បើតាមសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នេះបញ្ជាក់ថា ជនជាតិចិនទាំង៦៩នាក់ដែលត្រូវបានបណ្តេញចេញពីកម្ពុជានៅថ្ងៃចន្ទនេះ ត្រូវបានបង្ក្រាបដោយសមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង។ ជនជាតិចិនទាំង៦៩នាក់នោះបានប្រើប្រាស់ទីតាំងនៅកម្ពុជា ដើម្បីប្រព្រឹត្តបទល្មើសពាក់ពន្ធ័នឹងករណីឆបោកគំរាមកំហែង និងជំរិតទារប្រាក់តាមប្រពន្ធ័អ៊ីនធឺណេត (VOIP) នៅប្រទេសចិន។
បើតាមសារដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដដែលបញ្ជាក់ថា៖
«ការបណ្ដេញជនជាតិចិនខាងលើ សមត្ថកិច្ចប្រទេសចិនចំនួន១៥០នាក់ និងយន្តហោះពិសេសចំនួន ២ គ្រឿងមកទទួលយកនៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ»។
កម្ពុជាបានក្លាយជាកន្លែងប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានេះ ចាប់តាំងពីឆ្នាំ២០១១។ រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាបានបញ្ជូនជនជាតិចិនដែលពាក់ព័ន្ធនឹងបទល្មើសនេះ ប្រមាណជាជាង២,០០០នាក់ត្រឡប់ទៅប្រទេសចិនវិញ។ ជនជាតិចិនទាំងនោះបានប្រើទីតាំងតាមបណ្តារាជធានីខេត្តមួយចំនួននៅកម្ពុជា រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តស្វាយរៀងជាដើម។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដែលរស្មីកម្ពុជា ទទួលបាន គឺបានបង្ហាញថា គិតចាប់ពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ននេះ ចំពោះជនសង្ស័យជាជនជាតិចិនភាគច្រើនបានប្រព្រឹត្តបទល្មើសមានពីរប្រភេទ គឺ១. បទល្មើសគំរាមជម្រិត ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP) សរុបមានចំនួន ១,៥៦៧នាក់ ក្នុងនោះស្រីចំនួន ៣០៩នាក់។ ២. បទល្មើសសេដ្ឋកិច្ច (នៅប្រទេសចិន) សមត្ថកិច្ចស្នើសុំសហការចាប់ខ្លួនសរុបចំនួន ៨២នាក់ ក្នុងនោះស្រីចំនួន ១០នាក់។
បើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ ផ្សាយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ដោយស្រង់សម្តីរបស់លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃថា នៅចុងឆមាសទី២ ឆ្នាំ២០១៨នេះ ជនជាតិចិននៅកម្ពុជាកើនឡើងដល់ជាង២០ម៉ឺននាក់ ដោយចំនួននេះ មិនបូកបញ្ចូលជាមួយអ្នកការទូត អ្នកទេសចរណ៍ និងអង្គការសង្គមស៊ីវិល។ ក្នុងចំណោមជនជាតិចិនទាំង២០ម៉ឺននាក់នោះ មានជាង៧៨,០០០នាក់ កំពុងរស់នៅខេត្តព្រះសីហនុ ដែលក្នុងនោះមានត្រឹមតែជាង២ម៉ឺននាក់ប៉ុណ្ណោះ មានប័ណ្ណការងារត្រឹមត្រូវ៕