អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លើកឡើងថា រដ្ឋាភិបាលកម្ពុជាបានបង្កើនវោហាសាស្ត្រវាយប្រហារលើសមាជិកគណបក្សប្រឆាំងមុនការបោះឆ្នោតជាតិ ខណៈក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកដែលធ្វើការក្នុងផ្នែកសិទ្ធិមនុស្សសង្កេតឃើញថា ស្ថានភាពនយោបាយកម្ពុជានៅតែធ្លាក់ចុះខ្លាំងជាបន្តបន្ទាប់។
ក្នុងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចេញនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ស្តីពីការវាយប្រហារជាថ្មីលើបក្សប្រឆាំងនយោបាយ វោហាសាស្ត្រយុទ្ធនាការរបស់លោក ហ៊ុន សែន ជំរុញឲ្យមានការវាយដំ ការចាប់ខ្លួនដោយខុសច្បាប់ បានលើកអំពីសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងកាលពីថ្ងៃទី៩ ខែមករា ថា លោក ហ៊ុន សែន បានផ្តល់ជម្រើសដល់គូប្រជែងរបស់ខ្លួនរវាងការទទួលយកប្រព័ន្ធច្បាប់ ឬដោយហិង្សា។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបញ្ជាក់តាមន័យដើមថា៖ «អាជ្ញាធរគួរតែបញ្ឈប់ជាបន្ទាន់នូវវោហារសាស្ត្រដ៏ឃោរឃៅរបស់រដ្ឋាភិបាល ហើយដោះលែងសកម្មជននយោបាយដែលកំពុងឃុំខ្លួននាពេលបច្ចុប្បន្ន ហើយស៊ើបអង្កេត និងកាត់ទោសឱ្យបានត្រឹមត្រូវចំពោះអ្នកដែលទទួលខុសត្រូវចំពោះការវាយដំនាពេលថ្មីៗនេះលើសមាជិកគណបក្សភ្លើងទៀន»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបន្ថែមថា ចាប់តាំងពីសុន្ទរកថានោះមក អំពើហិង្សាចំនួនប្រាំពីរត្រូវបានរាយការណ៍ថាបានកំណត់គោលដៅលើសមាជិកគណបក្សប្រឆាំងសរុបចំនួនប្រាំមួយនាក់។ ករណីចំនួនបីបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំរៀបចំផែនការរបស់គណបក្សភ្លើងទៀននៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៨ ខែមីនា សម្រាប់ការបោះឆ្នោតខែកក្កដា។ ករណីបន្ថែមចំនួនបួនត្រូវបានរាយការណ៍បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សកម្មជនគណបក្សទៅកាន់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅរាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែមីនា និងការចូលរួមក្នុងការប្រមូលផ្តុំសាធារណៈទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយ។
បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក្រោយការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តុលាការរាជធានីភ្នំពេញបានកាត់ទោសសមាជិកបក្សប្រឆាំងចំនួន ១៣ នាក់ឱ្យជាប់ពន្ធនាគារ។ ហើយកាលពីថ្ងៃទី២៤ ខែមីនា តុលាការបានប្រកាសផ្ដន្ទាទោសលោក សៀម ភ្លុក សហស្ថាបនិកគណបក្សបេះដូងជាតិ និង១២នាក់ទៀតជាប់ពន្ធនាគារ ក្រោមការចោទប្រកាន់ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារចុះឈ្មោះគណបក្ស។ លោក សៀម ភ្លុក ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣០ខែ ខណៈជនជាប់ចោទ១២នាក់ផ្សេងទៀតត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។
នៅថ្ងៃទី១២ ខែមេសា អាជ្ញាធរបានចាប់ខ្លួន និងបន្តឃុំខ្លួនសមាជិកគណបក្សភ្លើងទៀនពីរនាក់បន្ថែមទៀត ពីបទក្លែងបន្លំពាក់ព័ន្ធនឹងបញ្ជីបេក្ខជនរបស់គណបក្សដែលត្រូវបានអនុម័តជិតមួយឆ្នាំមុន។ ហើយនៅថ្ងៃទី២១ ខែមីនា អតីតសមាជិកគណបក្សប្រឆាំងពីរនាក់ដែលស្និទ្ធនឹងលោក កឹម សុខា ត្រូវបានចាប់ខ្លួនពីបទ «ប្រមាថព្រះមហាក្សត្រ» តាមបណ្ដាញសង្គម Facebook។ ពួកគេទាំងពីរត្រូវបានដោះលែង បន្ទាប់ពីបានសុំទោសជាសាធារណៈចំពោះព្រះមហាក្សត្រ និងលោក ហ៊ុន សែន ហើយទទួលបានតំណែងជាអនុរដ្ឋលេខាធិការក្រសួងការងារ និងក្រសួងដែនដី។ នេះបើតាមរបាយការណ៍ដដែលរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ និងសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានក្នុងស្រុក។
ក្រុមអង្គការការពារសិទ្ធិមនុស្សនៅកម្ពុជា គាំទ្រលើការរកឃើញ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដែលបានបង្ហាញ អំពីការរឹតត្បិត និងការវាយប្រហារលើគណបក្សប្រឆាំង នៅមុនការបោះឆ្នោតថ្នាក់ជាតិ នាខែកក្កដាខាងមុខ។
អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ប្រាប់ VOA នៅថ្ងៃអង្គារនេះថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រឈមខ្លាំង ទាំងគណបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកសារព័ត៌មាន។ អ្នកស្រីបន្ថែមថា ការរឹតត្បិតនានាក្នុងអំឡុងពេលនេះ នឹងអាចធ្វើឱ្យប៉ះពាល់ដល់ភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខ។
អ្នកស្រីថ្លែងថា៖ «យើងដឹងហើយថាប្រទេសកម្ពុជាយើងនឹងរៀបចំការបោះឆ្នោតនាពេលខាងមុខនេះដែរ អ៊ីចឹងជាធម្មតាបរិយាកាសនៅមុនការបោះឆ្នោតនេះគឺចាំបាច់ណាស់ដែលយើងត្រូវធានាលម្ហសង្គមស៊ីវិលមួយដែលប្រសើរ ហើយដែលសមាជិកទាំងឡាយគឺមានសិទ្ធិសេរីភាពពេញលេញនិងរួចផុតពីការគំរាមកំហែងនានា ដើម្បីធានាដល់ការបោះឆ្នោតមួយដែលសេរី និងយុត្តិធម៌។ ប៉ុន្តែយើងឃើញថា ទិដ្ឋភាពវាហាក់ដូចជាផ្ទុយពីលក្ខខណ្ឌទាំងអស់ហ្នឹង»។
ស្រដៀងគ្នានេះដែរ លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលើកឡើង ថា ស្ថានភាពនយោបាយនៅកម្ពុជាបន្តធ្លាក់ចុះតាំងពីឆ្នាំ២០១៧មក ហើយថា បច្ចុប្បន្នស្ថានភាពនេះកាន់តែអាក្រក់ ដោយសារមានករណីប្រើហិង្សាលើសកម្មជន និងសមាជិកគណបក្សប្រឆាំងព្រមទាំងការប្រើប្រព័ន្ធតុលាការចោទប្រកាន់អ្នកនយោបាយប្រឆាំងជាច្រើនករណីទៀត។
លោកបញ្ជាក់ថា៖ «អំពើហិង្សាចុងក្រោយនេះ ក៏យើងមានរូបភាពប្លែកៗដែរ មានទាំងការវាយដំ ទាំងការកើតឡើង និងគ្រោះថ្នាក់ចរាចរណ៍សកម្មជនគណបក្សជំទាស់ហ្នឹង កើតឡើងជាហូរហែ ហើយផ្តោតទៅលើតែសកម្មជននៃគណបក្សប្រឆាំងដែលគេយល់ថាអាចមានសំឡេងប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចបាន»។
លោក ស៊ឹង សែនករុណា បន្ថែមថា រដ្ឋាភិបាលគួរបើកលម្ហសេរីភាពទាំងនេះឡើងវិញ ដើម្បីជំរុញឱ្យស្ថានភាពប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអភិវឌ្ឍនៅកម្ពុជាមានភាពរីកចម្រើន។
លោកបញ្ជាក់ថា៖ «យើងមានតែទទូចឱ្យមានការបើកនូវលម្ហសិទ្ធិសេរីភាពទាំងអស់នោះឡើងវិញ ដើម្បីឱ្យដំណើរការសង្គមប្រជាធិបតេយ្យនៅក្នុងប្រទេសយើងហ្នឹងឱ្យមានភាពល្អប្រសើរឡើង ហើយមានការទទួលស្គាល់ពីគ្រប់ភាគីពាក់ព័ន្ធ ពីសហគមន៍ជាតិ និងអន្តរជាតិឡើងវិញ ដើម្បីជាផលប្រយោជន៍រួមទៅដល់សង្គមជាតិ និងទៅដល់ប្រទេសកម្ពុជាយើងឱ្យមានភាពកាន់តែរីកចម្រើនថែមទៀត»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាច្រានចោលការលើកឡើងរបស់ក្រុមអង្គការជាតិ និងអន្តរជាតិទាំងនេះ ថាមិនឆ្លុះបញ្ចាំងពីការពិត។
លោកថ្លែងថា៖ «ហើយរបាយការណ៍របស់គាត់កន្លងមកហ្នឹងក៏មិនផ្អែកទៅលើមូលដ្ឋានច្បាប់ នីតិវិធីច្បាប់របស់កម្ពុជាដែលមានជាធរមានដែរ គឺជារបាយការណ៍ចោទប្រកាន់ដោយផ្អែកលើរបៀបវារៈនយោបាយច្រើនជាង។ ហើយសម្រាប់កម្ពុជា វិធានការច្បាប់ ការឃាត់ខ្លួន ការផ្តន្ទាទោស សកម្មជនដែលប្រព្រឹត្តល្មើសច្បាប់ហ្នឹង មិនមែនជាការរឹតត្បិតគាបសង្កត់សិទ្ធិសេរីភាពនយោបាយទេ ប៉ុន្តែវាជាវិធានការច្បាប់»។
លោក ជិន ម៉ាលីន បន្ថែមថា ការស្វែងរកជនល្មើសដែលប្រព្រឹត្តអំពើហិង្សា ឬបទល្មើសណាមួយ គឺជាតួនាទីរបស់សមត្ថកិច្ចដែលត្រូវអនុវត្តជាទូទៅ មិនមែនសម្រាប់តែសកម្មជនបក្សប្រឆាំងនោះទេ។
កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ខណៈក្រុមអ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សលើកឡើងថា សិទ្ធិនិងសេរីភាពជាមូលដ្ឋានដែលរួមមានសិទ្ធិពលរដ្ឋ និងនយោបាយ សេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មានជាដើម កំពុងរងការរឹតត្បិត និងគំរាមកំហែង៕
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ការរឹតត្បិតបក្សប្រឆាំងនៅមុនការបោះឆ្នោត
ភ្នំពេញ —