រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងបណ្ដាមេដឹកនាំអាស៊ានបានព្រមព្រៀងគ្នាទុកកៅអីមួយឱ្យនៅទំនេរ ដើម្បីបង្ហាញពីរដ្ឋាភិបាលស៊ីវិលរបស់មីយ៉ាន់ម៉ាដែលត្រូវបានផ្ដួលរំលំនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានរយៈពេលពីរថ្ងៃ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នេះបើយោងតាមការបញ្ជាក់ដល់VOA របស់អ្នកនាំពាក្យម្នាក់នៃក្រុមប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិក។
មីយ៉ាន់ម៉ានឹងក្លាយជា «ប្រធានបទដែលត្រូវពិភាក្សាយ៉ាងស៊ីជម្រៅ» នៅក្នុងកិច្ចប្រជុំកំពូលនេះ ហើយកៅអីសម្រាប់មីយ៉ាន់ម៉ាដែលទុកឱ្យនៅទំនេរនេះឆ្លុះបញ្ចាំងពី «ការមិនពេញចិត្តជាមួយនឹងអ្វីដែលបានកើតឡើង ហើយយើងសង្ឃឹមថានឹងមានមាគ៌ាប្រសើរជាងមុនទៅថ្ងៃអនាគត»។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតនៃរដ្ឋបាលរបស់លោកប្រធានាធិបតី Biden។
ក្រុមមន្ត្រីរដ្ឋបាលលោកប្រធានាធិបតី Biden បានសម្ដែងការមិនពេញចិត្ត ដែលបើទោះជាអាស៊ានជ្រើសរើសយកផែនការសន្ដិភាព «ឯកច្ឆ័ន ៥ ចំណុច» កាលពីឆ្នាំមុនក៏ដោយ ក៏របបសឹកយោធាមីយ៉ាន់ម៉ានៅតែបន្ដបំពានសិទ្ធិមនុស្សដដែល។
សហរដ្ឋអាមេរិកកំពុងតែគាំទ្រសំណើមួយចំនួន ដែលរួមមានទាំងសំណើសម្រាប់ឱ្យអាស៊ានបើកច្រកទាក់ទងក្រៅផ្លូវការមួយជាមួយនឹងរដ្ឋាភិបាលនិរទេសខ្លួនមីយ៉ាន់ម៉ា ដែលត្រូវបានហៅថា រដ្ឋាភិបាលរួបរួមជាតិ (NUG)។ ផែនការនេះត្រូវបានស្នើដំបូងឡើយដោយប្រទេសម៉ាឡេស៊ី ហើយត្រូវបានថ្កោលទោសភ្លាមៗដោយរដ្ឋាភិបាលសឹកយោធាមីយ៉ាន់ម៉ា ដែលកំពុងកាន់អំណាច។
អ្នកស្រី Jung Pak ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងប្រាប់ VOA កាលពីថ្ងៃពុធថា៖ «យើងបន្ដពិនិត្យមើលភូមាជាមួយនឹងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ដោយសារតែអំពើហិង្សាដែលកំពុងតែកើនឡើងនៅទីនោះ»។ អ្នកស្រីបានថ្លែងទៀតថា៖ «យើងបានបន្ដធ្វើការជាមួយនឹងបណ្ដាប្រទេសអាស៊ានដែលជាមិត្តភក្ដិរបស់យើងដើម្បីស្វែងរកមាគ៌ាមួយសម្រាប់ភូមាឱ្យត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។ ដូច្នេះយើងទទួលស្វាគមន៍នូវរាល់សំណើទាំងអស់ ហើយយើងបន្ដធ្វើការជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់»។
ផែនការសន្ដិភាព«ឯកច្ឆ័ន ៥ ចំណុច» ដែលបានបរាជ័យភាគច្រើន ដោយសារតែមកទល់នឹងពេលនេះ អាស៊ានបានត្រឹមតែទាក់ទងជាមួយនឹងរបបសឹកយោធាមីយ៉ាន់ម៉ាតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក Gregory B. Poling អ្នកស្រាវជ្រាវជាន់ខ្ពស់សម្រាប់តំបន់អាស៊ីអាគ្នេយ៍ នៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ។
លោក Poling បានថ្លែងប្រាប់ VOA ថា៖ «កងកម្លាំងដែលជាបុត្រសម្ព័ន្ធរបស់រដ្ឋាភិបាលរួបរួមជាតិ (NUG) និងកងកម្លាំងក្រុមប្រដាប់អាវុធជនជាតិភាគតិច កំពុងតែឈ្នះការប្រយុទ្ធគ្នា ហើយត្រួតត្រាតំបន់ភាគច្រើននៅក្នុងប្រទេស ដូច្នេះការណ៍ដែលមិនទាក់ទងជាមួយនឹងពួកគេគឺជារឿងដែលមិនស័ក្ដិសមនោះទេនៅពេលនេះ»។
ក្រុមមន្ត្រីនៃក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងជួបជាមួយនឹងក្រុមអ្នកតំណាងរបស់រដ្ឋាភិបាលរួបរួមជាតិ (NUG) ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាននេះ៕