ក្រោយពេលមានភាពតានតឹងនយោបាយនៅក្នុងប្រទេសកម្ពុជាមួយរយៈមកនោះ តំណាងរាស្ត្រគណបក្សជំទាស់បានវិលចូលប្រជុំសភាវិញហើយនាព្រឹកថ្ងៃពុធនេះ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៣៤រូបដែររួមទាំងលោក កឹម សុខា ផងដែរបានចូលប្រជុំសភាជាធម្មតាវិញហើយនៅថ្ងៃពុធនេះ បន្ទាប់ពីពហិការមិនចូលរួមកិច្ចប្រជុំរបស់រដ្ឋសភាជាតិជាច្រើនសប្តាហ៍ ក្រោយពេលមានការវាយដំទៅលើតំណាងរាស្ត្ររបស់ខ្លួននោះ។
ក្រុមអ្នកវិភាគ និងអ្នកនយោបាយយល់ថា ការវិលចូលសភាវិញរបស់គណបក្សជំទាស់គឺអាចស្ថិតក្រោមសម្ពាធរបស់គណបក្សកាន់អំណាច ក៏ប៉ុន្តែគេមិនមើលឃើញពីការបាត់បង់ប្រជាប្រិយភាពរបស់គណបក្សជំទាស់នេះទេ។
តាមការឲ្យដឹងរបស់មន្ត្រីសភា និងសមាជិករដ្ឋសភាបានឲ្យដឹងថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៣៤រូបនៃសមាជិកសរុបចំនួន៥៥រូប រួមទាំងប្រធានស្តីទីរបស់ខ្លួន គឺលោក កឹមសុខាផងនោះ បាន ចូលរួមកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃពុធនេះ ខណៈពេលសភាធ្វើការអនុម័តសេចក្តីព្រាងច្បាប់ចំនួនបីផងដែរ។
បន្ទាប់ពីកិច្ចប្រជុំសភាលោក យ៉ែម បុញ្ញាឫទ្ធិ សមាជិកសភា និងជាអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានប្រាប់ VOA ថា ការវិលចូលសភារបស់តំណាងរាស្ត្រគណបក្សជំទាស់«ធ្វើឡើងក្រោយពីជំនួបរបស់លោកកឹម សុខា និងលោកស ខេង» កាលពីសប្តាហ៍កន្លងទៅ ដែលមានការព្រមព្រៀងជំរុញកិច្ចសន្ទនានៃគណបក្សទំាងពីរ និងជួយពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាដ៏ក្រីក្រនេះ។
«អឺការចូលទៅប្រជុំសភារបស់តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិគឺក្រោយពីមានជំនួបនាថ្ងៃទី១០ខែធ្នូរវាងឯកឧត្តម កឹម សុខា និងសម្តេចក្រហោម ស ខេង ហើយដែលមានសេចក្តីថ្លែងការណ៍រួមបួនចំណុចដែលយើងត្រូវតែបំពេញដើម្បីអនុវត្តឲ្យបានពេញលេញ និងដំណើរការជាវិជ្ជមានទៅខាងមុខទៀត។ នោះគឺជាកត្តាចម្បង។ ហើយក្រៅពិនិត្យបញ្ហាសភាមួយចំនួន យើងកំពុងពិនិត្យមើលលើការងារដែលសេសសល់»។
លោកយ៉ែម បុញ្ញាឫទ្ធិបានបញ្ជាក់ថា៖
«ជាបំណងសំខាន់គឺយើងចង់រៀបចំឲ្យមានការអនុវត្តបានពេញលេញរវាងសំឡេងភាគតិច និងសំឡេងភាគច្រើន ក្នុងការពិគ្រោះយោបល់ក្នុងការពិនិត្យលើបញ្ហាប្រទេសជាតិធំៗ។ នេះជាចំណុចមួយដ៏សំខាន់។ ចំណុចទីពីរហៅថា ការពិគ្រោះយោបល់ ឬការពិនិត្យលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ជារួម ដែលមានភាពប្រទាំងប្រទើស ឬមិនទាន់មានភាពយល់ស្របគ្នារវាងមតិភាគតិចនិងមតិភាគច្រើន»។
កាលពីចុងខែតុលាកន្លងទៅ តំណាងរាស្ត្រពីររូបរបស់គណបក្សសង្គ្រោះជាតិគឺលោកញ៉យ ចំរើន និងលោកគង់ សភាត្រូវបានជនមួយក្រុមចោមរោមវាយតប់ ខណៈពេលដែលពួកលោកចេញពីកិច្ចប្រជុំរដ្ឋសភាជាតិនោះ។ គេជឿថា ជនមួយក្រុមជាអ្នកដែលសេសសល់ពីបាតុកម្មប្រឆាំងនិងលោកកឹមសុខា នាព្រឹកដដែលនេះ។ ក្រោយពេលមានការវាយប្រហារលើតំណាងរាស្ត្រមានអភ័យឯកសិទ្ធិនេះ គណបក្សសង្គ្រោះជាតិបានប្រកាសធ្វើពហិការមិនវិលទៅប្រជុំសភាដែលមិនធានាសុវត្ថិភាពឲ្យខ្លួននោះ។
ក៏ប៉ុន្តែ មិនបានប៉ុន្មានថ្ងៃក្រោយការវាយប្រហារលើតំណាងរាស្ត្រគណបក្សជំទាស់នោះ សភាជាតិដែលកាន់កាប់ដោយគណបក្សប្រជាជនកម្ពុជាបានដកលោកកឹម សុខាពីតំណែងអនុប្រធានទីមួយរបស់រដ្ឋសភា ហើយមិនបានប៉ុន្មានសប្តាហ៍ក្រោយមក ក៏មានការដកសភាជិកភាពរដ្ឋសភារបស់លោកសម រង្ស៊ីផងដែរ ដើម្បីបើកផ្លូវឲ្យអាជ្ញាធរចាប់ខ្លួនលោកចំពោះទោសដែលតុលាការកម្ពុជាសម្រេចកំបាំងមុខនាឆ្នាំ២០១១នោះ។
ស្ថានភាពតានតឹងរវាងគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន និងគណបក្សជំទាស់របស់លោក សម រង្ស៊ី ដែលកំពង់រស់នៅនិរទេសខ្លួន ហាក់ដូចជាត្រូវបានបន្ថូរបន្ថយ ក្រោយពេលជំនួបរវាងលោកស ខេង និងលោកកឹម សុខា នាថ្ងៃទី១០ធ្នូកន្លងទៅនេះ។ ក្នុងនោះតំណាងគណបក្សធំៗទាំងពីរបានយល់ព្រមគ្នាបង្កើតក្រុមការងារមួយ ដែលមានការចូលរួមដោយគណបក្សទាំងពីរ ដើម្បី«សិក្សាស្រាវជ្រាវពិនិត្យលទ្ធភាពដំឡើងកម្រិតនៃវប្បធម៌សន្ទនា» និងប្តេជ្ញាដោះស្រាយបញ្ហាដែលកើតមានឡើង ជាពិសេសជម្លោះនយោបាយរបស់ផងខ្លួន។
យ៉ាងណាមិញ លោក យ៉ែម បុញ្ញាឫទ្ធិ បានការពារចំណាត់ការរបស់គណបក្សខ្លួនថា ការវិលចូលរដ្ឋសភាគឺនឹងបើកឱកាសឲ្យខ្លួនបន្តការងារនិងពង្រឹងកេរ្តិ៍ឈ្មោះរបស់រដ្ឋសភាជាតិ ជាពិសេសគណបក្សសង្គ្រោះជាតិនិងបន្តកោះហៅតំណាងរដ្ឋាភិបាលមកបកស្រាយបញ្ហាមួយចំនួនទៀត។
លោកសុខ ឦសាន្ត តំណាងរាស្ត្រ និងជាអ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា ដែលចូលរួមកិច្ចប្រជុំសភានាព្រឹកថ្ងៃពុធនេះ បានសាទរការវិលត្រឡប់របស់តំណាងរាស្ត្រគណបក្សជំទាស់។ លោកបានឲ្យដឹងផងដែរថា ការវិលត្រឡប់នេះក៏មានការស្វាគមន៍ពីលោក ហ៊ុន សែន ដែលមានវត្តមាននៅទីនោះផងដែរ។
«អាហ្នឹងគឺជាសិទ្ធិស្វ័យសម្រេចរបស់គាត់នោះទេ។ ហើយដោយឡែកសម្រាប់គណបក្សប្រជាជនកម្ពុជាគឺស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់គណបក្សសង្គ្រោះជាតិ គ្រាន់ថា គាត់សម្រេចសន្យាប្តេជ្ញាថា ចូល ឬមិនចូលគឺជាសិទ្ធិរបស់គាត់នោះទេ តែចំពោះគណបក្សប្រជាជនកម្ពុជាមានជំហរមួយគឺចង់ឲ្យគាត់ចូល វាល្អជាងមិនចូល។ ក៏ប៉ុន្តែយើងមិនអាចចាប់បង្ខំគាត់បានទេ។ ត្រង់ចូល ឬមិនចូលគឺជារឿងរបស់គាត់ ហើយដំណើរការសភានៅតែបន្ត។ វាគ្មានអីមករាំងស្ទះនោះទេ»។
លោកសុខ ឦសានបានបន្តថា ការវិលចូលរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិគឺបង្ហាញពីផលវិជ្ជមាន និងភាពធូរស្រាលផ្នែកនយោបាយ បន្ទាប់ពីគណបក្សធំៗទាំងពីរនេះមានភាពរកាំរកូសនឹងគ្នានោះ។
ស្របគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣ទសវត្សរ៍ បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននាថ្ងៃពុធនេះ ដោយសាទរចំពោះការវិលវិញរបស់គណបក្សដៃគូ។ លោកលើកឡើងក្នុងសំណេរដើមយ៉ាងដូច្នេះថា៖
«វាសបញ្ជាក់ឲ្យឃើញពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ដែលតំណាងរាស្ត្រមកពីគណបក្សកាន់អំណាច និងគណបក្សជំទាស់បានធ្វើការរួមគ្នាដើម្បីពិនិត្យ សម្រេច អនុម័តសេចក្តីព្រាងច្បាប់ដែលមានសារៈប្រយោជន៍សម្រាប់ប្រទេសជាតិទាំងមូល»។
យ៉ាងណាក៏ដោយ ការចូលសភារបស់គណបក្សជំទាស់គឺមិនមានអីគួរឲ្យភា្ញក់ផ្អើលសម្រាប់លោកអ៊ូ វីរៈ អ្នកវិភាគ និងជាប្រធានវេទិកាអនាគត ទេ ដោយសារមានសម្ពាធពីខាងគណបក្សកាន់អំណាច។ លើសពីនោះទៀត លោកថា ការសម្រេចគណបក្សសង្គ្រោះជាតិក្នុងការធ្វើពហិការគឺជាសេចក្តីសម្រេចលឿនហួសហេតុ ដោយមិនបានពិចារណា។
«ខ្ញុំទាយរួចហើយថា គណបក្សប្រជាជនកម្ពុជា និងដាក់សម្ពាធ ហើយសម្ពាធមួយដែលពួកគាត់ដាក់គឺទាក់ទងរឿងប្រាក់ខែ និងផលប្រយោជន៍មួយចំនួន ដូចជាឡាន និងគណៈកម្មការអីអញ្ចឹងទៅ។ ដោយសារតែអញ្ចឹងបានខ្ញុំថា គណបក្សប្រឆាំងហ្នឹងមានសម្ពាធ។ ហើយដោយសារតែការបោះឆ្នោតពីរបីឆ្នាំទៀត ពួកគាត់នឹងដាច់ប្រាក់ ក៏អត់មានលុយធ្វើការងារ ឬគោលនយោបាយ ឬឃោសនាដែរ។ អញ្ចឹងខ្ញុំទាយពីជំហ៊ានហ្នឹង ខ្ញុំទាយថា នឹងមានការប្តូរចិត្ត។ ហើយសម្រេចធ្វើពហិការ ខ្ញុំមិនច្បាស់លាស់ដែរ ដោយសារតែការសម្រេចហ្នឹងវាលឿនពេក មិនមានការគិតឲ្យគ្រប់ជ្រុងជ្រោយ។ ក៏ប៉ុន្តែបន្ទាប់ពីមានសម្ពាធហ្នឹងក៏នាំគ្នាសម្រេចចូល»។
លោក អ៊ូ វីរៈ បានបញ្ជាក់ថា ការវិលចូលសភាវិញគឺមិនមានផលអវិជ្ជមានអ្វីដល់គណបក្សសង្គ្រោះជាតិនោះទេ ព្រោះគណបក្សសង្គ្រោះជាតិគឺ«ជាអ្នកកំដរគណបក្សកាន់អំណាចរបស់លោកហ៊ុន សែន ដោយសារតែគោលជំហរមិនច្បាស់លាស់របស់ខ្លួននោះ។
«ពហិការក៏មិនជួយប៉ុន្មាន ហើយការចូលសភាក៏មិនប៉ះពាល់អីដែរ។ ជាទូទៅ ពួកគាត់គ្រាន់តែជាតួអង្គកំដរ នាពេលបច្ចុប្បន្ន ដោយសារតែគណបក្សកាន់អំណាចមានសមាជិកសភាគ្រប់គ្រាន់ ហើយគណបក្សប្រឆាំងគ្រាន់តែជាតួអង្គកំដរទេ។ ប៉ុន្តែក្នុងករណីដែលពួកគាត់មានគោលនយោបាយច្បាស់លាស់ ហើយគាត់អាចបង្ហាញជាសាធារណៈ ទោះក្នុងសភាក្តី ក្រៅសភាក្តី ជាសាធារណៈក្តី អាហ្នឹងគាត់អាចដើរតួនាទីជាតួអង្គប្រកួតប្រជែង»។
សូមបញ្ជាក់ថា មិនទាន់មានដំណោះស្រាយសម្រាប់សកម្មជន និងសមាជិកព្រឹទ្ធសភារបស់គណបក្សជំទាស់ជាង១០រូប ដែលត្រូវបាន តុលាការកម្ពុជាចាប់ឃុំខ្លួនកាលពីប៉ុន្មានខែកន្លងទៅ ទាក់ទងនឹងបញ្ហាព្រំដែន និងបាតុកម្មរំដោះទីលានប្រជាធិបតេយ្យក្រោយការបោះឆ្នោតឆ្នាំ២០១៣នោះទេ។ តំណាងគណបក្សធំៗទាំងពីរអះអាងប្រាប់ VOA ថា ខ្លួននឹងធ្វើការជួបប្រជុំបន្ថែមទៀតដើម្បីពង្រឹងកិច្ចសន្ទនារវាងគ្នានឹងគ្នា ក៏ប៉ុន្តែមិនទាន់មានការកំណត់ពេលជួបគ្នានៅឡើយនោះទេ៕