នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានស្នើឱ្យមានការជជែកនិងដោះស្រាយដោយសន្តិវិធីនៅចំពោះមុខវិបតិ្តអ៊ុយក្រែនដែលកំពុងរងការវាយប្រហារដោយកម្លាំងយោធាពីប្រទេសរុស្ស៊ី។
ឆ្លើយតបដោយប្រុងប្រយ័ត្ននឹងសំណួរអ្នកកាសែតអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Yaakob) អំពីការផ្ដើមវាយប្រហារអ៊ុយក្រែនដោយរុស្ស៊ីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះលោក ហ៊ុន សែន បានថ្លែងថា៖ «ឯកឧត្ដមនាយករដ្ឋមន្ត្រី Ismail និងខ្ញុំ គឺបានយល់ស្របគ្នាថា ទាមទារនូវកិច្ចសន្ទនានិងដំណោះស្រាយដោយសន្តិវិធី»។
ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថាប្រធានាធិបតីរុស្ស៊ី Vladimir Putinបានចេញបញ្ជាឱ្យបើកការវាយប្រហារតាមផ្លូវយោធាលើប្រទេសអ៊ុយក្រែន ហើយថាទីក្រុងមូស្គូស្វះស្វែងរកការសម្រេចឱ្យបាននូវការធ្វើ «បដិយោធាភាវូបនីយកម្ម»និង«បដិណាស៊ីភាវូបនីយកម្ម»ឬការតម្រូវមិនឲ្យមានទំនើបកម្មយោធាដែលសំដៅរំលាយចោលរចនាសម្ព័ន្ធអង្គការចាត់តាំងយោធាអ៊ុយក្រែនទាំងស្រុងតែម្ដង។
ការបើកការវាយប្រហារនេះរងការរិះគន់និងថ្កោលទោសយ៉ាងដំណំពី សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ដែលសន្យាថានឹងមានការតបត៕