លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានហៅចំណាត់ការនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋសភាជាតិមកលើរូបលោកថា ជាការកាត់ផ្តាច់សំឡេងបក្សប្រឆាំង និងនាំយកប្រទេសកម្ពុជាឱ្យស្ទើរតែធ្លាក់ទៅក្នុងស្ថានភាពការដឹកនាំបែបឯកបក្ស ដូចនៅក្នុងសម័យសង្គ្រាមត្រជាក់ឡើងវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសដែលវីអូអេទទួលបាននៅថ្ងៃសុក្រនេះ លោក សម រង្ស៊ី បានផ្តល់អំណះអំណាងពីភាពស្របច្បាប់នៃអភ័យឯកសិទ្ធិសភារបស់លោកដោយមានការទទួលស្គាល់តួនាទីរបស់លោកជាបន្តបន្ទាប់ចាប់តាំងពីព្រះមហាក្សត្រ ស្ថាប័នរដ្ឋធម្មនុញ្ញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសភាជាតិជាដើម។
លោក សម រង្ស៊ី ត្រូវបានអ្នកតំណាងរាស្ត្រដែលមានតែមកពីគណបក្សប្រជាជនកម្ពុជាបណ្តេញចេញពីសភាជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ដើម្បីឱ្យប្រឈមមុខនឹងទោសជាប់ពន្ធនាគាររយៈពេលពីរឆ្នាំក្នុងបណ្តឹងបរិហារកេរ្តិ៍ដោយលោក ហោ ណាំហុង និងបណ្តឹងចំនួនពីរផ្សេងទៀត រួមមានការផ្សាយឯកសារព្រំដែនក្លែងក្លាយផងដែរ។
លោក សម រង្ស៊ី ចាត់ទុកថា នេះជាល្បិចនយោបាយតែប៉ុណ្ណោះ៖ «ដើម្បីបង្ហាញពីភាពស្របច្បាប់នៃចំណាត់ការមិនតាមលទ្ធិប្រជាធិបតេយ្យ ក្រុមអាជ្ញាធរកម្ពុជាប្រើប្រាស់ម៉ាស៊ីនយុត្តិធម៌ ដែលលាបខ្លាញ់បានយ៉ាងល្អយកមកបម្រើគោលបំណងនយោបាយរបស់ពួកគេ»។
លោកក៏បានរៀបរាប់ថា ក្នុងពេលដែលសភាជាតិទទួលស្គាល់រូបលោកជាផ្លូវការមិនមានអ្នកណាម្នាក់ ដែលសូម្បីលោក ហោ ណាំហុង ម្ចាស់បណ្តឹងដើមចមឱ្យមានការតាមចាប់ខ្លួនរូបលោក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬប្រធានសភាឬអ្នកតំណាងរាស្ត្រណា ដែលមានវត្តមានសម្តែងការជំទាស់ទេ។
នៅក្នុងសេចក្តីថ្លែងការណ៍នេះលោក សម រង្ស៊ី បានចាត់ទុកថា លោករងគ្រោះដោយសារតែការងាររបស់លោកប៉ុណ្ណោះ៖
«វាហាក់ដូចជាទស្សនៈរបស់ខ្ញុំ និងទង្វើរបស់ខ្ញុំក្នុងការការពារសិទ្ធិមនុស្ស និងអភិបាលកិច្ចល្អក្នុងប្រទេសកម្ពុជាគឺបានធ្វើឱ្យអាម៉ាស់មុខដល់ក្រុមអាជ្ញាធរអញ្ចឹងហើយបានជាញឹកញយពួកគេប្រើប្រាស់របៀបបណ្តេញចេញតាមទំនើងចិត្តនូវសមាជិកសភា ដែលបានជាប់ឆ្នោត»។
នេះជាលើកទីបួនហើយដែលលោក សម រង្ស៊ី ត្រូវបានបណ្តេញចេញពីសភាជាតិគឺលើកទីមួយក្នុងឆ្នាំ១៩៩៥ បន្ទាប់មកក្នុងឆ្នាំ២០០៥ លើកទីបីនៅឆ្នាំ២០១១និងឆ្នាំ២០១៥នេះ។
លោកបានបន្ថែមទៀតថា៖ «ការបណ្តេញរូបខ្ញុំពីសភាជាតិដោយអ្នកតំណាងរាស្ត្រដូចគ្នា ដែលមកពីគណបក្សកាន់អំណាចគឺជាការរំលោភទាំងស្រុងនឹងច្បាប់នានា ដែលមាននៅក្នុងប្រទេសក្នុងនោះ រួមមានរដ្ឋធម្មនុញ្ញផងដែរ»។
គណបក្សប្រឆាំងបានទទួលរងចំណាត់ការផ្លូវច្បាប់ជាបន្តបន្ទាប់ពីរដ្ឋាភិបាល និងសភាជាតិកម្ពុជា ព្រោះក្រៅពីការបណ្តេញលោក សម រង្ស៊ី ពីសភាជាតិ មានការទម្លាក់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិពីតំណែងអនុប្រធានសភាជាតិ និងមានអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងចំនួនពីរនាក់រងការវាយដុំច្រំធាក់ពីបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា។
ចាប់តាំងពីព្រឹត្តិការណ៍ទាំងនោះមក គណបក្សប្រឆាំងបានធ្វើពហិការកិច្ចប្រជុំសភាជាបន្តបន្ទាប់ ដោយក្នុងនោះអាចនឹងមិនចូលរួមកិច្ចប្រជុំអនុម័តច្បាប់សហជីព ដែលរងការរិះគន់ថា គាបសង្កត់លើសេរីភាពសហជីព៕