អ្នកជំនាញផ្នែកធនធានធម្មជាតិ និងប្រជាជនក្នុងខេត្តក្រចេះ បង្ហាញក្តីបារម្ភចំពោះគម្រោងទំនប់វារីអគ្គិសនី ដនសាហុង ដែលគេជឿជាក់ថា នឹងមានការគំរាមកំហែងដល់ជីវិតសត្វផ្សោត និងអាចឈានទៅដល់ការបាត់បង់ទៀតផង។
«អ្នកបានឃើញផ្សោតពណ៌ប្រផេះមួយបានផុសឡើង។ មិនគួរឲ្យជឿសោះថា ប្រទេសយើងមានរតនសម្បត្តិធម្មជាតិដ៏ពិសិដ្ឋបែបនេះសោះ! អូនោះ! ផ្សោតនោះបានជាប់ម៉ងហើយ! ជួយវាផង! វាមិនអាចហើបឡើងមកដើម្បីដកដង្ហើមបានទេ។ វាជិតឈ្លក់ទឹកស្លាប់ហើយ សូមជួយវាផង!!! ប្រសិនបើទឹកទន្លេនេះស្អាត មិនមានម៉ងនេសាទដែលខុសច្បាប់ ម្ល៉េះសមណាជីវិតដ៏កម្សត់មួយនេះ មិនទទួលរងការគម្រាមកំហែងជិតផុតពូជបែបនេះឡើយ»។
នេះគឺជាការពោលនៅក្នុងទិវាអន្តរជាតិសត្វផ្សោតដើម្បីរំឭកដល់សត្វផ្សោតនៃទន្លេមេគង្គ ដែលស្លាប់ទៅហើយ។
ទិវាអន្តរជាតិសត្វផ្សោតលើកទី៣នេះត្រូវបានរៀបចំដោយអង្គការអភិរក្សធនធានធម្មជាតិ និងរដ្ឋបាលជនផលនៅក្នុងខេត្តក្រចេះ កាលពីដើមសប្តាហ៍នេះ ដើម្បីលើកកម្ពស់ការថែរក្សា និងអភិរក្សសត្វផ្សោត និងទាមទារឲ្យមានការបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង នៅប្រទេសឡាវ។
លោក ឈិត សំអាត នាយកអង្គការមូលនិធិសាកលសម្រាប់អភិរក្សធម្មជាតិ ហៅកាត់ថា WWF ប្រចាំនៅប្រទេសកម្ពុជា បានអះអាងថា ស្របពេលដែលចំនួនសត្វផ្សោតកំពុងមានការថយចុះដោយសារកត្តានេសាទខុសច្បាប់នោះ គម្រោងសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង គឺជាការគម្រាមកំហែងថ្មីមួយទៀតដល់ការរស់រានមានជីវិតរបស់សត្វផ្សោត ដែលនឹងអាចឈានទៅដល់ការផុតពូជ។
រដ្ឋាភិបាលឡាវបានឲ្យសញ្ញាភ្លើងខៀវដល់គម្រោងទំនប់វារីអគ្គិសនី ដនសាហុង ថា នឹងក្លាយជាការណ៍ពិតនៅដើមឆ្នាំ២០១៦ខាងមុខនេះ។ ទំនប់នេះមានចម្ងាយត្រឹមតែ២គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនកម្ពុជាឡាវ។
លោក ឈិត សំអាត បញ្ជាក់ប្រាប់ VOA អំពីផលប៉ះពាល់នៃទំនប់ ដនសាហុង មកលើសត្វផ្សោតទន្លេមេគង្គយ៉ាងដូច្នេះថា៖
«ប៉ះពាល់ទី១គឺក្នុងដំណាក់កាលសាងសង់ គឺគាត់នឹងបំផ្ទុះថ្មរាប់លានតោននៅបាតទន្លេ ដើម្បីយកថ្មចេញបើកឲ្យទឹកហូរមក ដើម្បីទាញយកវារីអគ្គិសនីហ្នឹង។ ប៉ះពាល់មុនគេគឺផ្សោត៤ក្បាលដែលហែលចុះ ហែលឡើងនៅតំបន់ជាប់ព្រំដែន ដែលអាចឈានដល់ផុតពូជមុនគេ។ ទី២គឺវាអាចធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ត្រី ហើយក៏ធ្វើឲ្យផុតពូជត្រីមួយចំនួន។ ហើយទី៣គឺកម្រិតទឹក យើងមិនដឹងថា កម្រិតទឹកចុះខុសរដូវដែលអាចធ្វើឲ្យខុសទម្លាប់របស់ផ្សោត។ ជាតិគិមីដែលចេញពីទំនប់អាចធ្វើឲ្យផ្សោតពុល»។
លោក ឈិត សំអាត ទាមទារឲ្យភាគីរដ្ឋាភិបាលឡាវមានការសិក្សាឲ្យបានច្បាស់លាស់ និងពិចារណាឡើងវិញ អំពីគម្រោងសាងសង់ទំនប់ ដនសាហុង ដ៏ចម្រូងចម្រាសនេះ ដោយហេតុថា គម្រោងនេះផ្តល់នូវផលប៉ះពាល់ដល់បរិស្ថាននិងធនធានធម្មជាតិ ហើយផលប៉ះពាល់នេះមានទំហំធំជាងផលចំណេញផ្នែកសេដ្ឋកិច្ចដែលប្រទេសឡាវទទួលបាន។
ក្នុងការប្រារព្ធទិវានេះក៏មានយុទ្ធនាការអភិរក្សសត្វផ្សោតទន្លេមេគង្គផងដែរ ដោយមានការចូលរួមពីប្រជាជននៅសហគមន៍ក្នុងខេត្តក្រចេះប្រមាណជា៤០០នាក់ ដើរជាក្បួនហែជុំវិញទីប្រជុំជនខេត្តក្រចេះ។
ពួកគេស្រែកថា៖
«បញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីដើម្បីសត្វផ្សោតទន្លេមេគង្គ។ ជយោ! ជយោ!»
ការដើរក្បួននេះអមដោយបដារមួយចំនួនដែលសរសេរសារដូចជា «ផ្សោតជាប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជ» «ការពារផ្សោតមានន័យថា ការពារទន្លេ» និង«គម្រោងសាងសង់ទំនប់ ដនសាហុង គឺបំផ្លាញធនធានធម្មជាតិ»ជាដើម។
ដោយពាក់អាវយឺត និងមួក ដែលមានអក្សរ«សត្វផ្សោតទន្លេមេគង្គ» យុវជនម្នាក់ដែលបានចូលរួមដើរក្បួនយុទ្ធនាការនេះបាននិយាយថា៖
«ពេលមានសត្វផ្សោត ទេសចរនឹងមានហើយ។ អញ្ចឹងវាធ្វើឲ្យប្រជាជននៅក្នុងខេត្តដែលមានសត្វផ្សោតហ្នឹងមានជីវភាពធូរធា។ ប្រជាជនធ្វើគ្រឿងសិង្ហារឹមដូចជាសត្វផ្សោតអីអញ្ចឹងលក់ទៅបានកម្រៃ»។
របាយការណ៍មួយដែលចេញដោយអង្គការ WWF កម្ពុជានៅដើមសប្តាហ៍នេះបានឲ្យដឹងថា ចំនួនសត្វផ្សោតនៅកម្ពុជាបច្ចុប្បន្ននេះមានចំនួនត្រឹមតែ៨០ក្បាលប៉ុណ្ណោះ។ នៅក្នុងឆ្នាំ១៩៩៧ សត្វផ្សោតមានប្រមាណជា២០០ក្បាល តែវាបន្តធ្លាក់ចុះមកនៅត្រឹមចំនួន៨៥ក្បាលនៅក្នុងឆ្នាំ២០១០។
សត្វផ្សោតកម្ពុជាត្រូវបានគេឲ្យតម្លៃថា ជារតនសម្បត្តិទី២ បន្ទាប់ពីប្រាសាទអង្គរវត្តកម្ពុជា ដែលជារៀងរាល់ឆ្នាំបានផ្តល់ជាផលចំណេញទៅដល់វិស័យសេដ្ឋកិច្ច វិស័យវប្បធម៌ វិស័យទេសចរណ៍ និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា។
ប្រជាជននៅតាមសហគមន៍ ដែលធ្លាប់តែទទួលបានផលចំណេញពីទេសចរណ៍ផ្សោតសម្រាប់ទ្រទ្រង់ជីវភាពរស់នៅនោះ បានបង្ហាញក្តីកង្វល់ចំពោះគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង ដែលគេជឿជាក់ថា នឹងមានការគំរាមកំហែងដល់សត្វផ្សោត និងអាចឈានទៅដល់ការបាត់បង់សត្វផ្សោតទៀតផង។
លោក មួង សុខលាង វ័យ៥៨ឆ្នាំ ជាម្ចាស់ទូកដឹកភ្ញៀវទេសចរទៅទស្សនាផ្សោតនៅក្នុងសហគមន៍កាំពីខេត្តក្រចេះ។ ម្ចាស់ទូករូបនេះបង្ហាញក្តីបារម្ភចំពោះវត្តមាននៃគម្រោងទំនប់ ដនសាហុង។
«ប្រជាជនតាមហ្នឹង ព្រមទាំងខ្ញុំ ទទួលបានថវិកាពីភ្ញៀវទេសចរ បានជីវភាពធូរធាមួយកម្រិតដែរ។ អញ្ចឹងការមានការព្រួយបារម្ភក្រែងលោអនាគតទៅមុខបាត់បង់ដោយប្រការណាមួយ ព្រោះកន្លងមកឮគេថា ធ្វើទំនប់វារីអគ្គិសនី ខ្លាចប៉ះពាល់ដល់សត្វផ្សោត»។
លោកស្រី មាន ងឿន វ័យ៥៧ឆ្នាំ ជាអាជីករលក់ និងផលិតវត្ថុអនុស្សាវរីយ៍នៅសហគមន៍កាំពី បានលើកឡើងថា៖
«កាលណាមានសត្វហ្នឹង មានទេសចរទៅកំសាន្តលេង អញ្ចឹងបានកំណើនថវិកាចូលដល់ក្នុងភូមិយើង។ យើងគួរតែសំណូមពរឲ្យគេផ្អាក [ទំនប់ ដនសាហុង] ដើម្បីកុំឲ្យបាត់បង់ សត្វផ្សោតរបស់យើងរស់នៅមិនបាន»។
សត្វផ្សោតទន្លេមេគង្គកម្ពុជា ឬសត្វផ្សោតអ៊ីរ៉ាវ៉ាឌីទន្លេមេគង្គនេះ មាននៅផ្នែកខាងលើនៃទន្លេមេគង្គក្នុងប្រទេសកម្ពុជា ហើយត្រូវបានចាត់ទុកថា ជាប្រភេទពូជសត្វកម្រដែលកំពុងស្ថិតក្នុងក្រុមសត្វអាទិភាព ដែលពិភពលោកកំពុងអភិរក្ស និងការពារ៕