អង្គការ Global Witness ជាមួយអង្គការដៃគូមួយផ្សេងទៀត បានបញ្ចេញនូវទិន្នន័យច្រើនមួយ ដែលបានបង្ហាញឲ្យដឹងពីបុគ្គលដែលធ្វើជាម្ចាស់ និងកាន់កាប់ក្រុមហ៊ុនជាច្រើននៅប្រទេសកម្ពុជា។ អង្គការនេះ អះអាងថា អ្វីដែលខ្លួនរកឃើញនឹងអាចក្លាយជាប្រភពមួយសម្រាប់ប្រជាពលរដ្ឋខ្មែរសិក្សាស្រាវជ្រាវថា នរណាជាម្ចាស់ និងជាអ្នកក្ដោបក្ដាប់ក្រុមហ៊ុនទាំងនោះ ដែលនឹងបើកផ្លូវឲ្យពួកគេយកអំណាចបានមកវិញ ហើយនិងអាចធ្វើឲ្យមេដឹកនាំរបស់ពួកគេ មានការទទួលខុសត្រូវចំពោះការរំលោភអំណាច។
អង្គការ Global Witness ដែលជាអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញធនធានធម្មជាតិនៅសប្ដាហ៍នេះ បានអំពាវនាវដល់រដ្ឋាភិបាលបរទេសនានាលើសកលលោក ឲ្យដាក់ទណ្ឌកម្មលើសមាជិកនៃក្រុមអភិជនកម្ពុជា ដែលបានកម្ទេចលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសពួកគេ និងបានលួចប្លន់ទ្រព្យសម្បត្តិរបស់ជាតិ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់អង្គការ Global Witness។
ការអំពាវនាវរបស់អង្គការ Global Witness កើតមានឡើង បន្ទាប់ពីមានការធ្វើវិភាគមួយដោយអង្គការអ្នកកាសែតគ្មានព្រំដែន ដែលបានលាតត្រដាងថា ប្រទេសកម្ពុជាបានធ្លាក់ចុះ១០ថ្នាក់ពីសន្ទស្សន៍សេរីភាពសារព័ត៌មានរបស់ខ្លួននៅឆ្នាំ២០១៨នេះ ពោលគឺបានធ្លាក់ពីលំដាប់១៣២មកដល់លំដាប់ថ្នាក់១៤២ ដែលនៅលើប្រទេសវេណេហ្ស៊ុយអេឡាតែបន្តិចដែលបានចំណាត់ថ្នាក់ទី១៤៣ និងប្រទេសស៊ូដង់ដែលបានចំណាត់ថ្នាក់ទី១៤៤នៅក្នុងចំណោមប្រទេសទាំងអស់១៨០។
អង្គការ Global Witness បានថ្លែងឲ្យដឹងនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៨ ថា ខ្លួននិងក្រុមហ៊ុន OpenCorporates បានចងក្រងនូវទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់ ដែលនឹងនាំដល់ពន្លឺនៃអ្នកដែលកាន់កាប់មុខជំនួញនៅប្រទេសកម្ពុជា ហើយការណ៍នេះនឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរអាចទាមទារមកវិញនូវអំណាចរបស់ពួកគេ ព្រមទាំងធ្វើឲ្យអ្នកកាសែត និងសកម្មជនអាចបង្ហាញពីបែបផែននៃការប្រព្រឹត្តអំពើពុករលួយ និងការរំលោភបំពានផ្សេងៗ ដែលបានធ្វើឲ្យរបបរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន បានបន្តស្ថិតក្នុងអំណាចជាង៣០ឆ្នាំ។
អ្នកស្រី Emma Burnett អ្នកធ្វើយុទ្ធនាការរបស់អង្គការឃ្លាំមើល Global Witness ត្រូវបានស្រង់ប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មាននោះតាមន័យដើមថា៖
«ម្តងហើយម្តងទៀត ការស៊ើបអង្កេតរបស់អង្គការ Global Witness បានបង្ហាញថា អ្នកនយោបាយជាន់ខ្ពស់ជាច្រើនរបស់កម្ពុជា ក្រុមគ្រួសាររបស់ពួកគេ និងបក្ខពួករបស់ពួកគេ បានបង្កើតកិច្ចព្រមព្រៀងពុករលួយជាច្រើន និងលួចប្លន់ទ្រព្យសម្បត្តិជាតិ ដោយមិនគិតដល់អ្នកក្រ»។
អ្នកស្រីបានបន្ថែមថា៖
«ដោយការធ្វើឲ្យនយោបាយ និងសេដ្ឋកិច្ចដើរទៅតាមចំណង់ចិត្តរបស់ពួកគេ ក្រុមមនុស្សទាំងនេះ បានធ្វើឲ្យពួកគេក្លាយជាអ្នកមានទ្រព្យសម្បត្តិ និងអ្នកមានអំណាចដែលមិនគួរឲ្យជឿ ហើយបានធ្វើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្លាយជានាយករដ្ឋមន្ត្រីម្នាក់ដែលស្ថិតក្នុងតំណែងយូរជាងគេមួយរបស់ពិភពលោក»។
សេចក្ដីប្រកាសរបស់អង្គការ Global Witness ដែលបានចេញផ្សាយកាលពីថ្ងៃពុធបានឲ្យដឹងថា ប្រភពទិន្នន័យថ្មីដែលបានចងក្រងនេះ មិនមែនសម្រាប់តែប្រទេសកម្ពុជានោះទេ គឺសម្រាប់ពិភពលោកផងដែរ។
សេចក្ដីប្រកាសបានសរសេរក្នុងន័យដើមថា៖
«ក្រុមយុទ្ធនាការកំពុងអំពាវនាវឲ្យរដ្ឋាភិបាលបរទេសទាំងឡាយដាក់ទណ្ឌកម្មលើសមាជិកនានារបស់ក្រុមអភិជនកម្ពុជា ដែលបានវាយបំបែកចោលលទ្ធិប្រជាធិបតេយ្យ និងលួចទ្រព្យសម្បត្តិរដ្ឋ ដោយការរារាំងមិនឲ្យបុគ្គលពុករលួយធ្វើដំណើរទៅកាន់ ដាក់ទុនវិនិយោគ ឬក៏ចំណាយទៅលើសេដ្ឋកិច្ចធំៗ ដូចជាសហរដ្ឋអាមេរិក អឺរ៉ុប និងអូស្ត្រាលី»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
កាលពីឆ្នាំ ២០១៦ អង្គការ Global Witness ដដែលបានចេញរបាយការណ៍ទម្លាយឲ្យដឹងពីការកាន់កាប់ទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានទឹកប្រាក់ជាង២០០លានដុល្លារអាមេរិក។
ក្រោយការចេញរបាយការណ៍នោះ បានប៉ុន្មានថ្ងៃ អ្នកវិភាគនយោបាយដ៏សំខាន់ម្នាក់ គឺលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់នៅចំកណ្ដាលរាជធានីភ្នំពេញ។ ការស្លាប់របស់អ្នកវិភាគរូបនេះ បានកើតឡើង ក្រោយពីលោកបានផ្ដល់ការអធិប្បាយជាបន្តបន្ទាប់ដល់បណ្ដាញព័ត៌មានទៅលើរបាយការណ៍នេះ។
ឃាតករម្នាក់ដែលអះអាងថាឈ្មោះ «ជួប សម្លាប់» ត្រូវបានអាជ្ញាធរចាប់ខ្លួនភ្លាមៗក្រោយការបាញ់ប្រហារ និងត្រូវបានកាត់ទោសដោយតុលាការឲ្យជាប់គុកមួយជីវិត។ ប៉ុន្តែ អ្នកឃ្លាំមើលការវិវត្តន៍សង្គមកម្ពុជា នៅតែយល់ថា ឃាតករឈ្មោះ ជួប សម្លាប់ ដែលក្រោយមកត្រូវបានអាជ្ញាធរបញ្ជាក់ថាឈ្មោះ អឿត អាង នោះ គឺជាឃាតករសិប្បនិម្មិត។
ក្រុមសិទ្ធិមនុស្សជាតិ និងអន្តរជាតិមកពីជាង ៦០ស្ថាប័ន ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ពង្រីកវិសាលភាពនៃការស៊ើបអង្កេតរបស់ខ្លួនលើករណីឃាតកម្មលោក កែម ឡី ដោយសារតែការស៊ើបអង្កេតដែលបានធ្វើឡើងដោយប៉ូលិសមានសមត្ថកិច្ច នៅមានចន្លោះប្រហោងច្រើន៕