ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នឹង​រៀបចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ដោយ​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​របប​សឹក​ភូមា


រូប​ឯកសារ៖ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ឆ្នាំ​២០១៨។
រូប​ឯកសារ៖ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ឆ្នាំ​២០១៨។

រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិកម្ពុជា​នឹង​ដឹក​នាំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការពារ​ជាតិ​អាស៊ាន រយៈ​ពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​២២ ខែ​មិថុនា ដោយ​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រីការពារ​ជាតិ​របស់​របប​សឹក​ភូមា​ផង​ដែរ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មា​ន​របស់​ក្រសួង​ការពារ​ជាតិ ចុះ​ថ្ងៃ​ទី​១៧ ​ខែ​មិថុនា​ ឆ្នាំ​២០​២២​នេះ កម្ពុជា​ដែល​ជា​ប្រធាន​ប្តូរ​វេន​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​ហៅ​ថា​អាស៊ាន នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និងកិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ឆ្នាំ​២០២២​ ​លើក​ទី​១៦ ​ដែលដឹកនាំ​ដោយ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការពារ​ជាតិ។

សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យដឹង​ទៀត​ថា​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន​នឹង​ស្តាប់​របាយ​ការណ៍​ស្តីពី​ការ​អភិវឌ្ឍ​ថ្មីៗ​នៅ​ក្នុង​អាស៊ាន​ និង​របាយការណ៍​សង្ខេប​នៃ​លទ្ធ​ផល​របស់​កិច្ច​ប្រជុំ​ឧត្តម​មន្ត្រី​ការពារ​ជាតិ​អាស៊ាន​ ក៏ដូច​ជា​អនុម័ត​លើ​គំនិត​ផ្តួច​ផ្តើម​ថ្មីៗ និង​សេចក្តី​ប្រកាស​រួម​របស់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន រួម​មាន​ឯកសារ​ទស្ស​ន​ទាន ស្តីពី​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​កង​ទ័ព​បណ្តា​ប្រទេស​អាស៊ាន​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​រាត​ត្បាត​ឆ្លង​ដែន ការ​លើក​កម្ពស់យន្តការ​គាំទ្រ​សម្រាប់​ស្ត្រី​រក្សា​សន្តិភាព​អាស៊ាន ការ​បង្កើត​កិច្ច​សហការ​រវាង​ស្ថាប័ន​អប់រំ​យោធា លក្ខ​ខណ្ឌ​ប្រតិ​បត្តិ​របស់​មជ្ឈ​មណ្ឌល​ឧត្តម​ភាព​ព័ត៌មាន​សន្តិសុខ​ព័ត៌​មាន​វិទ្យា​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ចក្ខុ​វិស័យ​ភ្នំពេញ​ស្តី​ពី​តួនាទី​ស្ថាប័ន​ការពារ​ជាតិ​ក្នុង​ការ​គាំទ្រ​ការ​ស្តារ​ឡើង​វិញ ក្រោយ​ជំងឺ​កូវីដ១៩ និង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ការពារ​ជាតិ​ ដើម្បី​ពង្រឹង​សាមគ្គី​ភាព​សម្រាប់​សន្តិ​សុខ​ប្រកប​ដោយ​សុខដុមនីយកម្ម។

កិច្ច​ប្រជុំ​នេះ​ក៏​នឹង​ពិនិត្យ​សម្រេច​លើ​សំណើ​របស់​ឥណ្ឌា​សុំ​រៀប​ចំ​លំហាត់​លម្ហ​សមុទ្រ​អាស៊ាន-ឥណ្ឌា​ និង​សម្រេច​លើ​ការ​រៀបចំ​កិច្ច​ប្រជុំ​ក្រៅផ្លូវ​ការ​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ជាមួយ​ប្រទេសមួយ​ចំនួន​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ផង​ដែរ ហើយ​ក៏​មាន​ការរៀបចំ​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-ជប៉ុន ជា​រូប​វ័ន្ត ​និង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន-ចិន​ ក្នុង​ទម្រង់​វីដេអូ​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ថា៖ «​ក្នុង​នា​ម​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​ការពារ​ជាតិ​អាស៊ាន​ និង​កិច្ច​ប្រជុំ​សន្តិសុខ​ពាក់​ព័ន្ធ​ឆ្នាំ​២០​២២​ កម្ពុជា​មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​សាមគ្គី​ភាព​អាស៊ាន​ រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​សន្តិ​សុខ​ក្នុង​តំបន់ ក្នុង​ពេល​បច្ចុប្បន្ន​ និង​បញ្ហា​ប្រឈម​កំពុង​លេច​ឡើង​ថ្មីៗ តាម​មូល​បទ«សាម​គ្តីភាព​ដើម្បី​សន្តិ​សុខ ប្រកប​ដោយ​ភាព​សុខ​ដុម»»។

រដ្ឋ​មន្ត្រីការពារ​ជាតិ​មីយ៉ាន់​ម៉ា​នឹ​ង​មាន​វត្ត​មាន​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​នេះ​ផង​ដែរ​។ នេះ​បើ​យោង​តាម​សារ​លើ​គណនី​ហ្វេស​ប៊ុករបស់​នាយក​ដ្ឋាន​ព័ត៌​មាន​នៃ​ក្រសួង​ការពារ​ជាតិ​ ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា។ បើ​តាម​ព័ត៌មានបង្ហោះ​នោះ ​លោក​ ណឹម សុវត្ថិ​ អគ្គ​នាយកនៃ​អគ្គ​នាយក​ដ្ឋាន​នយោបាយ​ និង​កិច្ចការ​បរទេស​ក្រសួង​ការពារជាតិ​បញ្ជាក់​ថា៖ «គ្រប់​រដ្ឋមន្ត្រីការពារ​ជាតិ​ទាំង​៩​រូប គឺ​បាន​ផ្តល់​ព័ត៌​មាន និង​បាន​បញ្ជាក់​ពី​ការ​ចូលរួម គឺ​រួម​ទាំង​សហ​ភាព​មីយ៉ាន់ម៉ា​ផង​ដែរ​ បូក​ទាំង​អគ្គលេខាធិការ​អាស៊ាន​នឹង​ចូល​រួម»។

វីអូអេ​មិន​ទាន់​អាច​សុំ​កា​រ​បញ្ជាក់​បន្ថែម​ពី​លោក ឈុំ សុជាត រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ​និ​ង​លោក​ ណឹម សុវត្ថិ ​ទី​ប្រឹក្សា​ពិសេស​របស់រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ និង​ជា​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​នយោបាយ​និង​កិច្ចការ​បរទេស​ក្រសួង​ការពារ​ជាតិ​បាន​នៅ​ឡើយ​ទេ។

ដោយ​ឡែក​គណនី​ហ្វេសប៊ុក​របស់​រដ្ឋមន្ត្រី​ការពា​រជាតិ លោក ទៀ បាញ់ នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឱ្យ​ដឹង​ថា កាលពីថ្ងៃអាទិត្យ​គណៈ​កម្មការ​អន្តរ​ក្រសួង បាន​រៀប​ចំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ការងារ​ចុង​ក្រោយ​មួយក្នុង​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ទទួល​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ និង​ការ​ទទួល​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់រដ្ឋមន្ត្រីការពារ​ជាតិឥណ្ឌូ​ណេស៊ី និង​រដ្ឋមន្ត្រីការពារប្រទេស​ជប៉ុន​នៅ​កម្ពុជា។

​លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​ថា​បញ្ហា​ជា​អាទិភាព​សម្រាប់​ការ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​នោះ អាច​មាន​វិបត្តិ​រវាងប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន ដើម្បី​បញ្ជាក់​ជំហរ​របស់​អាស៊ាន និង​ការពិភាក្សា​បញ្ហា​តំបន់​ ​ដូច​ជា​នៅ​បញ្ហា​នៅ​ឧប​ទ្វីប​កូរ៉េ បញ្ហា​នៅ​មី​យ៉ាន់​ម៉ា និង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ​ដែល​ជា​ជម្លោះ​រវាង​សមា​ជិក​អាស៊ាន​មួយ​ចំនួន​ជាមួយ​ប្រទេស​ចិន។

លោក​បន្ត​ថា​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ គឺ​កម្ពុជា​មិន​មាន​អ្វី​ត្រូវ​បញ្ជាក់​បន្ថែម​អំពី​មូលដ្ឋាន​ទ័ព​រាម​ដែល​កំពុង​ចម្រូង​ចម្រាស​ឡើយ ព្រោះ​រដ្ឋា​ភិបាល​កម្ពុជា​បាន​បកស្រាយ​ជា​ហូរ​ហែ​មក​ហើយ។ លោក​កត់​សម្គាល់​ថា​ក្នុង​តំបន់​អាស៊ាន គឺ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​ មាន​ការ​សង្ស័យ និង​មិន​សប្បាយ​ចិត្ត ដែល​កម្ពុជា​ធ្វើ​ទំនើប​កម្ម​ផ្សេងៗ​ក្នុង​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​រាម​នេះ ​ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​មិន​បាន​បញ្ចេញ​ប្រតិកម្ម​ចេញ​ដោយ​ត្រង់​ឡើយ។

លោក​បញ្ជាក់​ថា៖ ​«ជុំវិញ​បញ្ហា​នេះ ខ្ញុំ​យល់​ថា​អ្វី​ដែល​កម្ពុជា​បាន​បក​ស្រាយ​ និង​បាន​ធ្វើ​សកម្ម​ភាព​ជាក់​ស្តែង ខ្ញុំ​មើល​ទៅ​ដូច​ជា​មិន​មាន​អ្វី​គួរ​ធ្វើ ឬ​បក​ស្រាយ​ពី​អ្វី​ដែល​រាជ​រដ្ឋាភិបាល ​ដែល​ប្រមុខ​ការពារ​ជាតិ ជា​ពិសេស​គឺ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​លោក​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ និង​បាន​បញ្ជាក់​ច្រើន​លើក ​ច្រើន​សា​ពាក់ព័ន្ធ​ករណី​ហ្នឹង»។

​លោក​បន្ថែម​ថា​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន-ជប៉ុន​ គឺ​ជា​សារ​មួយ​ដ៏​សំខាន់​ក្នុង​បរិ​បទ​ប្រកួត​ប្រជែងភូមិ​សាស្ត្រ​នយោបាយ និង​ជា​សារ​មួយ​ដែល​ផ្ញើ​ទៅ​ទីក្រុង​ប៉េកាំង​ថា​អាស៊ាន​បាន​ក្លាយ​ជា​ទីតាំង​ដ៏​សំខាន់​ដែល​គ្រប់​បណ្តា​ប្រទេស​សំខាន់​ៗ ​កំពុង​សម្លឹង​មិន​ដាក់​ភ្នែក និងកំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ទាំង​មហា​អំណាច​ធំៗ​នៅ​ក្នុង​ពិភព​លោក ក៏​ដូច​ជា​ប្រទេស​មហា​អំណាច​កណ្តាល​នៅ​ក្នុង​តំបន់។

​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត សេង សារី យល់​ថា​អាស៊ាន​ត្រូវ​ធ្វើ​យ៉ាង​ណាចៀស​ឱ្យផុត​ពី​ការ​ប្រកួត​ប្រជែង​របស់​ប្រទេស​មហា​អំណាច​ចិន និង​អាមេរិក​ ដើម្បី​ធានាសន្តិសុខ​ក្នុង​តំបន់។ លោក​បន្ត​ថា​ធម្មនុញ្ញ​អាស៊ាន គឺ​មិន​អនុញ្ញាត​ឱ្យប្រទេស​អាស៊ាន​ណា​មួយ​លូក​ដៃ​ចូល​ប្រទេស​ណា​មួយ​នោះ​ទេ ដែល​ជា​ហេតុ​មិន​មាន​ប្រទេស​អាស៊ាន​ណា​មួយ​មាន​ប្រតិ​កម្ម​អំពី​មូលដ្ឋាន​ទ័ព​រាម ក្រៅ​ពី​សហ​រដ្ឋ​អាមេរិក​តែ​មួយ​នោះ។ លោក​កត់​សម្គាល់​បន្ថែម​ថា​សហរដ្ឋអាមេរិក​បារម្ភ​អំពី​ឥទ្ធិពល​នៅ​ក្នុង​តំបន់​អាស៊ាន ជា​ជា​ង​បារម្ភ​អំពី​សន្តិ​សុខ​នៃ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួននៅ​ក្នុង​តំបន់​អាស៊ាន។

បើ​តាម​លោក សេង សារី ​ក្នុង​កិច្ច​ប្រជុំ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ​ ​កម្ពុជា​គួរ​បកស្រាយ​ឱ្យរដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បាន​យល់​ពី​ចេតនា​របស់​កម្ពុជា​ និង​បញ្ជាក់​ឱ្យ​ច្បាស់​អំពី​តួនាទី​របស់​មូលដ្ឋាន​កង​ទ័ព​រាម​ក្នុង​ខេត្ត​ព្រះ​សីហនុ ដើម្បី​កុំ​ឱ្យនៅ​តែ​មាន​ការ​យល់​ច្រឡំ​ទៅ​នឹង​ផែន​ការ​កា​រ​ពារ​ជាតិ​របស់​កម្ពុជា។

លោក​ថ្លែង​ថា៖ «មួយ​ទៀត ​ក៏​ជា​ឱកាស​ក្នុង​ការ​បង្ហាញ​ទៅ​អាស៊ាន​អំពី​អព្យាក្រឹតភាព​នៃ​មូល​ដ្ឋាន​ទ័ព ឬ​អព្យាក្រឹត​ភាព​នៃ​កង​ទ័ព​របស់​កម្ពុជានៅ​ក្នុង​តំបន់​ដែរ។ ហើយ​វា​ជា​ឱកាស​របស់​កម្ពុជា​ក្នុង​ការ​បង្ហាញ​ទៅ​អាស៊ាន​ថា​អ្វី​ដែល​កម្ពុជា​កំពុង​តែ​ធ្វើ​នេះ វា​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ដល់​សន្តិសុខ​ក្នុង​តំបន់​ទេ»។

គួរ​រំឭក​ថា​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​មូលដ្ឋាន​ទ័ព​រាម កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២២​នេះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ថ្លែង​ថា​កម្ពុជា​មាន​ភាព​ចាំ​បាច់​ណាស់​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​បញ្ជា​ការដ្ឋាន​រាម ដែល​លោក​ថា​ជា​ផ្នែក​មួយ​នៃ​ការ​ទប់​ទល់​នឹង​ឥទ្ធិពល​នៃ​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​ផង​ដែរ។ ប៉ុន្តែ​លោក​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​មូលដ្ឋាន​រាម​ដែល​ធ្វើ​ទំនើប​កម្ម​ ដោយ​អ្នក​ជំនាញ​ចិន​នេះ មិន​មែន​ធ្វើ​ឡើង ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដល់​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់​ឡើយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG