អ្នកតំណាងសហគមន៍ដែលរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ លើកឡើងថា សំណងដែលរាជរដ្ឋាភិបាលផ្តល់ឲ្យជាថ្នូរនឹងការផ្លាស់ប្តូរទីតាំងថ្មីនោះមិនទាន់គ្រប់គ្រាន់សម្រាប់ប្រជាសហគមន៍ចាប់ផ្តើមជីវភាពជាថ្មីនោះទេ។
នៅក្នុងវេទិកាសាធារណៈស្តីពីគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោម២៖ គោលនយោបាយសំណង និងតម្លៃទ្រព្យតាមទីផ្សារ នៅព្រឹកថ្ងៃពុធនេះ លោក ស្រី លីបិ តំណាងសហគមន៍បានស្នើសុំឲ្យមានការផ្តល់សំណងឲ្យបានសមស្រប រាប់បញ្ចូលទាំងតម្លៃជីវភាពរស់នៅ តម្លៃទិន្នផលកសិកម្ម និងតម្លៃអចលនទ្រព្យផ្សេងៗ។
«យើងខ្ញុំមិនមែនជាអ្នកប្រឆាំងដាច់ខាតមិនឲ្យរាជរដ្ឋាភិបាលសាងសង់នោះទេ ប៉ុន្តែសូមឲ្យរាជរដ្ឋាភិបាល និងអាជ្ញាធរទុកឱកាសឲ្យប្រជាសហគមន៍មានសិទ្ធិទាមទារនូវតម្លៃសម្ភារៈ អចលនទ្រព្យរបស់យើងខ្ញុំ។ ដោយឡែក ផលដំណាំ ផលប៉ះពាល់ យើងខ្ញុំសូមទទូចសុំទុកឱកាសឲ្យខ្ញុំបាននិយាយជាមួយក្រុមហ៊ុនដើម្បីទាមទារតម្លៃសមស្រប»។
តំណាងសហគមន៍ដដែលនេះលើកឡើងថា ប្រជាសហគមន៍ទាំងអស់រស់នៅដោយពឹងផ្អែកលើអាជីវកម្ម ការចិញ្ចឹមសត្វ និងការធ្វើកសិកម្ម ដែលទាំងអស់នេះអាចនឹងត្រូវបាត់បង់ បន្ទាប់ពីការផ្លាស់ប្តូរលំនៅថ្មីនោះ។
«ការផ្លាស់ប្តូរពីលំនៅដ្ឋានចាស់ទៅលំនៅដ្ឋានថ្មីមួយចំនួនត្រូវបាត់បង់ជីវភាពប្រចាំថ្ងៃក្នុងការរកបានចំណូល។ បើអត់ទាំងអស់នេះហើយគឺថា ជីវភាពគឺអាចថមថយ។ អ្នកនៅភូមិថ្មី ដែលសុខចិត្តទទួលសំណង បានទៅដល់កន្លែងនោះអត់បានធ្វើចម្ការទេក្នុងឆ្នាំនេះ»។
ខណៈពេលដែលគម្រោងវារីអគ្គិសនីនេះដំណើរការបាន៤០% និងបានបង្កឲ្យមានការផ្លាស់ប្តូរទីលំនៅរបស់ប្រជាសហគមន៍ប្រមាណជិត១ពាន់គ្រួសារនោះ មានប្រជាជនមួយចំនួនព្រមទទួលយកសំណង រួចផ្លាស់ប្តូរលំនៅមួយចំនួនមិនទាន់ពេញចិត្តនឹងសំណងដែលផ្តល់ដោយរដ្ឋាភិបាល និងមួយចំនួនទៀតបដិសេធមិនផ្លាស់ប្តូរទីលំនៅ។
ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍អង្កេតគោលនយោបាយសំណងនៃគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២នោះ លោក កែម ឡី ជាអ្នកសិក្សាស្រាវជ្រាវសង្គម និងជាអ្នកសរសេររបាយការណ៍នេះឲ្យដឹងថា ក្រៅពីសំណងចំពោះតម្លៃអចលនទ្រព្យដែលអាចមើលឃើញច្បាស់នឹងភ្នែកហើយនោះ ក៏នៅមានការខាតបង់ជាអរូបិយខ្លះទៀតផងដែរ ដែលរដ្ឋាភិបាលមិនគួរមើលរំលង។
«គាត់ត្រូវការរើពីកន្លែងមួយទៅកន្លែងមួយ គាត់ត្រូវការចំណាយជាលក្ខណៈគ្រួសារអស់ពី៥០០$ទៅ១.០០០$អីដែរ។ តើសំណងបានគិតអាហ្នឹងឬអត់ក្រៅពីតម្លៃអចលនទ្រព្យរបស់ពួកគាត់? តម្លៃមួយទៀត នៅពេលគាត់រើពីកន្លែងមួយទៅកន្លែងមួយ មិនងាយមានម៉ូយទេ។ ដើម្បីឲ្យជីវភាពរបស់ពួកគាត់ សមរម្យហើយធម្មតាឡើងវិញ វាប្រើរយៈពេលពី៦ខែទៅមួយឆ្នាំ»។
លោកកែម ឡីបានបន្ថែមថា ប្រទេសអភិវឌ្ឍន៍ខ្លះបានប្រើប្រាស់ថាមពលផ្សេងៗ ដូចជាថាមពលព្រះអាទិត្យ និងថាមពលជីវឧស្ម័នជំនួសការសាងសង់ទំនប់វារីអគ្គិសនី ដែលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់មនុស្ស។
លោក អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា មកទល់ពេលនេះមានប្រជាសហគមន៍ចំនួនប្រមាណ៦០%ព្រមទទួលយកសំណង និងផ្លាស់ប្តូរលំនៅដ្ឋានទៅកន្លែងថ្មីតាមការរៀបចំរបស់រដ្ឋាភិបាល។ លោកបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ចំពោះប្រជាជន រដ្ឋាភិបាលបាននឹងកំពុងសាងសង់ភូមិ ឃុំថ្មីសម្រាប់ប្រជាជនតាំងលំនៅ។
«ការដោះស្រាយផលប៉ះពាល់ក៏បានដោះស្រាយមួយចំនួនធំហើយ។ មានឃុំ៦ដែលទទួលរងនូវការប៉ះពាល់។ នៅពេលបើកទំនប់ទៅ វាលិចហើយ។ ចឹងហើយបានត្រូវរៀបចំរើភូមិ ហើយសាងសង់ភូមិថ្មីនៅតាមផ្លូវជាតិលេខ៧៨»។
ទំនប់វារីអគ្គិសនីសេសានក្រោម២គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំជាងគេដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅតាមដងទន្លេសេសាន ក្នុងខេត្តស្ទឹងត្រែង ដែលមានកម្ពស់៧៥ម៉ែត និងមានបណ្តោយលាតសន្ធឹង៦គីឡូម៉ែត។
ទំនប់វារីអគ្គិសនីនេះអាចផលិតថាមពលអគ្គិសនីបានចំនួន៤០០ មេហ្គាវ៉ាត់និងគ្រោងចំណាយអត់ប្រមាណ៨០០លានដុល្លារសហរដ្ឋអាមេរិក។ ទំនប់នេះត្រូវបានអនុម័តដោយរដ្ឋាភិបាលកម្ពុជានៅចុងឆ្នាំ២០១២ និងចាប់ផ្តើមការសាងសង់នៅដើមឆ្នាំ២០១៤៕