កម្ពុជាត្រៀមការប្តេជ្ញាចិត្តចំនួន ៧ ចំណុចនៅក្នុងការរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ សម្រាប់ការថ្លែងនៅក្នុងសន្និសីទលើកទី ២៨ នៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ឬហៅថា COP28 ដែលធ្វើឡើងនៅទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលកំពុងស្ថិតក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងឌូបៃ បានប្រាប់វីអូអេតាមបណ្តាញសង្គមតេឡេក្រាម នៅព្រឹកថ្ងៃទី១ ខែធ្នូនេះថា លោកនិងប្រតិភូកម្ពុជាទាំងអស់បានត្រៀមនាំយកនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំនួន ៧ ចំណុច ដើម្បីរួមចំណែកកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុលើភពផែនដីជូនដល់អង្គសន្និសីទ។
លោក អ៊ាង សុផល្លែត ថ្លែងថា៖ «ការប្តេជ្ញាចិត្ត៧ចំណុចហ្នឹង គឺនឹងផ្សព្វផ្សាយជាទូទៅនៅក្នុងដំណើរការសន្និសីទកំពូល COP ទី២៨ ហ្នឹង។ ដោយឡែកកម្ពុជានឹងចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៩ ឬទី១០ នៅពេលហ្នឹងខ្ញុំនឹងអានសុន្ទរកថាដែលមានចំណុចទាំង ៧ នៅក្នុងហ្នឹង ប៉ុន្តែចំណុចទាំង ៧ ហ្នឹង ខ្ញុំមិនអានទាំងអស់ទេ ដោយសារចំណុចពីរ បី បួននោះបានបានចេញរួចហើយ តាំងពី COP26 ម្ល៉េះ យើងគ្រាន់តែបន្តការប្តេជ្ញាចិត្តរបស់យើង»។
បើតាមសារដែលលោក អ៊ាង សុផល្លែត ផ្ញើឱ្យវីអូអេ ការប្តេជ្ញាចិត្តរបស់កម្ពុជាទាំង ៧ ចំណុចនោះរួមមានការបញ្ឈប់គម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មមានអានុភាព ៧០០មេហ្កាវ៉ាត់ ដោយជំនួសមកវិញនូវរោងចក្រអគ្គិសនីប្រើឥន្ធនៈឧស្ម័នរាវ (LPG)។ ការផលិតថាមពលស្អាតតាមរយៈការកសាងទំនប់វារីអគ្គីសនីផលិតថាមពលមានអានុភាព ១០០០មេហ្កាវ៉ាត់ ឱ្យបានមុនឆ្នាំ ២០២៨។ ការបង្កើនការប្រើប្រាស់ថាមពលស្អាត និងជាថាមពលកកើតឡើងវិញ ដូចជាថាមពលពីបន្ទះស្រូបពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងខ្យល់ឱ្យបាន៧០ភាគរយ។ ការដាក់ចេញការអនុវត្តយុទ្ធសាស្ត្រចក្រាក្នុងវិស័យបរិស្ថាន ដោយមានយុទ្ធសាស្ត្រកម្ពុជាស្អាត តាមរយៈការកាត់បន្ថយការប្រើថង់ប្លាស្ទិចជាបណ្តើរៗ និងរៀបចំទុកដាក់សំណល់រឹង និងរាវឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។ យុទ្ធសាស្ត្រកម្ពុជាបៃតង តាមរយៈការដាំដើមឈើទាំងតាមទីវាល និងតំបន់ការពារយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ក្នុងគោលដៅពង្រីកគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០។ មិនអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតថាមពលអគី្គសនីដោយប្រើធ្យូងថ្មនៅកម្ពុជា និងមិនអនុញ្ញាតឱ្យសង់វារីអគ្គីសនីកាត់ទន្លេមេគង្គ។
ក្នុងសារដដែលបន្ថែមថា បេសកកម្មរបស់ប្រតិភូកម្ពុជាក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៨ នេះ គឺដើម្បីបង្ហាញពិភពលោកអំពីការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការទប់ស្កាត់និងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដែលកំពុងកើតមានលើពិភពលោក និងរួមចំណែកក្នុងការសម្អាតបរិស្ថានពិភពលោកឱ្យមានភាពស្រស់បំព្រង ប្រកបដោយភាពស្អាត ភាពបៃតង ដែលកំពុងតែមានអត្ថិភាព ព្រមទាំងជាទីមនោរម្យសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ អ្នកវិនិយោគ ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ឈានឆ្ពោះទៅជាប្រទេសអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។
បើតាមអង្គការសហប្រជាជាតិ ឥន្ធនៈហ្វូស៊ីល ដូចជាធ្យូងថ្ម ប្រេង និងឧស្ម័ន ជាមូលហេតុធំបំផុតចំពោះការប្រែប្រួលអាកាសធាតុពិភពលោក ដែលស្មើនឹងជាង៧៥ភាគរយ នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ទូទាំងពិភពលោក និងជិត៩០ភាគរយនៃការបញ្ចេញកាបូនឌីអុកស៊ីតទាំងអស់។ នៅពេលដែលការបំភាយឧស្ម័នផ្ទះកញ្ចក់គ្របដណ្តប់ផែនដី ពួកវាចាប់កំដៅព្រះអាទិត្យ ដែលនាំឱ្យមានការឡើងកំដៅផែនដី និងការប្រែប្រួលអាកាសធាតុ។ បច្ចុប្បន្ន ពិភពលោកកំពុងឡើងកំដៅលឿនជាងចំណុចណាមួយនៅក្នុងប្រវត្តិសាស្ត្រដែលបានកត់ត្រាទុក។ ការប្រែប្រួលអាកាសធាតុក៏បង្កហានិភ័យជាច្រើនដល់មនុស្ស និងគ្រប់ទម្រង់នៃជីវិតនៅលើផែនដី។
COP28 គឺជាកិច្ចប្រជុំលើកទី២៨នៃសន្និសីទភាគីទៅកាន់អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ សន្និសីទនេះគឺជាកន្លែងដែលតំណាងពីប្រទេស និងស្ថាប័នធំៗលើពិភពលោកមករួមគ្នាដើម្បីយល់ព្រមលើមធ្យោបាយដោះស្រាយវិបត្តិអាកាសធាតុ ដូចជាការកំណត់ការកើនឡើងសីតុណ្ហភាពពិភពលោកត្រឹម ១.៥អង្សាសេ ការជួយសហគមន៍ដែលងាយរងគ្រោះឱ្យសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការសម្រេចបាននូវការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ត្រឹមសូន្យ នៅឆ្នាំ២០៥០។
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវនិងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា សាទរការនាំយកនូវការប្តេជ្ញាចិត្តទាំង៧ចំណុចរបស់កម្ពុជាឆ្ពោះទៅកាន់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ ឬ COP28។
លោក ហេង គឹមហុង លើកឡើងថា ការបញ្ឈប់ និងការមិនអនុញ្ញាតឱ្យមានគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មនៅកម្ពុជា និងការមិនអនុញ្ញាតឱ្យសង់វារីអគ្គីសនីកាត់ទន្លេមេគង្គ គឺជារឿងចាំបាច់សម្រាប់ការទប់ស្កាត់វិបត្តិនៃការប្រែប្រួលអាកាសធាតុ។ លោកថា សម្រាប់ការដាំដើមឈើ ១លានដើមក្នុងមួយឆ្នាំជារឿងល្អ តែគួរតែមានការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារគម្របព្រៃឈើដែលមានស្រាប់។
បើតាមលោក ហេង គឹមហុង រដ្ឋាភិបាលគួរមានសកម្មភាពសំខាន់ៗមួយចំនួនទៀតដើម្បីធានាថា ការប្តេជ្ញាចិត្តទាំងនេះអាចទទួលបានជោគជ័យ។
លោកបញ្ជាក់ថា៖ «ការប្តេជ្ញាចិត្តតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេ ទាល់តែមានការរៀបចំនូវយន្តការអនុវត្ត និងការការពារឱ្យបានល្អប្រសើរ ហើយវិធានការច្បាប់ គុណភាពមន្រ្តីរាជការ ផ្នែកពាក់ព័ន្ធ និងវិជ្ជាជីវៈ និងការទប់ស្កាត់អំពើពុករលួយពាក់ព័ន្ធក្នុងវិស័យថាមពល វិស័យការពារធនធានធម្មជាតិ ទើបក្លាយជាទិសដៅមួយពិតប្រាកដក្នុងការជំរុញឱ្យគោលនយោបាយ និងការប្តេជ្ញាចិត្តរបស់រដ្ឋហ្នឹងកាន់តែមានប្រសិទ្ធភាព»។
បើតាមគេហទំព័ររបស់ UNFCCC របៀបវារៈសំខាន់ៗដែលនឹងត្រូវលើកយកមកពិភាក្សា និងចរចារក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ឬ COP28 នេះមានដូចជា ការប្រឈមមុខនឹង Global Stocktake (GST) ដែលជាតារាងពិន្ទុវិភាគវឌ្ឍនភាពរបស់ប្រទេសឆ្ពោះទៅរកកិច្ចព្រមព្រៀងប៉ារីសឆ្នាំ២០១៥ ដើម្បីសម្របផែនការសកម្មភាពអាកាសធាតុបន្ទាប់របស់ពួកគេដែលនឹងផុតកំណត់នៅឆ្នាំ២០២៥។
ភាគីនានាក៏នឹងស្វែងរកប្រតិបត្តិការមូលនិធិការបាត់បង់ និងការខូចខាតផងដែរ បន្ទាប់ពីប្រទេសកំពុងអភិវឌ្ឍន៍បានស្នើឡើងក្នុងខែកញ្ញាថា ប្រទេសអភិវឌ្ឍន៍គួរបែងចែកយ៉ាងហោចណាស់ ១០០ពាន់លានដុល្លារដល់ពួកគេនៅឆ្នាំ២០៣០។
ហើយប្រធានបទចំនួនបួនដែលឈានមុខគេក្នុងកិច្ចប្រជុំកំពូលនេះមានដូចជា ការតាមដាននិងការផ្លាស់ប្តូរថាមពលពាក់ព័ន្ធនឹងថាមពលកកើតឡើងវិញ ប្រព័ន្ធអាហារ និងកសិកម្ម។ ការជួសជុលហិរញ្ញវត្ថុអាកាសធាតុ។ ដំណោះស្រាយផ្អែកលើធម្មជាតិ និងការការពារប្រឆាំងនឹងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងការបាត់បង់ជីវចម្រុះ។ ការដាក់បញ្ចូលក្នុងការគ្រប់គ្រងអាកាសធាតុ ដែលរួមមានការចូលរួមរបស់យុវជន និងការទំនាក់ទំនងដែលប្រសើរឡើងរវាងវិស័យ និងទីភ្នាក់ងារផ្សេងៗ។
អ្នកចូលរួមជាង៩ម៉ឺននាក់ បានចុះឈ្មោះចូលរួមសន្និសីទនេះ ដោយរួមមានរដ្ឋជាសមាជិក ឬភាគីនៃអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) អ្នកដឹកនាំធុរកិច្ច យុវជន អ្នកវិទ្យាសាស្ត្រអាកាសធាតុ ជនជាតិដើមភាគតិច អ្នកសារព័ត៌មាន អ្នកជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ក្នុងនោះ ជាង១០០នាក់មកពីកម្ពុជា។ នេះបើតាម UNFCCC៕
អត្ថបទនេះត្រូវបានផលិតឡើងជាផ្នែកមួយនៃភាពជាដៃគូប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុឆ្នាំ ២០២៣ ដែលជាអាហារូបករណ៍ផ្នែកសារព័ត៌មានរៀបចំដោយ Earth Journalism Network របស់អង្គការ Internews និងមជ្ឈមណ្ឌល Stanley សម្រាប់សន្តិភាព និងសន្តិសុខ។