របាយការណ៍ដែលមាន៨៥ទំព័រ និងមានចំណងជើងថា ឱនភាពនៃវិស័យអប់រំ បង្ហាញអំពី «បរាជ័យក្នុងការការពារ និងការបំពេញសិទ្ធិទទួលបានការអប់រំ»។ លទ្ធផលក្នុងរបាយការណ៍ការនេះផ្អែកលើការស្រាវជ្រាវក្នុងប្រទេសជាង៤០។ នាង Elin Martinez ដែលជាអ្នកស្រាវជ្រាវអំពីសិទ្ធិកុមារនៃអង្គការ ឃ្លាំមើលសិទ្ធិមនុស្សនិយាយថា៖ «យើងកំពុងនិយាយអំពីកុមារ និងក្មេងជំទង់ជាង១២០លាននាក់ដែលមិនទាន់បានចូលរៀននៅឡើយ។ តាមរយៈការព្យាករណ៍ជាសកល កុមារមួយចំនួនក្នុងចំណោមពួកគេប្រហែលមិនដែលបានចូលរៀនទាល់តែសោះ ដែលក្នុងនោះក្មេងស្រីជាង៣១លាននាក់ ដែលបានបោះបង់ចោលការសិក្សាពីព្រោះតែកង្វះធនធាន និងឆន្ទៈនយោបាយ»។
នាង Martinez និយាយថា តួលេខផ្លូវការរបស់ អ.ស.ប. ដែលថាមានតែកុមារ ១២៤លាននាក់ប៉ុណ្ណោះមិនបានចូលរៀននោះ គឺអាចជាតួលេខដែលទាបពេកហើយ។ នាងបន្តថា រដ្ឋាភិបាលនៃប្រទេសជាច្រើនមិនមានលទ្ធភាពប្រមូលព័ត៌មានជាក់លាក់នៃចំនួនកុមារ និងមូលហេតុដែលកុមារខកខានមិនបានចូលរៀនទេ។
មានកុមារជាច្រើនទៀតដែលយើងមិនទាន់រកឃើញនៅឡើយ បើទោះជាតួលេខនេះធំក៏ដោយ ពីព្រោះការរើសអើងកំពុងតែកើតឡើងក្នុងប្រទេសផ្សេងៗទៀតជាច្រើនដែលមិនចាំបាច់ត្រូវកត់ត្រាក្នុងកម្រិតសកលទេ។ ហើយក្នុងករណីបែបនេះមានកុមាររាប់លាននាក់។ ឧទាហរណ៍ ដូចជាករណីនៅប្រទេសអាហ្វ្រិកខាងត្បូង ការស្រាវជ្រាវបានរកឃើញថា កុមារដែលពិការជាងកន្លះលាននាក់មិនបានចូលរៀនទេ។ ករណីនេះគឺវាកើតឡើងក្នុងប្រទេសដែលបានប្រកាសថា ខ្លួនបានសម្រេចបានគោលដៅការអប់រំកម្រិតបឋមសិក្សាសាកល នៃគោលដៅអភិវឌ្ឍន៍សហសវត្សរ៍។
របាយការណ៍ដដែលនេះក៏បានរិះគន់លើការដាក់ទណ្ឌកម្មលើរាងកាយផងដែរ ដោយហៅការដាក់ទណ្ឌកម្មបែបនេះថាជា «ការធ្វើឲ្យបាត់បង់តម្លៃ ហើយស្មើនឹងការដាក់ទារុណកម្ម» ដូច្នោះដែរ។ របាយកាណ៍នោះក៏បានបង្ហាញដែរថា ប្រព័ន្ធបែបនេះបាន «រីករាលដាលក្នុងប្រទេសជាច្រើន រួមមាន តង់សានី អាហ្រ្វិកខាងត្បូង និងបណ្តារដ្ឋជាច្រើននៅសហរដ្ឋអាមេរិក»។
នាង Martinez និយាយថា ឧបសគ្គចម្បងមួយទៀតនៃវិស័យអប់រំគឺបញ្ហាហិរញ្ញវត្ថុ។
ថ្លៃសិក្សាគឺជាឧបសគ្គដ៏ធំធេងមួយសម្រាប់កុមាររាប់លាននាក់។ កុមារភាគច្រើនដែលយើងបានសម្ភាស គឺក្រុមកុមារមកពីគ្រួសារក្រីក្រ ឬកុមារដែលប្រឈមមុខនឹងការហាមឲ្យចូលរៀនដោយហេតុតែពួកគេរស់នៅក្នុងក្រុមណាមួយ។ ពួកគេនៅតែប្រឈមនឹងការបង់ថ្លៃសិក្សា បើទោះជាគ្រប់ប្រទេសទាំងអស់ដែលបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីសិទ្ធិកុមារ និងអនុសញ្ញាអន្តរជាតិនានា ដែលបានចែងបំបាត់ការបង់ថ្លៃសិក្សានៅកម្រិតអប់រំបឋមសិក្សាយ៉ាងណាក្តី។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបង្ហាញថា កុមារីប្រឈមឧបសគ្គរាប់ជំពូកក្នុងការសិក្សា។ ឧបសគ្គទាំងនោះរួមមានទាំង «ការរំលោភបំពានផ្លូវភេទ និងអំពើហិង្សាដោយគ្រូបង្រៀន និងមិត្តភក្តិ ការធ្វើតេស្តមើលព្រហ្មចារី ការធ្វើតេស្តមើលការមានផ្ទៃពោះដែលច្បាប់កណត់ កង្វះសម្ភារបរិក្ខាសម្រាប់រក្សាការសម្ងាត់ពេលមករដូវ ភាពថ្លៃថ្នូរ និងការរៀបការនៅវ័យក្មេង»។
កុមារដែលឆាប់រៀបការភាគច្រើនជាកុមារី ដែលឱពុកម្តាយពួកគេចាប់រៀបការដោយសារពួកគាត់មិនអាចផ្គត់ផ្គង់ការសិក្សាកូនៗរបស់គាត់ និងគិតថាពួកគាត់អាចកាត់បន្ថយការចំណាយបានខ្លះដោយការរៀបការកូនៗទាំងនោះ។ យើងបានរកឃើញករណីបែបនេះក្នុងប្រទេសជាច្រើន ដូចជាប្រទេសឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និងនៅប្រទេសតង់សានី។
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អ.ស.ប.ថ្មី (SDGs) បានប្រកាសឲ្យមាន «ការធានាបាននូវការអប់រំសម្រាប់ទាំងអស់គ្នាប្រកបដោយគុណភាព និងបរិយាប័ន្នត្រឹមឆ្នាំ២០៣០»។ គោលដៅនេះ គឺជាលើកទីមួយហើយដែលបានកំណត់យកការអប់រំកម្រិតមធ្យមសិក្សាជាទិសដៅសកល។ ប៉ុន្តែអ្នកស្រី Martinez និយាយថា ការបេ្តជ្ញាចិត្តជាច្រើនក៏ត្រូវធ្វើឲ្យបានសម្រេចនៅមុនពេលដែលគោលដៅអភវិឌ្ឍន៍ប្រកបដោយចីរភាពអាចសម្រេចបាន។
ស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក បានចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ លើកលែងតែសហរដ្ឋអាមេរិក។ អនុសញ្ញានេះ បានចែងយ៉ាងច្បាស់ថា កុមារទាំងអស់មានសិទ្ធិក្នុងការទទួលបានការអប់រំកម្រិតបឋមសិក្សាដោយឥតគិតថ្លៃនិងជាកាតព្វកិច្ច។ កុមារទាំងនោះក៏មានសិទ្ធិទទួលបានការអប់រំកម្រិតមធ្យមសិក្សា ហើយប្រទេសនីមួយៗត្រូវធានាឲ្យមានការអប់រំ និងឥតគិតថ្លៃជាបន្តបន្ទាប់ ដល់កុមារទាំងអស់ក្នុងទឹកដីរបស់ខ្លួន។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សក៏បានបង្ហាញដែរថា ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ និងមធ្យម បាន«បង្កើតឧបសគ្គដល់ការទទួលបានការអប់រំតាមរយៈការអនុវត្តបែបរើសអើងលើកុមារជនជាតិភាគតិច ជនភៀសខ្លួន និងជនអន្តោប្រវេសន៍ ក៏ដូចជាកុមារីកុមារាស្រឡាញ់មនុស្សភេទដូចគ្នា កុមារស្រឡាញ់ភេទទាំងពីរ និងកុមារដែលវះកាត់ប្តូរភេទ។
កិច្ចប្រជុំកំពូលភាពជាដៃគូសកលសម្រាប់ការអប់រំ ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៣ ដល់ទី១៦ ខែមិថុនា នៅប្រទេសន័រវែស៕
ប្រែសម្រួលដោយ កោះ សុគន្ធី