ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​លុប​ចោល​គម្រោង​សាង​សង់​រោង​ចក្រ​ដុត​ធ្យូង​ថ្ម​នៅ​ខេត្ត​កោះកុង


នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​បាន​ទម្លាក់​ចោល​គម្រោង​សាង​សង់​រោង​ចក្រ​ដុត​ធ្យូង​ថ្ម ដែល​មាន​ទំហំ​ថាមពល​៧០០​មេហ្គាវ៉ាត់ ក្នុង​ស្រុក​បទុម​សាគរ ខេត្ត​កោះកុង ដែល​នេះ​ជា​ជំហាន​មួយ​ក្នុង​ការចូលរួម​ទប់​ស្កាត់​បម្រែ​បម្រួល​អាកាស​ធាតុ​ក្នុង​ពិភព​លោក និង​ត្រូវ​បាន​ស្វាគមន៍​ដោយ​អ្នក​តស៊ូ​មតិ​លើ​ផ្នែក​បរិស្ថាន។

លោក ហ៊ុន ម៉ាណែត ដែល​កាន់​អំណាច​ជា​នាយក​រដ្ឋមន្រ្តី​បាន​ជាង​៣​ខែ ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី «បិទ​ស្ទឹង​សាងសង់​ទំនប់​វារី​អគ្គិសនី​តាតៃ​លើ» ដែល​មាន​អានុភាព​១៥០​មេហ្គា​វ៉ាត់ ស្ថិត​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះ​កុង។

ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជាលុប​ចោល​គម្រោង​សាងសង់​រោងចក្រ​ដុត​ធ្យូង​ថ្ម​នេះ ស្រប​ពេល​ដែល​អ្នក​តស៊ូ​មតិ​លើ​ផ្នែក​បរិស្ថាន​ចង់​ឃើញ​កម្ពុជា​អភិវឌ្ឍ​អគ្គិ​សនី ដោយ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ ឬ​ថាម​ពល​ស្អាត ដែល​សំដៅ​លើ​ព្រះអាទិត្យ និង​ខ្យល់​ជាដើម។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា​កម្ពុជា​ពិត​ជា​ត្រូវ​ការ​អគ្គិសនី ហើយ​មិន​ពឹង​ផ្នែក​លើ​ការ​នាំ​ចូល​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង​ឡើយ ដូច្នេះ​ការ​បង្កើត​អគ្គិសនី​ដោយ​ខ្លួន​ឯង​ត្រូវ​តែ​មាន ប៉ុន្តែ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​បរិស្ថាន ជា​ពិសេស​ជួយ​ទប់​បម្រែ​បម្រួល​អាកាស​ធាតុ។ លោក​នាយករដ្ឋមន្រ្តី​បញ្ជាក់​ថា​កម្ពុជា​បញ្ចេញ​«ឧស្ម័ន​ពុល​តិច​ណាស់» តែ​កម្ពុជា​ត្រូវ​តែ​ចូលរួម​នៅ​ក្នុង​ពិភព​លោក​ក្នុង​ការ​ទប់​ស្កាត់​បម្រែ​បម្រួល​អាកាស​ធាតុ។

លោក​ថ្លែង​ថា៖ «នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៣​នេះ ថ្ងៃ​ទី​២ ខ្ញុំ​បាន​សម្រេច​បញ្ឈប់​គម្រោង​គម្រោង​អភិវឌ្ឍ​ន៍​ផលិត​អគ្គិសនី​ដោយ​ធ្យូង​ថ្ម អនុភាព៧០០​មេហ្គាវ៉ាត់​មួយ​នៅ​បុទុម​សាគរ ខេត្ត​កោះកុង​យើង​នេះ ដែល​មាន​ការ​សិក្សា​អី​ច្រើន​ហើយ​នៅ​ក្នុង​ការ​ធ្វើ ប៉ុន្តែ​ឥឡូវ​ការ​ប្តេជ្ញា​របស់​យើង អត់​ចាំ​ពេល​ណា​ទេ។ ឥឡូវ​រោងចក្រ​ដែល​មាន​នេះ ខ្ញុំ​បាន​សម្រេច​ឲ្យ​បញ្ឈប់​ហើយ​បាន​ឲ្យ​ពិភាក្សា​ពិនិត្យ​ប្តូរ​លទ្ធភាព​គម្រោង​នេះ​ទៅ​ជា​ផលិត​អគ្គិសនី​ដុត​ឧស្ម័ន​LNG​វិញ។ អា​៧០០​មេហ្គាវ៉ាត់ ដែល​យើង​គ្រោង​ធ្វើ​ធ្យូង​ថ្ម​នេះ មិន​បាច់​ធ្វើ​ទៀត​ទេ ឥឡូវ​ដូរ​ទៅ​ជា​LNGវិញ ព្រោះ​អាហ្នឹង​បំពុល​បរិស្ថាន​តិច​ជាង​អា​ធ្យូង​ថ្ម»។

រូបឯកសារ៖ ទិដ្ឋភាពនៃការអភិវឌ្ឍឧទ្យាជាតិបុទុមសាគរ នៅខេត្តកោះកុង កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១២។
រូបឯកសារ៖ ទិដ្ឋភាពនៃការអភិវឌ្ឍឧទ្យាជាតិបុទុមសាគរ នៅខេត្តកោះកុង កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១២។


លោក​បន្ថែម​ថា៖ «សូម​ប្រកាស​ឲ្យ​ហើយ ប្រសិន​បើ​អ្នក​ណា​មិន​ចង់​ធ្វើ​ការ​វិនិយោគ​ធ្វើរោងចក្រ​ផលិត​ធ្យូង​ថ្ម​នៅ​កម្ពុជា កុំ​មក នាំ​តែ​ខាត​លុយ​ជិះ​កប៉ាល់​ហោះ​មក​ទេ»។

គម្រោង​រោង​ចក្រ​ដុត​ធ្យូង​ថ្ម​ក្នុង​ខេត្ត​កោះ​កុង​នេះ​ជា​គម្រោង​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​របស់​ឧកញ៉ា ​គិត ម៉េង។

វីអូអេមិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​បាន​នៅ​ឡើយ​ទេ។

បើ​តាម​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ស្ថាប័ន​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល​កាល​ពី​កន្លង​ទៅ បាន​សិក្សា​អំពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម មុន​នឹង​អភិវឌ្ឍ​គម្រោង​អគ្គិសនី​អ្វី​មួយ។

លោក ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ប្រាប់​វីអូអេ​ថា​ការ​សម្រេច​លុប​ចោល​គម្រោង​រោងចក្រ​ដុត​ធ្យូង​ថ្ម ជា​រឿង​ល្អ​ប្រសើរ​មួយ។

លោក​បន្ថែម​ថា៖ «វា​គឺជា​រឿង​មួយ​ដែល​យើង​សប្បាយ​ចិត្ត​រីក​រាយ ក្នុង​នាម​ជា​អ្នក​ធ្វើការ​ក្នុង​វិស័យ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នេះ។ ហើយ​ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​ក៏​ត្រូវ​ពិនិត្យ និង​ពិចារណា​ឡើង​វិញ​ទៅ​លើ​គោល​ការណ៍​មួយ​ចំនួន​របស់​ខ្លួន​នៅ​ក្នុង​ការ​បង្កើន​នូវ​សមត្ថ​ភាព បង្កើត​នូវ​ថាមពល​ស្អាត និង​ការ​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ទប់​ស្កាត់​បម្រែ​បម្រួល​អាកាស​ធាតុ»។

លោក​បន្ថែម​ថា​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​ការ​ពារ និង​ការ​កាប់​ព្រៃ​ឈើ​នៅ​ពេល​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី ក៏​នៅ​តែ​ជា​បញ្ហា​បារម្ភ​មួយ​ដែរ។

បើ​តាម​លោក ហេង គឹមហុង ការ​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន​របស់​រដ្ឋាភិបាល​មិន​ទាន់​មាន​តម្លា​ភាព និង​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ។

កាល​ពី​ខែ​សីហា ឆ្នាំ​២០២០ ក្រុមហ៊ុន​ធំៗ​ដែល​បញ្ជាទិញ​ផលិត​ផល​សម្លៀក​បំពាក់ រួម​មាន​ H&M, Adidas, Puma, Gap Inc, Nike ​និង​ក្រុមហ៊ុន​ Specialized ជំរុញ​ឲ្យ​កម្ពុជា​អភិវឌ្ឍ​ថាមពល​ស្អាតហើយ​ថា​ការ​ដុត​ធ្យូង​ថ្ម​ប៉ះពាល់​បរិស្ថាន​ដែល​ផ្ទុយ​ពី​ការប្តេជ្ញា​ប្រឹង​ប្រែង​របស់​ពួកគេ​ក្នុង​ការចូលរួម​ការពារ​បរិស្ថាន។ ពួកគេ​ជំរុញ​ឲ្យ​កម្ពុជា​ក្រឡេក​មើល​ថាមពល​កកើត​ឡើងវិញ ដូចជា​ថាមពល​ព្រះ​អាទិត្យ និង​ថាម​ពល​ខ្យល់ ដែល​កម្ពុជា​មាន​សក្តានុពល។

បើទោះ​លុប​ចោល​គម្រោង​រោងចក្រ​ដុត​ធ្យូង​ថ្ម​នៅ​ខេត្ត​កោះកុង កម្ពុជា​នៅ​មាន​គម្រោង​អភិវឌ្ឍ​រោង​ចក្រ​អគ្គិសនី​ដើរ​ដោយ​ចំហេះ​ធ្យូង​ថ្ម​ចំនួន​២​ទីតាំង​ទៀត​ដែល​កំពុង​សាង​សង់ និង​កំពុង​ដំណើរ​ការ គឺ​នៅខេត្ត​ព្រះសីហនុ និង​ឧត្ដរ​មាន​ជ័យ៕

XS
SM
MD
LG