ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការពារ​សិទ្ធិ​កម្មករ​ណាហ្គាវើលដ៍​ស្នើ​ឱ្យ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​បញ្ឈប់​ការ​ដាក់​សម្ពាធ​លើ​សមាជិក​សហជីព


រូបឯកសារ៖ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចូលរួមតវ៉ានៅមុខក្រុមហ៊ុន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
រូបឯកសារ៖ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចូលរួមតវ៉ានៅមុខក្រុមហ៊ុន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

កូដករ​ណាហ្គា​វើលដ៍​ជា​បន្ត​បន្ទាប់​ទទូច​ឱ្យអ្នក​គ្រប់គ្រង​ក្រុមហ៊ុន​កាស៊ីណូមួយ​នេះ​បញ្ឈប់ការ​យាយី និង​ដាក់​សម្ពាធ​ តាម​រយៈ​ការ​បង្កក​ប្រាក់​របស់​សហជីព​ និង​បង្ខំ​បុគ្គលិកដែល​កំពុង​ធ្វើ​ការឱ្យ​ឈប់​ពី​សហជីព​ដែល​មិន​មាន​ទំនោរ​ទៅ​រក​ម្ចាស់​ក្រុមហ៊ុនន។

ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ ដែល​បាន​ចុះ​បញ្ជី​នៅផ្សារ​ភាគហ៊ុន​ក្នុង​ទីក្រុង​ហុង​កុង​ ចាប់​ផ្តើម​មាន​វិវាទ​ជាមួយ​បុគ្គលិក​របស់​ខ្លួន​តាំង​ពី​ឆ្នាំ​ ២០២១​ នៅ​ពេល​មាន​ការ​បញ្ឈប់​បុគ្គលិក​ដែល​សហជីព​ថា​ ជាការ​បញ្ឈប់​ទាំង​បង្ខំ ហើយ​ភាគច្រើន​នៃ​អ្នក​ដែល​ត្រូវបាន​បញ្ឈប់​នោះ​ជា​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីពទ្រទ្រង់​សិទ្ធិការ​ងារ​បុគ្គលិក​កម្មករ​ខ្មែរ​ នៃ​ក្រុមហ៊ុនណាហ្គាវើលដ៍​ (LRSU)។

​នៅក្នុង​លិខិត​ចំហមួយ​ចុះថ្ងៃទី​ ១៩ ខែកុម្ភៈ ឆ្នាំ​ ២០២៤ តំណាង​កូដករ​លើកឡើង​ថា​៖ «​យើ​ងខ្ញុំ​សូមស្នើ​ដល់លោក​នាយក​ អ្នក​គ្រប់គ្រង​ណាហ្គាវើល​ដ៍ សូម​បញ្ឈប់​សកម្មភាព​ដែល​បង្កើត​ភាព​អាម៉ាស់​ផ្សេងៗ​ក្នុង​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​ បង្វែរ​មក​ជាការ​គោរព​សិទ្ធិ​លាង​ប្រវត្តិ​សាស្ត្រ​កន្លង​ផុត​ បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ ដោយ​ការ​គោរព​ស្មារតី​នៃច្បាប់​។ យើង​ខ្ញុំ​ជឿជាក់​ថា ​ការ​គោរព​សិទ្ធិ​សេរីភាព​សហជីព​ មិនមែន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​បាត់​បង់​អត្ថ​ប្រយោ​ជន៍​នោះ​ឡើយ​ ផ្ទុយ​ទៅវិញ​បាន​កេរ្តិ៍ឈ្មោះ​ទាំង​ក្នុង​បច្ចុប្បន្ន​ និង​មាន​ប្រវត្តិ​សាស្ត្រ​ល្អ​នាពេល​ខាងមុខ​»។

ក្រៅពី​នេះ លិខិត​ចំហ​របស់​សហជីព​ទ្រទ្រង់សិទ្ធិការ​ងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃក្រុម​ហ៊ុនណាហ្គាវើលដ៍ ក៏​បានលើកឡើង​ពី​ការ​ជ្រៀត​ជ្រែក​របស់​ក្រសួង​ការ​ងារ​និង​ស្ថាប័ន​រដ្ឋផ្សេង​ទៀត​ដើម្បី​រារាំង​សកម្មភាព​របស់​ពួកគេ​។

លិខិត​ចំហ​បញ្ជាក់​ថា​៖ «ជាបន្ត​ហូរហែ ​មានការ​ចោទ​ប្រកាន់​លាប​ពណ៌​មកលើ​ថ្នាក់​ដឹកនាំ​សហជីព ត្រូវបាន​ជាប់​ពន្ធនាគារ​ ១១ នាក់​ បន្តបន្ទាប់​ទៀត​ក៏មានការ​ចោទ​ប្រកាន់​កោះហៅ​ទៅសួរនាំ​ចំពោះ​កម្មករ​និយោជិត​ដែល​កំពុង​តែ​ធ្វើកូដកម្ម​ផងដែរ​ វិវាទ​ការ​ងារ​នេះ​បាន​បំភ្លៃ​ពីការ​ធ្វើ​កូដកម្ម​រវាង​កម្មករ​និង​និយោជក ទៅ​ជាបទ​ញុះញង់​ និង​ក្លាយ​ជាការ​បង្ក​អសន្តិសុខ​សង្គម​»។

​អ្នកស្រី​ ឈឹម សុខន អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ ប្រាប់​វីអូអេ​ថា​ កាល​ពីថ្ងៃទី​ ១៦ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ក្រុមហ៊ុន​បានហៅ​បុគ្គលិក​ដែល​ជាសមាជិក​របស់​សហជីព​មកប្រជុំ​ ដាក់​លក្ខខណ្ឌ ឱ្យបុគ្គលិក​គ្រប់គ្នាត្រូវ​តែ​សរសេរ​ពាក្យ​លាលែង​ពីសហជីព​ និង​ស្នើសុំដក​វិភាគទាន​សហ​ជីព​ ដែល​ក្រុមហ៊ុន​បាន​កាត់រួច​ហើយ​តែប​ង្កក​ មិន​បង្វិល​មក​ឱ្យ​សហជីព​វិញ។

​អ្នក​ស្រី​ថ្លែងថា​៖ «អ៊ីចឹង​ទៅយើង​មើល​ឃើញ​ថា​អាទង្វើ​បែបនេះ​គឺជា​ទង្វើ​ វាអត់ត្រូវ​ច្បាប់​ គឺជាទង្វើ​ដែល​ក្រុមហ៊ុន​បង្ខិត​បង្ខំ​សមាជិកឱ្យ​ resign (លាឈប់) ចេញ​ពីស​ហជីព។ អ៊ីចឹង​ទៅ​បាន​យើង​ចេញ​លិខិត​ចំហ​ហ្នឹង​»។

បើ​តាម​អ្នកស្រី​សុខន​ សេចក្តី​ណែនាំ ឬក៏លិខិត​លេខ​ ៤០៩ ​របស់​ក្រសួង​ពាក់ព័ន្ធ​នឹង​ការ​បង្កក​ប្រាក់​វិភាគទាន ​គឺជាការ​បើកផ្លូវ​ឱ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ធ្វើ​អំពើ​ល្មើស​ច្បាប់​។

វីអូអេមិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពីក្រុមហ៊ុន​ណាហ្គាវើលដ៍​បាននៅឡើយ​ទេ​។

រូបឯកសារ៖ ក្រុមបុគ្គលិក និងសហជីពណាហ្គាវើលដ៍ ឈរលើកបដា និងរូបថត គាំទ្រថ្នាក់ដឹកនាំសហជីពរបស់ខ្លួន នៅខឿនផ្លូវម្ខាងទៀតពីមុខតុលាការ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងអំឡុងការប្រកាស​សាលក្រម​រឿងក្តីរបស់កញ្ញា ឈឹម ស៊ីថរ។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ ក្រុមបុគ្គលិក និងសហជីពណាហ្គាវើលដ៍ ឈរលើកបដា និងរូបថត គាំទ្រថ្នាក់ដឹកនាំសហជីពរបស់ខ្លួន នៅខឿនផ្លូវម្ខាងទៀតពីមុខតុលាការ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងអំឡុងការប្រកាស​សាលក្រម​រឿងក្តីរបស់កញ្ញា ឈឹម ស៊ីថរ។ (កាន់ វិច្ឆិកា/វីអូអេ)

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈលោក កត្តា អន ប្រាប់​វីអូអេ​ថា​ការ​លើក​ឡើង​របស់​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​គឺ​មិន​ពិត​ទេ​ និង​ថា​ក្រសួង​បាន​យក​ចិត្តទុក​ដាក់​នៅក្នុង​ការ​ដោះស្រាយ​វិវាទ​មួយនេះ​។

លោក​ថ្លែង​ថា៖ «ក្រសួង​ការងារ​នៅ​បើកចំហ​ គណៈកម្មការ​ដោះស្រាយ​វិវាទ​បាតុកម្ម កូដកម្ម​គ្រប់មុខ​សញ្ញា​នៅ​បើកទ្វារ​ចំហ​សម្រាប់​បងប្អូន​អតីត​បុគ្គលិក​ណាហ្គា​វើលដ៍​ដែល​កំពុង​តវ៉ា ក៏ដូច​ជាក្រុមហ៊ុន​ណាហ្គាវើលដ៍​ ប្រសិន​បើ​ភាគីទាំង​ពីរ​មាន​វឌ្ឍនភាព​ មាន​ចេតនា​ចង់​បញ្ចប់​ជម្លោះ​ អាច​ស្នើ​មក​គណៈកម្មការដោះ​ស្រាយវិវាទ​បាតុកម្ម​ កូដកម្ម​គ្រប់មុខ​សញ្ញា ​ដើម្បី​បន្តធ្វើការ​សម្រប​សម្រួល​បញ្ចប់​វិវាទ​នេះ​ដូច​ដែល​យើង​ទាំង​អស់​គ្នា​ចង់បាន»។

ជម្លោះ​ការងារ​រវាង​អតីត​បុគ្គលិក​ក្រុមហ៊ុន​កាស៊ី​ណូ​ណាហ្គា​វើលដ៍ រហូត​ដល់​មាន​កូដកម្ម​រាប់​ឆ្នាំ កើត​ឡើង​បន្ទាប់​ពី​កម្មករ​និយោជិត​ប្រមាណ ​១.៣០០​ នាក់ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ ​២០២១។ ការ​បញ្ឈប់​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ចេតនា​ក្នុង​ការ​បំបាត់​សហជីព​ឯក​រាជ្យ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ​។

​មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ សង់ត្រាល់ ​លោក​ ឃុន ថារ៉ូ យល់​ឃើញ​ថា ​បើ​វិវាទនេះ​ត្រូ​វបាន​ដោះ​ស្រាយ​ទៅ​តាម​គោល​ការណ៍​ច្បាប់​ វាមិន​មាន​អ្វី​ជាភាពស្មុគស្មាញឡើយ​។ លោក​បន្ថែ​ម​ថា ​ជម្លោះ​នេះ​នៅ​តែ​អូស​បន្លាយ​ ដោយសារ​តែ​មាន​ការ​លាប​ពណ៌ និង​ចោទ​ប្រកាន់​ទៅលើ​ក្រុម​កូដករ​។

លោក​បញ្ជាក់ថា​៖ «អ៊ីចឹង​ករណីនេះ បើ​សិន​ជាមានការ​បន្តនូវ​ការ​ចោទ​ប្រកាន់​បែប​ទម្រង់​ន​យោ​បាយ​បែប​ហ្នឹង ខ្ញុំគិតថា​វិវាទ​ការងារ​មួយ​ហ្នឹង​ វា​អាច​មាន​ការ​ជាប់​គាំង​ ហើយ​ដំណោះ​ស្រាយនៅ​តែមិន​អាច​ឈាន​ទៅ​រកដោះ​ស្រាយ​បាន​ ពីព្រោះ​បើសិន​ជា​ចង់​បាន​នូវ​ដំណោះ​ស្រាយ​មួយ​សម​ស្រប​។ អ្វីដែល​សំខាន់​ គឺ​ការ​ស៊ើប​អង្កេត​ឱ្យបាន​ច្បាស់​លាស់ ហើយដើម្បីឱ្យ​មាន​ភាព​ច្បាស់​លាស់​ហ្នឹងគឺ​ទៅ​សួរពួក​គាត់​ដែល​ជា​កូដ​ករ​ទៅ ដែល​គាត់​នៅ​បន្តធ្វើ​កូដកម្ម​ហ្នឹង។ ម្នាក់ៗ​ដែល​គាត់​មិន​បោះ​បង់ចោល​ហ្នឹង​ គឺ​យើង​ត្រូវ​ស្តាប់​នូវ​ការ​ទាម​ទារ​របស់​ពួក​គាត់​»។

អតីត​នាយក​រដ្ឋ​មន្រ្តី លោក ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថា លោក​មិន​ខ្វល់​នឹង​ការ​តវ៉ា​របស់​ក្រុម​កូដករ​ណាហ្គា​វើលដ៍​នោះ​ទេ ដោយ​ចោទ​ថា​ ពួក​គេ​មាន​អ្នក​នៅ​ពី​ក្រោយ ទើប​អាច​តវ៉ា​បាន​ច្រើន​ឆ្នាំ​មក​នេះ។

ក្នុង​សំណុំ​រឿង​កូដកម្ម​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះ​ ​តុលាការ​រាជធានី​ភ្នំពេញកាល​ពី​ខែ​ឧសភា ឆ្នាំ ​២០២៣ ​បាន​កាត់​ទោស​កញ្ញា ឈឹម ស៊ីថរ មេដឹក​នាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ (​L​RSU)​ ឱ្យ​ជាប់​ពន្ធនា​គារ​ពីរ​ឆ្នាំ​ពី​បទ​ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​របស់​កញ្ញា​កាល​ពីពេលកន្លង​ទៅ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG