ស្តីពីផ្នែកនយោបាយនិងយោធា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន ជារឿយៗ រដ្ឋាភិបាលទាំង២មានការតានតឹង។ ទោះយ៉ាងណាក៏ដោយ ក្នុងវិស័យសិល្បៈនិងការសិក្សាអប់រំ មនុស្សជាច្រើននិយាយថា ទំនាក់ទំនងនេះកំពុងកាន់តែរឹងមាំឡើង។ មានការជជែកដេញក្នុងចំណោមពលរដ្ឋអាមេរិកាំងថាតើចំណងទាក់ទងទាំងនេះជាសញ្ញាវិជ្ជមានឬអវិជ្ជមាន។
អ្នកខ្លះនិយាយថា នេះជាការជឿនលឿនដែលកំពុងទទួលបានអត្ថប្រយោជន៍ខាងសេដ្ឋកិច្ចនិងវប្បធម៌សម្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសទាំង២។
លោក Chris Fenton នៅវិទ្យាស្ថាន Trustee សហរដ្ឋអាមេរិកនិងអាស៊ីនិងជាប្រធានក្រុមហ៊ុកម្សាន្ត DMGបាននិយាយថា «នៅពេលមនុស្សសហការណ៍គ្នាលើវិស័យផ្សេងៗដូចជាសិល្បៈ មានការទាក់ទាញចិត្តហើយប្រសិនបើ វាដំណើរការល្អ អស់លោក អ្នក មិនត្រឹមតែមានពាណិជ្ជកម្មដ៏អស្ចារ្សនោះទេ អស់លោក អ្នកក៏មានភាពជិតស្និទ្ធខាងការទូតដ៏ខ្លាំងរវាងប្រទេសទាំង២ដែរ»។
នៅខែសីហា លោក Fenton នឹងដឹកនាំក្រុមសមាជិកសភាសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនដើម្បីពិនិត្យមើលការរីកលូតលាស់ខាងវិស័យកម្សាន្ត និងបណ្តាញផ្សាយព័ត៌មានរបស់ចិនដោយមានក្តីសង្ឃឹមថានឹងមានការវិនិយោគទុនកាន់តែច្រើនឡើងនៅហូលីវូដ។
ចិនក៏បានវិនិយោគទុនខាងការអប់រំភាសានិងវប្បធម៌ដល់ពលរដ្ឋអាមេរិកាំងតាមរយៈវិទ្យាស្ថានកុងហ្វូ។ លោកស្រី Carol Chen គ្រូមតេយ្យសាលាភាសាចិនកុកងឺនិយាយថា វិទ្យាស្ថានកុងហ្វូនៃសាកលវិទ្យាល័យ California Los Angeles មានធនធានដ៏ល្អសម្រាប់លោកស្រីនិងសិស្សរបស់លោកស្រី។
រដ្ឋាភិបាលចិនបានផ្តល់ថវិកាសាងសង់វិទ្យាស្ថានកុងហ្វូជិត៥រយនៅទូទាំងសាកលលោក ភាគច្រើននៅតាមសាកលវិទ្យាល័យ៕