ក្រុមសិល្បៈក្បាច់បូរាណខ្មែរនៅក្នុងព្រះបរមរាជវាំងដឹកនាំដោយសម្តេចព្រះរៀមនរោត្តម បុប្ផាទេវី នឹងចេញដំណើរទៅសម្តែងល្ខោនព្រះរាជទ្រព្យរឿង “អប្សារាមេរ៉ា” នៅប្រទេសបារាំង និងប្រទេស Belgique ជាលើកដំបូងនៅថ្ងៃទី៥ខែតុលាឆ្នាំ២០១០។
“របាំព្រះរាជទ្រព្យដែលនឹងទៅសម្តែងនៅប្រទេសបារាំងនៅថ្ងៃទី៥ខែតុលានេះ មានចំណងជើងថា “អប្សារា មេរ៉ា” ។ ជាលើកទីមួយដែលយើងខ្ញុំទាំងអស់គ្នាបានតម្លើងជារឿង “អប្សារា មេរ៉ា” នេះយកទៅសម្តែងនៅប្រទេសបារាំង”។
អម្បាញ់ម៉ិញនេះជាបន្ទូលរបស់សម្តេចព្រះរៀមនរោត្តម បុប្ផាទេវី ។ សម្តេចព្រះរៀមនរោត្តម បុប្ផាទេវី ធ្លាប់បាននាំរបាំក្បាច់បូរាណខ្មែរទៅ សម្តែងនៅប្រទេសបារាំងចំនួន៦លើកមកហើយ តាំងពីព្រះអង្គនៅកាន់តំណែង ជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ប្រទេសកម្ពុជា។ ព្រះអង្គម្ចាស់ បុប្ផាទេវី មានទំនាក់ទំនងល្អជាមួយផលិតកម្ម Zaman Production នៅប្រទេសបារាំងដែលជាអ្នកជួយឧបត្ថម្ភថវិកាសម្រាប់តម្លើងរឿង“អប្សារា មេរ៉ា”។ ព្រះអង្គម្ចាស់ បុប្ផា ទេវី បានមានបន្ទូលប្រាប់វីអូអេថា របាំព្រះរាជទ្រព្យមានអាយុកាលតាំងពីសតវត្សទី៦ ហើយសព្វថ្ងៃនេះលោកមានមោទនភាពខ្លាំងណាស់ ដោយខ្មែរនាំគ្នាថែរក្សារបាំនេះ ថ្វីត្បិតតែរបាំនេះបានបាត់ស្រមោលម្តងទៅហើយនៅក្នុងរបបខ្មែរក្រហមប្រល័យពូជសាសន៍។
“របាំក្បាច់បូរាណខ្មែរមានច្រើនប្រភេទណាស់ ពុំមែនមានតែរបាំក្បាច់បូរាណដែលយើងឧទ្ទិសនាមថាជារបាំព្រះរាជទ្រព្យនោះទេ។ របាំព្រះរាជទ្រព្យជារបាំក្បាច់បូរាណមួយ ដែលមានចំណាស់យូរជាងគេតាំងពីសតវត្យទី៦ ដែលគេរកឃើញមាននៅលើផ្ទាំងសិលាចារឹកនៅលើប្រាង្គប្រាសាទនានា។ ខ្មែរយើងមានរបាំច្រើនជំពូកណាស់ដូចជា របាំប្រជាប្រិយ បាសាក់ យីកេ របាំជនជាតិនៅតាមខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តកំពង់ស្ពឺ ជាដើម សុទ្ធតែមានដើមកំណើតយូរលង់មកហើយដែរ។ ខ្ញុំត្រេកអរណាស់ដោយក្រុមអ្នកគ្រូនិងលោកគ្រូចាស់ៗ ហើយនិងរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ថែរក្សានិងអភិរក្សរបាំព្រះរាជទ្រព្យឲ្យនៅគង់វង់តរៀងទៅ”។
មានរឿងនិទានតំណាលថា ជាយូរលង់មកហើយមានក្រុមអាទិទេពនិងក្រុមយក្សបាននាំគ្នាកូរសមុទ្រទឹកដោះ ដោយទាញចុងម្ខាងម្នាក់នៃតួខ្លួនស្តេចនាគដែលព័ទ្ធខ្លួនជុំវិញភ្នំលិចទឹកមួយ។ ការកូរសមុទ្រទឹកដោះនោះញ៉ាំងឲ្យមានទឹកអម្រឹតដែលព្រះវិស្ណុអាចជប់ឲ្យទៅជាស្ត្រីល្អជាងគេបំផុតនៃពិភពលោក គឺនាងមហិនី។ នៅពេលនោះ រាជនីនៃនាងអប្សារាបានប្រសូត្រឡើងនៅលើផែនដី គឺព្រះអង្គម្ចាស់ក្សត្រិយ៍ អប្សារាមេរ៉ា បុត្រីរបស់ស្តេចនាគ។ ព្រះអង្គម្ចាស់ក្សត្រិយ៍ អប្សារាមេរ៉ា បានជួបជាមួយព្រះអង្គម្ចាស់ “កម្ពុ” ហើយក៏បានផ្តល់កំណើតដល់ប្រទេសជាតិមួយឈ្មោះកម្ពុមេរ៉ា ឬ កម្ពុជា។ ព្រះនាង “អប្សារា មេរ៉ា” ទ្រង់គ្រឿងពណ៌សតំណាងភាពបរិសុទ្ធ រាំក្នុងសួនច្បារជាមួយពួកភីលៀងដែលជាអប្សារាដែរ ព្រះនាងកាន់ផ្កាពណ៌មាសតំណាងសុភមង្គលនិងភាពសុខសាន្តនៃពលរដ្ឋខ្មែរ។
អ្នកអង្គម្ចាស់ស៊ីសុវត្ថិ តេស្សូ រដ្ឋលេខាធិការនិងជាទីប្រឹក្សាអមព្រះរាជខុទ្ធកាល័យព្រះមហាក្សត្រ បានមានប្រសាសន៍ប្រាប់វីអូអេថា លោកជាអ្នកជំនួយការរបស់សម្តេចព្រះរៀមក្នុងការរៀបចំក្រុមរបាំព្រះរាជទ្រព្យ៣៨នាក់ទៅសម្តែងនៅទ្វីបអឺរ៉ុប។
“ពេលសម្តេចព្រះរៀមលោកនៅជារដ្ឋមន្ត្រីក្រសួងវប្បធម៌នៅឡើយ លោកបានរៀបចំសហការជាមួយផលិតកម្ម Zaman Production។ រៀងរាល់ពីរឆ្នាំម្តងលោកបានយករបាំព្រះរាជទ្រព្យទៅសម្តែងនៅប្រទេសបារាំង។ Zaman Production ជាអ្នកឧបត្ថម្ភថវិកាដល់ព្រះអង្គសម្រាប់ធ្វើគ្រឿងតែងថ្មី ធ្វើម្កុដថ្មី និងសម្រាប់តម្លើងរឿងថ្មី ‘អប្សារា មេរ៉ា’ នេះ។ យើងនឹងសម្តែងនៅទីក្រុងប៉ារីស៧កន្លែង ហើយនិងសម្តែងមួយលើកនៅទីក្រុង Bruxelles ប្រទេស Belgique”។
សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី បានបង្កើតមូលនិធិមួយមានឈ្មោះថា‘អ្នកម្នាងផាត់ កាញ៉ុល Foundation’ ដើម្បីផ្គត់ផ្គង់ដល់ក្រុមសិស្សរបាំក្បាច់បូរាណខ្មែរដែលលោកបង្ហាត់នៅក្នុងព្រះបរមរាជវាំង។
លោកព្រឿងឈៀង ទីប្រឹក្សាអមក្រសួងវិចិត្រសិល្បៈ និងជាអ្នកជំនួយការខាងដឹកនាំរឿងជាមួយសម្តេចព្រះរៀមក្នុងស្នាព្រះហស្ថថ្មីរឿង‘អប្សារា មេរ៉ា’ ថ្លែងថាសម្តេចព្រះរៀមបានគិតគូរតម្លើងរឿងនេះជាយូរមកហើយ ព្រោះជារឿងដែលមាននៅតាមផ្ទាំងប្រាសាទអង្គរវត្ត ដែលយើងត្រូវតែអភិរក្សនិងស្រាវជ្រាវបន្ថែមទៀត ហើយសាកល្បងធ្វើអភិវឌ្ឍន៍បណ្តើរៗ។
“ការពិតរឿង អប្សារាមេរ៉ានេះ លោកបានរៀបចំជាងមួយឆ្នាំហើយ ក៏ប៉ុន្តែការស្រាវជ្រាវជាក់ស្តែងនោះ គឺយើងត្រូវទៅថតយករូបសម្លៀកបំពាក់ គ្រឿងអលង្ការ និងម្កុដដែលមាននៅតាមផ្ទាំងចម្លាក់នៅប្រាសាទអង្គរ និងតម្លើងសាច់រឿងយកតាមការស្រាវជ្រាវដែលយើងបានពិភាក្សាគ្នាជាមួយក្រុមអ្នកជំនាញខាងបូរាណវិទ្យា។ ការធ្វើឲ្យដូចរូបចម្លាក់នៅប្រាសាទជាការលំបាក ប៉ុន្តែដោយយើងមានភ្លេង និងក្បាច់របាំរបស់ដូនតាយើងស្រេចទៅហើយ ដូច្នេះវាជួយឲ្យអ្នករាំងាយនឹងដាក់មនោសញ្ចេតនាត្រូវនឹងសាច់រឿង ដូចជារឿងដែលផុសចេញពីប្រាសាទពិតៗ។ យើងមានបញ្ចូលទំនើបកម្មខ្លះ ដូចពាក្យស្លោកថា “បូរាណមិនយឺត ប៉ុន្តែបើសម័យជាសម័យរបស់ខ្មែរ” ទាំងអស់នេះហើយដែលសម្តេចព្រះរៀមអភិរក្សនិងអភិវឌ្ឍន៍”។
រឿងអប្សារាមេរ៉ាបានទទួលការគាំទ្រ និងការរួមសហការពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា និងពីរាជរដ្ឋាភិបាលកម្ពុជា។ រឿងនេះនឹងចាប់ផ្តើមសម្តែងនៅថ្ងៃទី៨ខែតុលាឆ្នាំ២០១០ នៅរោងមហោស្រព Chateauvallon a Ollioules, សម្តែងពីរលើកនៅរោងមហោស្រព La Salle Pleyel នៅថ្ងៃទី១០ខែតុលា, សម្តែងនៅរោងមហោស្រព Volcan au Havre នៅថ្ងៃទី១២ខែតុលា, សម្តែងនៅរោងមហោស្រព Bozar a Bruxelles ប្រទេស Belgique នៅថ្ងៃទី១៤ខែតុលា, សម្តែងនៅរោងមហោស្រព Theatre de Poissy នៅថ្ងៃទី១៥ខែតុលា សម្តែងនៅរោងមហោស្រព Theatre de Saint Maur នៅថ្ងៃទី១៦ខែតុលាហើយនឹងសម្តែងនៅរោងមហោស្រព Arenes de l’Agora a Evry នៅថ្ងៃទី១៧ខែតុលាឆ្នាំ២០១០៕