អ្នកឯកទេសមើលឃើញថា ប្រទេសកម្ពុជាមានផលប្រយោជន៍សេដ្ឋកិច្ចនិងនយោបាយច្រើនដែលអាចនឹងត្រូវបាត់បង់បើសិនជាបក្សកាន់អំណាចចាញ់ឆ្នោតហើយឈានទៅដល់កើតមានសង្គ្រាមដោយសារតែអ្នកដែលបាត់បង់ផលប្រយោជន៍ មុនគេគឺអ្នកដែលកំពុងកាន់អំណាចបច្ចុប្បន្ននិងបក្សពួក។
លោក ឱក សេរី សោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចបានបញ្ជាក់ក្នុងកម្មវិធី Hello VOA ប្រចាំខែកាលពីថ្ងៃច័ន្ទថា លោកមិនមើលឃើញថា ប្រទេសកម្ពុជាអាចនឹងកើតមានសង្រ្គាមទេហើយសហគមន៍អន្តរជាតិក៏មិនឈរនៅស្ងៀមដែរបើភាគីណាមួយហ៊ានបញ្ឆេះភ្លើងសង្គ្រាម។
«ដូច្នេះអ្នកដែលបង្កើតសង្គ្រាមត្រូវពិចារណាថាអ្វីខ្លះដែលនឹងត្រូវបាត់បង់ បាត់ការគាំទ្រពីប្រជាពលរដ្ឋ បាត់ការគាំទ្រពីសហគមន៍អន្តរជាតិ បាត់ការគាំទ្រពីសង្គមស៊ីវិល បាត់ការគាំទ្រពីអ្នកវិនិយោគដែលយកលុយមករកនៅស្រុកយើង។ ដូច្នេះមិនអាចគិតងាយៗបានទេ»។
សូមស្តាប់ការបកស្រាយរបស់អ្នកឯកទេសរូបនេះដូចតទៅ៖
វោហាសាសន៍ថានឹងកើតមានសង្គ្រាមតែងតែចេញជាញឹកញយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលោកចោទថា គណបក្សជំទាស់នឹងធ្វើការសើរើបញ្ហាជាច្រើនដែលនាំឱ្យមានការមិនពេញចិត្តពីអ្នកដែលមានផលប្រយោជន៍ក្នុងពេលបច្ចុប្បន្ន។
សារគំរាមទាំងនេះហាក់មិនស៊ីសង្វាក់គ្នាជាមួយនឹងតម្រូវការចង់បានរបស់ពលរដ្ឋអ្នកបោះឆ្នោតទេជាពិសេសអ្នកបោះឆ្នោតវ័យក្មេង។ នេះបើតាមការលើកឡើងរបស់លោក សុភក្តិ៍ ព្រោះអ្វីដែលពួកគេចង់បានគឺយន្តការបោះឆ្នោតមានតម្លាភាពដែលរៀបចំការបោះឆ្នោតមួយផ្តល់លទ្ធផលដែលគ្រប់ភាគីអាចទទួលយកបាន ឪពុកម្តាយរបស់ពួកគេឈប់ក្រលំបាកតោកយ៉ាក បញ្ឈប់ការធ្វើចំណាកស្រុកក្នុងស្ថានភាពលំបាកដោយគេធ្វើបាប ការសិក្សាដែលមានតម្លៃ រកការងារធ្វើដែលមានប្រាក់ខែសមរម្យ មានប្រព័ន្ធសុខាភិបាលល្អ មិនមានការរងគ្រោះដោយប្រព័ន្ធតុលាការ និងមិនចង់ឃើញអំពើពុករលួយក្នុងសេវាសាធារណៈ។
លោក ឱក សេរី សោភក្តិ៍ បានបន្ថែមថា៖
«ខ្ញុំនិយាយនេះគឺមិនខុសទេព្រោះមិនមែនជាការស្រមើស្រម៉ៃរបស់ខ្ញុំជាការដែលខ្ញុំជជែកហើយជាការដែលខ្ញុំបង្រៀនកូនសិស្សផ្ទាល់រាប់រយរាប់ពាន់នាក់។ គឺនេះគឺជាការពិតប្រាកដតែម្តង»។
យ៉ាងណាក៏ដោយលោក ឱក សេរី សោភក្តិ៍ យល់ថា សារគំរាមនេះអាចមានន័យវិជ្ជមានដែរព្រោះវាអាចជួយជាទុនសម្រាប់មជ្ឈដ្ឋានទូទៅពិចារណានិងបញ្ចេញប្រតិកម្មទុកជាមុនពីផលប៉ះពាល់អវិជ្ជមាននៃសង្គ្រាម។ ជាពិសេសអ្នកដែលមានលទ្ធភាពបង្កសង្គ្រាមឱ្យគិតគូរនិងកុំសាកល្បងធ្វើទង្វើនេះ ដោយលោកចង់សំដៅលើមន្ត្រីខ្លះក្នុងគណបក្សកាន់អំណាចដែលនឹងមិនសប្បាយចិត្តនឹងលទ្ធផលឆ្នោតក៏ដូចជាអ្នកឈ្នះថ្មីដែលមានកម្លាំងមហាជនដែលអាចបង្កឱ្យមានការប៉ះទង្គិចនឹងអាជ្ញាធរ។
ប៉ុន្តែលោកបញ្ជាក់ថា ការដោះស្រាយការខ្វែងគំនិតគ្នាក្នុងចំណោមអ្នកនយោបាយគួរតែធ្វើឡើងដោយសន្តិវិធីព្រោះនោះគឺជាវិធីដ៏ល្អ៖
«ថ្នាក់ដឹកនាំគួរតែថ្នមពាក្យថ្នមសម្តីដាក់គ្នាទៅវិញទៅមកទៅ។ ពាក្យណាដែលយើងមិនគួរប្រើ សូម្បីតែជនសាមញ្ញ ក៏មិនគួរប្រើដែរ។ យើងឈប់ទៅ។ ...យើងមកដល់ការអភិវឌ្ឍន៍កម្រិតហ្នឹងហើយគួរតែឈប់ប្រើពាក្យពេចន៍ទាំងអស់ហ្នឹងទៅ វាមិនមានប្រយោជន៍អ្វីក្រៅពីនាំឱ្យស្រុកខាតបង់ទេ»។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាន់អំណាចជាងបីទសវត្សរ៍មកហើយ ប៉ុន្តែគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងកំពុងតែឈានឡើងក្នុងនាមជាគូប្រកួតដែលមានកម្លាំងប្រហាក់ប្រហែលគ្នា៕