ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថា​ជំហរ​កម្ពុជា​មិន​ចង់​ឃើញ​ការ​ផ្តល់​អាវុធ​ដល់​អ៊ុយ​ក្រែន​ឡើយ


 រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន (ស្ដាំ) អញ្ជើញ​ត្រួតពល​ក្នុង​អំឡុងពេល​នៃ​ការ​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី​៦៨​របស់​កម្ពុជា រាជធានី​ភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។ (AP Photo/Heng Sinith)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន (ស្ដាំ) អញ្ជើញ​ត្រួតពល​ក្នុង​អំឡុងពេល​នៃ​ការ​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី​៦៨​របស់​កម្ពុជា រាជធានី​ភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។ (AP Photo/Heng Sinith)

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ពុធនេះ បាន​ថ្លែង​ថា​លោក​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ផ្តល់​អាវុធ​ទៅ​ក្នុង​ប្រទេស​ណា​មួយ​ក្នុង​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែន​ឡើយ ដោយ​លោក​ហៅ​ថា​សង្រ្គាម​នេះ​ ឈាន​ទៅ​ដល់«អឺរ៉ុប​នី​យ​កម្ម» ដែល​ពាក់​ព័ន្ធ​នឹង​ប្រទេស​ផ្សេង​ទៀត​។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៣ ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន។

នៅ​ចំពោះ​មុខ​ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ថ្លែង​ថា​គោល​ជំហរ​ផ្លូវ​ការ​របស់​កម្ពុជាលើ​សង្រ្គាម​នៅ​អ៊ុយ​ក្រែន គឺ​អាស្រ័យ​ទៅ​លើ​ការ​វិវត្ត​នៃ​សភាព​ការណ៍។ លោក​បន្ថែម​ថា​កម្ពុជា​មិន​លើក​ទឹកចិត្ត​ចំពោះ​ការ​ប្រើ​ប្រាស់​កម្លាំង ឬ​ការ​គំរាម​កំហែង​ប្រើ​ប្រាស់​កម្លាំង​ប្រឆាំង​នឹង​ប្រទេស​ណាមួយ​ឡើយ ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចរចា។

បើ​តាម​លោក ហ៊ុន សែន សង្រ្គាម​នេះ​បាន​ឈាន​ទៅ​ដល់«អន្តរ​តូប​នី​យ​កម្ម»រួច​ទៅ​ហើយ ​ដោយ​សារ​មាន​ការ​ផ្គត់​ផ្គង់​អាវុធ​ទៅ​ប្រទេស​អ៊ុយក្រែន​ពី​បណ្តា​ប្រទេស​មួយ​ចំនួន។

លោក​ថ្លែង​ថា៖ «ហើយ​យើង​កំពុង​តែ​មើល​ឃើញ​ថា​សង្រ្គាម​រុស្ស៊ី​ អ៊ុយ​ក្រែន​កំពុង​តែ​ធ្វើ​អន្តរ​ជាតិ​តូប​នីយ​កម្មសង្រ្គាម​នេះ តាម​រយៈ​នៃ​ការ​ផ្គត់​ផ្គង់​អាវុធ​ពី​ប្រទេស​មួយ​ចំនួន តាម​រយៈ​អាវុធ តាម​រយៈ​ផ្តល់​មនុស្ស​ឲ្យ​ចូល​ទៅ​ធ្វើ​ទាហាន​នៅ​ក្នុងប្រទេស​អ៊ុយ​ក្រែន តាម​រយៈ​ការ​ផ្តល់​យន្ត​ហោះ​ឲ្យ​ចូល​ទៅ​ទីនោះ»។

សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​បាន​ប្រកាស​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន ដើម្បី​ប្រឆាំង​តប​ត​ទៅ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។

លោក ហ៊ុន សែន ឲ្យ​ដឹង​ទៀត​ថានេះ​ជា​ទស្សនៈ​ផ្ទាល់​របស់​លោក មិន​មែន​ជា​គោល​ជំហរ​របស់​អាស៊ាន ដែល​កម្ពុជាជា​ប្រធាន​ប្តូរ​វេន​ឡើយ។ លោក​បញ្ជាក់​ថា​កម្ពុជា​ពិបាក​ប្រកាន់​យក​ឥរិយា​បថ​ណា​មួយ ខណៈ​សមាជិក​អាស៊ានមួយ​ចំនួន​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី។

លោក ហ៊ុន សែន ​ថ្លែង​បន្ត​ថា​៖ «​សង្ឃឹម​ថា​មិត្តភ័ក្តិ ទាំង​ភាគី​ទាំង​សង​ខាង​នឹង​យោគ​យល់​ដល់​គោល​ជំហររបស់​កម្ពុជា​ យោគ​យល់​ដល់​គោល​ជំហរ​របស់​កម្ពុជា ដែល​ត្រូវ​ប្រកាន់​យក​នៅ​តាម​វេទិកា​អន្តរ​ជាតិ​នានា ដែលសុំ​យោគ​យល់​ចំពោះ​គោល​ជំហរ​របស់​យើង។ ហើយ​ក៏​មិន​គួរ​ចាប់​បង្ខំ​យើង​ឲ្យ​ទៅ​នៅ​ភាគី​នេះ នៅភាគី​នោះ»។

លោក​នាយក​រដ្ឋ​មន្រ្តី​ឲ្យ​ដឹង​ទៀត​ថា​សង្រ្គាម​នៅ​អ៊ុយ​ក្រែន​បានប៉ះ​ពាល់​សេដ្ឋ​កិច្ច​ពិភព​លោក និង​សេដ្ឋ​កិច្ច​កម្ពុជា​ផង​ដែរ ដូច​ជា​ករណី​ប្រេង​សាំង​ឡើង​ថ្លៃ​ក្នុង​ប្រទេស​កម្ពុជា។

កាល​ពី​ពេល​ថ្មីៗ​នេះ ប្រទេស​សិង្ហបុរី​ដែល​ជា​សមា​ជិក​អាស៊ាន​បាន​ប្រកាស​ថា​នឹង​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី ហើយ​ចំណាត់​ការ​នេះ គឺ​ឯករាជ្យ​ពី​ជំហរ​របស់​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​(អាស៊ាន) ដែល​ខ្លួន​ជា​សមាជិក។

មិន​មែន​ប្រទេស​ទាំង​អស់​នៅ​ទ្វីប​អាស៊ី សុទ្ធ​តែ​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​នោះ​ទេ។ ចិន​និង​កូរ៉េ​ខាង​ជើង​បាន​ការពារ​រុស្ស៊ី ដោយ​និយាយ​ថា​មូល​ហេតុ​នៃ​ជម្លោះ​នោះ គឺ​ដោយ​សារ​សហរដ្ឋ​អាមេរិក។

កាលពី​សប្តាហ៍​មុន អាស៊ាន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​អ៊ុយក្រែន​ដែល​បាន​ទប់​មិន​ពណ៌នា​អំពី​ចំណាត់​ការ​របស់​រុស្ស៊ី​ថា​ជា«ការឈ្លាន​ពាន»។ សេចក្តី​ថ្លែង​ការណ៍​ដែល​ជា​ការ​សម្រេច​តាម​គោលការណ៍​កុង​សង់​ស៊ីស​បញ្ជាក់​ថា​អាស៊ាន​មាន​ជំនឿ​ថា«មិន​ទាន់​អស់​ឱកាស​ទេ​សម្រាប់​ការ​សន្ទនា​ដោយ​សន្តិវិធី»។

លោក​បណ្ឌិត ​អ៊ា សុផល ​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា និង​ជា​ព្រឹទ្ធ​បុរស​រង​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍​នៅ​សាកល​វិទ្យាល័យ ​Arizona State សហ​រដ្ឋ​អាមេ​រិក ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​ថា​ ​ជំហរ​របស់​កម្ពុជា​មិន​ខុស​ពី​ជំហរ​របស់​ចិន​ឡើយ។ លោក​បន្ថែម​ថា​ប្រសិន​កម្ពុជា​ត្រូវ​បាន​ទន្រ្ទាន​ដោយ​ប្រទេស​ជិត​ខាង​មួយ សួរ​ថា​កម្ពុជា​គួរ​ទទួល​យក​អាវុធ​ឬ​យ៉ាង​ណា។ លោក​បញ្ជាក់ថា​ដែនដី​អធិប​តេយ្យ​របស់​អ៊ុយ​ក្រែន​ត្រូវ​បាន​បំពាន។ លោក​បន្ថែម​ថា​រដ្ឋាភិបាល​កម្ពុជា​នឹង​ខ្ទប់​រាល់​សេចក្តី​ថ្លែង​ការណ៍​ណា​ដែល​គាំទ្រ​ប្រទេស​អ៊ុយ​ក្រែន។

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «យើង​បាន​ដឹង​រួច​ទៅ​ហើយ​ថា​ជាមួយ​ទស្សនៈ​ទាំង​នេះ សមាគម​អាស៊ាន​នឹង​មិន​អាច​ធ្វើអ្វី​ទេ ព្រោះ​កម្ពុជា​ជា​ប្រធាន​នឹង​ធានា​ថា​នឹង​ជំទាស់ ដូចវា​បាន​កើតឡើង​កាល​ពី​ឆ្នាំ​២០១២ ដែល​កាល​នោះ​ជំទាស់​ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍រួម​[ដែល​រិះគន់​ប្រទេស​ចិន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង]។ កម្ពុជា​បាន​បង្ក​ជា​កង្វល់​គ្រប់​គ្រាន់​ហើយ​ទៅ​លើ​បញ្ហា​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​។ ដូច្នេះ​សូម​កុំ​ធ្វើ​ដូចគ្នា​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន»។

អ្នកវិភាគ​នយោបាយ​លោក សេង សារី កត់​សម្គាល់​ថាកម្ពុជា​បាន​បង្ហាញ​មុំ​២ ​ដែល​ទី១ កម្ពុជា​ចង់​បង្ហាញ​ពី​ការ​ព្យាយាមថែ​រក្សា​អព្យា​ក្រឹត្យ​របស់​ខ្លួនស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ និង​ទី២​ កម្ពុជា​ហាក់​មាន​ការស្ទាក់​ស្ទើ​រក្នុង​ការ​បង្ហាញ​ជំហរ​របស់​ខ្លួន​ជុំ​វិញ​សង្គ្រាម​រុស្ស៊ី និង​អ៊ុយ​ក្រែន។

លោក ​សេង សារី បន្ថែម​ថា​បើកម្ពុជាចង់​ចូល​រួម​រៀប​ចំ​សណ្តាប់​ធ្នាប់​ពិភព​លោក​ កម្ពុជាគួរ​តែបង្ហាញ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​កម្លាំង​ចិត្ត​ដល់​ពល​រដ្ឋ​អ៊ុយ​ក្រែន។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ប្រសិ​ន​បើ​ជា​យើង​ចង់​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ពិភព​លោក​មួយ​ដែល​ ឈរ​លើ​គោល​ការ​ណ៍ គោរព​សិទ្ធិ​សេរី​ភាព​បុគ្គល និង​មនុស្ស​ ដើរ​តាម​គន្លង​ប្រជាធិប​តេយ្យ ​អាហ្នឹង​កម្ពុជា​គួរ​តែ​គាំទ្រ ឬ​ផ្តល់​កម្លាំង​ចិត្ត​សម្រាប់​ពលរដ្ឋ​អ៊ុយ​ក្រែន ក្នុង​ការ​ត​ស៊ូ​ពី​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី»។

អ្នក​វិភាគ​រូប​នេះ​បន្ត​ថាអា​ស៊ានមិន​មែន​ជា​យន្ត​ការ​មួយ​ដែល​មាន​ឥទ្ធិ​ពល ​ឬ​ការ​ចាប់​អារម្មណ៍​ច្រើន​នោះ​ទេ​លើ​បញ្ហា​សង្រ្គាម​នៅ​អ៊ុយ​ក្រែន ដោយអាស៊ាន​ត្រូវ​បាន​មើល​ឃើញ​ថា​មិន​មានទស្ស​នៈ​ស្រប​គ្នា​លើ​បញ្ហា​នេះ។

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ក៏​បាន​ថ្លែង​ផង​ដែរ​ថាការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​២០២២​មិន​សាមញ្ញ​ទេ ដោយ​លើក​ឡើង​ថា​មាន​បញ្ហា​តំបន់​កើត​ឡើង​ជា​បន្ត​បន្ទាប់ ដែល​តម្រូវ​ឲ្យ​សមាគម​អាស៊ាន​បញ្ចេញ​មតិ​យោបល់​លើ​អ្វី​ដែល​កំពុង​កើត​ឡើង រួម​មាន​ទាំង​សង្រ្គាម​នៅ​អ៊ុយ​ក្រែន​៕

XS
SM
MD
LG