ខណៈមានការរិះគន់ពីសំណាក់មន្រ្តីជាន់ខ្ពស់នៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ តំណាងកម្ពុជាបានការពារថាសេចក្តីសម្រេចរបស់តុលាការកម្ពុជាផ្អែកលើ«ភស្តុតាងរឹងមាំជាក់ស្ដែង និងស្របតាមនីតិវិធីដ៏ត្រឹមត្រូវបំផុត»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ចេញផ្សាយកាលពីថ្ងៃអាទិត្យ។
តំណាងកម្ពុជាបានបដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការកាត់ទោសកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពណាហ្កាវើលដ៍ ដោយលើកឡើងថាជាការអត្ថាធិប្បាយ«ដោយបំភ័ន្ត ជ្រើសតែមួយជ្រុងនិងមានភាពរើសអើង»។
កាលពីថ្ងៃទី៣ ឧសភា អ្នកនាំពាក្យនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Jeremy Laurence បានលើកឡើងថាក្រុមប្រឹក្សាសិទ្ធិមនុស្សមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចរបស់តុលាការកំពូលនិងអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់។ អ្នកនាំពាក្យបញ្ជាក់ថាកញ្ញា ឈឹម ស៊ីថរ និងអ្នកផ្សេងទៀតបានអនុវត្តសិទ្ធិសេរីភាពខាងសមាគមនិងការប្រមូលផ្ដុំដោយសន្តិវិធីដែលការពារដោយរដ្ឋធម្មនុញ្ញកម្ពុជានិងកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
អ្នកនាំពាក្យបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងជំរុញកម្ពុជាឱ្យប្រកាន់ខ្ជាប់ទាំងស្រុងនូវការពារសិទ្ធិមនុស្សក្រោមច្បាប់អន្តរជាតិ និងបង្កើតបរិយាកាសដែលប្រជាពលរដ្ឋអាចអនុវត្តសិទ្ធិដោយសេរី»។
ជាការឆ្លើយតប តំណាងកម្ពុជាបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថាការអំពាវនាវឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ «ជាបន្ទាន់» ឬ«អាជ្ញាធរឱ្យលុបចោលការផ្តន្ទាទោសទាំងអស់» គឺជា«ការមើលងាយដល់សមត្ថកិច្ចនិងសុច្ចរិតភាពរបស់តុលាការកម្ពុជា»។ តំណាងកម្ពុជាបញ្ជាក់ថា៖ «សេចក្តីសម្រេចរបស់តុលាការគឺផ្អែកលើភស្តុតាងរឹងមាំជាក់ស្ដែង និងស្របតាម នីតិវិធីដ៏ត្រឹមត្រូវបំផុត» ហើយតុលាការកម្ពុជាមានភាពឯករាជ្យ ដូច្នេះការសម្រេចបែបណានោះ គឺ«ស្ថិតនៅក្នុងអំណាចឆន្ទានុសិទ្ធិរបស់តុលាការទាំងស្រុង»។
បើតាមសេចក្តីថ្លែងការណ៍ កញ្ញា ឈឹម ស៊ីថរ និងសហជីព៧នាក់ផ្សេងទៀតបានធ្វើកូដកម្មជាច្រើនខែ«ដោយខុសច្បាប់» និងដោយមានការឧបត្ថម្ភគាំទ្រពីបរទេស។
កញ្ញា ឈឹម ស៊ីថរ ត្រូវបានកាត់ទោសពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កភាពវឹកវរដល់សន្តិសុខសង្គម ដែលត្រូវជាប់ពន្ធនាគារ២ឆ្នាំ។
កញ្ញា ឈឹម សុខន ថ្នាក់ដឹកនាំនៃសហជីពក្រុមហ៊ុនណាហ្កាវើលដ៍ ថ្លែងថាអ្នកធ្វើកូដកម្មបានដើរតាមនីតិវិធីច្បាប់រួចអស់ហើយ ដូច្នេះមិនគួរមានការចោទប្រកាន់ថាក្រុមកម្មករតវ៉ាខុសច្បាប់ឡើយ។
កញ្ញាប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «ខុសច្បាប់ម៉េច បើយើងដើរគ្រប់នីតិវិធីហើយយើងមានភស្តុតាងទៀត មិនមែនថាយើងនិយាយតែមាត់យើងអត់ភស្តុតាងទេ។ យើងមានទាំងនីតិវិធីជួបជាមួយក្រុមហ៊ុន ផ្សះផ្សាជាមួយក្រសួង[ការងារ] រហូតដល់រុញដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល»។
កញ្ញាបន្ថែមថាការធ្វើកូដកម្មដោយសន្តិវិធីមិនអាចត្រូវបានចោទប្រកាន់ពីបទញុះញង់ឡើយ។
កាលពីខែមេសា កញ្ញា ឈឹម ស៊ីថរ បានទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២៤ ពីរដ្ឋាភិបាលប្រទេសស៊ុយអ៊ែត។
ចំណែកអង្គការសិទ្ធិមនុស្សអន្តរជាតិ(Human Rights WatchឬHRW) បានជំរុញឱ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិគួរតែដាក់គំនាបលើរដ្ឋាភិបាលកម្ពុជាទៅលើការរំលោភបំពានសិទ្ធិមនុស្ស ក្នុងនោះក៏បានលើកឡើងពីការកាត់ទោសមេដឹកនាំសហជីពកញ្ញា ឈឹម ស៊ីថរផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការអន្តរជាតិមួយនេះ ចេញផ្សាយនៅថ្ងៃចន្ទនេះ។
ការអំពាវនាវរបស់អង្គការ HRW ខណៈតំណាងកម្ពុជានឹងឡើងឆ្លើយបំភ្លឺនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃទី៨ ខែឧសភានេះ នៅទីក្រុងហ្សឺណែវ នៅក្នុងកិច្ចប្រជុំនៃការពិនិត្យជាសាកលតាមការកំណត់(Universal Periodic Review ឬ UPR) របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេស។ អង្គការនេះបញ្ជាក់ថាក្តីសង្ឃឹមដែលថារដ្ឋាភិបាលថ្មីដឹកនាំដោយកូនប្រុសរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន នឹងប្រសើរឡើង មិនអាចកើតមានឡើយ៕
វេទិកាបញ្ចេញមតិ