កង្វះការស្រាវជ្រាវក្នុងចំណោមសាស្ត្រាចារ្យ មហាវិទ្យាល័យគឺជាមូលហេតុចម្បងមួយ ដែលធ្វើឲ្យការរីកចម្រើនវិស័យអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជានៅមានកម្រិតទាបនៅឡើយ បើធៀបនឹងប្រទេសអភិវឌ្ឍ។ កង្វះខាតថវិកាគាំទ្រ លទ្ធភាពតិចតួចក្នុងការចុះផ្សាយអត្ថបទស្រាវជ្រាវ និងកង្វះយន្តការជាក់លាក់ដើម្បីធានាដល់ការស្រាវជ្រាវគឺជាបញ្ហាប្រឈមចម្បងៗរបស់អ្នកស្រាវជ្រាវនៅកម្ពុជា។
បើទោះជាបច្ចុប្បន្ននេះចំនួនគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាមានការកើនឡើងដល់១៦២គ្រឹះស្ថានទូទាំងប្រទេសយ៉ាងណាក្តី ក៏ការរីកចម្រើនខាងវិស័យអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជានៅមានកម្រិតនៅឡើយ បើធៀបនឹងប្រទេសអភិវឌ្ឍ។ ជាពិសេសគឺកង្វះការស្រាវជ្រាវក្នុងចំណោមសាស្ត្រាចារ្យឧត្តមសិក្សា។ នេះបើតាមការលើកឡើងដោយបញ្ញវន្ត និងអ្នកស្រាវជ្រាវនៅកម្ពុជា។
លោករស់ វុទ្ធថា វ័យ២៧ឆ្នាំជាសាស្ត្រាចារ្យ និងជាអ្នកសម្របសម្រួលកម្មវិធីបរិញ្ញាបត្រនៃវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា តួនាទីរបស់សាស្ត្រាចារ្យមហាវិទ្យាល័យមាន៣សំខាន់គឺការបង្រៀន ការផ្តល់សេវាកម្មអប់រំ និងការធ្វើការស្រាវជ្រាវ។ ក៏ប៉ុន្តែ ការស្រាវជ្រាវនាពេលនេះនៅមិនទាន់ជាអាទិភាពនៅឡើយនោះទេ។
«សាលាយើងភាគច្រើនយើងមិនទាន់ចាត់ទុកថា ជា Research University (សាកលវិទ្យាល័យស្រាវជ្រាវ) នោះទេ។ Requirement (តម្រូវការ) យើងសំខាន់ជាងគេគឺបង្រៀន។ ចំណូលរបស់សាលាធំគឺបានមកពីបង្រៀន អញ្ចឹងសេវាកម្មដែលយើងផ្តល់ឲ្យគឺបង្រៀនសិស្ស។ តែមិនមែនថា អត់មាន Research (ស្រាវជ្រាវ)សោះទេ. យើងមានដែរ តែវាតូចៗ»។
បើតាមលោករស់ វុទ្ធថា បញ្ហាប្រឈមសំខាន់ៗចំពោះការស្រាវជ្រាវរួមមាន កង្វះខាតថវិកាគាំទ្រ និងលទ្ធភាពចុះផ្សាយអត្ថបទស្រាវជ្រាវទាំងនោះ។ ជាទូទៅអ្នកស្រាវជ្រាវខ្មែរត្រូវស្រាវជ្រាវរួមគ្នាជាមួយបរទេសដើម្បីបានចុះផ្សាយអត្ថបទស្រាវជ្រាវទាំងនោះ។
«អ្នកណាក៏គិតថា វាសំខាន់ ហើយផ្ដល់តម្លៃឲ្យវាដែរ។ តែសួរថា យើងអាចធ្វើបានដល់កម្រិតណា គឺជារឿងដែលយើងត្រូវគិត»។
លោកបណ្ឌិត ដេត សុខឧត្ដម ជាអ្នកស្រាវជ្រាវ និងជាសកលវិទ្យាធិការរងនៃសាកលវិទ្យាល័យហ្សាម៉ាន់កម្ពុជា បានទទួលស្គាល់បញ្ហាខ្វះខាតមូលនិធិស្រាវជ្រាវ ក៏ប៉ុន្តែលោកថា អ្នកស្រាវជ្រាវទាំងនោះក៏អាចស្វែងរកមូលនិធិគាំទ្រការស្រាវជ្រាវពីស្ថាប័ន ឬអង្គការអន្តរជាតិនានាដែលធ្វើការទៅលើប្រធានបទស្រដៀងគ្នានោះដែរ។
លោកនិយាយថា នៅក្នុងប្រទេសអភិវឌ្ឍន៍ សាស្ត្រាចារ្យតម្រូវឲ្យធ្វើការស្រាវជ្រាវដើម្បីទទួលបានការឡើងតំណែង និងទទួលបានប្រាក់បៀវត្សខ្ពស់ ហើយគោលការណ៍លើកទឹកចិត្តបែបនេះមិនទាន់បានអនុវត្តនៅកម្ពុជានោះទេ។
លោកដេត សុខឧត្ដមបញ្ជាក់ប្រាប់ VOA ថា ការស្រាវជ្រាវរបស់សាស្ត្រាចារ្យជារឿងសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍសមត្ថភាពខ្លួន និងដើម្បីតាមឲ្យទាន់ស្ថានភាពសង្គម និងពិភពលោកដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័សនោះ។
«អ្វីដែលយើងចែករំលែកទៅសិស្សគឺត្រូវតែថ្មី ត្រូវតែមានទំនើបកម្មទៅនឹងអ្វីដែលគេរកឃើញថ្មី។ កាលណាតែយើងជាសាស្ត្រាចារ្យ ជាបញ្ញវន្តហើយ យើងមិនអាចដកខ្លួនចេញពីការស្រាវជ្រាវបានទេ ព្រោះវាជាការទទួលខុសត្រូវរបស់យើង។ តែយើងដកខ្លួនចេញ ចំណេះដឹងដែលយើងមានទាំងប៉ុន្មានទៅជាចាស់។
ឧទាហរណ៍ថា យើងបង្រៀនផ្នែកទំនាក់ទំនងអន្តរជាតិ៤ឆ្នាំមុន យើងនិយាយរឿង al-Qaida មកដល់លើកនេះ យើងត្រូវតែនិយាយរឿង ISIS»។
របាយការណ៍របស់វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព CICP ចំណងជើងថា «ការស្រាវជ្រាវនៅកម្ពុជាបង្កើតគំរូដើម្បីកសាងសមត្ថភាព» បានលើកឡើងថា ចំនួនអ្នកចាប់អារម្មណ៍ទៅលើការស្រាវជ្រាវមានការកើនឡើង។ ប៉ុន្តែឆន្ទៈរបស់ពួកគេត្រូវរងសម្ពាធហិរញ្ញវត្ថុ និងទំហំការងារច្រើនពេកដែលធ្វើឲ្យសាស្ត្រាចារ្យទាំងនោះគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ។
របាយការណ៍នេះដែលចេញផ្សាយកាលពីខែមិនាឆ្នាំ២០១៦ បានលើកឡើងថា ជាទូទៅហិរញ្ញវត្ថុ ដែលគាំទ្រការស្រាវជ្រាវរបស់កម្មវិធី ឬអង្គការអន្តរជាតិ តែងតែទាមទារឲ្យអ្នកស្រាវជ្រាវសម្របខ្លឹមសារស្រាវជ្រាវរបស់ខ្លួនទៅតាមលក្ខខណ្ឌ ឬតម្រូវការរបស់កម្មវិធីទាំងនេះ។
លោកពូ សុវចនា ជានាយករងនៃវិទ្យាស្ថាន CICP បានឲ្យដឹងថា កម្ពុជាមានគោលនយោបាយជំរុញការស្រាវជ្រាវខ្លះដែរ ក៏ប៉ុន្តែនៅខ្វះការអនុវត្តជាក់ស្តែង ពោលគឺខ្វះយន្តការវាយតម្លៃគុណភាពអប់រំជាក់លាក់ពីក្រសួងអប់រំ និងគ្រឹះស្ថានអប់រំផ្ទាល់តែម្តង។
«Vision របស់ក្រសួងអប់រំឆ្នាំ២០៣០បានលើកឡើងថា យើងត្រូវតែវាយតម្លៃ និងធ្វើឲ្យការស្រាវជ្រាវហ្នឹងក្លាយជាអាទិភាពដើម្បីកសាងជាតិ។ ប៉ុន្តែភាពជាក់ស្តែងមិនមែនអញ្ចឹងទេ។ វាមានគម្លាតនៃការសរសេរ និងភាពជាក់ស្តែង។ ប្រទេសណាក៏ដោយ បើអត់មានការស្រាវជ្រាវស៊ីជម្រៅទេ ប្រទេសនោះក៏អត់មានការរីកចម្រើនគង់វង្សដែរ លុះត្រាតែយើងយកការស្រាវជ្រាវជាអាទិភាព»។
កាលពីឆ្នាំ២០១៤ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយស្តីពីចក្ខុវិស័យឧត្តមសិក្សាឆ្នាំ២០៣០ ដើម្បីលើកកម្ពស់គុណភាពអប់រំថ្នាក់ឧត្តមសិក្សាទាំងការសិក្សា ការបង្រៀន និងការស្រាវជ្រាវ។
លោករស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ពីសារៈសំខាន់នៃការស្រាវជ្រាវរបស់សាស្ត្រាចារ្យមហាវិទ្យាល័យ។ ក៏ប៉ុន្តែលោកថា ប្រទេសកំពុងអភិវឌ្ឍ រួមទាំងកម្ពុជាផងនោះ មិនសូវមានទម្លាប់សកម្មក្នុងការស្រាវជ្រាវដូចប្រទេសអភិវឌ្ឍនោះទេ។
«សាស្ត្រាចារ្យដែលបង្រៀនទាមទារឲ្យមានការស្រាវជ្រាវ ព្រោះនៅក្នុងបរិបទនៃ ការអប់រំថ្នាក់ឧត្ដមសិក្សានេះ គឺពីមួយឆ្នាំទៅឆ្នាំ មុខវិជ្ជាដែលគាត់បង្រៀនមានការប្រែប្រួល ឬមានការរកឃើញ និង Case Study ថ្មីៗ ដើម្បីភ្ជាប់ជាអំណះអំណាងទៅនឹងទ្រឹស្ដីដែលគាត់បង្រៀន។ ជារួម ចក្ខុវិស័យនេះ ហាក់ដូចជាត្រីវិស័យ ដែលឲ្យគ្រឹះស្ថានអប់រំទាំងអស់នោះអភិវឌ្ឍខ្លួនតាមទិសដៅមួយជាវិជ្ជមានដើម្បីបង្កើនគុណភាពសេវាអប់រំ និងបង្កើនសមត្ថភាពនិស្សិតផង»។
កត្តាសំខាន់មួយទៀតដែលរួមចំណែកធ្វើឲ្យរាំងស្ទះដល់ការលូតលាស់នៃការស្រាវជ្រាវនៅកម្ពុជាគឺការរឹតត្បិតចំពោះការស្រាវជ្រាវទាក់ទងនឹងប្រធានបទចម្រូងចម្រាស ជាអាទិបញ្ហាដីធ្លី អំពើពុករលួយ អយុត្តិធម៌សង្គម បញ្ហាព្រំដែន និងនយោបាយជាដើម៕