ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​ណាហ្កា​វើលដ៍​ស្នើឱ្យ​តុលាការ​កំពូល​ទម្លាក់​បទ​ចោទ​ក្នុង​សំណុំ​រឿង​បាតុកម្ម​អហិង្សា


ក្រុមអ្នកគាំទ្រកញ្ញា ឈឹម ស៊ីថរ បានប្រមូលផ្តុំគ្នានៅពីមុខតុលាការកំពូល ក្នុងរាជធានីភ្នំពេញនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ក្រុមអ្នកគាំទ្រកញ្ញា ឈឹម ស៊ីថរ បានប្រមូលផ្តុំគ្នានៅពីមុខតុលាការកំពូល ក្នុងរាជធានីភ្នំពេញនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ក្រុម​មេធាវី ​និង​មេ​ដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​ក្រុមហ៊ុន​ណាហ្កា​វើលដ៍​(LRSU) ​ស្នើ​ឱ្យ​តុលាការ​កំពូល​ទម្លាក់​បទ​ចោទ​ប្រកាន់​ ដែល​ពួក​គេ​យល់​ថា​ ជា​ការ​បំភ្លៃ​ខុស​អង្គហេតុ​ និង​ជា​ការ​បំពាន​ច្បាប់​លើ​សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។​

កាល​ពីព្រឹក​ថ្ងៃ​សុក្រ​នេះ ​ក្រុម​មេ​ដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្កា​វើលដ៍​ចំនួន​៨​នាក់ ​ក្នុង​នោះ​គឺ​កញ្ញា ​ឈឹម ស៊ីថរ​ដែល​កំពុង​ជាប់ឃុំ​ និង​អ្នក​ស្ថិតក្រៅ​ឃុំ​គឺ​ កញ្ញា​ឈឹម សុខន​ អ្នកស្រី ​ឃ្លាំង សុបិន្ត​ជាដើម​ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​សាល​សវនាការ​ដើម្បី​ចូលរួម​ដំណើរការ​ជំនុំ​ជម្រះ​បណ្តឹង​សាទុក្ខ​ពី​បទ​ «ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ ដែល​ផ្តើម​ចេញ​ពី​ការ​ធ្វើ​បាតុកម្ម​នានា​កន្លង​មក​ដើម្បី​ដោះ​ស្រាយ​វិវាទ​ការងារ​ដែល​មាន​រយៈ​ពេល​ជាង​៣​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ណាហ្កា​វើលដ៍។​

សហ​មេធាវី​ការពារ​ក្តី​របស់​ថ្នាក់​ដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្កា​វើលដ៍​ទាំង​៨​រូប​នោះ​គឺ​លោក ​សំ ចំរើន​ បាន​លើក​ឡើង​នៅ​ក្នុង​សវនាការ​ថា ​តុលាការ​ជាន់​ទាប​ ដែល​ចោទ​ប្រកាន់​កូន​ក្តី​របស់​លោក​ថា​ បាន​បង្ក​សកម្ម​ភាព​ញុះញង់​ផ្សេងៗ​នោះ​ គឺ​មិន​អាច​ទទួល​យក​បាន​ទេ​តាម​ផ្លូវ​ច្បាប់។​

លោក​បន្ថែម​ថា ​សាលដីការ​របស់​សាលា​ឧទ្ធរណ៍​ដែល​ចាត់​ទុកជា​បាន​ការ​កន្លង​មក​ មិន​បាន​គោរព​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​និង​ក្រម​ព្រហ្មទណ្ឌ​ឡើយ ​ហើយ​ការ​សម្រេច​នោះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​តុលាការ​ និង​អង្គហេតុ​ដែល​ទទួល​បាន​ពី​អាជ្ញាធរ​ប៉ុណ្ណោះ។​

លោកមេធាវី សំ ចំរើន ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការកំពូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
លោកមេធាវី សំ ចំរើន ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការកំពូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

លោក​សំ ចំរើន ​និង​សហភាតា​របស់​លោក​ប្រាំ​នាក់​ទៀត​បាន​បញ្ជាក់​ក្នុង​សវនាការ​ទៀត​ថា​ ថ្នាក់​ដឹកនាំ​សហជីព​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ញុះញង់​ណាមួយ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម ​ហើយ​សកម្ម​ភាព​នៃ​ការ​ធ្វើ​កូដកម្ម​របស់​ពួកគេ​គឺ​ធ្វើ​ដោយ​សន្តិវិធី​ និង​ស្រប​តាម​ច្បាប់​ការងារ។​

កញ្ញា​ឈឹម សុខន​ ដែល​ចូលរួម​សវនាការ​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​ បន្ត​អះអាង​ថា​ ក្រុម​សហជីព​របស់​អ្នក​ស្រី​មិន​បាន​ធ្វើ​សកម្មភាព​«ញុះញង់»​ ​ដូចការ​ចោទ​ប្រកាន់​នោះ​ទេ។​

ក្រោយ​សវនាការ​នៅ​តុលាការ​កំពូល​បាន​បិទ​បញ្ចប់ ​កញ្ញា​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា៖​ «បំភ្លៃ​អង្គ​ហេតុ​ ​ដោយ​សារ​អង្គ​ហេតុ​របស់​ពួក​យើង​គឺ​យើង​ធ្វើ​កូដកម្ម ​ហើយ​កូដកម្ម​គឺ​យើង​ដើរ​គ្រប់​នីតិវិធី​នៃ​ច្បាប់។​ ច្បាប់​គេ​ចែង​ឱ្យ​យើង​ធ្វើ​ម៉េច​ គឺ​យើង​ដើរ​នីតិវិធី​រហូត​ដល់​នីតិវិធី​កូដកម្ម​ អ៊ីចឹង​យើង​ធ្វើ​កូដកម្ម​ស្រប​ច្បាប់»។​

កញ្ញា ឈឹម សុខន ថ្នាក់ដឹកនាំនៃសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅថ្ងៃទី២៦មេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
កញ្ញា ឈឹម សុខន ថ្នាក់ដឹកនាំនៃសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅថ្ងៃទី២៦មេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

បើ​តាម​ការ​រំពឹង​របស់​កញ្ញា​ឈឹម សុខន​ ​តុលាការ​កំពូល​នឹង​ផ្តល់​ភាព​ស្អាត​ស្អំ​ដល់​ថ្នាក់​ដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្កា​វើលដ៏​ និង​សម្រេច​ដោះ​លែង​កញ្ញា​ឈឹម ស៊ីថរ​ ឱ្យ​មាន​សេរីភាព​វិញ។​

កញ្ញា​បន្ថែម​ថា៖​ «មក​ដល់​ថ្ងៃ​ហ្នឹង​ ខ្ញុំ​នៅតែ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ ហើយ​សង​ភាព​ស្អាត​ស្អំ​ឱ្យ​ពួក​ខ្ញុំ ​ព្រោះ​ពួក​ខ្ញុំ​អត់​បាន​ធ្វើអ្វី​ដូច​ដែល​គាត់​ចោទ​ទេ។​ អ្វី​ដែល​ពួកខ្ញុំ​ធ្វើ​គឺ​កូដ​កម្ម​ដែល​មាន​ចែង​ក្នុង​ផ្លូវ​ច្បាប់ ​ហើយ​ជារួម​ទាំង​អស់​គ្នា ​មាន​ការ​យល់​ព្រម​ពី​សមាជិក​ [គឺ]​វា​អត់​បាន​ញុះញង់​អី​ទេ»។​

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូផ្តល់បទសម្ភាសន៍ក្នុងរាជធានីភ្នំពេញនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូផ្តល់បទសម្ភាសន៍ក្នុងរាជធានីភ្នំពេញនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ សំអាត ​ដែល​បាន​ចូល​ឃ្លាំ​មើល​សវនាការ​នាព្រឹក​ថ្ងៃ​សុក្រ​នេះ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ក្រៅ​តុលាការ​កំពូល​ថា មេធាវី​ការពារ​ក្តី​របស់​មេ​ដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្កា​វើលដ៏ ​បាន​ទាមទារ​ឱ្យ​ចៅ​ក្រម​ជំនុំ​ជម្រះ​ក្តីទម្លាក់​បទ​ចោទ​ប្រកាន់​លើ​ជន​ជាប់​ចោទ​ទាំង​៨​នាក់​ ព្រោះ​ករណី​នេះ​ គឺ​ជា​វិវាទ​ការងារ​ មិន​មែន​ជា​បទ​ព្រហ្ម​ទណ្ឌ​នោះ​ទេ។

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​យើង​មើល​ទៅ​ការ​សន្និដ្ឋាន​របស់​មេធាវី​ទាំង​៦​រូប​ហ្នឹង ​គឺ​អង្គ​ហេតុ ​អង្គ​ច្បាប់ ​ដែល​បាន​កាត់​ឱ្យ​កូន​ក្តី​របស់​គាត់​ជាប់​ពន្ធនាគារ​ គឺ​មិនសម​ហេតុ​ផល​ ហើយ​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់»។

វិវាទ​ការងារ​រួម ​គួរ​តែ​ដោះ​ស្រាយ​តាម​ច្បាប់​ការងារ​ ដោយ​មិន​គួរ​មាន​ការ​ចោទ​ប្រកាន់​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​នោះ​ទេ​ ហើយ​បើ​តុលាការ​នៅ​បន្ត​យក​សំណុំ​រឿង​នេះ​មក​ដោះស្រាយ​នោះ​ វិវាទ​នេះ​អូស​បន្លាយ​ពេល​យូរ​ត​ទៅ​ទៀត។ ​នេះ​បើ​តាម​លោក ​អំ សំអាត។​

កាល​ពី​ថ្ងៃទី​១៩ ​ខែ​តុលា ​ឆ្នាំ​២០២៣ ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ ​និង​នាំខ្លួន​ កញ្ញា ​ឈឹម ស៊ីថរ​ មេ​ដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្កា​វើលដ៍ ​(LRSU)​ ទៅ​ឃុំ​ខ្លួន​បន្ត​នៅ​ពន្ធនាគារ​ បន្ទាប់​ពី​ត្រូវ​បាន​សាលា​ដំបូង​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ។​

ក្រោយ​ពី​ស្តាប់​សេចក្តី​សន្និដ្ឋាន​របស់​មេធាវី​ការពារ​ក្តី​ និង​តំណាង​មហា​អយ្យការ​នៃ​តុលាការ​កំពូល​ លោក ​និល ណុន ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ បាន​ប្រកាស​នា​ពេល​ជិត​បិទ​បញ្ចប់​សវនាការ​ថា ​តុលាការ​កំពូល​នឹង​ប្រកាស​សាល​ដីការ​សម្រេច​លើ​សំណុំ​រឿង​របស់​ក្រុម​មេដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្កា​វើលដ៍​នៅ​ថ្ងៃទី​៣ ​ខែ​ឧសភា ​ឆ្នាំ​២០២៤ ​ខាង​មុខ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG