របាយការណ៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្សបានលើកឡើងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាន់កាប់កងទ័ព កងកម្លាំងប្រដាប់អាវុធនិងតុលាការ ដែលធ្វើឱ្យកម្ពុជាក្លាយជារបបផ្តាច់ការកាន់តែខ្លាំងឡើង ព្រមទាំងមានការរំលោភសិទិ្ធមនុស្សយ៉ាងធ្ងន់ធ្ងរនិងជាប្រព័ន្ធ។
លោក Brad Adams នាយកអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី បានប្រាប់ VOA តាមទូរស័ព្ទ ដោយបានចោទប្រកាន់ថា ឧត្តមសេនីយ៍ទាំងនេះបានរំលោភបំពានសិទិ្ធមនុស្សយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាង២០ឆ្នាំ ឬច្រើនជាងនេះ បានរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ បានពាក់ព័ន្ធនឹងឃាតកម្ម និងការធ្វើទារុណកម្ម ការចាប់ជំរិត ការរំលាយគណបក្សប្រឆាំង ការបានចាប់ខ្លួនលោក កឹម សុខា ការគំរាមកំហែងលោកសម រង្ស៊ី ប្រសិនបើលោកវិលត្រឡប់មកប្រទេសកម្ពុជាវិញ ការដាក់កំហិតសេរីភាពសារព័ត៌មាន និងសង្គមស៊ីវិលមុនការបោះឆ្នោតខាងមុខ បន្ថែមពីលើការរៀបរាប់លម្អិតអំពីអំពើរំលោភសិទ្ធិមនុស្សកាលពីអតីតកាល រួមទាំងអំពើរដ្ឋប្រហារកាលពីខែកក្កដាឆ្នាំ១៩៩៧ផង។
របាយការណ៍២១៣ទំព័រនេះមានចំណងជើងថា«រឿងទុច្ចរិតរបស់ឧត្តមសេនីយ៍ទាំង១២នាក់របស់កម្ពុជា៖ ប្រវត្តិសាស្រ្តយូរអង្វែងនៃការរំលោភបំពានសិទ្ធិមនុស្សដោយឧត្តមសេនីយ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សដដែលនេះក៏បានអះអាងដែរថា មន្ត្រីសន្តិសុខជាន់ខ្ពស់ចំនួន១២នាក់នេះគឺជាឆ្អឹងខ្នងនៃរបបនយោបាយ ដែលរំលោភបំពាននិងផ្តាច់ ការ។
លោក Brad Adams នាយកអង្គការឃ្លាំមើលសិទិ្ធមនុស្សអាស៊ី Human Rights Watch ប្រចាំតំបន់អាស៊ីបានមានប្រសាសន៍ថា៖
«ប៉ុន្មានឆ្នាំមកនេះ លោក ហ៊ុន សែនបានបង្កើត និងពង្រីកកងកម្លាំងជាមន្ត្រីសន្តិសុខស្នូល ដែលបានអនុវត្តតាមបទបញ្ជារបស់លោកយ៉ាងដាច់ខាត និងប្រកប ដោយហិង្សា។ សកម្មភាពសំខាន់របស់ឧត្តមសេនីយ៍របស់កម្ពុជាទាំងនេះ បានលេចឡើងកាន់តែច្បាស់ នៅមុនការបោះឆ្នោតខែកក្កដា នៅពេលពួកគេចូលរួមក្នុងការបង្ក្រាបអ្នកកាសែត ក្រុមអ្នកប្រឆាំងផ្នែកនយោបាយ និងពួកអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ហើយក្រុមឧត្តមសេនីយ៍ទាំងនោះបានធ្វើយុទ្ធនាការបោះឆ្នោត ដោយចំហជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែនទៀតផង»។
លោកបានបន្ថែមសេចក្តីទៀតថា៖
«ឧត្តមសេនីយ៍ទាំងនេះនៅក្រោមលោកហ៊ុន សែន គាំទ្រលោកហ៊ុន សែន ពីព្រោះពួកគេបានក្លាយជាអ្នកមានដ៏សម្បើមដោយធ្វើជាអ្នកការពារលោក ហ៊ុន សែន»។
ឧត្តមសេនីយ៍ទាំង១២រូប ដែលត្រូវបានដាក់បង្ហាញរូបថត ឈ្មោះ និងមុខតំណែងគឺ មាននាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ កម្ពុជាដែលត្រូវគេដឹងថា បានលាឈប់ដើម្បីចូលរួមក្នុងយុទ្ធនាការប្រកួតប្រជែងរកសំឡេងឆ្នោត។ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលត្រូវគេដឹងថា បានលាឈប់ដើម្បីចូលរួមក្នុងយុទ្ធនាការប្រកួតប្រជែងរកសំឡេងឆ្នោត។ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទស្តីទី និងជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស។ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងនៃកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ៤។ ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងនៃកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ៥។ ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការរងនៃកងទ័ពជើងគោក និងមេបញ្ជាការតំបន់យោធភូមិភាគ២។ ឧត្តមសេនីយ៍ឯក ចាប ភក្តី នាយរងអគ្គសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពឆ័ត្រយោងលេខ៩១១។ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ លោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិ និងឧត្តមសេនីយ៍កម្ពុជាមួយចំនួន ដែល VOA ទាក់ទងបាន ហើយដែលមានឈ្មោះក្នុងចំណោម១២នាក់នោះ បានវាយបកប្រឆាំងនឹងរបាយការណ៍របស់អង្គការ Human Rights Watch នេះ។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបដិសេធ របាយការណ៍នេះ ហើយបានប្រាប់ VOA ផ្នែកខេមរភាសាថា របាយការណ៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watch មិនបានឆ្លុះបញ្ចាំងពីការណ៍ពិតនៃប្រទេសកម្ពុជាទេ។
«មហិច្ឆតារបស់វាចង់នាំប្រទេសជាតិច្របូកច្របល់ផ្តល់នូវការ ហិនហោចនៅកម្ពុជាទៀតបានវា.... វាមិនដែលសម្រេចបាននោះ វាចេះតែវាយប្រហារនិងលើកឡើងបញ្ហាជាបន្តបន្ទាប់»។
លោកបានបន្ថែមទៀតថា៖
«បាទ អាហ្នឹងវាមិនមានគំនិតណាមួយដែលទទួលស្គាល់ការណ៍ពិត គ្មានគំនិតស្ថាបនាទេ។ អាហ្នឹងគេមានតែការវាយប្រហារដើម្បីបម្រើមហិច្ឆតារបស់ពួកជនទុច្ចរិត ឬក៏មហិច្ឆតារបស់មនុស្សអគតិមួយចំនួនបង្វក់ប្រទេសជាតិតែប៉ុណ្ណោះ»។
លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទស្តីទី និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលមានឈ្មោះក្នុងចំណោមឧត្តមសេនីយ៍ទាំង១២នាក់ បានឲ្យ VOA នាំសំណួររបស់លោកទៅសួរអង្គការសិទ្ធិមនុស្ស Human Rights Watch ពីព្រោះលោកថា អង្គការនេះបានចេញផ្សាយរបាយការណ៍មិនពិត។
«ខ្ញុំអត់មានទៅខ្វល់អីផង ពួកអស់នេះ ហើយគាត់អ្នកសរសេរអីអីចឹង។ បើពីណាជឿគាត់ ធ្វើតាមគាត់ ធ្វើៗទៅ! ពិភពលោកឆ្កួតតាមវាទៅ! ចំពោះខ្ញុំ ខ្ញុំដឹងខ្លួនខ្ញុំផ្ទាល់ ព្រោះខ្ញុំអត់ដឹងអីផង»។
មានឈ្មោះក្នុងរបាយការណ៍នោះដែរគឺលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងប៉ូលិសជាតិ និងជាអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន។ លោកបានប្រាប់ VOA ថា របាយការណ៍នេះនិយាយបំផ្លើស។
«តែយើងមិនដឹងសិទ្ធិមនុស្សម៉េចទៅ? យើងមិនដែលទៅប៉ះពាល់ទេ មានតែចាប់ចោរ ចាប់ពួកឧក្រិដ្ឋជនគ្រឿងញៀន ពួកអាចាប់ជម្រិតអីចាប់។ ក្រែងលោចាប់ ប៉ះពាល់គ្នាគាត់ អាពួកហ្នឹងបានគាត់ខឹង»។
លោកបានបន្ថែមថា៖
«បើនៅស្រុកខ្មែរទៅ យើងប្តឹងផ្តល់គាត់ ឲ្យគាត់ទទួលខុសត្រូវទៅតាមច្បាប់ទៅណា៎។ បើគាត់នៅក្រៅប្រទេស ហើយគាត់ចេះតែថាទៅ ហើយអង្គការអន្តរជាតិ មួយទាំងមូលនឹកឃើញថាៗ ហ្នឹង ងាប់ហើយ ឆ្គួតគេអស់ហើយ!»
លោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអន្តោប្រវេសន៍ដែលមានឈ្មោះ នៅក្នុងរបាយការណ៍នេះដែរ ក៏បានប្រាប់ VOA ថា អង្គការឃ្លាំមើលសិទិ្ធមនុស្ស មិនបានទាំងស្គាល់លោកផងទេ ដោយបានដាក់តួនាទីលោកខុស។
«គេអត់ស្គាល់ខ្ញុំផង។ គាត់ទៅនិយាយអំពីមនុស្សម្នាក់ មានន័យ ថា ស្អីក៏គាត់និយាយខុសដែរ អត់ត្រូវទេ»។
បន្ថែមលើក្រុមមន្ត្រីកំពូលៗជាច្រើនដែលបានបដិសេធរបាយការណ៍អង្គការសិទ្ធិមនុស្ស Human Rights Watch នេះ VOA បានព្យាយាមទាក់ទង់ឧត្តមសេនីយ៍ជាច្រើនផ្សេងទៀតដើម្បីសុំការអត្ថាធិប្បាយបំភ្លឺ តែមិនអាចទាក់ទងបានទេ។ របាយការណ៍នេះបានកត់សម្គាល់ថា ឧត្តមសេនីយ៍ជាន់ខ្ពស់មួយចំនួនបានឈរឈ្មោះសម្រាប់ការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលលោក Brad Adams បាននិយាយថា កងទ័ពនិងប៉ូលិសគួរស្ថិតនៅជាអព្យាក្រឹត្យ។
របាយការណ៍សិទ្ធិមនុស្សដដែលក៏បានបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជាតាំងពីឆ្នាំ១៩៨៥។ ចាប់តាំងពីឆ្នាំ២០១៥មក លោកបានក្លាយជាប្រធានគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងប្រទេស ដែលបន្តកាន់អំណាចតាំងពីឆ្នាំ១៩៧៩មក។
ដោយប្រដូចលោក ហ៊ុន សែននឹងលោក Robert Mugabe របស់ប្រទេសហ្ស៊ីមបាវេ របាយការណ៍នេះបានបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឥឡូវនេះបានស្ថិតក្នុងចំណោមមេដឹកនាំនយោបាយនៅរស់ដែលកាន់អំណាចយូរជាងគេបំផុត៥នាក់នៅលើពិភពលោក។
នៅសប្តាហ៍ថ្មីៗនេះដែរ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ លើប្រធានអង្គរក្សនាយករដ្ឋមន្ត្រីគឺលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដែលត្រូវបានគេចោទប្រកាន់ពីបទរំលោភបំពានសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យតាមច្បាប់ Magnitsky Act របស់អាមេរិក។
គណបក្សប្រឆាំងដ៏សំខាន់គឺគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ ហើយមេដឹកនាំគណបក្សនេះគឺលោក កឹម សុខា ត្រូវគេចាប់ដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ពីបទក្បត់ជាតិ រីឯប្រព័ន្ធផ្សព្វផ្សាយនិងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានរឹតបន្តឹងសិទ្ធិសេរីភាព ដែលរឿងនេះបណ្តាលឱ្យបណ្តាប្រទេសលោកខាងលិចជាច្រើន រួមទាំងសហរដ្ឋអាមេរិកផង និយាយថា ការបោះឆ្នោតជាតិនៅពេលខាងមុខនេះជាការបោះឆ្នោតមិនពិតប្រាកដ៕