នៅពេលដែល ផតខាស់ សៀវភៅអេឡិចត្រូនិក និងស្មាតហ្វូនកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង សៀវភៅធម្មតាក៏កំពុងមានប្រជាប្រិយភាពដែរនៅក្នុងសហរដ្ឋអាមេរិក។ ការណ៍នេះជាហេតុធ្វើឲ្យបណ្ណាល័យឥតគិតថ្លៃតូចៗ ដែលជាកន្លែងដែលពលរដ្ឋប្ដូរសៀវភៅគ្នាអាន រីកដុះដាលពេញប្រទេស ដើម្បីជួយដល់អ្នកស្រឡាញ់សៀវភៅ។
កុមារា Avery អាយុប្រាំឆ្នាំស្រលាញ់ការអាន ដូច្នេះរាល់សប្ដាហ៍ គេតែងទៅបណ្ណាល័យជាមួយម្ដាយរបស់គេ ដើម្បីស្វែងរកសៀវភៅអាន។
បើសិនម្ដាយគេរវល់ គេទៅកូនបណ្ណាល័យក្បែរផ្ទះ ដើម្បីរកសៀវភៅថ្មីមកអាន។ ពីព្រោះសៀវភៅទាំងនេះជួយអ្នករៀនអាន។ ខ្ញុំរៀនអំពីពស់ ដែលថាពួកវាគ្មានជើងទេ ហើយពស់ខ្លះមានកណ្ដឹងជាប់កន្ទុយ ហើយខ្លះព្រួសពិសចូលទៅក្នុងភ្នែករបស់សត្រូវ។
បណ្ណាល័យឥតគិតថ្លៃតូចៗគឺជា អង្គការមិនរកប្រាក់កម្រៃបង្កើតឡើងក្នុងគោលបំណង បំផុសការស្រលាញ់ការអាន។ វាជួយលើកកម្ពស់ការផ្លាស់ប្ដូរសៀវភៅដោយឥតគិតថ្លៃ នៅកន្លែងដែលគេបានរៀបចំធ្នើពីរបី ដើម្បីឲ្យពលរដ្ឋបរិច្ចាគ ឬខ្ចីសៀវភៅ។
អ្នកស្រី Cat Lazaroff អ្នកសារព័ត៌មានម្នាក់ បានដំឡើងបណ្ណាល័យតូចមួយ នៅក្នុងស្រុក Montgomery រដ្ឋ Maryland កាលពីប្រាំឆ្នាំមុន។
អ្នកស្រី Lazaroff និយាយថា៖ «ខ្ញុំបានឃើញបណ្ណាល័យឥតគិតថ្លៃតូចៗជាច្រើននៅតំបន់ជិតខាងនានា ហើយខ្ញុំពិតជាស្រឡាញ់គំនិត ដែលថាពលរដ្ឋអាចខ្ចីសៀវភៅនៅក្នុងតំបន់ជិតខាងរបស់ពួកគេ។ មានបណ្ណាល័យគឺប្រពៃណាស់ តែអ្វីដែលអស្ចារ្យគឺយើងអាចរកសៀវភៅដែលយើងចង់អានបាននៅក្បែរផ្ទះ អាចខ្ចី ឬរក្សាទុកសៀវភៅនោះ ឬចែកឲ្យជាអ្នកដទៃអានតាមចិត្តចង់!»។
បណ្ណាល័យឥតគិតថ្លៃតូចៗទាំងនេះ មានបំណងធ្វើសៀវភៅមានគេអាចច្រើន។ ធ្នើរដាក់សៀវភៅរបស់អ្នកស្រីមិនដែលទទេឡើយ ហើយក៏មានមនុស្សជាច្រើនយកប្រអប់សៀវភៅមកដាក់មាត់ទ្វាផ្ទះអ្នកស្រីផងដែរ។
អ្នកស្រីនិយាយថា ប្រជាពលរដ្ឋចង់បរិច្ចាគសៀវភៅ។ អ្នកស្រី Cat Lazaroff អ្នកសម្របសម្រួលបណ្ណាល័យឥតគិតថ្លៃតូចៗ បាននិយាយថា៖
«អ្នកជិតខាងម្នាក់បានទាក់ទងមកសួរខ្ញុំថាតើ វាមិនអីទេឬ បើសិនជាក្នុងថ្ងៃខួបកំណើតរបស់កូនគាត់ គាត់ស្នើឲ្យអ្នកចូលរួមទិញអំណោយ ជាសៀវភៅសម្រាប់បណ្ណាល័យឥតគិតថ្លៃតូចៗ។ ហើយកាលនោះមានការជប់លៀងតុបតែងខ្លួនប្លែកៗ ហើយអ្នកចូលរួម ហើយពួកគេបានចូលរួមជាមួយការតុបតែងខ្លួន និងយកសៀវភៅ ទៅប្រគល់ឲ្យបណ្ណាល័យ។ វាជាកម្មវិធីដ៏រីករាយមួយ!»។
នៅក្នុងរយៈពេល ១០ឆ្នាំខាងមុខ កម្មវិធីផ្លាស់ប្ដូរសៀវភៅនេះនឹងពង្រីកទៅកាន់ ៨៥ ប្រទេស។ ក្រុមកុមារីកាយរឹទ្ធិបានបើកបណ្ណាល័យឥតគិតថ្លៃតូចៗ នៅក្នុងបរិវេណសាលា។
អ្នកស្រី Jennifer Conrad មេដឹកនាំក្រុមកុមារីកាយរឹទ្ធិបាននិយាយថា៖ «អ្នកអានក្លាយជាអ្នកដឹកនាំ។ ហើយកិច្ចការរបស់ក្រុមកាយរឹទ្ធិជំរុញភាពជាអ្នកដឹកនាំ និងការបង្រៀនកុមារីពីជំនាញ ដែលពួកគេត្រូវការដើម្បីក្លាយខ្លួនជាមេដឹកនាំ។»
ទាំងក្រុមកុមារីកាយរឹទ្ធិ និងអ្នកកាសែត Cat Lazaroff និយាយថា បណ្ណាល័យតូចៗ លើកទឹកចិត្តឲ្យស្រឡាញ់ការអាន ដែលធ្វើឲ្យមនុស្សគ្រប់វ័យ និងអ្នកសៀវភៅគ្រប់ប្រភេទសាមគ្គីគ្នា៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា