ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការបរទេស​បំភ្លឺ​សភាពការណ៍​ទៅ​អន្តរជាតិ​និង​វាយ​បក​អ្នក​រិះគន់


រូប​ឯកសារ៖ លោក​ ហោ​ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​នៅ​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​ក្រុម​មន្ត្រី​ទូត​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​។ (​ហ៊ាន​ សុជាតា/​ VOA)
រូប​ឯកសារ៖ លោក​ ហោ​ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​នៅ​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​ក្រុម​មន្ត្រី​ទូត​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​។ (​ហ៊ាន​ សុជាតា/​ VOA)

ប្រតិកម្ម​នេះ​ធ្វើ​ឡើង​​បន្ទាប់ពី​​​សំទុះ​នៃ​ការ​រិះគន់​ជា​អន្តរជាតិ​កាន់​តែ​កើន​ឡើង​ជា​បន្តបន្ទាប់​។

ក្រសួង​ការបរទេស​កម្ពុជា​បាន​ចេញ​លិខិត​ចំនួន​ពីរ​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​បកស្រាយ​ពាក់​ព័ន្ធ​នឹង​ចំណាត់​ការ​របស់តុលាការ​កម្ពុជា​និង​រដ្ឋសភា​ជាតិ​មក​លើថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​និង​បាន​វាយ​បក​ខ្លាំង​ចំពោះ​អ្នក​រិះគន់។

ប្រតិកម្ម​នេះ​ធ្វើ​ឡើងបន្ទាប់ពី​សំទុះ​នៃ​ការ​រិះគន់​ជា​អន្តរជាតិ​កាន់​តែ​កើន​ឡើង​ជា​បន្តបន្ទាប់​ក្នុង​នោះ​មាន​មក​ពី​សភា​សហគមន៍​អឺរ៉ុប ​សមាជិក​ព្រឹទ្ធសភា​អូស្រ្តាលី ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​អង្គការ​សហប្រជាជាតិ ​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ និង​ សមាជិក​សភា​អាស៊ាន​ផ្នែក​សិទ្ធិ​មនុស្ស​ជាដើម។​

ក្រសួង​ការបរទេស​បាន​ហៅ​សេចក្តី​ថ្លែង​ការណ៍​ចុងក្រោយ​ដែល​ចេញ​ដោយ​លោក ​ឆាលស៍ សានទីអាហ្គូ (Charles Santiago) ​ប្រធាន​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្សថា​ «បាន​រំលោភ​យ៉ាង​ល្ងិតល្ងង់​ដោយ​ចេតនា​ចំពោះ​មាត្រា​ទី២​នៃ​ធម្មនុញ្ញ​អាស៊ាន»​ ដោយ​សារ​តែ​លោក​បានស្នើសុំ​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​វិច្ឆិកា​ឱ្យ​ផ្តល់​តំណែង​សមាជិក​សភា​និង​អភ័យ​ឯកសិទ្ធិ​សភា​ដល់​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ឡើង​វិញនិងក៏​ស្នើ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជាបាន​បញ្ជាក់​ថា៖

«អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​រំលឹក​លោក​ឆាលស៍ សានទីអាហ្គូ ​សមាជិក​សភា​នៃ​ប្រទេស​ម៉ាឡេស៊ី​ដែល​ជា​ប្រធាន​អាស៊ាន​ត្រូវ​គោរព​ឱ្យ​បាន​ពេញលេញ​នូវ​គោលការណ៍​ដ៏​ពិសិដ្ឋ​នៃ​មាត្រា​ទី២​របស់​ធម្មនុញ្ញ​អាស៊ាន​ខាងលើ​នេះ‍»។​

មាត្រា​ទី២​នៃធម្មនុញ្ញ​អាស៊ាន​ចែង​ពី​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​សមាជិក​អាស៊ាន​ហើយ​សេចក្តី​ថ្លែងការណ៍​កន្លងមក​របស់​លោក​ Charles Santiago ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អន្តរាគមន៍​ដោយ​កម្រ​របស់​ប្រទេស​ក្នុង​តំបន់​នេះ។

នៅ​ក្នុង​លិខិត​ទីពីរ​ដែល​ជា​សេចក្តី​ជូន​ព័ត៌មាន​ដល់​សាធារណជន​ខ្មែរ​ក្រសួង​ការបរទេស​កម្ពុជា​ក៏ បាន​បញ្ជាក់​ថា​ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​នៅ ហ្សឺណែវ​ក៏​បាន​ផ្ញើ​លិខិត​ជូន​លោកស្រី ​រ៉ូណា ស្មីត​ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តី​ពី​សភាពការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ដោយ​សារ​លោក​ស្រី​ព្រួយបារម្ភ​ថាសភាពការណ៍​កម្ពុជា​ឈាន​មក​ដល់​ចំណុច​គ្រោះថ្នាក់​មួយ​ដែល​អាច​ឈាន​ទៅ​រក​អំពើ​ហិង្សា​ក្នុង​ពេល​អនាគត​ហើយ​ជំរុញ​ឱ្យ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​និង​សង្គ្រោះ​ជាតិ​ជួប​ចរចា​ដើម្បី​បន្ធូរបន្ថយ​កម្ដៅ​នយោបាយ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថា៖

«ខ្ញុំ​សូម​បញ្ជាក់​សារ​ជា​ថ្មី​ឡើងវិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំរបស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ​រួមមាន​ការ​ការពារ​និង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស។ រាជរដ្ឋាភិបាល​កម្ពុជា​ត្រៀម​ខ្លួន​បន្ត​ជំរុញ​វប្បធម៌​សន្ទនា​ជាមួយ​បក្ស​ប្រឆាំង​ដោយ​ឈរ​លើ​មូលដ្ឋាន​ការ​គោរព​គ្នា​ទៅវិញ​ទៅមក​ នីតិរដ្ឋ​ មិន​បរិហារកេរ្តិ៍​និង​មិន​ញុះញង់​ឱ្យ​ស្អប់​ វឹកវរ និង​រើស​អើង‍»។​

គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​បាន​ទទួល​រង​សម្ពាធ​ជា​ខ្លាំង​ពី​គណបក្ស​កាន់​អំណាច​ដោយ​សារ​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​ត្រូវ​បាន​រដ្ឋសភា​ដែល​មាន​តែ​អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បណ្ដេញ​ពី​សភា ​ហើយ​ដក​តំណែង​អនុប្រធាន​រដ្ឋសភា​ពី​លោក​ កឹម សុខា ​អនុប្រធាន​គណបក្ស ​និង​ការ​វាយ​តប់​លើ​អ្នក​តំណាងរាស្ត្រ​ចំនួន​ពីរ​នាក់​ដោយ​ក្រុម​បាតុករ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

នៅ​ថ្ងៃ​អង្គា​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​កោះហៅ​លោក សម រង្ស៊ីទៅ​សាកសួរ​ទាក់​ទង​នឹង​បណ្តឹង​បរិហារកេរ្តិ៍​របស់​លោក​ហេង សំរិន​ប្រធាន​សភាជាតិ។ លោក​ សម រង្ស៊ី​ អះអាង​ថា​លោក​មិន​បាន​បរិហារកេរ្តិ៍​ទេ​ព្រោះ​គ្រាន់​តែ​ផ្សាយ​បន្ត​តាម​ហ្វេសប៊ុក​នូវ​ព្រះរាជ​សង្កថា​របស់​អតីត​ព្រះមហាក្សត្រ​ហើយ​លោក ​ហេង សំរិន​ មិន​មាន​ហេតុផល​អ្វី​នឹង​ប្តឹង​រូប​លោកដែរ៕

XS
SM
MD
LG