ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​មួយ​ចំនួន​បារម្ភ​​ថា ​សង្គ្រាម​រុស្សី-អ៊ុយ​ក្រែន​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៅ​​កម្ពុជា


លោក ខែម សុខឿន អ្នករត់ម៉ូតូឌុប កំពុងអង្គុយលើម៉ូតូចតចាំភ្ញៀវលើខឿនផ្លូវមួយស្ថិតក្នុងសង្កាត់ដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
លោក ខែម សុខឿន អ្នករត់ម៉ូតូឌុប កំពុងអង្គុយលើម៉ូតូចតចាំភ្ញៀវលើខឿនផ្លូវមួយស្ថិតក្នុងសង្កាត់ដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) មេដឹកនាំប្រទេស​រុស្ស៊ីបាន​បើក​ការ​វាយ​ប្រហារ​លើ​ប្រទេស​អ៊ុយក្រែនចាប់​តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ ដែល​រហូត​មក​ដល់​ពេលនេះ គឺ​មាន​រយៈពេល​ ៧​ ថ្ងៃ​មក​ហើយ​។

ប្រជាជន​លើ​ពិភព​លោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើសង្គ្រាមឈ្លាន​ពាន​មួយ​នេះ ដោយ​ក្នុង​នោះ​រួម​ទាំង​ប្រជាជន​កម្ពុជា​ផង​បាន​ចំណាយ​ពេល​តាម​ដាន​ព័ត៌មាន ខ្លះ​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម និង​ខ្លះ​មាន​ការ​ជជែក​នៅ​ហាង​គុយ​ទាវ​ហាង​កាហ្វេ និង​ទីប្រជុំ​ជន​មួយ​ចំនួន​មិន​ដាច់។​

អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុកមួយ​ចំនួន​បាន​ប្តូរ​រូប​ប្រូហ្វាល់​ដោយ​ដាក់​រូប​ទង់ជាតិ និង​រូប​ប្រធានាធិបតី​អ៊ុយក្រែន ខ្លះ​បន្ថែម​រូប​ទង់​ជាតិ​អ៊ុយ​ក្រែន​លើ​រូប​ប្រូហ្វាល់​របស់​ពួកគេ​ជាដើម។ ចំណែក​អ្នក​ប្រើ​ហ្វេសប៊ុក​ខ្លះ​ក៏​បាន​បង្ហោះ​សារ​ចែក​រំលែក​ព័ត៌មាន​ពាក់ព័ន្ធនឹង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន ដោយ​មាន​ការ​បញ្ចេញ​មតិ និង​ជជែក​គ្នា​យ៉ាង​ផុស​ផុល​ផង​ដែរ។​

បុរសម្នាក់គេចចេញពីរថយន្តដែលរងការបំផ្លិចបំផ្លាញដោយសារការប្រយុទ្ធគ្នារវាងទាហានឈ្លានពានរុស្ស៊ី និងទាហានអ៊ុយក្រែន នៅតំបន់ Brovary ជាយក្រុង Kyiv ប្រទេសអ៊ុយក្រែន ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២។
បុរសម្នាក់គេចចេញពីរថយន្តដែលរងការបំផ្លិចបំផ្លាញដោយសារការប្រយុទ្ធគ្នារវាងទាហានឈ្លានពានរុស្ស៊ី និងទាហានអ៊ុយក្រែន នៅតំបន់ Brovary ជាយក្រុង Kyiv ប្រទេសអ៊ុយក្រែន ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២។

ស្រប​ពេល​ដែល​ប្រជាជន​កម្ពុជា​មួយ​ចំនួនកំពុង​សកម្ម​នឹង​ការ​តាម​ដាន​ព័ត៌មាន អំពីសង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី​លើ​ប្រទេស​អ៊ុយ​ក្រែន​ដែល​ជា​ប្រទេស​សម្បូរធនធាន​រ៉ែ ប្រេង និង​ឧស្ម័ន​ដែលបាន​នឹង​កំពុង​បន្ត​ធ្វើ​ឡើង ប្រជាជន​កម្ពុជា​មួយ​ចំនួន​បារម្ភ​ថា កម្ពុជា​អាច​នឹង​រង​ឥទ្ធិពល​ពី​អាវុធនុយ​ក្លេអ៊ែរ និង​វិបត្តិ​សេដ្ឋកិច្ច​ដែលបណ្តាល​មក​ពី​សង្គ្រាម​ក្នុង​ប្រទេស​ទាំង​ពីរ​នោះ។​

កំពុង​អង្គុយលើ​ម៉ូតូដែល​ចត​ចាំ​ភ្ញៀវលើ​ខឿន​ផ្លូវ​មួយ ស្ថិត​ក្នុង​សង្កាត់​ដូនពេញ រាជធានី​ភ្នំពេញ លោក ខែម សុខឿន អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ប្រាប់ VOA កាលពី​ថ្ងៃ​ទី​ ២៨ ខែ​កុម្ភៈ​នេះ​ថា ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើអ៊ុយ​ក្រែន បាន​និង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​លើ​ពិភព​លោក ហើយ​ចំណែក​កម្ពុជាក៏​កំពុង​រង​ផល​ប៉ះពាល់​ពីអស្ថិរភាព​សេដ្ឋកិច្ច​នេះ​ផង​ដែរ។

«តែ​ធ្វើ​សង្គ្រាម​[មាន] ការ​ប៉ះពាល់​ហើយ។ ប៉ះពាល់​មិនមែន​ប៉ះពាល់​តែគេ​ទេ ប៉ះពាល់​ដល់​ទាំង​យើង​ទៀត។ ប៉ះពាល់​ខាង​សេដ្ឋកិច្ច​ដូចជាសាំង​ឡើង​ថ្លៃ​មនុស្ស​ក៏​មិន​សូវមានធ្វើ​ដំណើរ ចំណូល​ក៏​មិនសូវ​មាន។ ដល់​អ៊ីចឹង​ទៅ​វា​ប៉ះពាល់​ទាំងអស់ និយាយ​រួម​ទៅ»។​

ចំណែក​កញ្ញា​សែម សុភ័ក្ត្រ និស្សិត​ឆ្នាំ​ទី​ ៤ ផ្នែក​គីមី​ចំណីអាហារ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​និយាយ​ថា សម្រាប់​កម្ពុជា​ដែល​ជា​ប្រទេស​តូច​មួយ​ពឹង​លើ​ការ​នាំ​ចូល​ទំនិញ​សំខាន់ៗ​ជាច្រើនពី​បរទេស។ ដូច្នេះ​កញ្ញា​បារម្ភ​ថា​ តម្លៃ​ទំនិញ​នៅ​កម្ពុជា​នឹងឡើង​ថ្លៃកាន់​តែ​ខ្លាំង​ថែម​ទៀត។​

«ប្រជាជន​របស់​យើង​គឺ​នឹង​មាន​ភាព​លំបាក​ទាក់ទង​ទៅ​នឹង​ទំនិញ​ដែល​ឡើង​ថ្លៃ។ នៅ​ពេល​ដែលប្រទេស​ដូចថា​អ៊ុយ​ក្រែន រុស្ស៊ី ​គាត់​មាន​សង្គ្រាមគឺ​គាត់រាំង​ស្ទះ​ហើយ។ រាំង​ស្ទះ​ទាំង​ទំនិញ​ដែល​គាត់​ថា​អាច​បញ្ជូនលក់​មក​ប្រទេស​ផ្សេងៗ​បាន​ គឺ​វា​កក​ស្ទះ វា​អត់​មាន​ទំនិញមក ទំនិញ​ដែលស្តុក​ទុក​នៅ​ប្រទេស​ផ្សេងៗ គឺវាចាប់​ផ្តើម​ឡើង​ថ្លៃ»។

កញ្ញា សែម សុភ័ក្ត្រ និស្សិតឆ្នាំទី៤ ផ្នែកគីមីចំណីអាហារនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្តល់សម្ភាសន៍ដល់ VOA ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
កញ្ញា សែម សុភ័ក្ត្រ និស្សិតឆ្នាំទី៤ ផ្នែកគីមីចំណីអាហារនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្តល់សម្ភាសន៍ដល់ VOA ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

លោក ភាព ឆេងមេង និស្សិតឆ្នាំទី៣ផ្នែកអគ្គិសនី នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ផ្តល់សម្ភាសន៍ដល់ VOA នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
លោក ភាព ឆេងមេង និស្សិតឆ្នាំទី៣ផ្នែកអគ្គិសនី នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ផ្តល់សម្ភាសន៍ដល់ VOA នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

មួយ​ថ្ងៃ​បន្ទាប់​ពី​រុស្ស៊ី​បើកការ​វាយ​ប្រហារលើ​ប្រទេស​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ទីផ្សារ​ភាគហ៊ុន​អាស៊ី បាន​ធ្លាក់ចុះ​ចន្លោះ​ពី​ ២% ទៅ ​៣%​ ខណៈ​តម្លៃ​ប្រេងបាន​ហក់​ឡើង​ខ្ពស់។ ​បើ​តាម​ការ​រាយការណ៍​របស់ VOA ​ដែល​បាន​សម្ភាសន៍​អ្នក​ជំនាញ​បង្ហាញ​ថា រុស្ស៊ី​ជា​ប្រទេស​ផលិត​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​ដ៏​ធំ​បង្អស់​មួយ​របស់​ពិភពលោក​ដោយបាន​នាំ​ចេញ​ប្រេង​ប្រហែល ៤ ​លាន​ ៥ សែន​ធុង ក្នុង​មួយ​ថ្ងៃ​ទៅ​កាន់​ទីផ្សារ​សាកលលោក​ដែល​មាន​ប្រេង​ប្រហែល​ ១០០ លាន​ធុង ​ក្នុង​មួយ​ថ្ងៃៗ។ ប្រសិន​បើប្រេង​មួយ​លាន​ធុង ត្រូវ​គេ​ដកចេញ​ពី​ទីផ្សារ​ដោយ​មូលហេតុ​ណាមួយ​នោះតម្លៃ​ប្រេង​អាចកើន​ឡើង​ពី ២០​ ទៅ ២៥ ភាគរយ។

យុវជន ភាព ឆេងមេង និស្សិត​ឆ្នាំ​ទី​ ៣ ​ផ្នែក​អគ្គិសនី នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​លើកឡើងថា សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែន ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ពិភព​លោក ពាក់​ព័ន្ធនឹង​ការ​នាំចេញ​រ៉ែគ្រប់​ប្រភេទ ជាពិសេសប្រេង និង​ឧស្ម័ន ដែល​ជា​តម្រូវ​ការ​ចាំ​បាច់​សម្រាប់​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ។​

យុវជន​វ័យ​ ២៣ ​ឆ្នាំ​រូប​នេះ​បន្ថែម​ថា​ នៅ​ពេល​ដែល​ពិភព​លោក​ប្រឈម​នឹង​បញ្ហា​ខ្វះ​ខាត​ប្រេង និង​ឧស្ម័ន ជាទូទៅ​កម្ពុជា​ ក៏​នឹង​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ដូចគ្នា។ យុវជន​ ឆេងមេង បន្ថែម​ថា ប្រទេស​ទាំងអស់​មិន​ថា​តូច ឬធំ គួរ​មាន​ភាព​អត់​ធ្មត់​ដោយ​ជ្រើស​យក​ផ្លូវ​ចចារ​ជាជាង​ការ​ប្រើប្រាស់​ការ​បង្ហូរ​ឈាម។

«ការ​ធ្វើ​សង្គ្រាម​ហ្នឹង​វា​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​អ៊ី​ចឹង​ហើយ​យើង​មិនគួរ​ណា​បង្កើតនូវ​សង្គ្រាម។ ហើយ​បើ​សិន​ជា​អាច​យើង​គួរ​តែធ្វើ​ការ​ចចារ​រវាង​ប្រទេស​ដែលថាធ្វើ​សង្រ្គាម​ជាមួយ​ប្រទេស​មួយ​អ៊ីចឹង​ទៅ។ មួយ​ទៀត​ការ​ធ្វើ​សង្គ្រាមវា​តែងខូច​ហេដ្ឋារចនា​សម្ព័ន្ធ វា​ប៉ះពាល់ដល់​ជីវិត​មនុស្ស បង្ក​ភាព​ភ័យ​ខ្លាច ហើយ​វា​ក៏​ប៉ះពាល់​ដល់​វិស័យ​អប់រំ​យ៉ាង​ខ្លាំង»។

ជម្លោះ​ប្រដាប់​អាវុធ​រវាង​យោធា​អ៊ុយក្រែន និង​រុស្ស៊ី​ដែលបាន​ផ្ទុះ​តាំងពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ កើត​ឡើងនៅ​ពេល​ប្រធានាធិបតី​រុស្ស៊ី​លោក វ្លាឌីមៀរ ពូទីន បាន​ប្រកាស​ធ្វើ​ «ប្រតិបតិ្តការ​យោធា​ពិសេស»​មួយ មក​លើ​ប្រទេស​អ៊ុយក្រែន ដោយនិយាយ​ថា ជាការឆ្លើយតប​ទៅ​នឹង​ការ​គំរាម​កំហែង​មក​ពី​អ៊ុយក្រែន​ហើយ​បាន​ព្រមាន​ប្រទេស​ផ្សេងៗ​ទៀត​កុំ​ឲ្យ​ធ្វើ​អន្តរាគមន៍។

​ប្រទេស​ជាច្រើន​លើ​ពិភព​លោក ដោយ​រួម​មាន​អង្គការ​សហប្រជាជាតិ​ផង​បាន​ថ្កោល​ទោសប្រទេស​រុស្ស៊ី ចំពោះ​ការវាយ​ប្រហារប្រទេស​អ៊ុយ​ក្រែន​ដែល​ពួកគេហៅ​ថា​ជា​ការ​ឈ្លាន​ពាន។​

សហរដ្ឋ​អាមេរិក​សហភាព​អឺរ៉ុប​និង​ប្រទេស​ផ្សេងៗ​ទៀត​បាន​ដាក់​ទណ្ឌកម្មប្រឆាំង​នឹង​ក្រុមមន្ត្រី​រុស្ស៊ី​និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​រុស្ស៊ី ហើយ​នឹង​បញ្ឈប់​គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន​របស់​រុស្ស៊ី​ផងដែរ។

រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដឹកនាំកិច្ចប្រជុំជាមួយម្ចាស់អាជីកម្មធំៗនៅរុស្ស៊ី នៅវិមានរដ្ឋាភិបាលក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។
រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដឹកនាំកិច្ចប្រជុំជាមួយម្ចាស់អាជីកម្មធំៗនៅរុស្ស៊ី នៅវិមានរដ្ឋាភិបាលក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។

រូបឯកសារ៖ រថយន្តយោធារុស្ស៊ីត្រូវបានបំផ្លាញក្នុងពេលប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន នៅក្រុង Kharkiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២។
រូបឯកសារ៖ រថយន្តយោធារុស្ស៊ីត្រូវបានបំផ្លាញក្នុងពេលប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន នៅក្រុង Kharkiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២។

កាលពី​ថ្ងៃ​អាទិត្យ ទី​ ២៧ ខែ​កុម្ភៈ ប្រធានាធិបតី​រុស្ស៊ី​លោក វ្លាឌីមៀរ ពូទីន បាន​បញ្ជា​ឲ្យ​កងកម្លាំងនុយក្លេអ៊ែរ​របស់​រុស្ស៊ី​ត្រៀម​ខ្លួន​រួច​ជាស្រេច​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទណ្ឌកម្ម និង​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​ផ្សេងៗ​ពី​បណ្តា​ប្រទេស​លោក​ខាង​លិច។​

លោក សុខឿន ​អ្នក​រត់​ម៉ូតូ​ឌុបវ័យ​ ៥៨​ ឆ្នាំ​ ​បន្ថែម​ថា​ ក្រៅ​តែបារម្ភ​ពី​បញ្ហាសេដ្ឋកិច្ច​លោក​ក៏​បារម្ភ​ថា​សង្គ្រាម​រវាង​រុស្សី និង​អ៊ុយ​ក្រែន អាច​នឹង​មាន​ការ​ប្រើ​អាវុធនុយ​ក្លេអ៊ែរ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បណ្តា​ប្រទេស​ទូទាំង​ពិភព​លោក​ផង​ដែរ។​

«តែបាញ់​ហើយ គ្រាប់​វាមាន​ភ្នែក​ឯណា វា​ចេះ​តែ​ប៉ាត​ណា​ប៉ាត​ណី​ហើយ មិន​ដឹង​ធ្លាក់ទៅណា​ធ្លាក់​ទៅណី បើ​មិន​ដល់​ប្រទេស​យើង​ដល់​ប្រទេស​ជិត​ខាង​ក៏​ប៉ះពាល់​ដល់​យើង​ដែរ​អាហ្នឹង»។

កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រសួង​មហាផ្ទៃ​អ៊ុយក្រែន​បាន​លើកឡើងថា ជនស៊ីវិល​អ៊ុយក្រែន​ចំនួន ៣៥២​ នាក់ ត្រូវ​បាន​សម្លាប់អំឡុងពេល​ការ​ចូល​វាយ​លុក​ដោយ​រុស្ស៊ី ដែល​ក្នុង​នោះ​រួម​មានកុមារ​ចំនួន ១៤ ​នាក់។​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press។​

សេចក្តីថ្លែងការណ៍​របស់​ក្រសួង​មហាផ្ទៃ​អ៊ុយក្រែន បន្ត​ថា មនុស្ស​ចំនួន ១.៦៨៤​ នាក់ ក្នុង​នោះ​កុមារ ១១៦​ នាក់ បាន​រងរបួស។ យ៉ាង​ណាក្តី សេចក្តី​ថ្លែងការណ៍​នោះ​មិន​បាន​បញ្ជាក់​ពី​ចំនួន​ស្លាប់​និង​របួស​ក្នុង​ចំណោម​កងកម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន​នោះ​ទេ។​

នៅ​ថ្ងៃ​អាទិត្យ​ទី ២៧ ខែ​កុម្ភៈ មនុស្ស​ជាង ២០០.០០០ នាក់​បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​ដែល​ក្នុង​នោះ​ពាក់​កណ្ដាល​ទៅកាន់​ប្រទេស​ប៉ូឡូញ ហើយ​មនុស្ស​រហូត​ដល់ ៤ លាន​នាក់​ទៀត​ អាច​ភៀសខ្លួន ប្រសិនបើ​ស្ថានការណ៍​កាន់តែ​អាក្រក់​ឡើង។ នេះ​បើ​តាមការ​សន្និដ្ឋាន​របស់ទីភ្នាក់ងារ​ជន​ភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ។​

សម្រាប់​លោក សុខឿន ដែល​ជា​អ្នក​រត់​ម៉ូតូឌុប​អស់​រយៈពេល​ប្រមាណជា ​៣០ ​ឆ្នាំ​មក​ហើយ​នោះ លោក​រំពឹង​ថា សង្គ្រាមរវាង​រុស្ស៊ីនិង​អ៊ុយ​ក្រែន នឹងអាច​បញ្ចប់​ក្នុងឆាប់ៗ។

«គ្មាន​នរណា​ចង់​ឲ្យ​អូស​បន្លាយ​ទេ ចង់​ឲ្យ​ឆាប់ៗ [ចប់] ទេ។​ប៉ុន្តែ​រឿងគ្រាន់​តែ​យើង​ចង់ទេ ប៉ុន្តែ​រឿងឆាប់​មិ​ន​ឆាប់នៅលើ​អ្នក​ធ្វើ​សង្គ្រាម​ទេ»៕​

XS
SM
MD
LG