នៅទិវារំឭកខួបសិទ្ធិមនុស្សអន្តរជាតិលើកទី៦៧នៅឆ្នាំនេះ អង្គការសមាគមន៍ខ្មែរនៅស.រ.អា.ចំនួនបួនបានពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ ដោយបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យមានជាប់ទាក់ទងនឹងបញ្ហានយោបាយ នោះ មានអ្នកចូលរួមតិចតួចបារម្ភថា ការបញ្ចូលបញ្ហានយោបាយក្នុងការពិភាក្សាសិទ្ធិមនុស្សអាចនឹងធ្វើឲ្យកិច្ចប្រឹងប្រែងនេះទទួលបរាជ័យ។
ការពង្រឹងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យគឺអាចជាកិច្ចការពិបាកញែកឲ្យដាច់ដោយឡែកពីបញ្ហានយោបាយ។ តែបើបុគ្គលមនុស្សតូចតាច និងអ្នកគ្មានអំណាចជាអ្នកប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សឬបំពានលទ្ធិប្រជាធិបតេយ្យសកម្មជនសិទ្ធិមនុស្សនិងប្រជាធិបតេយ្យមិនប្រឈមការលំបាកទេ ហើយវិបត្តិនេះជាទូទៅមិនជាប់ទាក់ទងនយោបាយទេ។ ផ្ទុយទៅវិញ ក្នុងករណីការរំលោភសិទ្ធិមនុស្សមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាល អង្គការឬក្រុមនយោបាយណាមួយ កិច្ចប្រឹងប្រែងខាងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនឹងជួបឧបសគ្គជាច្រើន។
ព្រះតេជព្រះគុណប៊ុត ប៊ុនទិញដែលនិមន្តមកពីប្រទេសកម្ពុជាមានសង្ឃដីការប្រាប់អ្នកចូលរួមថា ព្រះអង្គត្រូវលះបាត់បង់ការងារនៅសាកលវិទ្យាល័យព្រះសីហនុរាជ្យ និងនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ហើយគ្មានវត្តគង់ ដោយសារឥទ្ធិពលនយោបាយដែលចោទប្រកាន់ថា ព្រះអង្គធ្វើសកម្មភាពបម្រើគណបក្សនយោបាយ ពេលព្រះអង្គប្រឹងប្រែងប្រមូលសកម្មជនផ្សេងទៀតក្នុងការការពារសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងបរិស្ថាន ដូចជាជួយជនរងគ្រោះនៃការរំលោភយកដីធ្លី ទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយ ពីពន្ធនាគារ ប្រឆាំងការកាប់បំផ្លាញព្រៃឈើ។
«អ្នកខ្លះទិតៀន អាត្មាថា សប្បាយចិត្តព្រោះមានវត្តធ្វើឲ្យអាត្មាជាប់ជំពាក់។ អត់វត្តហ្នឹងហើយបានជាអាត្មាដើរធ្វើបាតុកម្មដោយសេរី។ នេះជាចម្លើយដោះសារ ធាតុពិតយើងមិនអាចរកវត្តនៅបានទេ។ តែសួរថា យើងអាចរស់ទេ? អាច! អាចធ្វើការកើតទេ? អាច! អ្នកខ្លះមិនអាច ដោយសារជាប់ជំពាក់នឹងវត្តធំ ធ្វើចៅអធិការ។ ជាតិក្រោយកើតជាជីងចក់នៅក្បែរជញ្ជាំង»។
ក្នុងបទបង្ហាញរយៈពេល៥០នាទី ព្រះតេជព្រះគុណមានសង្ឃដីការថា ដើម្បីឲ្យការទាមទារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទទួលបានជោគជ័យ ត្រូវមានការចូលរួមទាំងអស់គ្នា ជាពិសេសអ្នករងគ្រោះផ្ទាល់។
«កាលណាអ្នកមូលដ្ឋានគេធ្វើ គេជាម្ចាស់ ព្រៃហ្នឹងសល់។ បន្តែអ្នកមូលដ្ឋានគេអត់មានអារម្មណ៍ាថា គេជាម្ចាស់ បណ្តោយឲ្យខ្មោចចូលតាមចិត្ត បណ្តោយឲ្យជនទុច្ចរិតចូលតាមចិត្ត។ បន្តែផ្ទុយទៅវិញ បើអ្នកមូលដ្ឋានមានអារម្មណ៍ថា គេជាម្ចាស់ គេនឹងការពារ»។
ព្រះអង្គបន្តថា វិបត្តិនៅប្រទេសកម្ពុជាគឺជាឆាកល្ខោនដែលរៀបចំដោយនយោបាយរបស់បរទេស ធ្វើឲ្យខ្មែរបែកបាក់។
«យើងមានសិទ្ធិដូចគ្នា ដូចអាត្មាថា អញ្ចឹង ច្បាប់ធម្មជាតិក៏បានផ្តល់ឲ្យ ច្បាប់ធម្មនុញ្ញក៏បានផ្តល់ឲ្យ សេចក្តីប្រកាសក៏បានផ្តល់ឲ្យ ព្រះពុទ្ធក៏បានផ្តល់ឲ្យមនុស្សគ្រប់គ្មានមានសិទ្ធិ។ តែយើងទង់អាចប្រើប្រាស់បានដោយសារអ្នកដឹកនាំយើងទទួលច្រៀងបទភ្លេងដែលជនបរទេសតែងឲ្យច្រៀង។ គេព្រមរាំ គេព្រមសម្តែងលើឆាក ទោះការសម្តែងហ្នឹងខ្មែរមិនចង់មើលក៏គេនៅតែសម្តែងតទៅទៀតដែរ»។
លោកសូ សុខុមមកពីរដ្ឋ Virginia បារម្ភថា ការបញ្ចូលសារនយោបាយក្នុងវេទិកាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះអាចជាឧបសគ្គដល់ការប្រឹងប្រែងលើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ មុនដើរចេញពីកិច្ចពិភាក្សា លោកបានសុំបញ្ចេញមតិ ដោយក្រោកឈរ ហើយថ្លែងថា វេទិកានេះពិភាក្សាចាកប្រធានបទ ដោយមានការបញ្ចូលគំនិតនយោបាយ។
នៅក្រៅវេទិកាពិភាក្សា លោកបានប្រាប់ VOAថា៖
«ខ្ញុំមិនចង់ឲ្យយកគណបក្សនយោបាយមកនិយាយរឿងសិទ្ធិមនុស្សទេ។ ថ្ងៃនេះជាថ្ងៃសិទ្ធិមនុស្សពិភពលោក។ វាស្ទះសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលយើងលើកស្ទួយនៅស្រុកខ្មែរនោះ ដែលយើងខំធ្វើនោះ»។
វាគ្មឹនដែលលោកសូ សុខុមយល់ថា ថ្លែងសារនយោបាយដែលនាំឲ្យលោកព្រួយបារម្ភនោះគឺលោកនាថបណ្ឌិត តាកែវឫទ្ធិពល ដែលនិយាយថា ប្រទេសកម្ពុជាធ្លាក់ចុះដុនដាបដោយសារនយោបាយឈ្លានពានរបស់បរទេស និងក្រុមអ្នកនយោបាយដឹកនាំប្រទេសដើម្បីផលប្រយោជន៍ខ្លួន បក្សពួកខ្លួន។
ដោយដកស្រង់តាមសៀវភៅ Why A Nation Fails គឺហេតុដែលប្រទេសមួយបរាជ័យ លោកនិយាយថា ដើម្បីឲ្យមានសមធម៌សង្គម ឲ្យប្រទេសរីកចម្រើន និងបានទទួលជោគជ័យទាំងខាងសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិង សេដ្ឋកិច្ចនោះអ្នកនយោបាយដែលជាប់ឆ្នោតជាតំណាងរាស្ត្រ តំណាងឲ្យម្ចាស់ឆ្នោត ត្រូវកាន់កាប់តែតំណែងនីតិបញ្ញត្តិដែលជាអ្នកសម្រេចតែងតាំងឬដកតំណែងនៅក្នុងអង្គនីតិប្រតិបត្តិ និងតុលាការ ដែលត្រូវមានអ្នកបច្ចេកទេស អ្នកជំនាញ អ្នកចេះដឹងជាអ្នកប្រតិបត្តិ។ មានតែការបង្កើតរដ្ឋបែបនេះទេ ទើបអាចធ្វើឲ្យមានតុល្យភាពរវាងអង្គនីតិបញ្ញត្តិ នីតិប្រតិបត្តិនិងតុលាការ ហើយអាចលុបបំបាត់ការទាញយកផលប្រយោជន៍ដោយគណបក្សនយោបាយ និងបក្សពួកដែលមានតួនាទីក្នុងអំណាចទាំង៣។
«អស់លោកតំណាងរាស្ត្រហ្នឹង ធ្វើជានីតិបញ្ញត្តិបានហើយ។ យើងគោរពសូមឲ្យនៅទីហ្នឹងហើយ។ ទុកឲ្យនីតិប្រតិបត្តិហ្នឹងជ្រើសរើសពីបញ្ជីដាក់អ្នកមានសញ្ញាប័ត្រ ចំណេះដឹងជំនាញ ដែលមហាជនខ្មែរមានសមត្ថភាពគ្រប់គ្រាន់ហ្នឹង កាន់ការប្រតិបត្តិហ្នឹងទៅ ដូចជានាយករដ្ឋមន្ត្រី គណៈរដ្ឋមន្រ្តីហ្នឹងទៅ។ហើយតុលាការក៏អញ្ចឹង»។
លោករឿន វាសនា អ្នកចូលរួមម្នាក់ និយាយថា កិច្ចការសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមិនអាចញែកដាច់ពីនយោបាយបានទេ ពេលរដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
«ពេលយើងនិយាយអំពីសិទ្ធិមនុស្ស យើងពិនិត្យមើលកត្តាពាក់ព័ន្ធ។ ហើយនោះគឺគណបក្សកាន់អំណាចនៅកម្ពុជា»។
លោកយ័ប គឹមទឹង ប្រធានសមាគន៍ពលរដ្ឋខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ CAHRADដែលជាសមាគមន៍មួយនៃអង្គការ សមាគន៍ទាំងបួនដែលរៀបចំកិច្ចពិភាក្សាទិវារំឭកខួបសិទ្ធិមនុស្សអន្តរជាតិនៅបណ្ណាល័យ Woodrow Wilson នៅទីក្រុង Falls Church រដ្ឋ Virginia និយាយថា អ្នកចូលរួមអាចលើកគ្រប់បញ្ហាទាំងអស់ទាក់ទងនឹងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។
«សមាគមន៍យើងទាំងប៉ុន្មានហ្នឹងមិនមែនថា គាំទ្រគណបក្សមួយណាទេគឺគ្រាន់តែចង់បានយុត្តិធម៌នៅស្រុកខ្មែរយើង។ យើងអត់មានចូលគណបក្សមួយណាទេ។ តែគណបក្សខ្លះធ្វើកិច្ចការស្រដៀងកិច្ចការរបស់យើងច្រើនជាងគណបក្សផ្សេងទៀត»។
លោកគឹមទឹងបន្ថែមថា លោកពេញចិត្តនឹងមតិវាគ្មិនទាំងអស់ តែលោកដឹងថា មានចំណុចដែលអ្នកចូលរួមខ្លះមិនពេញចិត្ត ព្រោះគេមិនអាចបំពេញបំណងគ្រប់ៗគ្នាបានទេ៕