ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​នៅ​កម្ពុជា​ថា​ការចរចា​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែន​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់​លាស់ ​ខណៈ​រុស្ស៊ី​បង្កើន​ការ​វាយ​ប្រហារ


ទិដ្ឋភាព​នៃ​ការខូចខាត​ ដែល​ក្រុម​មន្ត្រី​រដ្ឋបាល​អ៊ុយក្រែន​អះអាង​ថា កើត​ឡើង​ដោយសារ​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​មួយរបស់​រុស្ស៊ី នៅ​ចំ​កណ្ដាល​ទីក្រុង Kharkiv ប្រទេស​អ៊ុយក្រែន ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។
ទិដ្ឋភាព​នៃ​ការខូចខាត​ ដែល​ក្រុម​មន្ត្រី​រដ្ឋបាល​អ៊ុយក្រែន​អះអាង​ថា កើត​ឡើង​ដោយសារ​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​មួយរបស់​រុស្ស៊ី នៅ​ចំ​កណ្ដាល​ទីក្រុង Kharkiv ប្រទេស​អ៊ុយក្រែន ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។

អ្នកវិភាគ​នយោបាយ​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​ មិន​មាន​សុទិដ្ឋិនិយម​ថា ការ​ចរ​ចា​ដែល​អាច​ឈាន​ទៅ​បន្ថយភាព​តានតឹង​នៅអ៊ុយក្រែន​ អាច​ធ្វើទៅរួច​នោះ​ទេ​ នៅពេល​មេដឹកនាំ​រុស្ស៊ីគ្មាន​ចេតនា​បន្ធូរ​ដៃ​ក្នុង​ការ​វាយ​ប្រហារ​ទៅលើប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត​មួយ​នេះ។

កងទ័ព​រុស្ស៊ី​បាន​វាយ​លុកលុយ​ចូល​ប្រទេស​អ៊ុយក្រែន​ដោយ​មិនបាន​ប្រកាស​ទុកជាមុន ​កាល​ពីព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​ទី២៤ ​ខែកុម្ភៈ​ ហើយ​ស្របពេល​ជាមួយ​គ្នានោះប្រធានាធិបតី​រុស្ស៊ីលោក​ Vladimir Putin បាន​ព្រមាន​ប្រទេស​ដទៃ​មិន​ឲ្យ​ចូល​មក​អន្តរាគមន៍​។

ភា្លមៗ​ក្រោយ​ការ​បើក​ការ​វាយ​ប្រហារ​របស់​រុស្ស៊ីទៅលើ​អ៊ុយក្រែន​ ​សម្ពន្ធមិត្ត​លោក​ខាង​លិចបន្ត​ប្តេជ្ញា​គាំទ្រ​អ៊ុយក្រែន ​និង​ប្រកាស​ការដាក់​ទណ្ឌកម្ម​ថ្មីៗ​ទៀត​ និង​ថ្កោល​ទោស​ការ​វាយប្រហារ​របស់​រុស្ស៊ី​នេះ។

អ្នកវិភាគ​នយោបាយ​លោក​ សេង សារី​ យល់​ថា​ សង្គ្រាម​នៅ​អ៊ុយ​ក្រែន​អាច​រីកធំ​ ប្រសិន​បើមាន​ការលូកដៃ​ពី​ភាគី​ផ្សេង​ទៀត និង​ថា​ការ​ចរចា​ដើម្បី​បន្ថយ​ការ​តបត​គ្នាដោយ​អាវុធ​នៅ​អ៊ុយ​ក្រែន​នឹង​មិន​អាច​ទៅរួច​ ទេ​ខណៈរុស្ស៊ី​មិន​ព្រម​បញ្ឈប់​ការ​វាយ​ប្រហារ​លើ​អ៊ុយក្រែន​។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា៖​ «បើ​សិន​ជា​ក្នុង​ណាតូ​ កាន់​តែ​លូកជ្រៅ​ទៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​ខ្ញុំមើល​មក​ឃើញ​ថា​ បើ​យើង​ផ្អែក​លើ​ការ​តាំង​ចិត្ត​របស់​ពូទីន​ យើង​ឃើញ​ថា​សង្គ្រាម​អាច​មាន​ការរីកធំ​ណាស់​។ ក៏ប៉ុន្តែ​យើង​មើល​ឃើញ​សញ្ញា​នៅ​ក្នុង​ការ​ចរចា​ដែរ​ ថា​តើ​ការ​ចរចា​ហ្នុង​មាន​ផល​យ៉ាង​ម៉េចនោះគឺ​ហាក់​ដូច​ជា​នៅមាន​ភាព​ស្រពេច​ស្រពិល។ ហើយ​ថ្មីៗ​នេះ​ ក៏ឃើញ​មាន​លោក​នាយក​រដ្ឋមន្ត្រី​របស់​អ៊ុយក្រែន​ហ្នឹង​ចុះ​ហត្ថលេខា​ ដើម្បី​ស្នើ​សុំ​ចូល​ជា​សមាជិក​របស់​ណាតូ​អី​ទៅ​ទៀត​»។

លោក​បន្ថែម​ថា​៖ «អញ្ចឹង​សង្គ្រាម​នេះ​ ជា​សង្គ្រាម​របៀប​អូស​បន្លាយ​ ហើយ​វាអាច​នឹង​មាន​មហន្តរាយ​ធំ​សម្រាប់​ពិភព​លោក​បើសិន​ជា​ក្នុង​ករណី​ប្រទេស​ផ្សេង​ទៀត​លូកដៃ​នៅក្នុង​សង្គ្រាម​ហ្នឹង​»។

ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប អ្នកស្រី Ursula von der Leyen ទះដៃ បន្ទាប់​ពី​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែង​សុន្ទរកថា​តាម​អនឡាញ ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​ពិសេស​មួយ​ស្ដី​ពី​ប្រទេស​អ៊ុយក្រែន នៅ​សភា​អឺរ៉ុប ក្នុង​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។
ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប អ្នកស្រី Ursula von der Leyen ទះដៃ បន្ទាប់​ពី​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែង​សុន្ទរកថា​តាម​អនឡាញ ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​ពិសេស​មួយ​ស្ដី​ពី​ប្រទេស​អ៊ុយក្រែន នៅ​សភា​អឺរ៉ុប ក្នុង​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។

ក្រោយការ​វាយ​ប្រហារ​របស់រុស្ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ អង្គការ​កតិកា​សញ្ញា​អាត្លង់ទិក​ខាង​ជើង ​(ណាតូ)​ ដែល​រួម​មាន​ចក្រភព​អង់គ្លេស​និង​សហភាព​អឺរ៉ុប​ ក៏​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ីផង​ដែរ។ បន្ត​បន្ទាប់​ទៀត​ប្រទេស​ផ្សេង​ទៀត​ ក្នុងនោះ​មាន​ប្រទេស​កាណាដា​ និងអាល្លឺម៉ង់​បាន​បង្ហាញ​ជំហរ​ជំទាស់នឹង​អ្វីដែល​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ហៅថា​ជាការ​ឈា្លនពាន​របស់​រុស្ស៊ីមក​លើ​អ៊ុយក្រែន។

ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​ក៏បាន​ប្រកាស​ផ្អាក​អាជីវកម្ម​ខ្លួន​ក្នុង​ទឹកដី​រុស្ស៊ី ​ដែល​រួមមាន​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ Shell និង​ក្រុមហ៊ុន​Equinor ASA ​ដែល​ជា​ក្រុមហ៊ុន​ថាមពល​ដ៏ធំបំផុត​របស់​ប្រទេស​ Norway។ ក្រុម​ហ៊ុន​នៅ​លោក​ខាងលិច​ផ្សេងទៀត​ ក្នុង​នោះ​គឺធនាគារ​សាកល​HSBC ក៏ប្រកាស​ត្រៀម​ចាក​ចេញ​ពីប្រទេស​រុស្ស៊ី​ផងដែរ​។

អង្គការ​សហប្រជាជាតិ​ក៏បាន​ប្រតិកម្ម​ទៅនឹង​ការ​វាយប្រហារ​របស់​កងទ័ព​រុស្ស៊ីក្នុង​ទឹកដី​អ៊ុយក្រែន​ ដោយ​បាន​កោះប្រជុំបន្ទាន់​មួយ​ប្រទេសជា​សមាជិក​១៩៣​ប្រទេស​។ កិច្ចប្រជុំ​ នឹងបើក​ឱកាស​ឲ្យ​សមាជិក​ទាំង​អស់ថ្លែង​អំពី​សង្គ្រាម​ និង​បោះឆ្នោត​លើ​ដំណោះ​ស្រាយ​មួយនៅពេល​ក្រោយ​ក្នុង​សប្តាហ៍​នេះ ​ដើម្បី​ឲ្យ​រុស្ស៊ី​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន។

យ៉ាង​ណា​ក៏​ដោយ ​រដ្ឋាភិបាល​ប្រទេស​ខ្លះ​បាន​ប្រកាស​គាំទ្រ​ការ​ឈ្លានពាន​របស់​រុស្ស៊ីលើ​ប្រទេស​អ៊ុយក្រែន​ ដែល​រួម​មាន​មេដឹកនាំ​របប​សឹក​ភូមា​ និង​ប្រធានាធិបតី​បេឡារុស។

ប្រធានាធិបតី​បេឡារុស ​លោក ​Aleksander Lukashenko ​ត្រូវបាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​រំពឹង​ថានឹង​បញ្ជូន​កងទ័ពដ៏​ខ្លាំង​របស់​បេឡារុស​ប្រមាណ​៤ម៉ឺន​៨ពាន់​នាក់​ទៅ​ធ្វើ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ​ដើម្បី​ជួយ​អន្តរាគមន៍​ដល់​កង​កម្លាំង​រុស្ស៊ី​ដែល​កំពុង​វាយ​ប្រហារ​ឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន។

ដំណាល​គ្នានឹង​ការ​ប្រយុទ្ធ​ដែល​បន្តមាន​នៅ​ក្នុងទឹកដី​អ៊ុយក្រែន​ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ទីក្រុង​កៀវ​ គឺ​លោក​ប្រធានាធិបតី ​Volodymyr Zelenskyy ​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​ចោទ​ប្រកាន់​រុស្ស៊ី​ពី​ការ​បន្ត​យុទ្ធនាការ​បាញ់​ផ្លោង​របស់ខ្លួន​លើ​ប្រទេស​អ៊ុយក្រែន ​ក្រោយ​មាន​ការ​ចរចា​ក្នុង​គោល​បំណង​បញ្ចប់​សង្រ្គាម​ដែល​បាន​ផ្ទុះ​ឡើង​។ ក្នុង​សុន្ទរកថា​តាម​វីដេអូ ​លោក​ Zelenskyy បាន​និយាយ​ថា រុស្ស៊ី​បាន​បាញ់​ផ្លោង​លើ​ទឹកដី​អ៊ុយ​ក្រែន​ ខណៈ​គណៈប្រតិភូ​ប្រទេស​នានា​បាន​បញ្ចប់​កិច្ច​ពិភាក្សា​ក្នុង​ប្រទេស​បេឡារុស​។

សាស្ត្រាចារ្យ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ​លោក ​ឯម​ សុវណ្ណារ៉ា ​ថ្លែង​ថា​ ការ​ចរចា​ដើម្បី​ឲ្យមាន​ការ​បញ្ចប់​ជម្លោះ​រវាង​អ៊ុយក្រែន ​និង​រុស្ស៊ីស្ថិត​នៅក្នុង​ស្ថានភាព​ផុតស្រួយ​ ពេល​ដែលរដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ព្យាយាម​ដាក់​ឥទ្ធិពល​លើ​អ៊ុយក្រែន​ដែលជា​រដ្ឋ​អធិបតេយ្យ​តាម​រយៈការ​ចរចា​កន្លង​មក​នោះ។ លោក​ប្រាប់​វីអូអេ​យ៉ាង​ដូច្នេះ​៖​

«ដូច្នេះ​ហើយ​ យើង​ឃើញ​យន្តការ​នៃ​ការ​ជួយ​គាំពារ​ ឬគាំទ្រ​របស់​ណាតូ​ ហើយ​និង​បណ្តា​ប្រទេស​មួយ​ចំនួន​សហភាព​អឺរ៉ុប​ទៅ​អ៊ុយ​ក្រែន​នេះ ខ្ញុំ​គិតថា​ នៅ​ពេល​ដែល​កម្លាំង​ទាំង​ពីរហាក់​ដូច​ជា​តតាំង​គ្នា​ឬក៏​ប្រយុទ្ធ​គ្នា​ដល់​តម្លៃ​មួយ​ដែល​អាច​ថា​លែង​ទៅ​មុខ​លែង​ប្រើប្រាស់​សង្គ្រាម​បាន​ ទើប​ងាក​មក​រកចរចា​ជា​ថ្មី​។ បច្ចុប្បន្ន​នេះ​ ប្រហែល​ជា​ការ​ចរចា​មិន​អាច​ឈាន​ទៅដល់​ដំណាក់​កាល​នៃ​ការដោះ​ស្រាយ​បាន​ទេបាទ​»។

រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy (ឆ្វេង) និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin (ស្ដាំ) អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​មួយ​នៅ​វិមាន Elysee Palace ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ (Ian Langsdon/Pool Photo via AP, File)
រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy (ឆ្វេង) និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin (ស្ដាំ) អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​មួយ​នៅ​វិមាន Elysee Palace ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ (Ian Langsdon/Pool Photo via AP, File)

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​រូបនេះ​បាន​កោត​សរសើរ​ដល់​ការតស៊ូ​ និង​ស្មារតី​ការពារ​ជាតិ​ របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Zelenskyy ក្នុង​ការ​តទល់​នឹង​ការវាយ​លុក​របស់​កងទ័ព​រុស្ស៊ី ​ដែល​អាច​ជាគំរូ​មួយ​ជំរុញ​ទឹកចិត្ត​ពលរដ្ឋ​ ឬក៏​យុវជន​កម្ពុជាឲ្យ​ឈឺឆ្អាល​បញ្ហា​សង្គម​កាន់​តែ​ច្រើន​ឡើង​។

ដោយឡែក​ ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក​ សុខ​ ទូច​ អះអាងថាទង្វើ​របស់​រុស្ស៊ី​ជា​ការឈ្លាន​ពាន​បំពាន​ទឹកដី​អ៊ុយក្រែន ​ដោយ​លោក​បាន​ផ្តល់​សេចក្តី​ពន្យល់​ថា​សង្គ្រាមនឹងមិន​ផ្ទុះឡើង​ទេ​ ព្រោះថា​រុស្ស៊ី​បាន​ដាក់​សំណើ​បីទៅអង្គការ​ណាតូ។ ប៉ុន្តែ​ណាតូ​និងសម្ពន្ធមិត្តរួម​និង រដ្ឋាភិបាល​អ៊ុយក្រែន​មិនទាន់ទាំង​ឆ្លើយ​តប​ផង​ រុស្ស៊ីចាប់​ផ្តើមប្រើប្រាស់កម្លាំង​យោធា​មក​លើ​អ៊ុយក្រែន​ ដោយ​ថែម​ទាំង​គ្មាន​ការ​ប្រកាស​ជា​មុន​។

លោក​ឡើង​ថា​ពី​សំណើ​ទាំង​បី​ថា​៖ «មួយមិន​អនុញ្ញាត​ឲ្យ​ប្រទេស​អ៊ុយ​ក្រែន​ចូល​ជា​សមាជិក​សម្ពន្ធ​មិត្ត​ណាតូ ​ហើយ​មក​ដល់​ពេល​នេះ ​ប្រទេស​អ៊ុយក្រែន​មិន​ទាន់​ក្លាយ​ជា​សមាជិក​អង្គការ​ណាតូ​(NATO) នៅ​ឡើយ​ទេ​។ ពីរ​រុស្ស៊ី​បាន​ស្នើ​ដល់អង្គការ​ណាតូ ​(NATO)​ កុំ​ដាក់​ខែល​មីស៊ីល​នៅ​លើ​ទឹកដី​អ៊ុយក្រែន​។ បីរុស្ស៊ី​បាន​ស្នើ​កុំឲ្យ​មាន​វត្តមាន​កង​ទ័ព​បរទេស​នៅ​លើ​ទឹកដី​ប្រទេសអ៊ុយក្រែន»។

លោក​បន្ថែម​ថា​ មក​ដល់​ពេល​នេះ​ នៅ​លើ​ទឹក​ដីអ៊ុយក្រែន​គ្មាន​ទេ​វត្តមាន​កងទ័ព​បរទេស​ គ្មាន​ទេ​ខែល​មីស៊ីល ​ហើយ​សមាជិកភាព​ចូល​ណាតូ​របស់​អ៊ុយក្រែន​ក៏មិន​ទាន់​មាន​ចម្លើយ​ដែរ​ ប៉ុន្តែរុស្ស៊ី​បែរ​ជា​លើក​ទ័ព​ចូល​ទឹក​ដី​អ៊ុយ​ក្រែន​ទៅវិញ។

លោក សុខ​ ទូច​ បាន​លើក​ឡើង​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកក្នុងន័យ​ដើមថា៖​ «ដូចនេះ​ ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​របស់​រុស្ស៊ី​ គឺ​ជា​ការ​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន​ ព្រោះរុស្ស៊ី​មិន​បាន​ប្រកាស​ជាមុន​ ហើយ​មក​ទល់​ពេលនេះ​ ទាំង​អង្គការ​ណាតូ​និងអ៊ុយ​ក្រែន​ នៅ​មិន​ទាន់​ប្រកាស​សង្គ្រាម​ជា​មួយ​រុស្ស៊ី​នៅ​ឡើយ​ទេ​ អ៊ុយ​ក្រែន​ត្រឹម​ប្រើ​ប្រាស់​កម្លាំង​ទ័ព​ដើម្បី​ការពារ​ខ្លួន ត្បិត​បើធ្វើ​សង្គ្រាម​គឺ​ត្រូវ​ប្រកាស​ជាមុន ហើយ​បើ​សហរដ្ឋ​អាមេរិក​ ឬណាតូ​ប្រកាស​សង្គ្រាម​ជា​មួយ​រុស្ស៊ី​នោះ សង្គ្រាម​លោក​លើក​ទី៣​ច្បាស់​ជា​កើត​ឡើង​មិន​ខាន​។​ទង្វើ​របស់​រុស្ស៊ីនា​ពេល​នេះ ​គឺវា​ខុស​ច្បាប់​អន្តរជាតិ»។

វីអូអេ​មិនអាច​សុំ​ការ​អត្ថា​ធិប្បាយ​ពីមន្ត្រី​កម្ពុជា​មួយ​ចំនួន​ រួមមាន​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​លោក​ ផៃ ស៊ី​ផាន​ និង​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ លោក ជុំ​ សុន្ទរី។ ចំណែក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន សែន​បាន​លើក​ទឹកចិត្ត​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​នៅ​អ៊ុយក្រែន​ចរចា​ដោយ​សន្តិវិធី​ ដើម្បី​បញ្ចៀស​សង្គ្រាម​រ៉ាំរ៉ៃ​នៅ​ប្រទេស​អ៊ុយក្រែន​ ដូចអ្វី​ដែល​បាន​កើត​ឡើង​នៅក្នុង​មជ្ឈិម​បូព៌ា​ប្រទេស​មួយ​ចំនួន​ដូច​ជា​ប្រទេស​អ៊ីរ៉ាក់ ​ស៊ីរី ​លីប៊ី​ជា​ដើម។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក​អ៊ូ ច័ន្ទរ័ត្ន​ និង​ជា​ស្ថាបនិក​គណបក្ស​«កែទម្រង់​កម្ពុជា»​ យល់​ថា​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​ទំនងជា​គិត​ថា​ គាត់​អាច​ផ្តួលរំលំរដ្ឋាភិបាល​នៃរដ្ឋធានី​កៀវ​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ ដើម្បី​លោក​អាច​រៀបចំ​រដ្ឋាភិបាល​អាយ៉ង​មួយ​ដែល​គាត់​ចង់​បាន​ ក្នុង​ទឹកដី​អ៊ុយក្រែន​។

ប៉ុន្តែការណ៍នេះ​ គឺផ្ទុយ​ពីការគិត​របស់​លោកពូទីន​ ដោយ​សារ​តែនៅ​ក្នុង​រយៈ​ពេល​ជិត​មួយ​សប្តាហ៍​នេះ​មេ​ដឹក​នាំ​ក្រុងកៀវ​ និង​ពលរដ្ឋ​អ៊ុយក្រែន​មិន​ចុះញ៉ម​នឹង​ការឈ្លាន​ពានរបស់​រុស្ស៊ី ដោយ​ក្រោក​ឈរ​ប្រឆាំង​ការ​ប្រយុទ្ធ​របស់​រុស្ស៊ី​ចូលទឹក​ដីផងខ្លួន។​

បើ​តាម​លោក អ៊ូ​ ច័ន្ទរ័ត្ន​ រុស្ស៊ីអាច​ជាប់​ផុង​ក្នុង​ជម្លោះ​នៅ​អ៊ុយក្រែន​ ខណៈ​មេដឹកនាំ និងប្រជាជនអ៊ុយក្រែន បាន​ប្តេជ្ញា​ចិត្ត​មិនដក​ថយ​ក្នុងការការពារ​អធិបតេយ្យ​ និងបូរណភាព​ទឹកដីអ៊ុយក្រែន។ ក៏ប៉ុន្តែ​មហិច្ឆតារបស់​លោក​ពូទីន​ គឺ​ជាអ្វីដែល​ពិបាក​ស្មាន​ ដោយ​មេដឹកនាំ​រុស្ស៊ី​រូបនេះ​បាន​គំរាម​ប្រើ​ប្រាស់​អាវុធនុយក្លេអ៊ែ ​ដែល​អាច​បង្ក​មហន្តរាយ​ដល់​ពិភព​លោក​។

អតីត​តំណាងរាស្ត្រ​រូបនេះ​លើក​ឡើង​បន្ថែម​ថាប្រសិន​បើ​លោក ពូទីន​ ដែល​គេចាត់​ទុកថា​ជាមេដឹកនាំ​ផ្តាច់ការមាន​បំណង​កសាង​ចក្រភព​រុស្ស៊ីឡើងវិញ​ នោះ​ពិភព​លោក​នឹង​ប្រឈុម​មុខជាមួយ​គ្រោះថ្នាក់កាន់​តែ​ខ្លាំង​ឡើង​៕

XS
SM
MD
LG