ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កសិករ​នៅ​រតនគិរី​ប៉ះពាល់​ជីវភាព​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ជនជាតិ​ដើម​ភាគតិច​រងគ្រោះ​ដោយសារការ​ប្រែប្រួល​អាកាសធាតុ​និងការ​កាប់​ព្រៃឈើ

​ផល​ប៉ះពាល់ ​ក្នុង​ឆ្នាំ​ថ្មីៗ​នេះ​បាន​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ផលិតកម្ម ដំណាំ​ជាច្រើន​មាន​ដូច​ជា​ ស្រូវ ​ល្ង​ ស្វាយចន្ទី ​សណ្តែក ​ដំឡូង ​និង​ដំណាំផ្សេងៗ​ទៀត។

រតនគិរី​គឺ​ជា​ខេត្ត​ក្នុង​តំបន់​ដាច់​ស្រយាល​មួយ ​ដែល​ធ្លាប់​សម្បូរ​ទៅ​ដោយ​ព្រៃ​ឈើ​និង​មាន​សក្តានុពល​ផ្នែក​កសិឧស្សាហកម្ម​ ក៏​ប៉ុន្តែ​កសិករ​ដែល​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច​អម្បូរ​ផ្សេងៗ​គ្នាក្នុង​តំបន់​នេះ​ កំពុង​ជួប​បញ្ហា​ជីវភាពក្រោយពេល​ដែល​មាន​ការ​បាត់បង់​ព្រៃឈើ​ និង​ប្រឈម​នឹង​ការ​ផ្លាស់ប្តូរ​អាកាស​ធាតុ។

បញ្ហា​បម្រែបម្រួល​អាកាសធាតុ​និង​ការ​ឡើង​កម្តៅ​ផែនដី​ ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​រាំង​ស្ងួត​ និង​កង្វះ​ទឹកភ្លៀង​បាន​ធ្វើ​ឲ្យ​ខូចខាត​ដំណាំ​កសិកម្ម​ និង​ប៉ះពាល់​ដល់​ជីវភាព​របស់​កសិករ​ជាពិសេស​ជនជាតិ​ដើម​ភាគតិចក្នុង​ខេត្ត​រតនគិរី។​ ផល​ប៉ះពាល់ ​ក្នុង​ឆ្នាំ​ថ្មីៗ​នេះ​បាន​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ផលិតកម្ម ដំណាំ​ជាច្រើន​មាន​ដូច​ជា​ ស្រូវ ​ល្ង​ ស្វាយចន្ទី ​សណ្តែក ​ដំឡូង ​និង​ដំណាំផ្សេងៗ​ទៀត។

សាល់ កាន់​ អាយុ ៤៨​ឆ្នាំ​នៅ​ភូមិ​តាណង​ ឃុំ​តាឡៅ​ ស្រុក​ អណ្តូង​មាស ខេត្ត​រតនគិរី​បាន​ថ្លែង​ថា​ទិន្នផល​ស្រូវ​ធ្លាក់​ចុះ​ ដោយសារ​គ្មាន​ទឹក​ធ្វើស្រែ​ដែល​ជា​កង្វល់​របស់​លោក​ទៅ​ថ្ងៃ​ក្រោយ។​ លោក​អះអាង​ថា ​ទិន្នផល​ស្រូវ​ធ្លាប់​ធ្វើ​បាន​៤តោន​ ឥឡូវ​បាន​តែ១តោន​ទេ​ ដោយសារ​ការ​អត់​ទឹកភ្លៀង​២ ឬ​ ៣ឆ្នាំ​ចុងក្រោយ​នេះ។

«ពីដើម​វា​អត់​អី​ទេ​ វា​នៅ​ល្អ​ វា​នៅ​អីៗ ​ឥឡូវ​ក្រុមហ៊ុន​វា​ឈូស។​ និយាយ​រួម តាំងពី​ក្រុមហ៊ុន​ចូល​មក​ឈូស​ដី​ហ្នឹង​អញ្ចឹង​តែម្តង​ អត់​ទឹក​ភ្លៀង​តែ​ម្តង ហើយ​ក្តៅ​ទៀត»។

លោក​ក៏​បាន​រៀបរាប់​ពី​ក្តី​បារម្ភ​ពី​ជីវភាព​ទៅ​ថ្ងៃ​អនាគត​ដែរ​ថា៖

«បារម្ភ​ដំបូង​គេ ​គឺ​ម្ហូប​អាហារ​ បាយទឹក​ហ្នឹងហើយ​ ខ្លាច​មែន​ទែន​ បើ​ក្តៅរហូត​ហ្នឹង​។ យើង​បាន​អី​បាយ​ហូប​ យើង​អត់មាន​អីដាំ។​ ដាំ​ដំឡូង​ក៏​មិន​កើត​ ដាំ​ស្រូវ​ក៏​មិន​កើត ​នេះ​ហើយ​ដែល​បារម្ភ​មែនទែន​ តទៅមុខ»។

ទស្សនាកម្រងរូបភាពអំពីការប្រែប្រួលអាកាសធាតុ​នៅក្នុងខេត្តរតនគិរី ៖

លោក​បាន​អះអាង​ថា​ អាកាស​ធាតុ​មិន​ទៀងទាត់​ អស់​ភ្លៀង​ធ្លាក់​នៅ​ត្រឹម​ខែ៨ឬ​ខែ៩ ​ការ​ឡើង​កម្តៅ​ខ្លាំង​ ហើយ​គ្មាន​រងារ​ដូច​ឆ្នាំ​មុនៗ​ពី​បុរាណ ​មកនេះ​ បាន​ធ្វើ​ឲ្យ​កសិករ​ខ្លះ​លក់​ គោក្របី​ យក​លុយ​ទិញ​ស្រូវ​អង្ករ​ផ្គត់ផ្គង់​ជីវភាព។

លោក​ ចំ ឡេប​ អាយុ​៥៥ឆ្នាំ​កសិករ​នៅ​ភូមិ​តាណង​បាន​ថ្លែង​ថា​ ដំណាំ​ លោក​ទាំង​ឡាយត្រូវ​បំផ្លាញ ​និង​ស្កក​ទាំង​ល្ងរ ​ទាំង​ស្រូវ ​ម្ទេស​ ទាំង​ថ្នាំ ​និង​ម្រេច​អត់មាន​ផ្លែ​ដែរ​ ដោយសារ​អត់មាន​ទឹកភ្លៀង។

«អត់មាន​អង្គុយ​ចាំ​តែ​ទឹក​ភ្លៀង​ហ្នុង។​ មើល!​ បើ​ថា​មានមុខ​របរ​អី​ផ្សេង​ វា អត់​អី​ទេ​ ដូច​ស្រុក​ក្រោម​ហ្នុង។​ ស្រុក​ក្រោម​គេ​ថា​មាន​ទំនប់​ មាន​ម៉ាស៊ីន អី​គេ​បូម​ ហើយ​នៅ​ទី​នេះ​ក្រ​ មាន​ស្អី។​ អង្គុយ​ចាំ​មើល​អញ្ចុង​ហើយ។​ បាន​ បន្តិចបន្តួច​ក៏​យក​ដែរ»។

ភរិយា​របស់​លោក​ គឺ ​អ្នកស្រី​ រម៉ាម​ អុញ​អាយុ​៥២​ឆ្នាំ ​ដែល​ប្រមូល​ផល​ស្រូវ​របស់​ខ្លួន​បាន​ រអ៊ូរ​ទាំង​អំពី​ការ​គ្មាន​ទឹក​ភ្លៀង​បណ្តើរ​ដែល​ធ្វើ​ឲ្យ​ខូចខាត​ ដំណាំ​របស់​គាត់ ​ក្រៅ​ពី​ការ​បង្ហាញ​គ្រាប់ស្រូវ​ដែល​អត់​គ្រាប់។

«វា​អត់​មាន​ទឹកភ្លៀង​ហ្នឹងហើយ​ វា​អត់​គ្រាប់»។

«អត់​រស់​ទេ ​ធ្វើស្រែ​ក៏​អត់​មាន​គ្រាប់​ ធ្វើ​ស្រូវ​អញ្ចឹង​ដែរ​ ធ្វើ​ចំការ​អញ្ចឹង​ដែរ»។

ពលរដ្ឋ​ខ្មែរ​ចំនួន​ជាង​៨០ភាគ​រយ​រស់នៅ​ពឹងផ្អែក​លើ​ដំណាំ​កសិកម្ម​ ដែល​ជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យ​ទាំងបួន​ដែល​ទ្រទ្រង់​សេដ្ឋកិច្ច ​ក្រៅពី​វិស័យ​សំណង់​ ទេសចរណ៍ ​និង​កាត់ដេរ។

ទោះជា​អ្នក​ជំនាញ​ខ្លះ​បាន​និយាយ​ថា​បម្រែបម្រួល​អាកាសធាតុ​បណ្តាល​មកពី​ការ​រិចរិល​ព្រៃឈើ​ និង​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន​ក្តី។​ តែ​ក្រុម ​ប្រជាពលរដ្ឋ​បាន​ស្តី​បន្ទោស​មួយ​ផ្នែក​ពី​ការ​អត់​ទឹក​ភ្លៀង​ឬ​រាំងស្ងួត​នេះ ​ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ដោយ​ក្រុមហ៊ុន​ព្រៃ​សម្បទាន​ដែល រដ្ឋាភិបាល​បាន​ផ្តល់​អាជ្ញាប័ណ្ណ។

លោក ​សាល់​ ហ្នើយ​ អាយុ​៦០​ឆ្នាំ​ ជនជាតិ​ភាគតិច​រស់​នៅ​ភូមិ ​កាណាត​ធំ ​ស្រុក​អណ្តូងមាស​បាន​ថ្លែង​ថា​ឈ្មួញ​បាន​កាប់​ឈើ​ដល់​ទៅ​បួន​គីឡូម៉ែត្រ​ ហើយ លួច​ដឹក​យក ​ទៅ​លក់​ឲ្យ​ក្រុម​ហ៊ុន​ទ្រីភាព​ ដែល​ថា​មាន​អាជ្ញាប័ណ្ណ​ ពីរដ្ឋ​ក្នុង​ដី​សម្បទាន។​ លោក​ថា​សហគមន៍​ឃាត់​អត់​ទាន់​ទេ។

«បើ​អស់​ព្រៃឈើ​ទៅ​សហគមន៍​គ្មាន​អ្វី​ពឹង​ពាក់​ទេ ​អត់មាន​ធនធាន​ធម្មជាតិ ទេ។​ហើយឥឡូវ​កំពុង​ជួបប្រទះ​ ភាព​រាំងស្ងួត​ ហើយទី២ ​ឈើ​ធ្វើ​ផ្ទះ​ក៏អត់ មាន ​ហើយ​ទី​៣ អនុផល​ព្រៃឈើ​ក៏អស់។ ​អញ្ចឹង​សហគមន៍​ហ្នឹង​វា​ប៉ះពាល់ ច្រើន​ សត្វព្រៃ​ក៏​អត់​មាន​ ស្អី​ក៏​អត់​មាន​ រត់ ​វារ​ ទៅ​ព្រៃ​កន្លែង​ផ្សេង​អស់​ហើយ»។

ទោះជា​គេ​អះអាង​ថា​ដីព្រៃ​ខ្លះ​ជា​ដីសម្បទាន​ដែល​រដ្ឋ​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ក្តី តែ​ លោក​សាល់​ ហ្នើយ​ថា​ក្រុម​ជន​ជាតិ​ដើម​ភាគតិច​ធ្លាប់ប្រើ​ប្រាស់​ ហើយ​នៅតែ​ចាត់ទុកថា​ជា​ដី​សហគមន៍​របស់​ខ្លួន។

បម្រែ​បម្រួល​អាកាសធាតុ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​រតនគិរី​ទេ​ តែ​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ​ក៏រង​ផល​ប៉ះពាល់​ដែរ។

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ធំ​ដូច​ជា​អ្នកស្រី​ អ៊ុន ញ៉ ​អាយុ៥៨ឆ្នាំ​ មក​ពី​ភូមិ ​ឃុំ​បារ៉ាយ ​ស្រុក​បារ៉ាយ​ ខេត្ត ​កំពង់ធំ ​បាន​មក​ធ្វើ​ជា​កម្មករ ​ដក​និង​ចិត​ដំឡូង​ នៅ​ខេត្ត​រតនគិរី​ដោយសារ​ធ្វើស្រែ​មិនបាន​ផលល្អ។

«ខ្ញុំ​ធ្វើ​ស្រែ​វិញ​ ប៉ុន្តែ​បើ​អត់មាន​ទឹកភ្លៀង​ ខ្ញុំ​ធ្វើ​អញ្ចេះ​សិន​ទៅ​ ទំរាំ​បាន ​ទឹក ភ្លៀង​ ធ្វើ​ស្រែ​វិញ។​ ខ្ញុំចង់​បាន​ធ្វើ​ស្រែ​វិញ ​ជាង​ដំឡូង​នេះ​ វា​បាន​ផល​ជាង បើ​វា​អត់​ទឹក​ធ្វើ​ឯ​ណេះ​សិន​ទៅ​ ខែវស្សា​ខ្ញុំទៅវិញ​ទៅ​ ហើយ​ឥឡូវ​ចេះ​តែ ដើរ​រកស៊ី​សិន​ទៅ»។

មន្ត្រី​ជំនាញ​នៃ​អង្គការ ​ស្បៀង​និង​កសិកម្ម​នៃ​សហ​ប្រជាជាតិ​នៅ​កម្ពុជា ហៅ​កាត់​ថា FAO​ បាន​ថ្លែង​បញ្ជាក់​ ពី​ផល​ប៉ះពាល់​ជីវភាព​និង​ដំណាំ​ របស់​កសិករ​ដោយ​បម្រែបម្រួល​អាកាស​ធាតុ។

លោកស្រី​ ស្តេស៊ី ក្រេវេឡូ​ (Stacy Crevello)​ ប្រធាន​ទីប្រឹក្សា​បច្ចេកទេស ​គម្រោង​ជីវិត ​និង​ធម្មជាតិ​នៃ​អង្គការ​ FAO ​បាន​អះអាង​ថា ​អង្គការ ​FAO កំពុង​ធ្វើ​កិច្ចការ ​ជាមួយ​រដ្ឋាភិបាល ​លើ​គម្រោង​មួយ​ចំនួន​ដើម្បី​ជួយ​ដល់​កសិករ។​ ថ្លែង​យ៉ាង​ដូច្នេះ​ដោយ ​យោង​ថា​គម្រោង​អង្គការ​មួយ​ចំនួន​កំពុង​សំឡឹង​មើល​បញ្ហា​ដូចជា​សំឡឹង​មើល​ទី​ទំនាប ​កិច្ច​ប្រឹង​ប្រែង​ដាំ​ដើម​ឈើ ឡើងវិញ​ ធ្វើឲ្យ​ដី​មាន​ជីវជាតិ​ ហើយ​នឹង​សំឡឹង​មើល​ពី​ការ​កម្រិត​ប្រព័ន្ធ​ អេកូឡូស៊ី​ ការ​ថែរក្សា​ទឹក​ ការ​ផ្តល់​ការ​អនុវត្ត​កសិកម្ម​ដែល​អាច​ប្រែប្រួល​ តាម​អាកាស​ធាតុ ​និង​វិធី​មួយ​ចំនួន។

«ដូច្នេះ ​ដោយសារ​តែ​បម្រែ​បម្រួល​អាកាសធាតុ ​យើង​បាន​ជួបប្រទះ​ភាព រាំងស្ងួត ​និង ​ទឹកជំនន់​ ជាង​ពេល​មុនៗ​ ហើយ​បញ្ហា​កាប់​បំផ្លាញ​ព្រៃឈើ​ក៏ ជា​បញ្ហា​មួយ​ផង​ដែរ​ ជាពិសេស​វា​ប៉ះពាល់​ក្នុង​តំបន់​ប៉ែក​ឦសាន​ប្រទេស ​និង​ ពាសពេញ​ប្រទេស​ផង​ដែរ ​បើ​តាម​ខ្ញុំ​គិត​មើល​ទៅ»។

ស្របគ្នា​ដែរ​អ្នកស្រី ​សេង គឹមហ៊ាន ​ទីប្រឹក្សា​បច្ចេកទេស​និង​អ្នក​សម្រប ​សម្រួល​ ការិយាល័យ​អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហ​ប្រជាជាតិ​នៅ​កម្ពុជា ​បាន​ផ្តល់​ជា​គំនិត​ដែរ​ថា​ពលរដ្ឋ​គួរ​ផ្លាស់ប្​តូរ​របៀប​ធ្វើ​កសិកម្ម​ទៅ​តាម​របៀប​ថ្មី​ ពូជ​ផ្សេង ​ដំណាំ​ផ្សេង ​ដែល​អាច​ទទួល​បាន​ផល​ឆាប់​និង​មិន​ត្រូវ ការ​ទឹក​ច្រើន។

«កាល​ដែល​រាំង​វា​ប៉ះពាល់​ខ្លាំង​លើ​វិស័យដំណាំ ​ផលិតកម្ម​ដំណាំ។​ ខ្ញុំ ឧទាហរណ៍​ស្រូវ​ រហូត​ដល់​ខែ ​៩ អត់​ទាន់​បាន​សាប​ទេ​ មួយ​ចំនួន​ធំ។ អញ្ចឹង​បើ​គាត់​អត់​ផ្លាស់​ប្តូរ​ទម្លាប់​របស់​គាត់​ នៅ​តែ​ប្រើទម្លាប់​ចាស់​របស់ ​គាត់​គឺ​ស្រូវ​ប្រកាន់​រដូវ ​ស្រូវ​មាន​អាយុកាល​វែង​ ដល់ ​៦ខែ​នោះ​ អញ្ចឹង ​គាត់ អត់អាច​ធ្វើ​បាន​ទេ»។

លោកស្រី​ថ្លែង​ថា ​ដំឡូងមី ​ជា​ដំណាំ​មួយ​ដែល​មិន​សូវ​ត្រូវការ​ទឹក ​ហើយ​ធន់​នឹង​ភាព​រាំងស្ងួត។

លោក ​លួន ហុកឡេក (Loun Hoklek)​ មន្ត្រី​អង្គការ​សមធម៌​កម្ពុជា​ប្រចាំ ​ខេត្ត​រតនគិរី​បានថ្លែងថា​ក្រុម​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ពឹង​ពាក់ ​ខ្លាំង​លើ​ចំការ​និង​ព្រៃឈើ​ តែ​បើ​គ្មាន​ទីពឹង​លើ​មុខរបរ​ទាំងពីរ​នេះ ​ដោយ សារ​បម្រែបម្រួល​អាកាសធាតុ​និង​ភាព​រាំងស្ងួត​គឺ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ ខ្វះ​ស្បៀង​ អាហារ ​ ​និង​កូន​រៀនសូត្រ​ ពួកគាត់។

«ក្រៅពី​ចំការ​ពួកគាត់​មាន​ព្រៃ​កាលពីដើម​ អញ្ចឹង​ពួកគាត់​មាន​ព្រៃ​ កាលពី​ដើម។​ អញ្ចឹង​ពួកគាត់​ទៅ​រក​អនុផល​ព្រៃឈើ​ ទឹកឃ្មុំ​ វល្លិ៍ ផ្តៅ​ អី​ទាំងអស់ ​ហ្នឹង​ សត្វព្រៃ​អីទាំងអស់​ហ្នឹង ។​ នេះ​ហើយ​ជា​ប្រភព​ចំណូល​របស់​ពួកគាត់ ប្រចាំថ្ងៃ​ បន្លែ ​បង្កា​អីហ្នឹង​គាត់​អត់​ពិបាក​ទិញ​ខាង​ក្រៅ​ទេ។​ អញ្ចឹង​គាត់ សប្បាយចិត្ត​ក្នុង​ការ​រស់នៅ​បែប​ពី​ដើម​ហ្នឹង ​តែ​ឥឡូវ​គាត់​អស់​អាហ្នឹង ទៀត ​ហើយ​ស្រែ​គាត់​អត់​បាន​ធ្វើ​ទៀត​ អញ្ចឹង​គាត់​ប្រឈម​ទាំងអស់​ដោយ​សារ​ ការ​បម្រែបម្រួល​បរិស្ថាន»។

ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា​ ការ​កាប់​បំផ្លាញ​និង​ឈូស​ឆាយ​ព្រៃឈើ ក្រោយពេល​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​នោះ ក៏បាន​ធ្វើឲ្យ​ព្រៃឈើ​ជាច្រើន​ត្រូវ​បំផ្លាញ ​ហើយ​ត្រូវ​ជំនួស​មកវិញ​ ដោយ ដំណាំ​កៅស៊ូ​ ស្វាយចន្ទី ​និង​ចំការ​ដំណាំ​ផ្សេង។​ ចំណែក​ជនជាតិ​ដើម ​ភាគតិច​ដែល​ធ្លាប់​តែ​ពឹង​ពាក់​លើ​ព្រៃ​ឈើ ​អនុផល​ព្រៃឈើ​ត្រូវ​បាត់​បង់​អស់​ ហើយ​ជម្រក​សត្វព្រៃ​ចេះតែ​រិចរិល​ដែរ។ ​ក្រៅពីនោះ​ក្រុម​ពលរដ្ឋ ​បាន​អះអាង​ថា​តាំងពី​ក្រុមហ៊ុន​ឈូស​ឆាយ​អស់​ព្រៃ​ឈើ​នោះ​ហើយ​ ធ្វើឲ្យ​មាន​ភ្លៀង​ធ្លាក់​មិន​ទៀង​ទាត់​ គ្មាន​រដូវ​រងារ ​ដល់​ខែ​នេះ​ ដែល​ធ្លាប់​តែ​មាន​ពីដើម។

ក្រុម​មេដឹកនាំ​ពិភពលោក​បាន​ជួប​ប្រជុំ​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​អំពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ​ដែល​ពិភពលោក​កំពុង​ព្រួយ​បារម្ភ។​ គណៈ​ប្រតិភូ​ជាន់ខ្ពស់​របស់​ប្រទេស​កម្ពុជា​ដឹកនាំ​ដោយ​ព្រះមហាក្សត្រ​ខ្មែរ​ជា​ប្រមុខ​រដ្ឋ​បាន​ចូលរួម​ក្នុង​ការ​តាំងចិត្ត​ថា​នឹង​ធ្វើការ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាស​ធាតុ​រួម​គ្នា​ជាមួយ​នឹង​ពិភព​លោក។

កម្ពុជា​ត្រូវ​អ.ស.ប​ចាត់​ទុក​ថា ជា​ប្រទេស​ដែល​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង ​គេ​បំផុត​ក្នុង​ចំណោម​១០​ប្រទេស​ក្នុង​ពិភពលោក ​ហើយ​ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​ដែល​ងាយ​រង​គ្រោះ​ខ្ពស់​បំផុត​ក្នុង​តំបន់​អាស៊ី​បី​ប្រទេស​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដូចគ្នា។​ រឿង​នេះ​ដោយសារ​ថា​កម្ពុជា​មាន​ប្រព័ន្ធ​បន្ស៉ាំ ​អន់ ខ្សោយ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក្នុង​ប្រទេស​កម្ពុជា​វិញ​បាន​ទទួលស្គាល់​ពី​ការ​ប៉ះពាល់​លើដំណាំ​កសិកម្ម​ ជាពិសេស​ស្រូវ​នៅ​ឆ្នាំនេះ។​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ លោក​ ហ៊ុន សែន​បាន​រំលឹក​ពី​វិធានការ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​មួយ​ចំនួន​ រួម​ទាំង​ការ​ជួយ​បូម​ទឹក​សង្គ្រោះ​ស្រូវ ប្រជាពលរដ្ឋ​ ការ​ចុះ​ជួយ​ច្រូត​កាត់​ពី​កងកម្លាំង​ប្រដាប់​អាវុធ​ ការ​ផ្តល់​ពូជ​ដំណាំ​ដល់​ប្រជាកសិករ ​ត្រៀម​អន្តរាគមន៍​កំចាត់​សត្វបំផ្លាញ​ដំណាំ​ និង ទប់ស្កាត់​ជំងឺ​សត្វ​គ្រប់​ប្រភេទ ​ស្ថាប័ន​ហិរញ្ញវត្ថុ​និង​ធនាគារ​ត្រូវ​ធ្វើការ​ ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​រក​វិធី​ពន្យារ​ពេល​សំណង​ដោយ​មិន​យក ការប្រាក់​ទប់ស្កាត់​ការ​រឹបអូស​ដីធ្លី​ ផ្ទះសម្បែង ​ទ្រព្យ​សម្បត្តិ​កសិករ​ជាដើម។

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ ចំ​ ឡេប​ ដែល​ជា​ជនជាតិ​«កាចក់»​នៅតែ ​មាន​ក្តី​បារម្ភ​ពី​ជីវភាព​នឹង​ការ​រស់នៅ​របស់​លោក​ នៅ​ឆ្នាំ​ខាងមុខ​ទៀត ដោយសារ​ឆ្នាំ​កន្លង​ទៅ​លោក​ត្រូវ​ទិញ​អង្ករ​ពី​ផ្សារ​មក​ទទួល​ទាន​ជា​ច្រើន​ខែ។

«ហូបចុក​ខ្វះខាត​ប៉ុន្មាន​ខែ ​ឆ្នាំ​ទៅ​មិញ​ គឺ​ខ្វះខាត​៤ខែ​ ហើយ​ឆ្នាំនេះ​ អត់​ទាន់​ដឹង​ទេ»៕

XS
SM
MD
LG