កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយតុលាការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន កាលពីឆ្នាំ២០១៧ បានចូលរួមវេទិកាសហគមន៍ខ្មែរមួយដែលរៀបចំឡើងដោយអង្គការខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ឬ CAHRAD។ វេទិកានេះត្រូវបានធ្វើឡើងនៅបណ្ណាល័យ Thomas Jefferson នៅស្រុក Arlington រដ្ឋ Virginia ជាយរដ្ឋធានីវ៉ាស៊ីនតោន ដោយមានសមាជិកគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រប្រមាណជិត៥០នាក់បានចូលរួម។
គោលបំណងដែលអង្គការនេះអញ្ជើញលោក សម រង្ស៊ី មកកាន់វេទិកានេះគឺដើម្បីឱ្យលោកជម្រាបសហគមន៍ខ្មែរអាមេរិកាំងអំពីគោលជំហររបស់លោកទាក់ទងការបោះឆ្នោតនៅពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា និងដំណើរទស្សនកិច្ចរបស់លោកមកកាន់រដ្ឋធានីវ៉ាស៊ីតោនដើម្បីជួបជាមួយមន្ត្រីសហរដ្ឋអាមេរិក និងការវិវត្តនៅពេលថ្មីៗនេះស្តីពីច្បាប់មួយចំនួនដែលសភាអាមេរិកនឹងត្រូវអនុម័តដែលទាក់ទិននឹងការរំលោភសិទ្ធិមនុស្ស និងការគំរាមកំហែងរបស់ភ្នាក់ងារគណបក្សកាន់អំណាច និងរដ្ឋាភិបាលលើពលរដ្ឋដែលរស់នៅក្នុងសហរដ្ឋអាមេរិកនិងបរទេសប្រទេសផ្សេងទៀត។
បើតាមលោកស្រី ទិត គឹមហ៊ុន ប្រធានគណៈកម្មាធិការកិច្ចការស្ត្រីរបស់គណបក្សសង្គ្រោះជាតិបានឱ្យដឹងថា សេចក្តីស្នើច្បាប់ S-831 មានគោលបំណងរាំងខ្ទប់មិនឱ្យភ្នាក់ងាររដ្ឋាភិបាល ហាមប្រាមពលរដ្ឋខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិក មិនឱ្យបញ្ចេញមតិរិះគន់ដល់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
លោកស្រីបានមានប្រសាសន៍ទៀតថា៖ «សេចក្តីស្នើច្បាប់ដែលបងប្អូនឃើញសំខាន់ ថ្មីកើតឡើងនេះគឺត្រូវបានដាក់ស្នើដោយសមាជិកព្រឹទ្ធសភា Jeff Merkley មកពីរដ្ឋ Oregon។ សេចក្តីស្នើច្បាប់នោះមានឈ្មោះថា S-831 ដែលជាភាសាអង់គ្លេសហៅថា TransNational Repression Policy Act មានន័យថា សេចក្តីស្នើច្បាប់ដាក់គំនាបដល់ជនផ្តាច់ការដែលបានឆ្លងដែនមកដាក់គំនាបទៅលើប្រជាពលរដ្ឋនៅក្រៅប្រទេស ជាពិសេសនៅសហរដ្ឋអាមេរិកនេះតែម្តង»។
លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរអាមេរិកាំងឱ្យចូលរួមគាំទ្រសេចក្តីព្រាងច្បាប់នេះតាមរយៈការសរសេរសំបុត្រទៅកាន់សមាជិកសភារបស់ខ្លួននៅក្នុងរដ្ឋ ឱ្យជួយពន្លឿនច្បាប់នេះ ឱ្យទទួលបានការអនុម័តឱ្យឆាប់រហ័ស។
លោកស្រីបានថ្លែងបន្តទៀតថា៖ «ក្នុងនាមយើងជាពលរដ្ឋខ្មែរដែលរស់នៅក្នុងសហរដ្ឋអាមេរិកនេះ យើងដឹងខ្លួនយើងថា យើងជនរណា? មកពីណា? យើងត្រូវដឹងអត្តសញ្ញាណរបស់យើងថា យើងជាពលរដ្ឋខ្មែរអាមេរិកាំង។ យើងមានសិទ្ធិនៅក្នុងការចូលរួមសម្តែងមតិ ជាពិសេសយើងរស់នៅក្នុងសហរដ្ឋអាមេរិក ប្រទេសប្រជាធិបតេយ្យ។ យើងមិនអាចឱ្យជនផ្តាច់ការគំរាមកំហែងយើងថា កុំឱ្យបងប្អូនឈរជិតលោកប្រធានស្តីទី កុំឱ្យបងប្អូនថតរូបឈរជិតជាមួយខ្ញុំ ជាពិសេសនៅទីវត្តអារាម ទីកន្លែងសារធារណៈទាំងអស់ដែលបានគំរាមកំហែងដល់បងប្អូន។ យើងមិនអាចអ៊ីចឹងបានទេ។ អ៊ីចឹងហើយបានជាមានសេចក្តីស្នើច្បាប់នេះនៅពេលថ្មីៗនេះដែលមិនឱ្យមានការគំរាមកំហែងទៅលើបងប្អូនខ្មែរ ជាពិសេសអ្នករស់នៅលើទឹកដីអាមេរិក។ ពេលដែលបងប្អូនធ្វើការងារដែលបងប្អូនចង់ធ្វើនៅលើទឹកដីប្រកាន់លទ្ធិប្រជាធិបតេយ្យ បែរជាគេទៅគំរាមកំហែងសាច់ញាតិនៅក្នុងប្រទេសកម្ពុជាវិញ»។
លោកស្រីបានបន្តទៀតថា ភ្នាក់ងាររដ្ឋាភិបាលដែលគំរាមកំហែងពលរដ្ឋខ្មែរអាមេរិកាំងអាចត្រូវបានគេដកទិដ្ឋាការ ឬសញ្ជាតិអាមេរិក ហើយបណ្តេញចេញ និងមិនអនុញ្ញាតឱ្យចូលក្នុងសហរដ្ឋអាមេរិក។
លោក Jeff Merkley លោក Marco Rubio លោក Ben Cardin និង លោក Bill Hagerty បានបញ្ជូនសេចក្តីស្នើច្បាប់នេះទៅគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃព្រឹទ្ធសភាស.រ.អ.កាលពីថ្ងៃទី១៦ ខែមីនា។
កន្លងមកអ្នកនាំពាក្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចជាលោក សុខ ឥសាន ព្រមទាំងលោក ហ៊ុន សែន ផ្ទាល់ ធ្លាប់មើលស្រាលសេចក្តីស្នើច្បាប់ដោយសមាជិករដ្ឋសភា និងព្រឹទ្ធសភាស.រ.អ. ដោយលើកឡើងថា គ្រាន់តែជាសំណើរបស់តំណាងរាស្ត្រខ្លះ ដែលស្ទះនៅត្រឹមសភាពេញអង្គ ឬនៅព្រឹទ្ធសភា។
ពាក់ព័ន្ធនឹងការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះវិញ លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ឬ CAHRAD បានលើកឡើងពីសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជាលោក Vitit Muntarbhorn ដែលបានស្នើឱ្យរដ្ឋាភិបាលកម្ពុជាធ្វើកំណែទម្រង់២០ចំណុចសម្រាប់ការបោះឆ្នោត និងសិទ្ធិមនុស្សនៅកម្ពុជា។ លោក គឹមទឹងបាននិយាយថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនបានធ្វើការកែទម្រង់អ្វីទាំងអស់ ហើយបែរជាបង្កើនការធ្វើបាប គាបសង្កត់ និងចាប់ខ្លួនសមាជិកគណបក្សប្រឆាំង និងសកម្មជនសិទ្ធិមនុស្សយកទៅកាន់ទោសនិងដាក់ពន្ធនាគារថែមទៀត។ លោកបានបន្តទៀតថា អង្គការរបស់លោក រួមជាមួយអង្គការសង្គមស៊ីវិល៥៧ផ្សេងទៀតនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតបានចេញញ្ញត្តិមួយដែលមិនទទួលស្គាល់ការបោះឆ្នោតនៅពេលខាងមុខនេះ។
លោកបានថ្លែងថា៖ «ពួកយើងបានអានរបាយការណ៍របស់អង្គការសហប្រជាជាតិជាពិសេសរបស់លោកសាស្ត្រាចារ្យ Vitit Muntarbhorn ហើយនឹងលោក Volker Turk ។ របាយការណ៍នោះបាននិយាយថា ដើម្បីឱ្យមានការបោះឆ្នោតមានយុត្តិធម៌ ទាល់តែមានការកែប្រែចំនួន២០ចំណុច។ រហូតមកទល់ពេលនេះមិនមានការកែប្រែអ្វីទាំងអស់ ដូច្នេះ ការបោះឆ្នោតនេះមិនមានយុត្តិធម៌នោះទេ»។
ពាក់ព័ន្ធនឹងការបោះឆ្នោតនេះដែរ ប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិដែលកំពុងនីរទេសខ្លួនលោក សម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិនៅតែបន្តរក្សាកម្លាំងនៅក្នុងប្រទេសកម្ពុជា ហើយលោកបាននិយាយទៀតថា នៅពេលណាមានឱកាស កម្លាំងនោះនឹងចេញមកជំរុញឱ្យប្រទេសកម្ពុជាមានប្រជាធិបតេយ្យឡើងវិញ។ លោក សម រង្ស៊ី ក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសចេញទៅបោះឆ្នោតនៅពេលពេលខាងមុខនេះ ដោយបោះឆ្នោតឱ្យគណបក្សណាដែលគាំទ្រសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
លោក សម រង្ស៊ី ថ្លែងថា៖ «យើងត្រូវមើលវែងឆ្ងាយ ត្រូវរក្សាកម្លាំងប្រជាធិបតេយ្យឱ្យនៅគង់វង្ស កុំឱ្យបែកខ្ញែក ឱ្យមានដំបូលមួយជ្រក ទោះជាគណបក្សនោះឈ្មោះអីក៏ដោយ ឱ្យតែគណបក្សនោះ ថ្នាក់ដឹកនាំគណបក្សនោះមានជំហរច្បាស់លាស់ រក្សាឧត្តមគតិដើមយើងទាំងអស់គ្នាតាំងពីគណបក្សជាតិខ្មែរ គណបក្សសម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ»។
លោក សម រង្ស៊ី ថ្លែងដូច្នេះ ដោយចៀសវាងឈ្មោះគណបក្សភ្លើងទៀន ដែលជាកេរដំណែលរបស់លោក។ លោក ហ៊ុន សែន ធ្លាប់បានព្រមានរំលាយគណបក្សភ្លើងទៀត ដូចគណបក្សសង្គ្រោះ បើមានភស្តុតាងបង្ហាញថា គណបក្សនេះពាក់ព័ន្ធនឹងលោក សម រង្ស៊ី។
ទោះបីលោកបានអំពាវនាវឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសចេញទៅបោះឆ្នោតជាតិនៅពេលខាងមុខនេះក៏ដោយ ក៏លោក សម រង្ស៊ី បានថ្លែងថា បើតាមលោកដឹងមិនមានប្រទេសសេរី និងប្រកាន់លទ្ធិប្រជាធិបតេយ្យសំខាន់ៗបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតរបស់ខ្លួនទៅសង្កេតការណ៍ការបោះឆ្នោតនៅពេលខាងមុខនោះទេ។
លោក សម រង្ស៊ី បាននិយាយសង្កត់ធ្ងន់ប្រាប់អ្នកចូលរួមថា សហរដ្ឋអាមេរិក អឺរ៉ុប បារាំង ជាពិសេស អត់បញ្ជូនអ្នកសង្កេតការណ៍ទេ។ លោកថា តាមលោកដឹងជប៉ុន និងអូស្ត្រាលីក៏អ៊ីចឹងដែរ។
លោកថា៖ «ហេតុអ្វីបានជាគេសម្រេចអ៊ីចឹង ពីព្រោះគេយល់ឃើញថា សង្កេតការណ៍នោះអត់បានការ ព្រោះលទ្ធផលនោះបានដឹងមុនហើយ ព្រោះ ហ៊ុន សែន ជាអ្នករៀបចំតួលេខ អ្វីៗទាំងអស់»។
លោកថា លោក ហ៊ុន សែន ចង់បានអ្នកសង្កេតការណ៍បង្គ្រប់កិច្ចដើម្បីផ្តល់ភាពស្របច្បាប់ដល់លទ្ធផលរបស់គាត់។
លោក ហ៊ុន សែន ធ្លាប់ការពារលទ្ធផលនៃការបោះឆ្នោត ដែលគណបក្សរបស់លោកឈ្នះភ្លូកទឹកភ្លូកដី បានអាសនៈទាំងអស់ ដោយនិយាយថា ជាដំណើរការពហុបក្ស ត្រឹមត្រូវ ហើយលោកព្រមានអ្នកធ្វើបាតុកម្ម ដោយសារចាញ់ការបោះឆ្នោត។
ថ្វីបើលោករិះគន់ដំណើរការបោះឆ្នោតដែលជាជម្រើសតែមួយគត់សម្រាប់គណបក្សគ្មានអំណាចអាវុធនោះ លោក សម រង្ស៊ី បានថ្លែងទៀតថា លោកសង្ឃឹមថា ការផ្លាស់ប្តូរនឹងកើតមានឡើងនៅក្នុងប្រទេសកម្ពុជាតាមរយៈការបោះឆ្នោត ហើយប្រជាពលរដ្ឋខ្មែរនឹងទទួលបាននូវយុត្តិធម៌ និងសមភាពនៅថ្ងៃអនាគត។
ពិធីសំណេះសំណាលជាមួយសហគមន៍ខ្មែរនេះបានបញ្ចប់នៅម៉ោង៨:៣០នាទីយប់ដោយមានការសួរជាសំណួរពីអ្នកចូលរួម៕