ភ្នំពេញ៖ អង្គការតម្លាភាពអន្តរជាតិនៅថ្ងៃពុធនេះបានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាក្នុងលំដាប់លេខរៀងទី១៥៧ក្នុងចំណោមប្រទេសចំនួន១៧៦ដែលមានអំពើពុករលួយខ្លាំងជាងគេ។ ក៏ប៉ុន្តែលទ្ធផលនេះមានភាពល្អប្រសើរបើធ្វើការប្រៀបធៀបនៅក្នុងឆ្នាំ២០១១។
កាលពីឆ្នាំ២០១១ប្រទេសកម្ពុជាស្ថិតក្នុងលំដាប់ថ្នាក់លេខរៀងទី១៦៥ក្នុងចំណោមប្រទេស១៧៦ដែលមានអំពើពុករលួយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការតម្លាភាពកម្ពុជាបានឱ្យដឹងថាចំណាត់ថ្នាក់អំពើពុករលួយនេះកម្ពុជាស្ថិតក្នុងលំដាប់ល្អជាងប្រទេសឡាវ ភូមា អាហ្វហ្កានីស្ថាន និងកូរ៉េខាងជើងហើយប្រទេសដែលជាប់ចំណាត់ថ្នាក់ល្អជាងគេគឺប្រទេសដាណឺម៉ាក ចំណែកប្រទេសសូម៉ាលីស្ថិតក្នុងលំដាប់លេខរៀងចុងក្រោយគេ។
លោក រ័ត្ន សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជាបាននិយាយនៅក្នុងសន្និសីទកាសែតនៅថ្ងៃពុធនេះថាសន្ទស្សន៍នៃការយល់ឃើញអំពើពុករលួយសម្រាប់ឆ្នាំ២០១២នេះបានបង្ហាញឱ្យឃើញថាកម្ពុជានៅតែត្រូវចាត់ទុកថាជាប្រទេសដែលមានអំពើពុករលួយខ្លាំងនៅឡើយ។
លោកបាននិយាយថាដើម្បីកាត់បន្ថយអំពើពុករលួយនៅកម្ពុជាចាំបាច់ត្រូវមានដំណើរការពង្រឹងច្បាប់ប្រឆាំងអំពើពុករលួយនិងការបង្កើនសមត្ថភាពនិងលទ្ធភាពផ្សព្វផ្សាយរបស់អង្គការប្រឆាំងអំពើពុករលួយបន្ថែមទៀតដើម្បីឱ្យធ្វើការស៊ើបអង្កេតសំណុំរឿងអំពើពុករលួយ។
«ដើម្បីធានាបាននូវតម្លាភាពនិងគណនេយ្យភាពយើងសូមស្នើឱ្យរដ្ឋាភិបាលអនុម័តច្បាប់ទទួលបានព័ត៌មានដែលអាចឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានសំខាន់ៗអំពើគម្រោងថវិកា លទ្ធកម្មនិងការដេញថ្ងៃសាធារណៈនិងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុសំខាន់ៗផ្សេងៗទៀតក៏ដូចជាជាបង្កើនប្រសិទ្ធភាពក្នុងការពង្រឹងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ»។
ប្រទេសចំនួនពីរភាគបីនៃប្រទេសសរុបចំនួន១៧៦ត្រូវបានដាក់លេខរៀងក្នុងសន្ទស្សន៍ប្រចាំឆ្នាំ២០១២នេះទទួលបានពិន្ទុទាបជាង៥០ដែលស្ថិតនៅក្នុងកម្រិតពី០ ទៅត្រូវបានគេយល់ថាមានអំពើពុករលួយខ្លាំង ហើយពិន្ទុពី១០០ទៅត្រូវបានចាត់ទុកថាមានភាពស្អាតស្អំបំផុតហើយកម្ពុជាទទួលបានពិន្ទុចំនួន២២មានន័យថាកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់អំពើពុករលួយខ្លាំងនៅឡើយ។
លោកព្រាប កុលនាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍ថាទិន្នន័យដែលយើងប្រមូលបានយកមកធ្វើការវាយតម្លៃនេះមានចំនួន៧ទិន្នន័យខុសៗគ្នាក្នុងនោះមានធនាគារពិភពលោកផងដែរ។
លោកបាននិយាយថាបញ្ហាអំពើពុករលួយបានជះឥទ្ធិពលខ្លាំងណាស់ដូចជាប្រទេសកម្ពុជាដែលបានធ្វើឱ្យប្រទេសដែលស្អាតស្អំមួយចំនួនគេពិបាកក្នុងការមកធ្វើវិនិយោគក្នុងប្រទេសដែលមានអំពើពុករលួយ។
«បើយើងនិយាយពីក្នុងលក្ខណៈជីវភាពគឺប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នកក្រីក្រហ្នឹងខ្លាំងជាងគេដែលគាត់ភាគច្រើនមិនស្គាល់ថាពុករលួយហ្នឹងស្អីផងហើយយើងទាំងអស់គ្នាជាប្រជាពលរដ្ឋនៅក្នុងប្រទេសដែលមានអំពើពុករលួយសុទ្ធតែជាជនរងគ្រោះទាំងអស់»។
លោកឱម យិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលមិនអាចស្នើសុំដើម្បីធ្វើសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ។ ក៏ប៉ុន្តែបើតាមការបញ្ជាក់របស់លោកផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានច្រានចោលចំពោះការលើកឡើងនេះ។
លោកផៃ ស៊ីផានបានបញ្ជាក់ថាការវាយតម្លៃនេះមិនបានឆ្លុះបង្ហាញពីការណ៍ពិតនៅកម្ពុជាទេ។
«មតិភាគច្រើនប្រមាណ៨០%បានវាយតម្លៃខ្ពស់ក្នុងការងាររបស់រដ្ឋាភិបាលដែលបានវិវត្តន៍យ៉ាងល្អហើយចំទិសដៅដែលគេពេញចិត្តនោះហើយដែលជាលទ្ធផលដែលយើងចង់បានពីប្រជាពលរដ្ឋរបស់យើង»។
លោកយឹម សុវណ្ណអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាននិយាយថាដោយសារអំពើពុករលួយកម្ពុជាបានបាត់បង់ប្រាក់ប្រមាណពី៥០០លានទៅ១.០០០លានដុល្លារក្នុងមួយឆ្នាំៗ។
លោកបានបញ្ជាក់ថានៅពេលដែលប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍អំពើពុករលួយកាន់តែរីកធំឡើងៗ៕