ភ្នំពេញ៖ កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដាក់បញ្ជាឲ្យមានការរៀបចំវេទិកាសាធារណៈនៅតាមក្រសួង នៅគណៈរដ្ឋមន្ត្រីនិងតាមមូលដ្ឋានដើម្បីទទួលយកការកែតម្រូវនិងសេចក្តីត្រូវការនានាពីក្រុមមន្ត្រី រាជការនិងប្រជាពលរដ្ឋសម្រាប់រយៈពេលប្រាំឆ្នាំ ក្នុងអណត្តិទី៥នេះ។
បទបញ្ជានេះដែលអ្នកវិភាគមើលឃើញថាជាការសម្រេចចិត្តធ្វើការកែទម្រង់ដ៏ទូលំទូលាយមួយក្នុងការដឹកនាំរដ្ឋរបស់គណបក្សប្រជាជនកម្ពុជា។ គណបក្សនេះ ដែលកាន់អំណាចជាងបីទសវត្សរ៍មកហើយបានជ្រុះរបូតកៅអីអស់ចំនួន២២ក្នុងរដ្ឋសភាក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាគឺបានបាត់បង់ពី៩០កៅអីមកត្រឹម៦៨កៅអីក្នុងរដ្ឋសភាវិញ។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាយល់ថាជាការផ្លាស់ប្តូរយុទ្ធសាស្ដ្រមួយរបស់គណបក្សកាន់អំណាចដើម្បីស្តារប្រជាប្រិយភាពឡើងវិញតាមរយៈការបង្ហាញការយកចិត្តទុកដាក់លើពួកគេ។
«ជាការដូរឥរិយាបថមួយដ៏សំខាន់ដែលឆ្លុះបញ្ចាំងថាគណបក្សប្រជាជនព្រួយបារម្ភពីការបាត់បង់ប្រជាប្រិយ៍ភាពរបស់ខ្លួនជាមួយប្រជាពលរដ្ឋ»។
បញ្ហាសង្គមជាច្រើនត្រូវបានគេកត់សម្គាល់ឃើញតាមរយៈការក្រោកឡើងតវ៉ា ការធ្វើបាតុកម្មរបស់ក្រុមប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា។ហើយភាគច្រើននៃអ្នកតវ៉ាទាំងនោះតែងតែអះអាងថាពួកគេបានព្យាយាមស្នើឲ្យមានការដោះស្រាយបញ្ហារបស់ពួកគេចាប់តាំងពីរដ្ឋអំណាចមូលដ្ឋានរហូតដល់ដាក់បណ្តឹងតាមផ្លូវតុលាការប៉ុន្តែពួកគេមិនត្រូវបានអើពើឬទទួលបានការដោះស្រាយដោយមិនយុត្តិធម៌នោះទេ។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានឯករាជ្យនាពេលកន្លងមក។
បញ្ហាសង្គមភាគច្រើនកើតឡើងដោយសារទំនាស់ដីធ្លី។ យោងតាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្ស អាដហុកនៅដើមឆ្នាំ២០១៣នេះបង្ហាញថាក្នុងចំណោមការផ្តល់ដីសម្បទានសង្គមកិច្ចរបស់រដ្ឋាភិបាលជូនប្រជាពលរដ្ឋ បានបង្កើតឲ្យមានជម្លោះកើនឡើងដោយសារតែអំពើពុករលួយ ការរំលោភធ្ងន់ធ្ងរនិងដោយសារការចាត់ចែងមិនបានល្អហើយក្រុមអាជ្ញាធរបរាជ័យក្នុងការស៊ើបអង្កេត។ របាយការណ៍ដដែលបានលើកឡើងថាក្នុងឆ្នាំ២០១២ មានករណីជម្លោះដីធ្លីចំនួន៧០ករណីដែលសមាគមអាដហុកបានធ្វើការស៊ើបអង្កេតដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាងមួយម៉ឺនគ្រួសារ។ប្រជាពលរដ្ឋទាំងនោះស្ថិតក្នុងខេត្តកោះកុង បាត់ដំបង កំពង់ចាម កំពង់ធំ ខេត្តក្រចេះ មណ្ឌលគីរី រតនគីរីនិងខេត្តសៀមរាប។
ដោយឡែកអ្នកភូមិបឹងកក់និងបុរីកីឡាកំពុងតែធ្វើការតវ៉ាអំពីបញ្ហាដីធ្លីមិនស្រាកស្រានក្នុងទីក្រុងភ្នំពេញដោយសារតែដំណោះស្រាយដោយការបណ្តេញពួកគេចេញពីលំនៅដ្ឋានមិនសមរម្យដែលពួកគេអះអាងថាពួកគេមិនអាចទទួលយកបាន។
ក៏ប៉ុន្តែទំនាស់ដីធ្លីទំនងជាមិនមានត្រឹមតែកម្រិតរវាងក្រុមប្រជាពលរដ្ឋជាមួយនឹងក្រុមហ៊ុនឯកជនធំៗនិងអ្នកមានអំណាចនោះទេ។
យោងតាមឯកសារមួយដែលវីអូអេសំឡេងសហរដ្ឋអាមេរិកទទួលបានបង្ហាញថាឧត្តមសេនីយ៍នគរបាលមួយរូបទទួលរងការបំពានដីធ្លីរបស់ខ្លួននៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដែរ។ ដីទំនាស់ទំហំជាងបួនហិកតាត្រូវតុលាការកាត់ក្តីឲ្យចាញ់គូបដិបក្ខបើទោះជាមានឯកសារស្រាវជ្រាវបង្ហាញពីការក្លែងបន្លំឯកសារពីភាគីឈ្នះក្តីក៏ដោយ។
ដោយសារបញ្ហាអស់ទាំងនេះលោកអ៊ូ វីរៈ គិតថាវិធីថ្មីនេះនឹងបង្ខំឲ្យមន្ត្រីរដ្ឋាភិបាលនិងអាជ្ញាធរទទួលស្គាល់បញ្ហាពិតប្រាកដរបស់ប្រជាពលរដ្ឋ។
«វាមានប្រយោជន៍មែនទែនសម្រាប់គណបក្សប្រជាជនដើម្បីកុំឲ្យមន្ត្រីរបស់គណបក្សនេះឈរជើងមិនដល់ដី។ បើឈរជើងមិនដល់ដីទេចុងបញ្ចប់ប្រជាពលរដ្ឋនឹងមានអារម្មណ៍ថាអ្នកដឹកនាំទាំងអស់នោះអត់យល់ពីទុក្ខសោករបស់គាត់ ពីបញ្ហារបស់ពួកគាត់ ចុងបញ្ចប់ប្រហែលជាបាត់បង់ប្រជាប្រិយ៍ភាពកាន់តែខ្លាំងជាងអណត្តិនេះទៅទៀត»។
លោកយ៉ែម បុញ្ញឫទ្ធ តំណាងរាស្ដ្រមណ្ឌលព្រៃវែងនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិស្វាគមន៍ខណៈដែលគណបក្សរបស់លោកធ្លាប់ធ្វើវេទិកាសាធារណៈនេះជាមួយក្រុមប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាច្រើនឆ្នាំមកហើយ។
«យើងយល់ឃើញថាល្អប៉ុន្តែវេទិកានោះត្រូវតែជាវេទិកាសាធារណៈពិតប្រាកដដោយមានការចូលរួមគ្រប់តំណាងគណបក្សនយោបាយផង។ បើទៅតែតំណាងរដ្ឋាភិបាល ប្រើកញ្ចប់លុយជាតិដើម្បីទៅឃោសនាដើម្បីគណបក្សជារឿងមួយគួរឲ្យសោកស្តាយជាទីបំផុត។ចំណុចមួយទៀតវេទិកាសាធារណៈនៅតាមក្រសួងធ្វើឲ្យខ្ញុំមានការព្រួយបារម្ភ។ ធ្វើឲ្យខ្ញុំនឹកស្រម៉ៃដល់សម័យខ្មែរក្រហមដែលគេធ្វើស្វ័យទិតៀនគ្នាទៅវិញទៅមកនៅក្នុងកង នៅក្នុងក្រុម បន្ទាប់មកអ្នកណាហ៊ានលើក ហ៊ាននិយាយការពិតយកសម្លាប់ចោល»។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងកម្រិតឲ្យមានសមាជជាតិដែលជាវេទិការវាងប្រជាពលរដ្ឋនិងរដ្ឋាភិបាលដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋថ្លែងពីបញ្ហារបស់ពួកគេនិងការមិនពេញចិត្តចំពោះរដ្ឋាភិបាល។សមាជជាតិនេះដែលយកគំរូតាមការដឹកនាំរបស់អតីតព្រះមហាក្សត្រសម្តេចឱនរោត្តម សីហនុ។ ក៏ប៉ុន្តែជាច្រើនអណត្តិមកហើយរដ្ឋាភិបាលខកខានមិនបានអនុវត្តលើតាមការចែងក្នុងរដ្ឋធម្មនុញ្ញនេះទេ។
គណបក្សជំទាស់ធ្លាប់បានទាមទារឲ្យរដ្ឋាភិបាលអនុវត្តស្មារតីនេះប៉ុន្តែលោកនាយករដ្ឋមន្ត្រីធ្លាប់បានឆ្លើយតបថាមិនមានការចាំបាច់។
នៅពេលដែលរដ្ឋាភិបាលប្រុងប្រៀបបង្កើតវេទិកាសាធារណៈដើម្បីទទួលយកមតិពីប្រជាពលរដ្ឋ ក្រុមអាជ្ញាធរនៅតែបន្តរារាំងមិនឲ្យក្រុមប្រជាជនធ្វើការតវ៉ាចុះដើរតាមទីសាធារណៈដូចជាករណីការរាំងខ្ទប់បាតុកម្មរបស់ក្រុមកម្មកររោងចក្រកាត់ដេរSL ក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះជាដើម។
ដូចនេះបើទោះជារដ្ឋាភិបាលបើកទូលាយឲ្យមានវេទិកាសាធារណៈ ចំណោទនៅត្រង់ថាតើប្រជាពលរដ្ឋនឹងមានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការជជែកតវ៉ានិងស្តីបន្ទោសលើមន្ត្រីរដ្ឋាភិបាលឬមន្ត្រីអាជ្ញាធរជាចំហឬទេនៅពេលដែលមន្ត្រីទាំងនោះធ្លាប់បានសង្គ្រឺតធ្មេញដាក់ពួកគេ ធ្លាប់បានចាត់ការពួកគេតាមផ្លូវតុលាការ ធ្លាប់បានបង្រ្កាបនិងរារាំងការតវ៉ារបស់ពួកគេតាមវិធីហិង្សា។
ហើយសំណួរដដែលនេះថាតើប្រជាពលរដ្ឋនឹងមានសេចក្តីក្លាហានដែរឬទេនៅពេលដែលពួកគេជួបប្រទះបញ្ហាមួយចំនួនដែលជាប់ទាក់ទងគ្នាដូចសម្លកំពឹសពីក្បាលដល់ចុងជើងជាមួយក្រុមហ៊ុនឯកជនមានឥទ្ធិពលឬមន្ត្រីមានអំណាចខ្លាំងដូចពួកគេទទួលបានបទពិសោធន៍កន្លងមក។ ហើយថាតើរដ្ឋាភិបាលថ្មីមានសេចក្តីក្លាហានក្នុងការវះកាត់ជំងឺនេះដែរឬទេ?
លោកយ៉ែម បុញ្ញឫទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិជឿថាប្រជាពលរដ្ឋមិនទាន់បាត់បង់ការបាក់ស្បាតទាំងនោះនៅឡើយទេ។
«ខ្ញុំអត់មានជំនឿថាប្រជាពលរដ្ឋហ៊ានរិះគន់ចំៗជាចំហនៅឡើយទេ។ពីព្រោះគាត់នៅមានការភិតភ័យពីសុវត្ថិភាពរបស់គាត់។យើងអាចនឹកស្រម៉ៃទៅដល់ការដឹកនាំរបស់លោកស៊ូហាតូនៅប្រទេសឥណ្ឌូណេស៊ី។ លោកស៊ូហាតូគាត់ប្រើពាក្យថាសណ្តាប់ធ្នាប់។ គ្រាន់តែពាក្យសណ្តាប់ធ្នាប់គាត់ដើរបំភិតបំភ័យរាស្ដ្រនិងសម្លាប់អ្នកប្រឆាំង។ដូច្នេះការភិតភ័យរបស់ប្រជាពលរដ្ឋនៅមាន។អញ្ចឹងយើងយល់ឃើញថាប្រហែលជាមិនមានប្រសិទ្ធភាពទេ»។
មានប្រសិទ្ធភាពឬមិនមាននោះវាដូចជាខ្សែទឹកដែលនឹងហូរក្នុងអំឡុងពេលប្រាំឆ្នាំទៅមុខទៀត។ ហើយប្រសិទ្ធភាពនៃការធ្វើវេទិកានេះនឹងជួយស្តារការទុកចិត្តឡើងវិញរបស់ក្រុមប្រជាពលរដ្ឋម្ចាស់ឆ្នោតលើគណបក្សគ្រប់គ្រងប្រទេស។ប្រសិទ្ធភាពនេះនឹងស្តែងឲ្យឃើញតាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រលើកក្រោយនេះ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីរៀបរាប់ថាគោលនយោបាយថ្មីនេះនឹងជួយជំរុញប្រសិទ្ធភាពដែលត្រូវបានអនុវត្តនាពេលកន្លងមកហើយវាគឺជាការដោះស្រាយដោយផ្ទាល់បញ្ហាប្រឈមនៅតាមមូលដ្ឋាន។
«អ្នកទទួលខុសត្រូវឈរទល់មុខគ្នាជាមួយមហាជនដែលលោកមិនសប្បាយចិត្តនោះ។ដូច្នេះវេទិកានេះមិនមែនស្ថិតក្នុងទិសដៅបង្កើនប្រជាប្រិយ៍ភាពរបស់គណបក្សប្រជាជនទេគឺបង្កើនប្រជាប្រិយ៍ភាពនិងប្រសិទ្ធភាពនៃការងាររបស់រដ្ឋាភិបាល។សម្តេចបានលើកហើយថាធ្វើនេះមិនមែនក្នុងនាមគណបក្សប្រជាជនទេគឺក្នុងនាមរាជរដ្ឋាភិបាលផ្តល់សេវាកម្មប្រសើនិងមានប្រសិទ្ធភាពជូនមហាជន»។
ទោះជាយ៉ាងណារដ្ឋាភិបាលមិនទាន់កំណត់ពេលវេលាជាក់លាក់ណាមួយសម្រាប់បើកឆាកកម្មវិធីវេទិកាសាធារណៈឬវេទិកាមន្ត្រីរាជការក្នុងគណរដ្ឋមន្ត្រីនោះទេ។
លោកផៃ ស៊ីផាន សង្ឃឹមថាវេទិកាទាំងនេះនឹងអាចចាប់ផ្តើមបានក្នុងពេលប៉ុន្មានខែខាងមុខទៀត៕