អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលបានប្រកាសធ្វើយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនៅតាមបណ្ដាឃុំ សង្កាត់ទូទាំងប្រទេសកម្ពុជានៅរសៀលថ្ងៃអង្គារនេះ។ ប៉ុន្ដែមន្ដ្រីគណបក្សជំទាស់បានហៅយុទ្ធនាការនេះថា ជាការទាញយកផលចំណេញរបស់គណបក្សកាន់អំណាចចំពេល ដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នឹងចាប់ផ្តើមនៅខែក្រោយនេះ។ នេះជាយុទ្ធនាការអប់រំ និងទប់ស្កាត់ដែលនឹងមានរយៈពេលប្រាំមួយខែ ចាប់ពីខែឧសភារហូតដល់ខែតុលា ឆ្នាំ២០១២ នេះ។
លោក ឆាយ សាវុធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងប្រាប់អ្នកកាសែតក្នុងសន្និសីទព័ត៌មានក្នុងទីក្រុងភ្នំពេញថា យុទ្ធនាការនេះ តម្រូវឲ្យមានការចូលរួមដោយស្មគ្រ័ចិត្តពីអង្គការក្រៅរដ្ឋាភិបាល និងពីគណបក្សនយោបាយនានាផងដែរ។
«យើងអំពាវនាវឲ្យមានការចូលរួមពីសង្គមស៊ីវិល គណបក្សនយោបាយនានា ដើម្បីប្រមូលកម្លាំងធនធានសហការគ្នា ផ្សព្វផ្សាយ អប់រំ បង្ការ និងទប់ស្កាត់ការយកប្រាក់កំរៃមិនស្របច្បាប់នៅតាមភូមិសាស្ដ្រឃុំសង្កាត់»។
នេះគឺជាយុទ្ធនាការប្រឆាំងអំពើពុករលួយនៅរដ្ឋបាលមូលដ្ឋានជាលើកដំបូង ខណៈដែលកម្ពុជាទទួលរងការរិះគន់ជាខ្លាំងពីអំពើពុករលួល។ សេចក្ដីអះអាងមួយចំនួនបានលើកឡើងពីការពុករលួយយ៉ាងជាក់ស្តែង តាមរយៈការលូកដៃទទួលលុយពីអ្នកបើកបររថយន្ដតាក់ស៊ី ពីសំណាក់ប៉ូលីសចរាចរណ៍មួយចំនួននៅតាមចិញ្ចើមផ្លូវសាធារណៈ។
យោងតាមច្បាប់ប្រឆាំងអំពើពុករលួយកម្ពុជា អ្នកសូក និងអ្នកទទួលសំណូកមានទោសដូចគ្នា។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឈអន្ដរជាតិធ្លាប់បានប៉ាន់ប្រមាណថា អំពើពុករលួយបាននាំឲ្យកម្ពុជាបាត់បង់ចំណូលរដ្ឋយ៉ាងតិចចន្លោះពី៣០០ ទៅ៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
លោក ឆាយ សាវុធ ទទួលស្គាល់អំពើពុករលួយនៅតាមរដ្ឋបាលមូលដ្ឋាន ហើយលោកចាត់ទុកថា នេះជាអំពើខុសច្បាប់ដែលបានអូសបន្លាយអស់រយៈពេលជាង២០ឆ្នាំ មកហើយនៅកម្ពុជា។ យ៉ាងណាក៏ដោយលោកបានព្យាយាមមិនផ្តល់សំអាងថា តើមានទំហំទឹកប្រាក់ប៉ុន្មានត្រូវបានរកឃើញពីអំពើពុករលួយក្នុងស្ថាប័នរដ្ឋនោះ។
លោក យឹម សុវណ្ណ តំណាងរាស្ដ្រមណ្ឌលក្រុងភ្នំពេញ និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បានចំអកនឹងវិធានការថ្មីខាងលើនេះ។
«លុបបំបាត់ការផ្តល់សម្បទានព្រៃឈើ ទប់ស្កាត់អំពើពុករលួយថ្នាក់មូលដ្ឋានគឺធ្វើឲ្យតែល្អមើលទេ។ គឺស្ថាប័នប្រឆាំងអំពើពុករលួយគួរចាត់វិធានការ គឺការលក់ទ្រព្យសម្បត្តិជាតិដែលគ្មានតម្លាភាព ហើយបាត់បង់លុយរាប់រយលានដុល្លារ។ បោសសម្អាតពីលើមកមុន នៅថ្នាក់មូលដ្ឋានជារឿងកំប៉ិកកំប៉ុកទេ។ បើកប្រាក់ខែឲ្យតែមន្រ្តីរាជការ ប៉ូលិស ទាហាន មេឃុំ ចៅសង្កាត់ ឲ្យគ្រប់គ្រាន់ទៅគ្មានអ្នកណាចង់ប្រព្រឹត្តិអំពើពុករលួយទេ»។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្គេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ទទួលស្គាល់ថា វាជាកត្តាល្អមួយ ដែលមានយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនៅថ្នាក់មូលដ្ឋានបែបនេះ។ ក៏ប៉ុន្តែលោកយលស្របជាមួយលោកយឹម សុវណ្ណ ថាការកំចាត់អំពើពុករលួយក្នុងប្រទេសកម្ពុជាគឺត្រូវតែចាប់ផ្តើមពីថ្នាក់ដឹកនាំកំពូល ហើយត្រូវតែអនុវត្តច្បាប់ដោយស្មើភាពគ្នាគ្រប់បុគ្គលទាំងអស់៕