង្កើនការផលិត និងប្រើប្រាស់ថាមពលពីពន្លឺព្រះអាទិត្យ និងខ្យល់។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា បានឡើងអានសេចក្តីថ្លែងការណ៍ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅសន្និសីទពិភពលោកលើកទី២៨ ស្តីពីការប្រែប្រួលអាកាសធាតុ ដែលធ្វើឡើងក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣។ ចំណុចទី ៤ ក្នុងសេចក្តីថ្លែងការណ៍នោះ លោក អ៊ាង សុផល្លែត លើកឡើងថា កម្ពុជាសម្រេចបានការប្រើប្រាស់ថាមពលកកើតឡើងវិញចំនួន ៦២ភាគរយ ហើយប្តេជ្ញាក្នុងការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០ភាគរយ ត្រឹមឆ្នាំ២០៣០។
លោក អ៊ាង សុផល្លែត បានអានបន្តសេចក្តីថ្លែងការណ៍នោះក្នុងន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «ថ្មីៗនេះ យើងបានលុបចោលគម្រោងថាមពលធ្យូងថ្មក្នុងស្រុកទំហំ ៧០០មេហ្គាវ៉ាត់ ហើយមានបំណងបង្កើនថាមពលដែលអាចកកើតឡើងវិញរបស់យើងដល់ ៧០% នៅឆ្នាំ២០៣០ ដែលជាទ្វេដងនៃស្តង់ដារអាស៊ានដែលបានកំណត់សម្រាប់ឆ្នាំ ២០៥០»។
ការថ្លែងរបស់លោក អ៊ាង សុផល្លែត ធ្វើឡើងខណៈដែលប្រទេសយ៉ាងហោចណាស់ជាង១២០ ក្នុងសន្និសីទលើកទី២៨ ស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងឌូបៃ បានប្រកាសប្តេជ្ញាបង្កើនសមត្ថភាពថាមពលកកើតឡើងវិញបីដងនៅឆ្នាំ ២០៣០។
លោក អ៊ាង សុផល្លែត បានប្រាប់វីអូអេកាលពីសប្តាហ៍មុនថា ថាមពលកកើតឡើងវិញដែលកម្ពុជាប្តេជ្ញាបង្កើន គឺជាថាមពលពីបន្ទះស្រូបពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងថាមពលខ្យល់។ ទោះយ៉ាងណា លោកមិនបានបញ្ជាក់ថា តើកម្ពុជាគ្រោងនឹងបង្កើនថាមពលកកើតឡើងវិញនីមួយៗនេះប៉ុន្មានភាគរយនោះទេ។
លោក ណត្តារុណ ង៉ោសឺន នាយកប្រចាំប្រទេសនៃអង្គការអេននឺជីឡេប (EnergyLab) ប្រាប់វីអូអេថា លោកសាទរគម្រោងដែលកម្ពុជាប្រកាសថានឹងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០ភាគរយក្នុ ងរយៈពេល៧ឆ្នាំខាងមុខ។ លោកថា រដ្ឋាភិបាលបានបង្កើនថាមពលពន្លឺព្រះអាទិត្យសរុបដល់ទៅ ២ជីហ្គាវ៉ាត់ ដែលនឹងត្រូវដំឡើងនៅឆ្នាំ ២០៣០ ដែលជាចំនួនទ្វេដងដែលនឹងត្រូវសាងសង់ក្រោមផែនការពីមុនរបស់រដ្ឋាភិបាល ដើម្បីពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា។
គិតត្រឹមឆ្នាំ ២០២២ ថាមពលកកើតឡើងវិញដែលកម្ពុជាកំពុងប្រើប្រាស់ភាគច្រើនគឺបានមកពីប្រភពវារីអគ្គិសនី ចំនួន ៣៤.៧៥ភាគរយ ថាមពលពន្លឺព្រះអាទិត្យ ៥.៥១ភាគរយ និងថាមពលជីវម៉ាស ០.៤៧ភាគរយ។ ក្រៅពីនេះកម្ពុជាកំពុងប្រើប្រាស់ថាមពលពីប្រភពដុតធ្យូងថ្មចំនួន ៥៩.២៧ភាគរយ ដុតប្រេងចំនួន ៥.១១ភាគរយ និងនាំចូលពីក្រៅប្រទេសចំនួន ២៨.៩៩ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា។
ខណៈថាមពលអគ្គិសនីកកើតឡើងវិញដែលកម្ពុជាកំពុងប្រើប្រាស់ភាគច្រើនបានមកពីវារីអគ្គិសនី សកម្មជនបរិស្ថានបារម្ភថា ទំនប់វារីអគ្គិសនីធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) ប្រាប់វីអូអេថា លោកគាំទ្រចំពោះការប្រកាសប្តេជ្ញាបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញដូចជាថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។
ទន្ទឹមនឹងការគាំទ្រ លោក ហេង គឹមហុង ក៏បារម្ភថា ការបន្តបង្កើនថាមពលមានប្រភពមកពីវារីអគ្គិសនីអាចធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងជីវៈចម្រុះ ព្រមទាំងការរស់នៅរបស់ប្រជាពលរដ្ឋ ប្រសិនបើការសាងសង់នោះធ្វើឡើងដោយមិនមានការគិតគូរគ្រប់ជ្រុងជ្រោយ។
លោកថ្លែងថា៖ «បើសិនជាយើងកសាងទំនប់វារីអគ្គិសនីមួយចំនួននៅតាមតួទន្លេមេគង្គ ឬក៏តំបន់ដែលមានមនុស្សរស់នៅច្រើនហ្នឹង វាអាចបង្កការរំខាន ឬក៏ធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងលើនៃដងទន្លេ ដែលត្រូវបានទប់ដើម្បីកសាងទំនប់វារីអគ្គិសនី អាចនឹងត្រូវទទួលរងគ្រោះពីការអភិវឌ្ឍរោងចក្រថាមពលអគ្គិសនីនោះ។ ទន្ទឹមហ្នឹងនឹង ខ្ញុំក៏មានការចាប់អារម្មណ៍ដែរ ត្រង់ថា បើសិនជាយើងអត់សាងសង់ឱ្យបានត្រឹមត្រូវនៅតំបន់មួយចំនួនហ្នឹង ក៏រំខានទៅដល់ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះផងដែរ»។
លោក ហេង គឹមហុង បន្ថែមថា រដ្ឋាភិបាលគួរងាកមកមកបង្កើនការផលិត និងប្រើប្រាស់ថាមពលពីពន្លឺព្រះអាទិត្យ និងខ្យល់ឱ្យបានច្រើនជំនួសវិញ ដើម្បីកសាងប្រភពថាមពលស្អាតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។ លោកថា ការតំឡើងកង្ហារគួរធ្វើក្នុងខេត្តមណ្ឌលគិរី ខណៈបន្ទះសូឡាគួរមានតម្លៃទាប និងគួរអនុញ្ញាតឱ្យក្រុមហ៊ុនក្នុងស្រុកមានលទ្ធភាពតំឡើងដោយខ្លួនឯង។
លោក អ៊ាង សុផល្លែត មិនឆ្លើយតបនឹងសំណួររបស់វីអូអេពាក់ព័ន្ធនឹងការលើកឡើងរបស់សកម្មជនបរិស្ថាន ដោយលោកគ្រាន់តែប្រាប់វីអូអេយ៉ាងខ្លីតាមរយៈបណ្តាញសង្គមតេឡេក្រាមថា៖ «ការអនុវត្តច្បាប់ ១០០% គឺគោលការណ៍របស់ខ្ញុំ»។
ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសលែងសាងសង់ទំនប់វារីអគ្គិសនីលើតួទន្លេមេគង្គ ប៉ុន្តែរដ្ឋាភិបាលនៅបន្តស្ថាបនាទំនប់វារីអគ្គិសនីតាមដងស្ទឹង និងតំបន់ទឹកធ្លាក់មួយចំនួន។
ក្នុងរយៈពេលប្រមាណជា ១០ឆ្នាំមកនេះ ការសាងសង់ទំបន់វារីអគ្គិសនីនៅកម្ពុជានិងបណ្តាប្រទេសមួយចំនួនទៀតនៅដងទន្លេមេគង្គ បានធ្វើឱ្យមានការតវ៉ាជាច្រើនលើកច្រើនសារ ដោយសារតែទំនប់ទាំងនោះធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ធ្វើឱ្យកម្ពស់ទឹកមិនមានតុល្យភាព ទិន្នផលត្រីថយចុះ ធ្វើឱ្យប្រជាជនត្រូវជម្លៀសចេញ និងប៉ះពាល់ដល់ជីវៈចម្រុះផ្សេងៗជាច្រើនទៀត៕
(អត្ថបទនេះត្រូវបានផលិតឡើងជាផ្នែកមួយនៃភាពជាដៃគូប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុឆ្នាំ២០២៣ ដែលជាអាហារូបករណ៍ផ្នែកសារព័ត៌មានរៀបចំដោយ Earth Journalism Network របស់អង្គការ Internews និងមជ្ឈមណ្ឌល Stanley សម្រាប់សន្តិភាព និងសន្តិសុខ។)