ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បញ្ចេញ​ឈ្មោះ​ឧត្តម​សេនីយ៍​ទុច្ចរិត​១២នាក់​​សម្រាប់​ដាក់ទណ្ឌកម្ម


ឧត្តម​សេនីយ៍​១២នាក់​របស់​លោក​ ហ៊ុន សែន។​(រូប​ថត​ថត​ពី​គេហទំព័រ Human Rights Watch​)
ឧត្តម​សេនីយ៍​១២នាក់​របស់​លោក​ ហ៊ុន សែន។​(រូប​ថត​ថត​ពី​គេហទំព័រ Human Rights Watch​)

របាយការណ៍​​ដែលមានចំណងជើងថា​ «មនុស្ស​ទុច្ចរិត​១២​នាក់​របស់​កម្ពុជា» បាន​ឲ្យ​ដឹង​ថា​មាន​មន្ត្រី​យោធា​ និង​នគរបាល​សរុប​តាំងពី​មុន​មក​១២​រូប​ បាន​បង្កើត​នូវអ្វីដែល​ហៅថា​ «​បែប​ផែន​នៃ​កងអង្គរក្ស​ស្ម័គ្រ​ស្លាប់​» ឬមានភក្តី​ភាព​ចំពោះ​ និង​សម្រាប់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ ។

របាយការណ៍​ថ្មី​មួយ​របស់​ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​គឺ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) បាន​ភ្ជាប់ឥស្សរជន​យោធា​កម្ពុជា​ជាន់​ខ្ពស់​បំផុតពីររូប​ ដែល​កំពុង​ប្រកួត​ប្រជែងយក​កៅអី​សភា​នៅក្នុងការ​បោះ​ឆ្នោតសភាខាង​មុខនេះ ទៅ​នឹង​ឃាតកម្ម​ ការ​ធ្វើ​ទារុណកម្ម​ ការ​រំលោភ​នានា​ ការ​ចាប់​ពង្រត់​ និង​ការ​ដណ្តើម​ដីធ្លី​។

របាយការណ៍ដែលមានចំណងជើងថា​ «មនុស្ស​ទុច្ចរិត​១២​នាក់​របស់​កម្ពុជា» បាន​ឲ្យ​ដឹង​ថា​មាន​មន្ត្រី​យោធា​ និង​នគរបាល​សរុប​តាំងពី​មុន​មក​១២​រូប​ បាន​បង្កើត​នូវអ្វីដែល​ហៅថា​ «​បែប​ផែន​នៃ​កងអង្គរក្ស​ស្ម័គ្រ​ស្លាប់​» ឬមានភក្តី​ភាព​ចំពោះ​ និង​សម្រាប់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ ។

នៅក្រោយការ​សម្រេចចិត្ត​របស់​សហរដ្ឋ​អាមេរិក​ ដើម្បី​បង្កក​ទ្រព្យ​សម្បត្តិ​លោក​ឧត្តម​សេនីយ៍ ​ហ៊ីង ប៊ុន​ហៀង​ នៃ​កងអង្គរក្ស​របស់លោក ​ហ៊ុន សែន​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​សង្ឃឹម​ថា​ របាយការណ៍​ខ្លួន​នឹង​កា្លយ​ជាបញ្ជី​នៃ​បេក្ខ​ជន​សម្រាប់​ការ​ទទួល​ទណ្ឌកម្ម​បន្ថែម​ បន្ទាប់​ពីការ​បោះឆ្នោត​ថ្ងៃទី​២៩​ ខែ​កក្កដា​ ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ និយាយ​ថា​ វាមិន​អាច​យក​ជាការ​បាន​រួច​ទៅហើយ​នោះ។

អតីត​មេដឹកនាំ​កំពូល​កង​យុទ្ធពល​ខេមរភូមិន្ទ​ លោក ​ប៉ុល សារឿន​ និង​អតីត​មន្ត្រីក្រោម​បង្គាប់​លោក​ ប៉ុល សារឿន ​គឺ​លោក​ គន់ គីម​ ដែល​អ្នក​ទាំងពីរ​បាន​លាលែង​ពីកង​ទ័ព​ដើម្បី​ឈរ​ឈ្មោះ​បោះឆ្នោត​សភា​ គឺ​ស្ថិត​ក្នុង​ចំណោម​បុគ្គល​គោលដៅ​កំពូលៗនោះ​។

ចំណែកលោក ​សៅ សុខា​ ដែល​បាន​បញ្ជាក់​ការ​ពេញចិត្ត​ជា​សាធារណៈ​របស់​លោក​ចំពោះ​អតីត​មេដឹកនាំ​អាល្លឺម៉ង់​ Adolf Hitler ឬអ៊ីត្លែ​ ហើយនិង​ជា​អ្នកជំនួសបណ្តោះអាសន្ននៃ​តួនាទី​របស់​លោក​ប៉ុល សារឿន​ ​ក៏ស្ថិតក្នុង​ក្រុម​ ដែល​អ្នកនិពន្ធ​របាយការណ៍​នះ​ ​លើកឡើងថា​ បាន​បង្កើត​ឲ្យ​មាន​អំពើ​ឃោរឃៅ​ជា​ប្រព័ន្ធ​ ដើម្បី​កម្ទេច​គូបដិបក្ខ​ខាង​នយោបាយ​របស់​លោក​ហ៊ុន​ សែន​ តាម​រយៈការងារ​របស់​ពួកគេ​។

«​បុរស​១២​នាក់​នេះ​ ​គឺជា​ឆ្អឹង​ខ្នង​នៃ​របប​គាបសង្កត់​សិទ្ធិបុគ្គល​ និង​រំលោភបំពាន ដែល​កំពុង​កើត​ជា​របបផ្តាច់​ការ​កាន់​តែ​ខ្លាំងឡើង​ ​ស្ថិត​ក្រោម​ការ​ដឹកនាំរបស់​លោក ហ៊ុន សែន»។ នេះ​បើយោង​តាម​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ។

របាយការណ៍​បាន​ចោទប្រកាន់​ថា​ ពួកគេបាន​កាន់​តួនាទីនាំមុខ​នៅក្នុងរាល់​ទម្រង់ធំៗនៃ​អំពើ​ហិង្សា​ខាង​នយោបាយ​ នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ថ្មី​ៗនេះ​។ ក្នុងនោះ​ មានយុទ្ធនាការ​បោះ​ឆ្នោត​កាប់​សម្លាប់​ក្នុង​ឆ្នាំ​១៩៩៣​ ការវាយប្រហារ​ដោយគ្រាប់​បែកដៃ​នៅឆ្នាំ​១៩៩៧​ លើការ​ប្រមូល​ផ្តុំ​របស់​ក្រុមជំទាស់​ និង​ការ​វាយយក​អំណាច​យោធា​យ៉ាង​ហិង្សា​របស់​លោក ហ៊ុន​ សែននាពេលក្រោយមក​ទៀត​ នៅក្នុងឆ្នាំនោះ និង​ការសម្លាប់ខាង​នយោបាយ​ជាច្រើន​ដែលបាន​កើត​ឡើង​ ជាបន្ត​បន្ទាប់​មក​។

យ៉ាងណាមិញ​ ក្រសួង​ការពារ​ជាតិ​កម្ពុជា​ បាន​ឆ្លើយ​តបទៅនឹង​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ភ្លាម​ៗនាថ្ងៃ​ព្រហស្បតិ៍នេះ។ ​សេចក្តី​ថ្លែងការណ៍របស់​ក្រសួងការពារ​ជាតិ​ ដែល​ចេញផ្សាយ​ថ្ងៃ​នេះ​ បាន​លើកឡើង​ថា​ របាយការណ៍នោះ​ គឺ​ជា​ការ​វាយប្រហារ​ដោយ​គ្មាន​មូលដ្ឋាន​មក​លើមេដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា​ ហើយ​បន្ថែមនូវភស្តុតាង​នៃការ​ឃុបឃិត​ប្រព្រឹត្ត​អំពើទុច្ចរិត​របស់​បរទេស​ដើម្បី​ញុះញង់​ឲ្យ​មាន​ «​បដិវត្តន៍ពណ៌»​ នៅកម្ពុជា។

សេចក្តីថ្លែង​ការណ៍របស់​ក្រសួង​ការពារ​ជាតិ​បាន​សរសេរ​ថា៖«​ការ​ប្រឌិត​របាយ​ការណ៍​បែប​ឆ្កួត​លីលា​ របស់​ក្រុមនេះ​ គឺជាការរំលោភ​បំពាន​ម្តង​ហើយ​ ម្តង​ទៀត​ មក​លើ​អធិបតេយ្យ​ភាព​ ឯក​រាជ្យភាព​ និង​នីតិរដ្ឋ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​បម្រើ​នយោបាយ​ទុច្ចរិត​ របស់ជនបរទេស​មួយចំនួន​ និង​អ្នកនយោបាយក្បត់​ជាតិ​ ដែលបាន​ប៉ុនប៉ង​ បង្កើត​បដិវត្តន៍​ពណ៌​ បំផ្លិចបំផ្លាញ​ ដល់​សន្តិភាព​ និង​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ហើយបើ​ទោះបីជា​ ផែនការ​បដិវត្តន៍​ពណ៌នេះ​ បាន​បរាជ័យ​ រហូតដល់​មានការ​ចាប់​មេខ្លោង​រួចហើយ​ក៏ដោយ​ ក៏ក្រុមនេះ​ខ្លះ​ នៅមិន​ទាន់​បោះបង់​ចោល​គំនិត​ បំផ្លិចបំផ្លាញ​ជាតិ​កម្ពុជា​ នៅឡើយ​ទេ»។

នៅក្នុង​ខែ​កញ្ញា​ ឆ្នាំមុននេះ​ លោក ​កឹម សុខា​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជាបក្ស​ប្រឆាំង​ ត្រូវបាន​ចាប់​ខ្លួន នៅមុន​គណបក្ស​លោក​ ដែល​ជា​បក្ស​ប្រជែងគួរឲ្យជឿជាក់​បាន​ ត្រូវបាន​រំលាយ​នៅ​ខែ​វិច្ឆិកា ដោយ​ផ្អែក​លើ​ហេតុផលថា​ គណបក្ស​នេះ​ កំពុងរៀបចំ​ «បដិវត្តន៍ពណ៌មួយ» ដូចអ្វីៗ​ដែលបានបក់បោក​នៅមជ្ឈឹម​បូព៌ាកាលពី​ពេលកន្លង​នេះ។

ការចោទប្រកាន់​នេះ ត្រូវបាន​ចំអកដោយ​ក្រុមអ្នកសង្កេតកាណ៍​ក៏ប៉ុន្តែ​ខាងយោធា ​បាន​ប្រុងប្រៀប​ខ្លួន​នៅពីក្រោយ​រឿងនេះ​ ដោយបាន​ប្តេជ្ញា​វាយបំបែក​ចោល ក្រុមណាដែល​ទទួលខុស​ត្រូវ​ ហើយ​នៅពេល​ខ្លះ​បានប្រើ​ភាសា​គួរ​ឱ្យ​បារម្ភ​និង​ខ្លាច​ពីអតីត​ ដូច​ជា​ «កម្ទេច» និង «ដកចេញ»។

VOA មិនទាន់​អាច​សុំការអធិប្បាយ​ពី​នាយឧត្តមសេនីយ៍ ប៉ុល​ សារឿន​ អតីត​អគ្គមេបញ្ជាការ​កងយុទ្ធ​ពល​ខេមរភូមិន្ទ​ និង​នាយឧត្តមសេនីយ៍ សៅ សុខា ​មេបញ្ជាការ​កងរាជអាវុធ​ហត្ថ​ ដែលកំពុង​ជំនួស​លោក ប៉ុល​ សារឿន​ ជាអគ្គមេបញ្ជាការស្តីទីនៃកងទ័ពកម្ពុជា​បានទេនៅថ្ងៃ​ព្រហស្បតិ៍​នេះ។ នាយឧត្តមសេនីយ៍ ​ខៀវ សុភ័គ​ អ្នកនាំពាក្យក្រសួងមហាផ្ទៃ​ មាន​ប្រសាសន៍​ថា​ លោករវល់។ VOA ក៏មិនទាន់​អាច​សុំការអធិប្បាយ​ពី​អ្នកនាំពាក្យនគរបាល​ជាតិ​នាយ​ឧត្តម​សេនីយ៍ គៀត ចាន់ថារិទ្ធ​ បាន​ផង​ដែរ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ បានលើកឡើងថា​ កំណែទម្រង់​បែប​ប្រជាធិបតេយ្យ​មិន​អាច​ទៅរួចនោះ​ទេ​ ដោយការមានឥស្សរជន​រដ្ឋ​ផ្នែក​សន្តិសុខ​ដែលមាន​អំណាច និង​ពោរ​ពេញ​ដោយ​ហិង្សា​បែប​នេះ​ ស្ថិតក្នុង​ស្ថាប័ន​ស្នូល​សំខាន់ៗ​របស់​គណបក្ស​ប្រជាជនកម្ពុជា​ដែលជា​គណបក្ស​កាន់អំណាច។

ក៏ប៉ុន្តែ​នាយឧត្តមសេនីយ៍ ឈុំ​ សុជាតិ​ អ្នកនាំពាក្យក្រសួង​ការពារ​មានប្រសាសន៍​ប្រាប់​ VOA នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ក្រុមមេដឹកនាំយោធា ប៉ូលិស ​និង​កងរាជអាវុធ​ មិនបាន​ប្រព្រឹត្ត​ទង្វើ​បំពាន​សិទ្ធិមនុស្ស​នោះទេ ហើយអ្វីដែលឥស្សរជន​ទាំងនោះបាន​បំពេញនោះ​ គឺកិច្ច​ការពារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

«អ្វីដែល​គាត់​អនុវត្ត​តាម​ គឺ​ដើម្បីបម្រើ​ឲ្យ​របប​ប្រជាធិប​តេយ្យ​សេរី​ពហុបក្ស​ អ៊ីចឹង​អ្វីដែល​គាត់​អនុវត្តហ្នឹង​ ខ្ញុំគិតថា​ ជាតួនាទី​ដែលគាត់​ត្រូវ​អនុវត្ត​ ដោយឡែក​ការ​លើក​ឡើង​អំពីការ​រំលោភ​សិទ្ធិ​មនុស្ស​ រំលោភ​អីហ្នឹង​។ នេះ​ជា​អំពើមួយដែល​មិន​អាច​ទទួល​យក​បាន​ទេ​»។

លោក ឈុំ សុជាតិ​ បានថ្លែងបន្តថា លោកមិនដឹង​ថា​ សហរដ្ឋ​អាមេរិក​នឹង​មាន​ជំហរ​បែបណា​ ក្នុង​បញ្ហា​បន្ថែម​ទណ្ឌកម្មលើកងកម្លាំងប្រដាប់អាវុធកម្ពុជា​នោះទេ​ តែលោកថា​ យោធាកម្ពុជា​ មិន​គាំទ្រ​ដាច់​ខាត​ការប៉ុនប៉ង​ ដាក់​ទណ្ឌកម្មមិនសមហេតុផលនោះ​។

«រឿងទណ្ឌកម្ម​ ទណកម្ម​ យើង​មិន​អាច​ដឹង​ទេ​ អាហ្នឹង​គឺរឿង​អាមេរិកាំង​ ប៉ុន្តែ​យើង​មិន​ មិន​ មិន​គាំទ្រ​ទេ​ អំពើហ្នឹង​ យើង​ប្រឆាំង​ដាច់​ខាត​ហើយ»។

ក្រុមឥស្សរជន​ទាំង១២រូបនេះ គឺជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពជា​ ដែល​ជា​អង្គភាពផ្លូវ​ការ​ក្នុង​ការ​តាក់​តែងគោលនយោបាយ​កំពូលរបស់​បក្ស​។

ក្នុងក្រុមឥស្សរជន​ទាំង​១២ រូប​នេះ​ ក៏មាន​អគ្គស្នងការនគរបាល​ជាតិ​នាយឧត្តម​សេនីយ៍​នេត សាវឿន និង​លោក​ជួន សុវណ្ណ ដែលស្ថិតក្រោម​បញ្ជាលោក​នេត សាវឿន។ នាយឧត្តម​សេនីយ៍ ជួន សុវណ្ណ ក៏​ជាស្នងការ​ប៉ូលីស​ក្រុងភ្នំពេញ។ ឥស្សរជនមួយរូបទៀត គឺនាយឧត្តមសេនីយ៍​ម៉ក់ ជីតូ ដែលកាន់​តំណែង​នៅក្រោមលោក​នេត សាវឿន និងលោក​សុខ ផល​ ដែល​ជាអគ្គនាយក​នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។

លោក​ Phil Robertson ​នាយករង​អង្គការ​មើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​ ថ្លែង​ថា​ របាយ​ការណ៍​បាន​ធ្វើ​ឡើង ដោយមានបំណង​បង្ហាញ​ឲ្យច្បាស់​នូវ​ឥស្សរជន​យោធា និង​ប៉ូលីសបែប​នេះ​ មានលទ្ធភាពរារាំង​ការជំទាស់​ណាមួយ​ នាំទៅរក​ការដួលរលំ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

លោកបាន​ថ្លែង​ថា៖ «អ្នកដឹងហើយ​រាល់និយាយរបៀបនេះ​ ថា​ នេះ​ជា​របប​ផ្តាច់​ការ​ តែ​ហេតុអី​ បាន​ជាប្រជាជនមិន​អាច​ក្រោក​ជំទាស់បាន​»។

លោកបានបន្ថែមក្នុងន័យដើមថា៖

«​បញ្ហា​គឺថា​ លោក​ហ៊ុន សែន​ មាន​យោធា​ ដែល​បាន​ត្រៀម​ខ្លួន​ជាស្រេច​ ដើម្បី​បាញ់​ប្រហារ​ ប្រសិន​បើពួកគេ​តម្រូវ​ឲ្យធ្វើនោះ​ ហើយ​ពួកគេ​បាន​ធ្វើរឿងនោះ​ កាលពីកន្លងមក​ នៅកន្លែងមានការ​តវ៉ា​ ការតវ៉ា​ដោយ​សន្តិវិធី​ នៅកន្លែងដែលទាហាន​ថ្មើរជើង​បាន​ឆ្លើយ​តប​នឹង​ការ​បាញ់​គ្រាប់​ពិត​»។

យ៉ាងណាក៏ដោយ​ចុះ​ អ្វី​ដែល​គួរឲ្យកត់​សម្គាល់នៅក្នុងរបាយការណ៍​របស់អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នោះ​គឺ​ពុំមាន​វត្តមាន​នាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង​ មេបញ្ជាការ​កងអង្គរក្ស​លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​នោះទេ​។ លោក​ហ៊ីង​ ប៊ុនហៀង​ ​ត្រូវបាន​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​រួច​មក​ហើយ​នៅ​ខែ​នេះ​ សម្រាប់​ប្រវត្តិ​ដែលរងការចោទប្រកាន់​របស់​លោក​នៃ​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស​។ ទ្រព្យសម្បត្តិរបស់​លោក​ហ៊ីង ប៊ុនហៀង​នៅអាមេរិក​ត្រូវបាន​បង្កកទុក​ ហើយ​គ្រឹះ​ស្ថាន​នានារបស់​អាមេរិក​ត្រូវបាន​ហាម​ឃាត់​មិនឲ្យ​រកស៊ី​ជាមួយ​មេ​កង​អង្គរក្ស​រូបនេះ​ ផ្អែកលើ​ច្បាប់​សិទ្ធិមនុស្ស Global Magnitsky រហូត​ទាល់​តែ​លោកហ៊ុន សែន​ ចាត់​វិធានការ​សា្តរឡើង​វិញ​នូវ​ការថយចុះ​នៃ​ប្រជាធិ​បតេយ្យ​របស់​ប្រទេស។

លោក​ Robertson​ បាន​និយាយថា​ ការលុបចោល​លោក​ហ៊ីង ប៊ុន​ហៀង​ចេញពី​របាយការណ៍​ គឺមិនមែន​ដោយសារ​តែ​គាត់​ ត្រូវបាន​គេ​ដាក់​ទណ្ឌហើយ​នោះទេ​ ប៉ុន្តែ​គឺដោយសារ​ថា​ របាយ ការណ៍​នេះ​ផ្តោត​តែ​ទៅលើ​ មេដឹកនាំ​កងយុទ្ធពល​ខេមរភូមិន្ទ​ និង​នគរបាល​ប៉ុណ្ណោះ៕

XS
SM
MD
LG