ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទេសចរណ៍​បន្លំ​ភ្នែក​ជា​មធ្យោបាយ​មិន​ស្រប​ច្បាប់​ថ្មី ​សម្រាប់​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី


នាង​ ហុក ពៅ ជា​ពលការនី​ខ្មែរ​បំរើ​តាម​ផ្ទះ​ម្នាក់​ អាយុ​៣១​ឆ្នាំ។​ នាង​បាន​យំ​ខ្សឹកខ្សួល​នៅ​ពេល​ដែល​ផ្តល់​ការសម្ភាស​ន៍​មួយនៅ​ក្រុង Petaling Jaya ដែល​នៅ​ក្បែរ​ទីក្រុង​កូឡា​ឡាំពួរ​ (Kuala Lumpur) នៃ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ទី​១៦ សីហា ២០១១។​
នាង​ ហុក ពៅ ជា​ពលការនី​ខ្មែរ​បំរើ​តាម​ផ្ទះ​ម្នាក់​ អាយុ​៣១​ឆ្នាំ។​ នាង​បាន​យំ​ខ្សឹកខ្សួល​នៅ​ពេល​ដែល​ផ្តល់​ការសម្ភាស​ន៍​មួយនៅ​ក្រុង Petaling Jaya ដែល​នៅ​ក្បែរ​ទីក្រុង​កូឡា​ឡាំពួរ​ (Kuala Lumpur) នៃ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ទី​១៦ សីហា ២០១១។​

មាន​ពលករ​ជា​ច្រើន​បាន​ចេញ​ទៅ​ធ្វើ​ការ​មិន​ស្រប​ច្បាប់​នៅ​ម៉ាឡេស៊ី​ក្នុង​រូប​ភាព​ជា​ទេសចរ។

ភ្នំពេញ៖ ថ្វី​បើ​រដ្ឋាភិបាល​ដាក់​បម្រាម​ការ​នាំ​ពលករ​ស្រប​ច្បាប់​ទៅ​ម៉ាឡេស៊ី​ក្តី ពលករ​មួយ​ចំនួន​បាន​ទៅ​ដោយ​ខ្លួន​ឯង​និង​មាន​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​បាន​លួច​នាំ​ពលករ​ទៅ​កាន់​ប្រទេស​នេះ​ដោយ​ខុស​ច្បាប់។ នេះ​បើ​ផ្អែក​តាម​ការស្រាវជ្រាវ​របស់​មន្ដ្រី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល។
លោក​ស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ប្រធាន​ក្រុម​ការងារ​ទេសន្តរប្រវេសន៍ ដែល​ទើប​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ពលករ​ខ្មែរ​នៅ​ម៉ាឡេស៊ី ថ្លែង​ថា មាន​ពលករ​ជា​ច្រើន​បាន​ចេញ​ទៅ​ធ្វើ​ការ​មិន​ស្រប​ច្បាប់​នៅ​ម៉ាឡេស៊ី​ក្នុង​រូប​ភាព​ជា​ទេសចរ។ និន្នាការ​នេះ​កើត​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​ចេញ​បញ្ជា​ឲ្យ​ផ្អាក​នាំ​ពលករ​ទៅ​កាន់​ប្រទេស​នេះ។

«វិធី​ដែល​គេ​ចេញ​ទៅ បាន​ន័យ​ថា គេ​ធ្វើ Tourហ្នឹង​ហើយ ដោយ​មាន​បណ្តាញ​មេ​ខ្យល់​ឬ​ជន​ល្មើស​គេ​ហ្នឹង​ទទួល​បែង​ចែក​ពលករ​នៅ​តាម​បណ្តាល​អ្នក​ដែល​ត្រូវ​ការ​កម្លាំង​ពលកម្ម​ហ្នឹង យើង​ក៏​មិន​ដឹង​ថា គេ​ធ្វើ​ការ​បែង​ចែក​ទៅ​ណា​ខ្លះ​ទេ»។

កាល​ពី​ខែ​តុលា​ឆ្នាំ​២០១១ រដ្ឋាភិបាល​កម្ពុជា​ដាក់​បម្រាម​ការ​ជ្រើសរើស​និង​បញ្ជូន​ពលករកម្ពុជាទៅ​ធ្វើ​ការ​នៅ​ប្រទេសម៉ាឡេស៊ី​ ក្រោយ​ពី​មាន​ការ​លេច​ឡើង​ករណី​បំពាន​ធ្ងន់ធ្ងរនិង​មាន​ជនរងគ្រោះ​បាត់បង់​ជីវិត​ទៀតផង។ តាម​ការ​ឱ្យ​ដឹង​ពី​លោក រស់ វ៉ា មន្ត្រី​សម្រប​សម្រួល​កម្មវិធី​ថ្នាក់​ជាតិ​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ស្ត្រី​ពលករ​ជា​លក្ខណៈ​ទេសចរណ៍​ខុស​ច្បាប់​ទាំងនោះ​ត្រូវ​ដឹក​ជញ្ជួន​តាម​រថយន្ត​ដោយ​ឆ្លង​កាត់​ប្រទេស​ថៃ។​

«ករណី​ជាក់​ស្តែង​ពេល​បង​ទៅ​កំពង់ចាម ចម្ការ​លើ អាជ្ញាធរ​មួយ​ក៏​គាត់​និយាយ​ដែរ។ គាត់​ថា ព្រឹក​ម៉ិញ ទៅ​មួយ​ឡាន​តាម​ច្រក​ប៉ោយប៉ែត​ចេញ​ទៅ​ម៉ាឡេស៊ី»។

ក្រៅ​ពី​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក ក៏​មាន​ការ​ធ្វើ​ចំណាក​ស្រុក​បែប​នេះ​តាម​ផ្លូវ​អាកាស​ដែរ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។ លោក​បញ្ជាក់​ថា មាន​ពលការនី​ពី​ម្នាក់​ទៅពីរនាក់​ធ្វើ​ចំណាក​ស្រុក​តាម​ផ្លូវ​អាកាស​ក្នុង​មួយ​ថ្ងៃ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ធ្វើ​ការ​បង្រ្កាប​ទ្រង់ទ្រាយ​ធំ​មួយ​លើ​ទីភ្នាក់ងារ​ជ្រើស​រើស​ពលករ​នៅ​ម៉ាឡេស៊ី​មួយ​ឈ្មោះ​ថា​ សាន់តូសា (Santosa) ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ទិដ្ឋការ​ទេសចរណ៍​នេះ។ ក្នុង​ចំណោម​ជនរងគ្រោះ​ជាង​១០០​នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​ បន្ទាប់​ពី​ធ្វើ​ការ​កំណត់​អត្តសញ្ញាណ ក៏​មាន​ពលករ​ខ្មែរ​ចំនួន​បួន​នាក់​ផង​ដែរ ហើយ​ពួកគេ​កំពុង​រងចាំ​ការបញ្ជូន​មក​កម្ពុជា​វិញ។

លោក រស់ វ៉ា យល់​ឃើញ​ថា ការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​ក្នុង​រូបភាព​ទិដ្ឋការ​ទេសចរណ៍​នេះ​កើត​មាន​ឡើង​ដោយការ​អូសទាញ​ពី​សំណាក់​មេ​ខ្យល់ និង​ចំណូល​ខ្ពស់​ពី​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​មួយ​ទៀត​ឮឮដោយសារ​កំណើន​តម្រូវ​ការ​ពលករ​បម្រើ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី​ដែល​ក្នុង​នោះ​នៅ​ខ្វះ​ប្រហែល​ជា​៣០​ម៉ឺន​នាក់​ទៀត។
ទោះ​ជា​យ៉ាង​ណា ពុំ​មាន​តួលេខ​បញ្ជាក់​ពី​ចំនួន​ពលករ​ដែល​ហូរ​ចូល​ទៅ​កាន់​ម៉ាឡេស៊ី​តាម​រូបភាព​ទេសចរណ៍នោះទេ។

លោក មឿន តុលា បាន​សម្តែង​ការ​បារម្ភ​ថា ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​ក្នុង​រូបភាព​ទេសចរណ៍​បែប​នេះ​ ពលករ​ប្រឈម​នឹង​ហានិភ័យ ​និង​ការ​បំពាន​ខ្ពស់​ជាង​ពលករ​ធម្មតា។

«វា​អាច​ប្រឈម​នឹង​ការ​ជួញ​ដូរ ហើយ​គាត់​ពិបាក​វិល​ត្រឡប់​មក​លេង​ស្រុក​ខ្មែរ​វិញ​ណាស់។ ទី​១​គាត់​ព្យាយាម​គេច​ពី​ការ​តាម​ចាប់​ពី​សមត្ថកិច្ច​ម៉ាឡេ​ស៊ី សមត្ថកិច្ច​ថៃ​ ហើយ​បន្ទាប់​មក​ទៀត​គាត់​ប្រឈម​នឹង​ការ​ចាប់​ជំរិត​យក​លុយ​ពី​ខាង​អាជ្ញាធរ​ខ្មែរ​យើង​ពេល​គាត់​មក​ដល់​ច្រក​ប៉ោយប៉ែត។»

ការ​ប៉ាន់​ស្មាន​ឲ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ទាំង​ស្រប​ច្បាប់ និង​ខុស​ច្បាប់​ប្រហែល​៥​ម៉ឺន​នាក់​កំពុង​បម្រើ​ការងារ​នៅ​ម៉ាឡេស៊ី​ក្នុង​ផ្នែក​បម្រើ​ការ​តាមផ្ទះ តាម​ភោជនីយដ្ឋាន​ និង​រោងចក្រ។ ពួក​គេ​អាច​រក​ប្រាក់​កម្រៃ​ពី​១៣៣ទៅ​២០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

លោក​ស្រី ជូ ប៊ុនអេង ថ្លែង​ថា នា​ពេល​នេះរដ្ឋាភិបាល​កម្ពុជា​ពុំ​ទាន់​មាន​វិធានការណ៍​ជាក់លាក់​ណា​មួយ​ដើម្បី​ទប់ស្កាត់​លំហូរ​ពលករ​ដោយ​ប្រើ​ទិដ្ឋការ​ទេសចរណ៍​នេះ​ទេ ត្បិតអាជ្ញាធរ​មាន​ការ​លំបាក​ក្នុង​ការ​កំណត់​អត្ត​សញ្ញាណ ព្រោះ​ពលករ​ទាំង​នោះ​មាន​លិខិត​ឆ្លង​ដែន​ ទិដ្ឋការ និង​ថវិកា​សម្រាប់​ធ្វើ​ដំណើរ​ដូចអ្នក​ទេសចរ​ធម្មតា​ដែរ។
លោក​ស្រី​បន្ថែម​ថា នា​ពេល​នេះ​រដ្ឋាភិបាលកម្ពុជា​និង​ម៉ាឡេស៊ីកំពុង​តាក់តែង​អនុស្សារណៈ​យោគយល់អំពី​ការ​បញ្ជូន​ពលករ​ជា​ថ្មីនិង​ទប់​ស្កាត់ការ​បញ្ជូន​ពលករ​ក្នុង​រូបភាពជាអ្នក​ទេសចរ​នេះ៕
XS
SM
MD
LG