ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេច​ព្រះរាម​បុប្ផាទេវី​ បាន​សោយ​ទិវង្គតក្នុង​​ព្រះជន្ម​៧៦​ព្រះ​វស្សា​នៅ​ប្រទេស​ថៃ


សម្ដេចរាជបុត្រី​ ព្រះរៀម​ នរោត្តម​ បុប្ផាទេវី​ (កណ្តាល) និង​តួ​អង្គ​ត្រៀមសំដែង​នៅ​ក្នុង​របាំ​រឿង​ «នាងវឌ្ឍនាទេវី», នៅរាជធានីភ្នំពេញ នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០១៨។ (ខាន់ សុគុំ​មនោ​/VOA​)
សម្ដេចរាជបុត្រី​ ព្រះរៀម​ នរោត្តម​ បុប្ផាទេវី​ (កណ្តាល) និង​តួ​អង្គ​ត្រៀមសំដែង​នៅ​ក្នុង​របាំ​រឿង​ «នាងវឌ្ឍនាទេវី», នៅរាជធានីភ្នំពេញ នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០១៨។ (ខាន់ សុគុំ​មនោ​/VOA​)

សម្តេច​រាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ ​និង​ជាស​មា​ជិ​កា​ក្រុមប្រឹក្សា​ធម្មនុញ្ញ បាន​យាង​សោយ​ទីវង្គតក្នុង​ព្រះជន្មាយុ​៧៦​ព្រះវស្សា​ នៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ​ដោយ​រោគា​ពាធ​ នេះ​បើ​យោង​តាម​លោក Julio A. Jeldres ​អ្នកសរសេរ​ជីវប្រវត្តិ​ព្រះមហាក្សត្រ​និង​ គ្រួសារ​រាជវង្ស។ ​

សៀវភៅ ​មាន​ចំណង​ជើងថា​ «The Royal House of Cambodia‍» ​ទាក់ទង​នឹងរាជវង្ស​ខ្មែរ សរសេរ​ដោយ​ អ្នក​សរសេរ​ប្រវត្តិ របស់​រាជវង្សខ្មែរ​ គឺ ​លោក​ Julio A. Jeldres ។ (VOA Khmer)
សៀវភៅ ​មាន​ចំណង​ជើងថា​ «The Royal House of Cambodia‍» ​ទាក់ទង​នឹងរាជវង្ស​ខ្មែរ សរសេរ​ដោយ​ អ្នក​សរសេរ​ប្រវត្តិ របស់​រាជវង្សខ្មែរ​ គឺ ​លោក​ Julio A. Jeldres ។ (VOA Khmer)

​អ្នកសរសេរ​ជីវប្រវត្តិ​ព្រះមហាក្សត្រ​ និងគ្រួសារ​រាជ វង្ស ​គឺលោក​បណ្ឌិត ​Julio A.Jeldres​ ​បាន​ឆ្លើយ​សារ​អេឡិចត្រូនិកមកVOA នៅល្ងាច​ថ្ងៃ​ចន្ទ​នេះ​ថា ​ព្រះសព​របស់​ព្រះអង្គម្ចាស់ដែលបានសោយទីវង្គត​នៅវេលា​ម៉ោង​១២កន្លះ​ថ្ងៃ​ត្រង់នៅ​ថ្ងៃចន្ទ​ទី​១៨ ​វិច្ឆិកា ​នឹងត្រូវ​បញ្ជូន​ពី​ទីក្រុង​បាងកក​មក​ប្រទេស​កម្ពុជា​វិញ​នៅ​យប់​ថ្ងៃ​ស្អែក។

លោក Julio A. Jeldres បាន​សរសេរនៅ​ក្នុង​សារ​អេឡិចត្រូនិក​ថានេះ​ជា​កា​រ​បាត់បង់​យ៉ាងធំ​មួយ​របស់​កម្ពុជា៖

«ស្នា​ព្រះហស្ត​ចម្បង​របស់​ព្រះនាងម្ចាស់​គឺ​ការស្តារ​ឡើង​វិញ​នៅ​ល្ខោន​ព្រះរាជទ្រព្យ​និង​របាំ​ប្រពៃណី​បន្ទាប់​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​បាន​បញ្ចប់»។

អតីត​ព្រះ​រាជលេខា​ផ្ទាល់​របស់​ព្រះ​បរម​រតន​កោដ្ឋ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ​បាន​បង្ហាញ​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាកចេញ​របស់​សម្តេច​រាជបុត្រី​ព្រះរៀម​នរោត្តម​ ​បុប្ផា​ទេវី​ នាដការី នៃរបាំព្រះរាជទ្រព្យ។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​VOA ថា ព្រះអង្គម្ចាស់​ បុប្ផា​ ទេវី​បាន​សោយ​ទីវង្គត​ដោយការ​គាំង​បេះដូង។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ថា៖

«ខ្ញុំ​ទើប​តែ​ទទួល​បាន​ព័ត៌មាន​ម្សិល​មិញ​ ហ្នឹង ខ្ញុំ​អត់ទាំង​ដឹង​ថា​លោក​ប្រឈួន​ផង ដល់​ពេល​គេ​ប្រាប់​ខ្ញុំ​ថា​លោក​ប្រឈួន​ខ្លាំង​ហើយ​នឹង​លោក​គង់​នៅ​បាងកក​ ព្រះរាជបុត្រ​លោក​ទៅ​បាងកក​ទាំង​អស់​គ្នា​ហើយ ខ្ញុំ​ធ្លាក់ថ្លើម។ ដូច្នេះ​ខ្ញុំ​ទើប​នឹង​ទទួល​បាន​ព័ត៌មាន​ពីយប់​មិញ​នេះ​ទេ​បាទ»។

នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា​លោក ហ៊ុន សែន ក៏​បាន​ចេញ​សារ​លិខិត​រំលែក​ទុក្ខ ជូន​ថ្វាយ​ សម្តេច​ព្រះវរាជ​មាតា នរោត្តម​ មុនីនាថ សីហនុ ផង​ដែរ​ចំពោះ​ដំណឹង​ដ៏​ក្រៀម​ក្រំ​នេះ។


នៅ​ក្នុង​លិខិតរំលែក​ទុក្ខចេញ​ដោយ​លោក ហ៊ុន សែន កាល​ពី​រសៀល​ថ្ងៃ​ទី​១៨ វិច្ឆិកា នោះ បាន​សរសេរ​ថា​«ការបាត់​បង់​សម្តេច​រាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​គឺ​ជា​ការ​បាត់បង់​ដ៏​ធំធេង​បំផុត ក្នុង​វិស័យ​វប្បធម៌ អរិយធម៌​ជាតិ​ខ្មែរ»។

រូបឯកសារ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ។
រូបឯកសារ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ​មាន​ព្រះបន្ទូល​ថា​ ព្រះអង្គម្ចាស់​នរោត្តម​ ​បុប្ផា​ទេវី បាន​បន្សល់​ទុក​នៅ​ស្នាដៃ​ដ៏ធំ​ធេង​សម្រាប់​វប្បធម៌​ខ្មែរ ដែល​ស្នាដៃ​ដ៏​ធំ​របស់​ព្រះអង្គ​ម្ចាស់​នរោត្តម​ ​បុប្ផា​ទេវីគឺ​ការ​នាំ​ឲ្យ​អង្គការ​យូ​ណេស្កូ​ ដាក់​បញ្ចូល​របាំ​ព្រះរាជទ្រព្យ​ ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​នៅ​ថ្ងៃទី៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០០៣​ ​គ្រាដែល​ ​ព្រះអង្គ​ ​គង់​ជារ​ដ្ឋ​មន្ត្រីក្រសួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ​មាន​ព្រះបន្ទូល​ថា​៖

«ចំណុច​មួយ​ដែលឃើញ​ថាសម្តេច​ព្រះរៀម​ គាត់​បាន​លើក​តម្កើង​របាំ​ព្រះរាជទ្រព្យ​ខ្ពស់​ណាស់​ហើយ​នឹង​មាន​ការ​ល្បីល្បាញ​ពេញ​ពិភពលោក។​ ហើយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​គឺ​លោក​បាន​ដឹក​នាំ​ល្ខោន​ទៅ​ដល់ប្រទេស​ជាច្រើន​ ដែល​គេ​បាន​ទទួល​ស្គាល់​នៅ​ស្នាព្រះហស្ត​របស់​លោក»។


យោងតាម​សេចក្តី​ជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ព្រះបរម​សព​នឹងត្រូវតម្កល់​នៅ​វត្ត​បុទុមវតី​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើបុណ្យ​តាម​ព្រះ​បវេណី ហើយ​កម្មវិធី​បុណ្យ​នឹង​ជម្រាបជូន​តាម​ក្រោយ៕

XS
SM
MD
LG