ភ្នំពេញ/សៀមរាប — សឹងគ្រប់កន្លែងអ្នកសម្លឹងមើលឃើញនៅក្រុងភ្នំពេញតែងមានផ្ទាំងបដាបង្ហាញរូបថ្នាក់ដឹកនាំកំពូលពីររូបនៃគណបក្សប្រជាជនកម្ពុជាជាមួយនឹងពាក្យស្លោក «អរគុណសន្តិភាព»។ ផ្ទាំងបដាដូចគ្នានេះត្រូវបានដាក់តាមដងវិថីធំៗ និងតាមចំណុចកែងផ្លូវនៅទូទាំងប្រទេស។ នេះជាសារមួយដែលត្រូវបានសរសេរជាហូរហៀនៅលើប្រអប់បញ្ចេញមតិនៃទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកជាមេដឹកនាំកំពុងកាន់តំណែងដ៏យូរជាងគេបង្អស់ម្នាក់នៅលើពិភពលោក។
សមាជិកព្រឹទ្ធសភានិងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងប្រាប់វីអូអេថា៖
«សន្តិភាពផ្តល់ឱកាសឲ្យយើងរស់នៅប្រកបដោយសុខដុមរមនានៅក្នុងសង្គមកម្ពុជា។ ទី២ សន្តិភាពផ្តល់ឱកាសឱ្យយើងធ្វើការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន។ វាជាក្រឹតក្រមហើយ កាលណាមានសន្តិភាព គឺមានអ្វីៗទាំងអស់។ អ៊ីចឹងការរស់នៅក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ល។និងល។ មានដោយសារសន្តិភាពហ្នឹងឯង»។
ក៏ប៉ុន្តែ មនុស្សមួយចំនួននៅកម្ពុជាមិនទទួលបានវឌ្ឍនភាពនិងឱកាសដូចនេះនោះទេ។ ហើយបើទោះជាមានការរឹតត្បិតមកលើគណបក្សប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែនក៏ដោយ ក៏ការបោះឆ្នោតនាឆ្នាំនេះនឹងផ្តល់ជាការយល់ឃើញមួយថា ពលរដ្ឋបោះឆ្នោតនៅកម្ពុជាមានសេចក្តីអំណរកម្រិតណាចំពោះ «សន្តិភាព» ដែលលើកឡើងដោយគណបក្សកាន់អំណាច។
លោក ហ៊ុន សែន បានលើកតម្កើងពីតម្លៃនៃការបញ្ចប់សង្គ្រាម និងការនាំយកនូវស្ថិរភាពសេដ្ឋកិច្ច ប៉ុន្តែរដ្ឋាភិបាលរបស់លោកក៏មានកំណត់ត្រាមិនល្អពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ការបំបិទសំឡេងក្រុមអ្នកប្រឆាំង និងការបិទបណ្តាញផ្សព្វផ្សាយឯករាជ្យផងដែរ។
អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) នៅក្រុងភ្នំពេញ លោក ណាំ ស៊ីវន បានប្រាប់វីអូអេថា៖
«សុំតែមួយរស់ ឱ្យបានរស់ស្រួលផង រស់ជាប្រជាពលរដ្ឋនៅក្នុងប្រទេសដែលតែងតែអួតថា ជាប្រទេសសម័យសន្តិភាពណា។ អ៊ីចឹងសូមឱ្យកម្មករហ្នឹងមានសន្តិភាព មានប្រាក់កាសចាយគ្រប់គ្រាន់»។
សហជីពនិងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បានចោទប្រកាន់ថា ក្រុមមន្ត្រីបានឃុបឃិតនៅក្នុងការបំបែកសហជីពនិងបង្ក្រាបបាតុកម្មអហិង្សារបស់ពួកគេ។
លោក ណាំ ស៊ីវន ជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិក ១.៣២៩ នាក់ ដែលត្រូវបានបញ្ឈប់ពីការងារកាលពីខែមេសា ឆ្នាំ២០២១។ ក្រុមហ៊ុនណាហ្គាវើលដ៍បានលើកឡើងថា ចំណាត់ការនេះគឺដោយសារក្រុមហ៊ុនបានខាតបង់ប្រាក់ចំណេញ អំឡុងពេលវិបត្តិជំងឺកូវីដ១៩ រីឯបុគ្គលិកបានចាត់ទុកថា ការបញ្ឈប់ពីការងារនេះជាការសងសឹកប្រឆាំងនឹងការទាមទារអត្ថប្រយោជន៍ប្រសើរជាងមុនពីសហជីព ដែលត្រូវបានដឹកនាំដោយកញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ឃុំ និងប្រឈមនឹងដំណើរការជំនុំជម្រះក្តីពីបទចោទប្រកាន់ព្រហ្មទណ្ឌ។
កញ្ញា ចាន់ ស្រីរ័ត្ន បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានចូលរួមធ្វើបាតុកម្មដែលបានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ ២០២១ បានបង្ហាញមន្ទិលថា ហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលលោកតែងត្រូវបានហៅតាមកត្តិនាមថា «សម្តេច» មិនបានទាមទារសន្តិភាព ជូនដល់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមានទីតាំងស្ថិតនៅមិនឆ្ងាយប៉ុន្មានពីភូមិគ្រឹះរបស់លោកនៅទីក្រុងភ្នំពេញនោះឡើយ។ កញ្ញាបានចោទសួរថា៖
«គ្រប់រឿង អ្វីក៏ដោយនៅលើបណ្តាញសង្គម សម្តេចដឹង សម្តេចឮទាំងអស់។ ចុះចំណែកអីពួកខ្ញុំ ម៉េចបានសម្តេចអត់ដឹងអត់ឮ? សម្តេចធ្វើមិនដឹង ធ្វើមិនឮ។ វាមិនមែនជាដំណោះស្រាយទេ»។
នៅខែកក្កដាខាងមុខនេះ លោក ណាំ ស៊ីវន និងពលរដ្ឋមានសិទ្ធិបោះឆ្នោតជាង ៩ លាននាក់ទៀតនៅកម្ពុជា នឹងមានឱកាសបង្ហាញការទទួលយក ឬការមិនពេញចិត្ត នៅពេលកម្ពុជារៀបចំការបោះឆ្នោតជាតិ នីតិកាលទី ៧ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ គឺ ៣០ ឆ្នាំចាប់តាំងពីការបោះឆ្នោតលើកដំបូងនៅឆ្នាំ ១៩៩៣ ក្រោយសង្គ្រាមត្រូវបានបញ្ចប់។ លោក ណាំ ស៊ីវន ថ្លែងថា៖
«ចំពោះការបោះឆ្នោត ពួកខ្ញុំនឹងចូលរួម ហើយអ្វីដែលសំខាន់ គឺខ្ញុំនឹងជ្រើសរើសរកតំណាងរាស្ត្រណាដែលមានសមត្ថភាពក្នុងការដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍នេះ។ ពួកខ្ញុំមិនប្រកាន់និន្នាការនយោបាយណាទេ»។
កម្មករនិងសហជីព ជាពិសេសនៅក្នុងវិស័យកាត់ដេរនៅកម្ពុជា គឺជាបណ្តុំអ្នកបោះឆ្នោតដ៏សំខាន់សម្រាប់ភាពជោគជ័យរបស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង កាលពីឆ្នាំ ២០១៣ នៅពេលដែលគណបក្សនេះបានចាញ់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ក្នុងសំឡេងមួយភាគតូចតែប៉ុណ្ណោះ។
គណបក្សកាន់អំណាចបានប្រកាន់យកនូវយុទ្ធសាស្រ្តពីរជ្រុងនៅក្នុងទសវត្សរ៍បន្ទាប់មក ដោយបានបិទលំហសម្រាប់គណបក្សប្រឆាំងនិងក្រុមប្រឆាំង ស្របពេលពង្រឹងសកម្មភាពប្រឡូកជាមួយយុវជនវ័យក្មេងកម្ពុជា ដែលមួយភាគធំតំណាងឱ្យពលរដ្ឋមានសិទ្ធិបោះឆ្នោត។
គណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីឆ្នាំ ២០១៧ ហើយត្រូវបានជំនួសដោយគណបក្សប្រឆាំងតូចៗ ដែលត្រូវបានបង្កើតឡើងដោយមន្ត្រីមួយចំនួនមកពីគណបក្សសង្គ្រោះជាតិ ដោយគ្មានមេដឹកនាំរបស់ពួកគេ គឺលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស និងលោក កឹម សុខា ដែលកំពុងស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ។
កាលពីខែមិថុនា ឆ្នាំ ២០២២ បន្ទាប់ពីគ្រប់គ្រងបានទាំងស្រុងនៅថ្នាក់ឃុំសង្កាត់រយៈពេលប្រាំឆ្នាំ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រឈមនឹងការប្រជែងពីគណបក្សភ្លើងទៀន ដែលមានឬសគល់ចេញពីគណបក្សសង្គ្រោះជាតិដែលបានឈ្នះសំឡេងគាំទ្រចំនួនប្រមាណ ២២ ភាគរយនៃសំឡេងបោះឆ្នោតសរុប និងអាសនៈឃុំសង្កាត់ចំនួន ២.១៧៦ បន្ទាប់ពីបានធ្វើការឃោសនាដោយផ្តោតលើបញ្ហាអយុត្តិធម៌សង្គម អំពើពុករលួយ និងការរំលោភបំពានអំណាច។
ស្របពេលគណបក្សភ្លើងទៀនមិនត្រូវបានគេរំពឹងថាជាគូប្រជែងយ៉ាងមុតមាំនឹងគណបក្សប្រជាជនកម្ពុជានាឆ្នាំនេះក៏ដោយ ប្រសិនបើគណបក្សនេះត្រូវបានអនុញ្ញាតឲ្យចូលរួមប្រជែងនោះ សំឡេងឆ្នោតដែលគណបក្សនេះនឹងទទួលបាន អាចជាសញ្ញាបង្ហាញថា តើគណបក្សនេះកំពុងទទួលបានចរន្តគាំទ្រកើនឡើងឬថមថយ។ ហើយការទទួលបានអាសនៈតិចតួចនៅរដ្ឋសភាក៏អាចផ្តល់ជាកន្លែងឈរជើង ដែលគណបក្សប្រឆាំងកំពុងខ្វះខាតនាពេលបច្ចុប្បន្នផងដែរ។
លោក អ៊ូ វីរៈ ស្ថាបនិកវិទ្យាស្ថានសិក្សាស្រាវជ្រាវវេទិកាអនាគត (Future Forum) បានប្រាប់វីអូអេថា លោកយល់ឃើញថា គណបក្សភ្លើងទៀនគ្រាន់តែជា «មធ្យោបាយបណ្តោះអាសន្ន» មួយសម្រាប់គណបក្សប្រឆាំង ដែលទំនងនឹងធ្វើឲ្យអ្នកគាំទ្រខ្លួនខកចិត្តនៅក្នុងការបោះឆ្នោតខាងមុខតែប៉ុណ្តោះ។ លោកបញ្ជាក់ថា មូលហេតុមួយផ្នែក គឺដោយសារតែមួយភាគធំនៃប្រជាប្រិយភាពរបស់គណបក្សនេះនៅតែជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ដែលជាអតីតស្ថាបនិកបង្កើតបក្សនយោបាយនេះ។ លោក អ៊ូ វីរៈ ថ្លែងថា៖
«ពួកគេនឹងមិនអាចសម្រេចបានជ័យជម្នះទេ។ បន្ទាប់មក ពួកគេនឹងបាត់បង់ចរន្តគាំទ្រ»។
ប៉ុន្តែលោក អ៊ូ វីរៈ ក៏បានលើកឡើងថា រូបមន្តរក្សា «សន្តិភាព» គ្រប់កាលៈទេសៈរបស់គណបក្សកាន់អំណាច អាចបង្កជាផលវិបាកផងដែរ។ លោក អ៊ូ វីរៈ ថ្លែងថា៖
«សំណួរគឺថា នៅពេលអ្នកព្យាយាមរក្សាសន្តិភាព មិនថាក្រោមកាលៈទេសៈណាក៏ដោយ បើទោះបីជាគ្មានយុត្តិធម៌ ទោះបីប្រឈមនឹងអំពើអយុត្តិធម៌មនុស្សត្រូវតែទទួលយកសន្តិភាពនោះ ខ្ញុំគិតថា វានឹងក្លាយជាបញ្ហាមួយមិនខាន»។
លោក ចេក រ៉ុច សមតែជាបុគ្គលម្នាក់ដែលទំនងផ្តល់ការសាទរជាងប្រជាពលរដ្ឋដទៃមួយចំនួនទៀតនៅកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជិត ៤០ឆ្នាំមកនេះ ដោយសារលោកជាអតីតទាហានម្នាក់ដែលបានចូលរួមប្រយុទ្ធនឹងទ័ពឈ្លបខ្មែរក្រហម ដើម្បីនាំមកនូវសន្តិភាព។
ក៏ប៉ុន្តែលោកបានប្រាប់វីអូអេថា គណបក្សកាន់អំណាចបានតស៊ូដើម្បីការពារភាគច្រើនតែ «អ្នកមានទ្រព្យ និងអ្នកមានអំណាច» ខណៈបញ្ហាបក្ខពួកនិយមនិងអំពើពុករលួយក្នុងចំណោមមន្ត្រីរាជការនៅតេបន្តចាក់ឬស។ ដោយសារតែមិនពេញចិត្តនឹងអំពើពុករលួយនិងការបំពានអំណាច លោក ចេក រ៉ុច បានងាកទៅគាំទ្រគណបក្សប្រឆាំង ហើយបានឈរឈ្មោះជាបេក្ខជនមេឃុំឱ្យគណបក្សសង្គ្រោះជាតិ មុនពេលគណបក្សនេះត្រូវបានរំលាយ។ ហើយកាលពីឆ្នាំ ២០២២ លោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន ហើយត្រូវបានជ្រើសតាំងជាជំទប់ទី ២ នៃក្រុមប្រឹក្សាឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោក ចេក រ៉ុច ថ្លែងថា៖
«ដល់ពេលបោះឆ្នោតជាប់ទៅ គេជាអ្នកគ្រប់គ្រងដដែល គេចង់លុបដី គេធ្វើ បានមកស្តាយក្រោយ [ប្រជាពលរដ្ឋ]។ ប្រជាជនខ្មែរយើងច្រើនតែស្តាយក្រោយ។ ដូរបាន [ដូរការគាំទ្រពីគណបក្សប្រជាជនកម្ពុជា ទៅគណបក្សផ្សេងទៀត] គាត់ហ៊ានទៅបោះ។ អត់ខ្លាចទេ។ ពេលទៅបោះ មើលអត់ឃើញ»។
សមាជិកក្រុមប្រឹក្សាឃុំរុនតាឯកមកពីគណបក្សភ្លើងទៀនរូបនេះ បានថ្លែងបន្ថែមថា៖
«ប្រជាពលរដ្ឋរបស់ខ្ញុំនៅឃុំរុនតាឯក បើអ្នកណាឲ្យអំណោយ បោះឲ្យអ្នកនោះហើយ។ បើអ្នកណាឈឺចាប់ [ដូចជានៅ] តំបន់អប្សារាអ៊ីចេះ បានបោះឆ្នោតឲ្យគណបក្សភ្លើងទៀន»។
បច្ចុប្បន្ននេះ ឃុំរបស់លោក ចេក រ៉ុច កំពុងស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍តំបន់ជាយក្រុងថ្មីដ៏ធំមួយឈ្មោះថា គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ជាទីដែលសាលារៀន មន្ទីរពេទ្យ ផ្សារ និងសេវាកម្មដទៃទៀត កំពុងស្ថិតក្រោមការសាងសង់នៅលើផ្ទៃដីដ៏ធំល្ហល្ហេវ។
គម្រោងនេះជាចំណាត់ការមួយផ្នែកសម្រាប់ត្រួសត្រាយផ្លូវឲ្យប្រជាពលរដ្ឋរាប់រយគ្រួសារដែលត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងតំបន់ត្រូវបានចាត់ទុកជាតំបន់អភិរក្សដោយអាជ្ញាធរអប្សរា ដែលមានសិទ្ធិអំណាចនៅក្នុងការការពារ អភិរក្ស និងគ្រប់គ្រងតំបន់ឧទ្យានអង្គរនៅកម្ពុជា។
អ្នកស្រី ចាន់ ស៊្រន វ័យ ៤១ ឆ្នាំ ដែលមានកូនតូចបីនាក់ ជាពលរដ្ឋដែលស្ថិតនៅក្នុងចំណោមពលរដ្ឋដែលបានបាត់បង់ផ្ទះសម្បែងនៅតំបន់គោកតាចាន់ ជិតប្រាសាទអង្គរវត្ត។ ឥឡូវនេះ អ្នកស្រីកំពុងជាប់ក្នុងបំពុលដ៏ធ្ងន់មួយ ដោយសារតែអ្នកស្រីបាត់បង់ប្រភពចំណូលពីការលក់វត្ថុអនុស្សាវរីយ៍នៅក្បែរប្រាសាទ បន្ទាប់ពីបានជម្លៀសទៅរស់នៅតំបន់កំពុងអភិវឌ្ឍរុនតាឯកលើដីល្ហល្ហេវដែលហ៊ុមព័ន្ធដោយគ្រឿងចក្រឈួសឆាយនិងឡានដឹកដី ស្ថិតនៅចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីតំបន់ប្រជុំក្រុងសៀមរាប។ អ្នកថ្លែង ចាន់ ស៊្រន ប្រាប់វីអូអេថា៖
«ពិបាករឿងក្តៅ និងពិបាករកស៊ី មិនដឹងថារកស៊ីអី។ ពិបាកគ្រប់គ្នា។ និយាយទៅអ្នកមកនេះ សុទ្ធតែទាស់ទាល់ ព្រោះអីគ្មានលុយ គ្មានកាក់ទេមួយៗនោះ ត្អូញថាអត់លុយគ្រប់គ្នា។ ខ្ញុំនិយាយចំ ប៉ះពាល់នឹងជីវភាព ការរស់នៅ ក្តៅក៏ក្តៅ មិនដឹងថ្ងៃណាបានដូចដើមវិញ យើងដាំដើមឈើ ទម្រាំបានផលត្រជាក់វិញ វាយូរដែរ។ កូនឈឺរហូត ក្តៅខ្លួនរហូត លេបថ្នាំជាប់ កូនតូចៗហ្នឹង ហើយឆ្ងាយពីពេទ្យកុមារ។ នៅណោះក្បែរពេទ្យកុមារ ទៅមួយភ្លេតដល់ តែមកនេះឆ្ងាយពេទ្យ»។
រីឯអ្នកស្រី កែ យ៉ាត់ វ័យ ៣២ ឆ្នាំ ជាពលរដ្ឋចំណូលថ្មីនៅក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក មានសុទិដ្ឋិនិយមជាងអ្នកស្រី ចាន់ ស៊្រន ពីព្រោះការផ្លាស់មកទីនេះអាចឲ្យគ្រួសាររបស់អ្នកស្រីទទួលបានកម្មសិទ្ធិដីធ្លី ដោយមិនចាំបាច់ចំណាយប្រាក់កាក់។ អ្នកស្រី កែ យ៉ាត់ បានប្រាប់វីអូអេថា៖
«មុនដំបូង បារម្ភថាខ្លាចអត់ដឹងថាកូនរៀននៅណា។ ពេលមកទៅមានសាលាជិត មានអ៊ីចឹងទៅ គឺអត់ខ្វល់ទេ។ យើងអាចថា គេក៏នៅបាន យើងក៏នៅបាន។ ខ្ញុំពេញចិត្តខ្លួនឯង ចង់មកនៅ នៅទីនេះ។ ណាមួយមកនៅទីនេះ ក៏យើងមានកម្មសិទ្ធិផ្ទាល់ខ្លួនរបស់យើង ព្រោះនៅណោះអត់មាន»។
ស្របពេលការបោះឆ្នោតកាលពីមួយទសវត្សរ៍កន្លងមកបានបង្ហាញនូវការមិនពេញចិត្តខ្លាំងទៅនឹងគណបក្សកាន់អំណាចក្តី ក៏ការពិតមិនអាចប្រកែកបានថា គុណភាពជីវិតទូទៅមានភាពប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋកម្ពុជាមួយចំនួនធំ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មក ក្រោមគោលនយោបាយសេដ្ឋកិច្ចទីផ្សារសេរី និងជំនួយអន្តរជាតិរាប់ពាន់លានដុល្លារ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នៅកម្ពុជាបានកើនឡើងពីប្រមាណ ៣០០ ដុល្លារក្នុងមួយឆ្នាំមកជាង ១.៦០០ ដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងតាមធនាគារពិភពលោក។ សិស្សកាន់តែច្រើនបានទទួលឱកាសសិក្សាដោយចេះអាននិងសរសេរ បានរៀនចប់ថ្នាក់វិទ្យាល័យ ហើយបានបន្តទៅដល់ការសិក្សាកម្រិតសាកលវិទ្យាល័យផងដែរ។ ហើយមនុស្សកាន់តែតិចជាងមុនបានស្លាប់ពីជំងឺផ្សេងៗ ដូចជាជំងឺអេដស៍ របេង និងគ្រុនចាញ់ជាដើម។
អ្នកស្រី ស៊ិញ ហួង វ័យ ៥៣ ឆ្នាំ អ្នករួចជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម គាំទ្រសារសន្តិភាពរបស់គណបក្សកាន់អំណាច ដោយសារសន្តិភាពនេះបានជួយឲ្យអ្នកស្រីកសាងជីវិតឡើងវិញ ក្រោយសង្គ្រាមបានបញ្ចប់ទៅ។ ស្ត្រីដែលមានដើមកំណើតនៅខេត្តកំពង់ចាមរូបនេះ បានប្រកបរបរចិញ្ចឹមជីវិតពីការលក់ដំឡូងនិងផ្លែឈើ នៅទីក្រុងភ្នំពេញ អស់រយៈពេលជាង ១៧ ឆ្នាំមកហើយ។ អ្នកស្រី ស៊ិញ ហួង បានថ្លែងថា៖
«តែបើសម្តេច គាត់ដឹកនាំល្អ។ គាត់និយាយមក គឺថា គាត់ដឹកនាំបានប៉ុណ្ណឹង គេហៅថា គួរសមហើយ។ មិនជឿនលឿនពេក ហើយក៏មិនអន់ពេក។ ដំណើរការគាត់ទៅល្អ រលូនគ្រាន់បើ»។
គណបក្សប្រជាជនកម្ពុជាបានបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការប្រែផ្លាស់ឆាកនយោបាយក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដោយធ្វើឲ្យកម្ពុជាក្លាយជារដ្ឋឯកបក្សមួយ។ លោក Sebastian Strangio អ្នកនិពន្ធសៀវភៅ «កម្ពុជារបស់លោក ហ៊ុន សែន» (Hun Sen's Cambodia) បាននិយាយថា ប៉ុន្តែការគ្រប់គ្រងបែបនេះអាចមិនមានចីរភាពនោះទេ ហើយឥឡូវនេះ គណបក្សកាន់អំណាចកំពុងព្យាយាមពិនិត្យមើលថា ខ្លួនអាចបត់បែនលទ្ធិប្រជាធិបតេយ្យបានដល់កម្រិតណា។ លោក Sebastian Strangio ថ្លែងថា៖
«ខ្ញុំគិតថា គណបក្សប្រជាជនកម្ពុជាប្រហែលជាដឹងថា មានការមិនពេញចិត្ត ហើយចាំបាច់ត្រូវមានការរក្សានូវសុវត្ថិភាព។ ខ្ញុំគិតថា នេះជាហេតុផលដែលពួកគេអនុញ្ញាតឲ្យគណបក្សភ្លើងទៀនចូលរួម ដោយដឹងថា គណបក្សប្រឆាំងនៅតែមានភាពប្រេះស្រាំ»។
ប៉ុន្តែ បើទោះបីពួកគេអនុញ្ញាតឲ្យមានការធ្វើដូចនេះក្តី ថ្នាក់ដឹកនាំនៃគណបក្សប្រឆាំងបានប្រឈមមុខនឹងវិធានការផ្លូវច្បាប់ដោយរងការចោទប្រកាន់ផ្សេងៗជាបន្តបន្ទាប់។
កាលពីពាក់កណ្តាលខែមករា លោក ថាច់ សេដ្ឋា អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួនហើយឃុំខ្លួន ពាក់ព័ន្ធនឹងការចេញសែកខូចកាលពីឆ្នាំ ២០១៩។ លោក សុន ឆ័យ អនុប្រធានម្នាក់ទៀតនៃគណបក្សភ្លើងទៀនមួយ ត្រូវបានចោទប្រកាន់និងរកឃើញថាមានទោសពីបទបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជុំវិញការអះអាងអំពីការក្លែងបន្លំសន្លឹកឆ្នោត អំឡុងពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២។ ហើយលោក គង់ គាំ ទីប្រឹក្សាគណបក្សភ្លើងទៀន បាននិយាយថា លោករងសម្ពាធ ហើយត្រូវបង្ខំចិត្តបញ្ឈប់សកម្មភាពនយោបាយរបស់ខ្លួន បន្ទាប់ពីលោករងការគំរាមរឹបអូសដីធ្លី ពាក់ព័ន្ធនឹងជម្លោះជាមួយនឹងរដ្ឋាភិបាល។
ដរាបណាមានការមិនពេញចិត្តនៅកម្ពុជា លោក Strangio បានថ្លែងថា៖
«គឺតែងតែមានលទ្ធភាពដែលមនុស្សកាន់តែច្រើននឹងចេញបោះឆ្នោតឲ្យគណបក្សភ្លើងទៀន និងមិនបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលនេះអាចនឹងបង្កជាបញ្ហាផ្សេងៗ»។
លោកបានបន្ថែមថា ប៉ុន្តែជាមួយនឹងសមត្ថភាពមានកម្រិតរបស់គណបក្សភ្លើងទៀន ក្នុងការធ្វើប្រតិបត្តិការ គណបក្សប្រឆាំងមួយនេះនឹងប្រឈមការលំបាកក្នុងការ «ធ្វើយុទ្ធនាការឃោសនាដ៏ល្អិតល្អន់មួយ»។ លោក Sebastian Strangio បានថ្លែងថា៖
«ខ្ញុំគិតថា នៅទីបំផុត គណបក្សប្រជាជនកម្ពុជានឹងគ្រាន់តែបើកចំហលំហនយោបាយក្នុងកម្រិតមួយ ដែលមិនធ្វើឲ្យប៉ះពាល់ដល់អំណាចរបស់ខ្លួនតែប៉ុណ្ណោះ»៕