ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​មូរ​ សុខហួរ​សុំ​ឱ្យ​រដ្ឋាភិបាល​រឹតបន្តឹង​លើ​ការនាំ​ពលករ​ទៅក្រៅ​ប្រទេស


អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ លោកស្រី​មូរ សុខហួរ​
អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ លោកស្រី​មូរ សុខហួរ​
​ភ្នំពេញ៖ គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ជាក់លាក់​លើ​ក្រុម​ហ៊ុន​ឯកជន​ដែល​ជ្រើស​រើស​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។

លោកស្រី​មូរ សុខហួរ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃសុក្រ​នេះ​បាន​ទាមទារ​សារជាថ្មី​ម្តង​ទៀត​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដាក់​វិធាន​ការ​ទប់ស្កាត់​ការ​នាំ​ពលករ​ខ្មែរ​ទៅ​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស​ដែល​រួម​មាន​ប្រទេស​ថៃ​ ប្រទេស​ម៉ាឡេស៊ី​និង​ប្រទេស​កូរ៉េខាង​ត្បូង។​

ការ​លើក​ឡើង​សារជាថ្មី​របស់​លោកស្រី​មូរ សុខហួរ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​លិខិត​របស់​អ្នក​តំណាង​រាស្ត្រគណ​បក្សប្រឆាំង​កាលពី​ខែតុលា​ឆ្នាំ​២០១១​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដើម្បី​ឱ្យ​ពិនិត្យ​និង​ចាត់​វិធាន​ការ​តាមផ្លូវ​ច្បាប់​ដើម្បីធានា​សុវត្ថិភាព​ជូន​ពលករ​ខ្មែរ​នៅក្រៅ​ប្រទេស​មិន​មាន​ប្រសិទ្ធភាព។​
លោក​ស្រីមូរ សុខហួរ​បាន​ថ្លែង​ប្រាប់​ក្នុង​អង្គសន្និសីទ​កាសែត​នៅ​ឯ​រដ្ឋសភា​ថា​រយៈ​ពេល​ជាង​ពីរឆ្នាំ​កន្លង​មកនេះ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ចាត់​វិធាន​ការ​ដើម្បី​ទប់​ស្កាត់​ការនាំ​ពលករ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ទេ។​អ្នកស្រី​បាន​និយាយ​ថា​ស្ថាន​ភាព​ពលករ​ខ្មែរ​ទៅ​ក្រៅ​ប្រទេ​ស​បច្ចុប្បន្ន​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ចំណុច​ប្រកាស​អាសន្ន​បើពុំ​បាន​ទប់​ស្តាត់​ឱ្យ​បាន​ល្អ​ប្រសើរ​នោះ​ទេ។​

«ខ្ញុំបារម្ភ​ណាស់​ពីព្រោះ​ករណី​ម៉ាឡេ​ហ្នឹងគេបិទ​ចោល​តែ​ម្តង ​អត់​មាន​វិធានការ​អត់​មាន​អ្នកណា​ទទួល​ខុសត្រូវ​នឹង​រឿង​ម៉ាឡេ​សោះ​មានតែ​អង្គការ។​តើតួនាទី​របស់​រដ្ឋាភិបាល​ការទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​នៅ​ឯណា? ខ្ញុំ​ឃើញ​ថា​វាអត់»។​
នៅ​ក្នុង​លិខិត​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី​ដែល​បាន​ដាក់​ជូន​លោក​ហេង សំរិន​ប្រធាន​រដ្ឋសភា​ដើម្បី​ស្នើ​សុំ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ពិនិត្យ​និង​ចាត់វិធាន​ការ​តាម​ផ្លូវច្បាប់​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ពលករ ពលការិនី​ខ្មែរ​នៅ​ក្រៅ​ប្រទេស​កាល​ពី​ឆ្នាំ២០១១​បាន​ឱ្យ​ដឹង​ថា​យន្តការ​ជ្រើសរើស​និង​បញ្ជូន​ពលករ​ទេសន្តរ​ប្រវេសន៍​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ​ប្រទេស​ថៃ​បាន​កើន​ឡើង​យ៉ាង​ច្រើន​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។​ ក៏​ប៉ុន្តែ​យន្តការ​គ្រប់​គ្រង​លើ​ការ​បញ្ជូន​ពលករ​ខ្មែរ​នៅ​បរទេស​នៅ​មាន​ភាព​ធូររលុង​នៅឡើយ​ដែល​ទីភ្នាក់ងារ​ឯកជន​ជ្រើសរើស​ពលករ​ទាំង​នោះ​មិន​គោរព​ទៅ​តាម​លក្ខខណ្ឌ​នៃ​កិច្ច​សន្យា​ការងារ។​

អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បានស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការផ្លូវ​ច្បាប់​ឱ្យ​បាន​តឹងរឹង​បំផុត​ចំពោះ​ក្រុម​ហ៊ុន​និង​មន្ត្រី​មាន​សមត្ថកិច្ច​ដែល​ឃុប​ឃិត​ដោយ​គ្មាន​ការលើក​លែង។​

លុប​បំបាត់​បំណុល​ទាសភាព​និង​ការជ្រើសរើស​ដោយ​បង្ខំ​ដោយគ្មាន​ការធានា​ការគោរព​និង​ការប្រតិបត្តិ​ចំពោះ​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ​ស្តីពី​ការ​ការពារ​និង​សុវត្ថិភាព​របស់​ពលករ។​
លោក​ស្រី​មូរ សុខហួរ​បាន​លើក​យក​ករណី​ជនរងគ្រោះ​ ហេង ហាក់​ដែល​បានសម្រេចចិត្ត​លោត​ពី​លើ​បន្ទប់​បង្ខាំង​ជាន់​ទីបី​របស់​អគារ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​T&P​ហើយ​បាន​ក្លាយ​ជាជន​ពិការ​និង​បន្ត​ការព្យាបាល​ជាប្រចាំ។​មកដល់​ពេល​នេះ​ក្រុមហ៊ុន​នេះ​មិន​ទាន់​នាំខ្លួន​មកផ្តន្ទាទោស​ចំពោះ​មុខ​ច្បាប់​នៅ​ឡើយ។​

ករណី​មួយ​ទៀត​ដែល​លេចធ្លោ​គឺ​ពលការិនី​ម៉ៅ ឡាត់ធី​អាយុ២៨​ឆ្នាំ​មកពីស្រុក​បវិល​ ខេត្តបាត់ដំបង​បាន​ធ្លាក់​ខ្លួន​មានវិប្បត្តិ​ផ្លូវ​ចិត្ត​បណ្តាល​មកពី​ការ​ធ្វើបាប​និង​រំលោភសិទ្ធិ​យ៉ាង​ធ្ងន់ធ្ងរ​ពីសំណាក់​ថៅកែ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។​

ជនរងគ្រោះ​ម៉ៅ ទ្បាត់ធី​បាន​មក​ដល់ព្រលាន​យន្ត​ហោះ​ភ្នំពេញ​អន្តរជាតិ​កាលពី​ថ្ងៃទី​២៦​ខែមករា​កន្លង​ទៅនេះ​ក្នុង​អាការៈ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។

លោក​ស្រីមូរ សុខហួរ​បាន​និយាយ​ថា​ក្នុងរយៈ​ពេល​មួយ​ខែ​លោក​ស្រី​បាន​ទទួល​ពាក្យ​បណ្តឹង​តាម​ទូរស័ព្ទ​ចំនួន​១០​ករណីពីពលករ​ខ្មែរ​ដែល​បាន​ទៅ​បម្រើ​ការងារ​នៅ​ក្រៅប្រទេស​ដើម្បី​សុំជួយ​សង្គ្រោះ។​

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) ដែលត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំមុននេះ ​បានរកឃើញ​ថាមុន​ពេល​រដ្ឋាភិបាល​សម្រេច​ផ្អាក​បញ្ជូន​ពលករទៅ​ម៉ាឡេស៊ី​ មាន​កុមារ​តូចៗ​អាយុត្រឹម​១៣​ឆ្នាំ​ត្រូវ​បានជ្រើសរើស​ដោយ​ទីភ្នាក់ងារ​ ជ្រើសរើស​ពលករ​និង​មេ​ខ្យល់ដើម្បី​បញ្ជូន​ទៅ​ប្រទេស​ម៉ាឡេស៊ី។ អង្គការ​នេះ​បាន​កត់ត្រា​ឃើញ​មាន​ពលករ​អាយុ​ក្រោម​១៨​ឆ្នាំ​ចំនួន​ប្រាំបី​ ករណី។
លោក​បណ្ឌិត​ អន ប៊ុនហាក់ ​ប្រធាន​សមាគម​ទីភ្នាក់ងារជ្រើសរើស​ពលករ​កម្ពុជា​ដែល​មាន​២៥​ក្រុមហ៊ុន​ជា​សមាជិកធ្លាប់​បាន​ទទួល​ស្គាល់​ថា​មាន​ពលករ​ខ្មែរ​ទាំង​ស្រប​ច្បាប់ ​និងខុស​ ច្បាប់​ប្រហែល​៥​ម៉ឺន​នាក់​កំពុង​បម្រើ ​ការងារ​តាមផ្ទះ ​តាម​ភោជនីយដ្ឋាន​ និង​រោងចក្រ​នៅ​ប្រទេស​ម៉ាឡេស៊ី។​ ជា​មធ្យម​ពួក​គេ​ទទួល​បាន​ប្រាក់​ខែ​ពី​១៣៣​ដុល្លារ​ទៅ​២០០​ដុល្លារ​សហរដ្ឋ​អាមេរិក៕
XS
SM
MD
LG