ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ម៉ម សូណង់ដូ ​​​វាយ​ប្រហារ​​លោក​​ សម​ រង្ស៊ី​​ និង​លោក​ កឹម សុខា


លោក ម៉ម សូណង់ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​​របស់​គណបក្ស​លោក នៅ​ពិធី​សមាជ​វិសាមញ្ញ​ នៅ​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ សម្រាប់​ជ្រើសរើស​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ឡើង​វិញ​ និងធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​ ធ្វើ​វិសោធនកម្ម​នយោ​បាយ​ និង​ជ្រើសរើស​ក្រុម​ប្រឹក្សា​ជាតិ​បន្ថែម​ឲ្យ​គប់​ចំនួន​ ៣៥០។ ពិធីសមាជ​នេះ​ ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខ័ណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)
លោក ម៉ម សូណង់ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​​របស់​គណបក្ស​លោក នៅ​ពិធី​សមាជ​វិសាមញ្ញ​ នៅ​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ សម្រាប់​ជ្រើសរើស​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ឡើង​វិញ​ និងធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​ ធ្វើ​វិសោធនកម្ម​នយោ​បាយ​ និង​ជ្រើសរើស​ក្រុម​ប្រឹក្សា​ជាតិ​បន្ថែម​ឲ្យ​គប់​ចំនួន​ ៣៥០។ ពិធីសមាជ​នេះ​ ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខ័ណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)

លោក​ម៉ម សូណង់ដូ​ អតីត​អ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង​​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​លោក​​សម រង្ស៊ី​​ និង​កឹម សុខា​ ដោយ​និយាយ​ថា​ លោក​ទាំងពីរ​ជា​អ្នក​នយោបាយ​​ដែល​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ជា​ជាង​ប្រយោជន៍​ជាតិ

លោក​ម៉ម សូណង់ដូ​ អតីត​អ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំងបើក​ការ​វាយ​ប្រហារ​ទៅ​លើ​លោកសម រង្ស៊ី និង​កឹម សុខា​ ដោយ​និយាយ​ថា​ លោក​ទាំងពីរ​ជា​អ្នក​នយោបាយដែល​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ជា​ជាង​ប្រយោជន៍​ជាតិ​ ខណៈ​ដែល​គណបក្ស​នេះ​បាន​ធ្វើ​ឲ្យ​លោក​ខក​ចិត្ត​ នៅ​ពេល​ដែល​មេ​ដឹកនាំ​គណបក្ស​នេះ​សម្រេច​ចូល​ធ្វើ​ការ​នៅ​ក្នុង​សភាជាតិ​ជាមួយ​គណបក្ស​កាន់​អំណាច។​

លោក​ម៉ម សូណង់ដូ ជា​ប្រធាន​គណបក្ស​សម្បុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ និង​ជា​អតីត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​រិះគន់​ពី​កម្សោយ​នៃ​ជំហរ​នយោបាយ​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ​ ដែល​បាន​បន្ថយ​ការ​រិះគន់​ដល់​គណបក្ស​គ្រប់​គ្រង​ប្រទេស​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ដ៏​មាន​ឥទ្ធិពល។​

ការ​ថ្លែង​រិះគន់​របស់​លោក​យ៉ាង​ដូច្នេះ​កើត​មាន​ឡើង​នៅ​ឯ​ការ​រៀបចំ​ពិធី​សមាជ​របស់​គណបក្ស​សម្បុកឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ ខ័ណ្ឌមាន​ជ័យ​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។​

អ្នកគាំទ្រ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ​ចូលរួម​ពិធី​សមាជ​វិសាមញ្ញ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៥នៅ​ឯ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខ័ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)
អ្នកគាំទ្រ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ​ចូលរួម​ពិធី​សមាជ​វិសាមញ្ញ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៥នៅ​ឯ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខ័ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)

លោក​ម៉ម សូណង់ដូ​ ដែល​ជា​ម្ចាស់​វិទ្យុ​សម្បុកឃ្មុំ​ផងដែរ​នោះ​ បាន​ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ប្រមាណ​ជាង​២០០​នាក់​ នៅ​ឯ​ទីស្នាក់​ការ​គណបក្ស​របស់​លោក​ ដោយ​បាន​ហៅ​មេដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ ជា​អ្នក​នយោបាយ​មាន​ចិត្ត​កម្សាក​ ដោយ​ការ​បង្កើន​ភាព​ស្និទ្ធស្នាល​ជាមួយ​មេដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។​

«អ្នក​នយោបាយសព្វ​ថ្ងៃ​ ជាពិសេស​អ្នក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​ គាត់​អត់​មាន​ភាព​ក្លាហាន​និយាយ​ការណ៍​ពិត​ជូន​ប្រជា​ពលរដ្ឋ​ទេ។​ អ្វី​ដែល​គាត់​អសមត្ថភាព​ អត់​ហ៊ាន​សារភាព​ទេ។​ គាត់​នៅ​តែ​បន្ត​ភរភូត​ប្រជា​ពលរដ្ឋ​ត​ទៅ​ទៀត​ថា​ គាត់​មាន​សមត្ថភាព។​ ខ្ញុំយក​ឧទាហរណ៍​មួយ។​ គាត់​ថា​ បើ​ចង់​ចាប់​ខ្លា​ ត្រូវ​ចូល​ជិត​ខ្លា។​ មាន​ឮ​ទេ​អាហ្នឹង? ប៉ុន្តែ​ខ្ញុំ​សូម​ជម្រាប​ថា ជា​សម្តីភរភូត​គ្មាន​កិត្តិយស​អ្វី​ទាល់​តែ​សោះ។​ ចង់​ចាប់​ខ្លា​ត្រូវចូល​ជិត​ខ្លា។​ គ្រាន់​តែ​ឃើញ​អាចម៍​ខ្លា​មិន​ទាន់​ដឹង​ថា​ ខ្លា​នៅ​ទី​ណា​ផង​ គាត់​រាគ​អាចម៍​ដាក់​ខោ​ទាំង​អស់​គ្នា»។​

លោក​ថ្លែង​បន្ត​ថា​ ការបាត់​បង់​ជំនឿ​លើ​មេដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ហើយ ដែល​បានធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​បង្កើត​គណបក្ស​នយោបាយ​របស់​លោក​សារ​ជាថ្មី​ម្តង​ទៀត។​

«ទោះ​ជាយើង​ខំប្រឹង​យ៉ាងណា​ក៏ដោយ​ គឺ​ជំហរ​អ្នក​ដឹកនាំ​គ​ណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក​កឹម សុខា​ និង​សម រង្ស៊ី​មិនត្រឹម​តែ​អសមត្ថភាព​ទេ​ ការ​កិច្ច​សន្យា​របស់​គាត់​ ហើយ​និង​គោល​ដៅ​របស់​គាត់​នៅ​តែ​បន្តការ​ភរភូត​ត​ទៅ​ទៀត​។ ​មូលហេតុ​ហ្នឹង​ហើយ​ដែល​យើង​បង្កើត​គណបក្ស​សម្បុកឃ្មុំ​ប្រជា​ធិបតយ្យ​ ហើយ​មូលហេតុ​ហ្នឹង​ដែរ​ ដែល​យើង​ត្រូវតែ​ទល់​ខ្នង​គ្នា​ ស្ម័គ្រចិត្ត​បេ្តជ្ញា បូជា​ដើម្បី​ជាតិ​ ធ្វើ​យ៉ាង​ដូចម្តេច​ គឺ​កាតព្វកិច្ច​របស់​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ស្តារ​ជាតិ​ខ្មែរ​យើង​ឡើង​វិញ​ កុំ​ឲ្យ​សាប​សូន្យ​ទៅ​ថ្ងៃ​មុខ»។​

ក្រោយ​ការ​ប្រកាស​លទ្ធ​ផល​ឆ្នោត​នា​ឆ្នាំ​២០១៣ អ្នក​តំណាង​រាស្ត្រ​មួយ​ចំនួន​ក្នុង​ចំណោម​អ្នក​តំណាង​រាស្ត្រ​៥៥​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្រែកខ្លាំងៗ​ទៅ​អ្នក​គាំទ្រ​របស់​ផង​ខ្លួន​នៅ​ឯ​ទីលាន​ប្រជា​ធិបតេយ្យ​ថា​ ពួក​គេ​នឹង​មិន​ចូល​ទៅ​ក្នុង​សភា​ជាតិ​ដើម្បី​ធ្វើការ​ជាមួយ​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។​ តែ​ក្រោយពី​អំពើ​ដ៏​ហិង្សា​មួយ​បាន​កើត​ឡើង​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពីខែ​កក្កដា​ឆ្នាំ​ ២០១៤​រវាង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ និង​កង​សន្តិសុខ​ជួល​ដោយ​សាលា​ខ័ណ្ឌ​ដូនពេញ​ ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏សម្រេច​ចិត្ត​ចូល​ទៅ​អង្គុយ​កៅ​អី​ក្នុង​សភាជាតិ​វិញ​ ដោយ​បាន​បញ្ចប់​ការ​ធ្វើ​ពហិការ​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ។​ ការ​ដើរ​ចូល​ក្នុង​សភា​នេះ​បាន​ធ្វើ​ឲ្យគណបក្ស​សង្គ្រោះ​ជាតិ​រង​ការ​រិះ​គន់ពី​អ្នក​បោះ​ឆ្នោត។

លោក​យ៉ែម បុញ្ញឫទ្ធិ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ប្រាប់​ VOA ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​ការ​បារម្ភ​ចំពោះ​ការ​រិះគន់​របស់​លោក​ម៉ម សូណង់ដូ​នោះ​ទេ​ ដោយ​ប្រជា​ពលរដ្ឋ​ខ្មែរ​អាច​ធ្វើ​ការ​ពិចារណា​ទៅ​តាម​ព័ត៌មាន​ដែល​ពួក​គេ​បាន​ទទួល​តាម​សារព័ត៌​មាន​ ឬក៏​បណ្តាញ​សង្គម។​

«ប្រជា​ពលរដ្ឋ​លោក​បាន​ជ្រាប​ហើយ​ យល់​ដឹង ហើយ​បាន​ទទួល​ព័ត៌មាន​តាម​រយៈ​បណ្តាញ​សង្គម​កាន់​តែច្រើនឡើងៗ​ ដូច្នេះ​លោក​យល់​ច្បាស់​ជា​ទីបំផុត​ ពី​ព្រោះ​អ្នក​សម្រេច​វាស​នា​ប្រទេស​ជាតិ​គឺ​ប្រជា​ពលរដ្ឋ ​មិន​មែន​ថ្នាក់​ដឹកនាំ​មួយ​រូប​ពីរ​រូប​របស់​គណបក្ស​ណា​មួយ​នោះ​ទេ»។​

យ៉ាង​ណា​ក៏ដោយ​ អ្នក​វិភាគ​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​បាន​ប៉ាន់ស្មាន​ទុក​ជា​មុន​ថា​ គណបក្ស​តូចៗ​ដែល​កើត​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​នេះ​នឹង​មិន​ស្ថិត​នៅ​ក្នុង​ក្រសែ​ភ្នែក​នៃ​អ្នក​បោះ​ឆ្នោត​ឡើយ។​ ពួក​គេ​ថ្លែង​ថា​ គណបក្ស​ធំៗ​ពីរ​ដែល​អាច​ទាញការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​នោះ​ គឺ​មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ។​ រីឯ​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​គ្រប់​គ្រង​ប្រទេស​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​តែង​តែ​ស្វាគមន៍​ការ​ចូល​មក​ប្រកួត​របស់​គណបក្ស​ថ្មីៗនៅ​ក្នុងការ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ​នេះ​ ដោយ​ហេតុថា​ ការ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ថ្មីៗ​កាន់​តែ​ច្រើន​រឹត​តែធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ពង្រឹង​យុទ្ធ​សាស្ត្រ​នយោបាយ​ក្នុង​ការ​ទាក់​ទាញ​អ្នក​បោះ​ឆ្នោត។​

គណបក្ស​ប្រជាជន​កម្ពុជា​បានទទួលតែ​៦៨​កៅអី​ប៉ុណ្ណោះ​ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ រីឯគណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ចំនួន​៥៥​កៅអី​នៅ​ក្នុង​សភា​ជាតិ។​ បាតុកម្ម​ជា​ទ្រង់​ទ្រាយ​ធំ​បាន​ផ្ទុះ​ឡើង​ ដោយ​សារ​អ្នក​តំណាងរាស្ត្រនៃ​គណបក្ស​ប្រឆាំង​យល់​ថា​ លទ្ធផល​ឆ្នោត​ត្រូវ​គេ​គៃបន្លំ​ តែលោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៣០​ឆ្នាំ​ តែង​តែ​ថ្លែង​ថា​ ពុំមាន​ការ​លួច​សន្លឹក​ឆ្នោត​នោះ។​ លោក​ក៏ធ្លាប់​បបួល​ក្រុម​ប្រឆាំង​ទៅ​ស្បថ​ផង​ដែរ​ថា មិន​មាន​ការ​លួច​ការ​បន្លំ​សន្លឹក​ឆ្នោត​ទេ។​

​លោក​ម៉ម សូណង់ដូ​បញ្ជាក់​ថា​ ការ​ធ្វើ​នយោបាយ​របស់​លោក​មិន​មែន​ដើម្បី​អំណាច​នោះ​ទេ​ តែដោយ​ការ​ធុញទ្រាន់​នឹង​ការ​ដឹកនាំ​ដោយ​លោក​ហ៊ុន សែន​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​នេះ។​ លោក​និយាយ​ថា ​លោក​ចង់​សាកល្បង​ប្រឡូក​ក្នុង​ការ​បោះ​ឆ្នោត​ម្តង​ទៀត​ដើម្បី​យក​ឈ្នះ​លោក​ហ៊ុន សែន។​ ប៉ុន្តែ​គណបក្ស​នយោបាយ​របស់​លោក​ម៉ម សូណង់ដូ​ធ្លាប់​ទទួល​បរាជ័យ​ម្តងរួច​ទៅ​ហើយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨​ ដោយ​គណបក្ស​លោក​មិន​ទទួល​បាន​អាសនៈ​នៅ​ក្នុង​សភា​ជាតិ​នោះ​ទេ៕

XS
SM
MD
LG