ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ វ​ប្បធម៌​​​វាយ​ប្រហារ​​​​និង​លាប​ពណ៌​គ្នា​របស់​អ្នកនយោបាយ​​ល្មម​ដល់​ពេល​បញ្ចប់​ដើម្បី​ជា​ប្រយោជន៍​ជាតិ


រូបផ្គុំ​ពី​បណ្ដាញ​ព័ត៌មាន​ AP នេះ​បង្ហាញ​ពី​លោក សម រង្ស៊ី (ឆ្វេង) និង​លោក​ ហ៊ុន ម៉ាណែត (ស្ដាំ)។ (AP)
រូបផ្គុំ​ពី​បណ្ដាញ​ព័ត៌មាន​ AP នេះ​បង្ហាញ​ពី​លោក សម រង្ស៊ី (ឆ្វេង) និង​លោក​ ហ៊ុន ម៉ាណែត (ស្ដាំ)។ (AP)

ជា​រឿយៗ ​អ្នក​នយោ​បាយ​កម្ពុជា​តែង​តែ​ប្រើ​យុទ្ធ​សាស្ត្រវាយ​ប្រហារ​ និង​លាប​ពណ៌​គ្នាទៅ​វិញ​ទៅមក​ដើម្បី​ប្រជា​ប្រិយ​ភាពរបស់​ខ្លួន។ ការណ៍​នេះធ្វើ​ឱ្យ​អ្នក​តាមដាន​និង​អ្ន​កវិភាគអំពីសង្គម​ យល់ថា វប្បធម៌​វាយ​ប្រហារ​របស់អ្នកនយោបាយ​ក​ម្ពុជាល្មម​ដល់​ពេល​បញ្ចប់​ ដោយ​គួរ​តែ​ងាយ​មក​ផ្សះ​ផ្សាប្រទេស​ជាតិ និង​ចូល​រួម​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​ល្អ​ប្រសើរ​វិញ​ ​ល្អ​ជាង​។​

​ ជាក់​ស្តែងការ​វាយ​ប្រហារវោហា​រសព្ទនយោ​បាយ​នេះ កំពុងតែ​កើត​ឡើង​ជា​បន្តបន្ទាប់​រវាងអ្នក​នយោ​បាយ​ជើងចាស់មួយរូបគឺ​លោក សម រង្ស៊ី និង​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​ទាក់ទ​ង​ការសិក្សា​របស់​លោក ម៉ាណែត ​នៅ​សាលា​ទាហាន​ West Point នៃ​សហ​រដ្ឋ​អាមេរិ​ក​។ លោក សម រង្ស៊ី ​អះអាងថា ​លោក ហ៊ុន ម៉ាណែត ​«គ្មាន​ចេះ​អ្វី ​ក្រៅ​ពី​តោង​ជើង​ខោ​ឳ​ ដើម្បី​ឡើង​តាម​ជើងខោឳ​» ​ខណៈលោក ហ៊ុន ម៉ាណែត ​បាន​ការ​ពារ​ខ្លួន​និងបានបបួល​លោក​ សម រង្ស៊ី ​ភ្នាល់​ដាក់​ជីវិ​ត​នយោ​បាយ​។

សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ ​លោក ​ឯម សុវណ្ណារ៉ា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការវាយ​ប្រហារ​គ្នា​លក្ខណៈ​បុគ្គលរបស់​អ្នកនយោបាយ​កម្ពុជា មិន​មែន​ជា​រូប​ភាព​ល្អ​នោះ​ទេ​។ ​លោក​កត់​សម្គាល់​ថា​ ការ​វាយ​ប្រហារ​គ្នា​បែប​នេះ ​កើ​ត​ចេញ​ពី​គណ​បក្ស​ប្រជាជ​នកម្ពុជា​ បន្ទាប់​មករី​ក​សុស​សាយដល់​គណ​បក្ស​ប្រឆាំង ដែល​ធ្វើ​ការតប​តគ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​«អត្ថប្រយោជន៍​ប្រៀប​ឈ្នះ​យក​នយោ​បាយ»។ ​

លោក​ ឯម សុវណ្ណារ៉ា យល់​ថា វប្បធម៌​មួយ​នេះ​មិន​ដឹង​ថា​អាច​បញ្ចប់​នៅពេល​ណា​នោះទេ​ ​ខណៈ​ការ​យល់​ដឹង​របស់​ប្រជា​ពល​រដ្ឋ​នៅ​មាន​កម្រិត ​ក្នុង​ការ​ទាមទារ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ពី​អ្នក​នយោបាយ។ ក៏​ប៉ុន្តែ​លោក​ថា ​អ្នក​នយោបាយយក​ចិត្ត​ទុកដាក់​លើ​ចន្លោះ​ប្រហោង​នៃគុណ​ភាព​នៃ​ការ​ដឹកនាំ និង​តម្លៃ​នយោ​បាយ​របស់​ដៃគូ​ប្រកួតវិញ ដែល​អាច​ចាត់​ទុក​ថា​ជា​ការ​រិះគន់​បែប​ស្ថាបនា​ដើម្បី​ផល​ប្រយោជន៍​រួម។

លោក​ថ្លែង​ថា៖ «ការ​ប្រើ​ប្រាស់​ការ​ប្រកួត​ប្រជែងគុណ​ភាព​ជា​អ្នក​ដឹក​នាំ​ ជា​អ្នក​កៀង​គរយក​ប្រជា​ប្រិយ​ភាព​ពី​ប្រជា​ពល​រដ្ឋ គួរ​តែ​មាន​យន្ត​ការ​គុណ​ភាពនៃ​ការ​ដឹកនាំ តម្លៃ​នយោបាយ​យកមក​ប្រកួត​ប្រជែង​គ្នា ទើបវា​មានភាព​ផ្តល់​ផលប្រយោជន៍​ច្រើនដល់​ប្រទេស​ជាតិ»។

កាល​ពី​ថ្ងៃ​ទី ១២ ​ខែ​មីនា ​លោក សម រង្ស៊ី បាន​បន្ត​រិះគន់​ទាក់ទង​ការ​ចូល​រៀន​របស់លោក ​ហ៊ុន ​ម៉ាណែត​ នៅ​សាលា​ទាហាន ​West Point នៅលើទំព័រ​ហ្វេសប៊ុក​របស់​លោកថា​៖ «​សារ​ជាថ្មី​អំពី​គាត់​បាន​ចូល​រៀន​សាលា​ទាហាន នៅសហ​រដ្ឋ​អាមេរិក ​ដោយ​សារ​តែ​ការ​យោគ​យល់ ​និងការ​ជំរុញ​ពី​ឪពុក​គាត់ ​ហ៊ុន សែន ​ដែល​មាន​ឋានៈ​ជា​នាយក​រដ្ឋ​មន្ត្រី និង​ជា​មេទ័ព»។

​លោក ​សម ​រង្ស៊ី ​បាន​សរសេរ​រិះ​គន់​បន្ថែម​ថា៖ «​នៅ​ស្រុក​គេ​ ហ៊ុន​ ម៉ាណែត ​ពេល​ចេញ​ពី​សាលា​នេះ ហើយ​បើ​គាត់​មាន​សញ្ជាតិ​អាមេរិក​កាំង គាត់​អាច​ធ្វើ​ត្រឹម​តែ​កូន​ទាហាន​ពាក់​សក្តិ ១ ​ប៉ុណ្ណោះ​។ តែ​នៅ​ស្រុក​ខ្មែរ​ ដោយ​សារ​តែ​ឡើង​តាម​ជើង​ខោ​ឪពុក​គាត់ ស្រាប់​តែ​គាត់​បាន​ឡើង​ជា​ឧត្តម​សេនីយ៍​ផ្កាយ ​៣ ភ្លាម​មួយ​រំពេច​»​។

លោក ហ៊ុន ម៉ាណែត ក៏​បាន​តប​ត​ទៅ​លោក សម រង្ស៊ី វិញដោយ​បាន​ការ​ពារ​ខ្លួន​ និង​បាន​បបួល​លោក សម រង្ស៊ី ​ភ្នាល់​ដាក់​ជីវិត​នយោ​បាយ​សារ​ជា​ថ្មី​ផង​ដែរ​ បើ​អ្នក​ណា​ចាញ់​ «ហ៊ាន​ភ្នាល់​ឈប់​ធ្វើ​នយោ​បាយ​ទេ​»​។ ​នេះ​បើ​តាម​វីដេអូ​រយៈ​ពេល​ជិត​ ១១ នាទី ​ដែល​លោក ហ៊ុន ម៉ាណែត ​បង្ហោះ​លើទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ នៅថ្ងៃ​ទី​ពុធ​នេះ។

ក្នុងវីដេអូ​រយៈ​ពេល​ជិត​ ១១ នាទី ​លោក ហ៊ុន ម៉ាណែត ​ថ្លែងថា​៖​ «ហើយ​ខ្ញុំ​ថា ​បើ​ហ៊ាន​យើង​បបួល​គ្នា​ផ្នាល់​គ្នា ហើយ​ខ្ញុំនឹង​ដឹក​ដៃ​គាត់​ទៅ​សុំ​សាលា​មើលទាំង​អស់គ្នា​ ថាតើ​ហ៊ុន ម៉ាណែត រៀនបាន​លេខប៉ុន្មាន​នៅក្នុង​សាលា​អាមេរិកកាំង​ដែល​លំបាកហ្នឹង​។ តើ​ហ៊ុន ម៉ាណែត​ រៀន​កន្ទុយ​គេ ធ្លាក់​ផង​អី​ផងអត់​? តែហ៊ាន​ភ្នាល់​ជាមួយ​ខ្ញុំ​ បើសិនជា​ឃើញ​ហើយ​ថាខ្ញុំមិន​ចុង​ប៉ូច​ ហើយ​ខ្ញុំ​រៀនបានពិន្ទុល្អ​ មិន​ចាញ់គេ​ មិនចាញ់​កូន​អាមេរិក ​នៅ​ក្នុង​សាលា​ដែល​លំបាក​ លោក​ឯង​ហ៊ានផ្នាល់​ឈប់ធ្វើ​នយោ​បាយ​ទេ? ប្រហែល​ជា​អត់​ទេ គ្រាន់តែ​ភ្នាល់​ជាមួយ​ខ្ញុំ​ រឿង​សញ្ញាប័ត្រ​កម្រិត​ពីរ ​មិន​ហ៊ាន​ភ្នាល់​ផង​»។

នេះ​មិន​មែន​ជា​លើកទី​ ១ ទេ​ ដែលលោក ​សម ​រង្ស៊ី និង​លោក​ ហ៊ុន​ ម៉ាណែត ​បាន​ប្រតិ​កម្ម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ចាប់តាំង​ពី​លោក ហ៊ុន ម៉ាណែត​ ត្រូវបាន​បោះឆ្នោត​ផ្តល់​ទំនុក​ចិត្ត​ដោយ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យ​ក្លាយ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​បក្ស។

​លោក ហ៊ុន​ ម៉ាណែត​ អាយុ​ ៤៥ ​ឆ្នាំ​ (កើត​នៅ​ថ្ងៃ​ទី​ ២០ ខែ​តុលា ​ឆ្នាំ​ ១៩៧៧​) បាន​បញ្ចប់​ការ​សិក្សា​នៅ​បណ្ឌិត្យ​សភា​យោធា​អាមេរិក​ West Point កាលពី​ឆ្នាំ ១៩៩៩។ បច្ចុប្បន្ន​នេះ លោកកំពុង​មាន​តួនាទី​ជា​អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ និង​ជាប្រធាន​យុវជន​គណ​បក្ស​ប្រជាជន​កម្ពុជា​។

ការវាយ​ប្រហារ​និង​លាប​ពណ៌​គ្នាឥត​ឈប់ឈរ​នេះ​ មិន​មាន​អ្វី​ចំណេញ​នោះទេ។ នេះបើ​តាម​ការ​យល់​ឃើញ​របស់​លោក មាស នី​ អ្នក​ស្រាវជ្រាវ​អំពី​សង្គម​និង​នយោបាយ​កម្ពុជា។ ​

​លោក​ថ្លែង​ថា៖ ​«ការ​កាត់​បន្ថយ​ការ​លាប​ពណ៌ វា​អាច​នឹងឈាន​បណ្តើរ​ៗទៅ​រក​ការ​បង្រួបង្រួម​មួយ​ពិត​ប្រាកដ​។ ហើយ​ការ​លាបពណ៌មិនមែនជាកត្តានាំ​ឱ្យ​មានការ​បង្រួប​បង្រួម​ជាតិទេ កាន់តែ​លាប​ពណ៌​គឺកាន់តែ​បែក​បាក់»។​

យ៉ាង​ណា​មិញ លោក​ មាស នី ក៏បាន​សន្និដ្ឋាន​ថា អ្វីដែល​លោក សម រង្ស៊ី​ តែងតែ​លើក​ឡើង​អំពី​លោក​ ហ៊ុន ម៉ាណែត អាច​ជា​ «​យុទ្ធសាស្ត្រ​ក្រៅឆាក»​ ដើម្បី​ឱ្យ​អ្នក​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​សំឡឹង​មើល​លើ​សមត្ថភាព​លោក ហ៊ុន ម៉ាណែត ព្រោះ​មិន​មាន​អ្នក​ណា​ហ៊ាន​និយាយដោយ​សារ​ភាព​ភ័យខ្លាច​។ លោក​បន្ត​ថា ​លោក សម រង្ស៊ី ​ទំនង​មើល​ឃើញថា ​លោក ហ៊ុន ម៉ាណែត​ ជាបេក្ខ​ភាព​នាយក​រដ្ឋមន្ត្រី​នៅ​អាណត្តិ​ក្រោយ ​ដូច្នេះ​ទើប​ចេះតែ​រក​មធ្យោបាយ​ដើម្បីបង្អាប់​លើ​សមត្ថភាព​នេះ។

ដោយ​ឡែក​ អ្នក​សា្រវជ្រាវ​ពី​កិច្ចការ​សង្គម​រូប​នេះ ក៏បាន​ពន្យល់​ពីពាក្យ​លាប​ពណ៌​ ​យ៉ាង​ដូច្នេះ​ថា៖​ «ពាក្យ​ថា ​លាប​ពណ៌ លុះ​ត្រាគេ​មក​ពណ៌ក្រហម ​ហើយ​យើង​លាប​ពណ៌​ខៀវ​ទៅវិញ អាហ្នឹង​បានគេ​ហៅថា​លាបពណ៌។ បើ​ទិដ្ឋ​ភាព​នយោបាយក៏អ៊ីចឹង​ដែរ បើ​បុគ្គល​មាន​ស្ថាន​ភាព​បែប​ហ្នឹង​ ហើយ​គេ​គ្រាន់​តែ​លើកយ​ក​មក​និយាយ​បន្ថែម​ អាហ្នឹង​មិនមែន​ជាការ​លាប​ពណ៌​ទេ​។ ប៉ុន្តែ​បើ​និយាយ​បំផ្លើស​ ឧបមា​ថា គេមិនបាន​មាន​រឿង​បែប​ហ្នឹង​កើត​ឡើង​ទេ គេមិន​បាន​ធ្វើកិច្ចការ​ហ្នឹង​ ប៉ុន្តែ​យើង​យក​លេស​ផ្សេង​ៗ​ដើម្បី​យក​មក​បូកផ្សំ​ ដើម្បី​វាយប្រហារ​គេ​ហៅថា​ជា​ការ​លាប​ពណ៌​»។

​លោក​ មាស នី អះអាង​បន្ថែម​ថា ​ការលាប​ពណ៌នេះ​មិនមែន​បន្ទោស​តែទៅលើ​អ្នក​នយោបាយ​ទេ ព្រោះ​ពល​រដ្ឋ​នៅ​ក្រោម «ម្លប់​នយោ​បាយ​របស់​គណ​បក្សនី​មួយ​ៗ» ក៏​បង្កើន​កា​រលាប​ពណ៌គ្នា​សម្បើម​ណាស់​ដែរ​។ ដូច្នេះ​លោកថា​ ដើម្បី​កាត់​បន្ថយ​ការ​លាប​ពណ៌នេះ គឺត្រូវធ្វើ​ឡើង​ជា​ការ​ងារ​សង្គម ដោយ​កសាង​វប្ប​ធម៌​ថ្មី​មួយ ​គឺ«​វប្បធម៌​មិន​ងាយ​ក្នុង​ការ​លាប​ពណ៌​គ្នា»​ ព្រោះ​យើង​ជា​ខ្មែរ​ទាំង​អស់​គ្នា​។ លោក​បន្ត​ថា​ «បើ​យើងបន្ត​បាញ់​ថ្នាំ​ដាក់​គ្នា​រហូត​យូរ​ៗខ្មែរ​ទៅ​ជា​ពពាល អា​ចថ្ងៃក្រោយ​ អាច​បាត់ទឹកដី​ បាត់ពូជ​ខ្មែរ​ថែម​ទៀត​»​។

ចំណែក​ លោក សេង សារី អ្នក​វិភាគ​នយោបាយ និង​ជា​អ្នក​ស្រាវជ្រាវ​សង្គម​និង​នយោបាយ​នៅ​សាកល​វិទ្យាល័យ ​Melbourne ​ប្រទេស​អូស្ត្រាលី​ ប្រាប់​វីអូអេ​ថា លោកថា​ សារ​នយោបាយ​វាយ​ប្រហារ​គ្នាមួយ​រយៈពេល​ចុងក្រោយ​នេះ ​ជា​គំរូអាក្រក់​ដល់​អ្នក​ជំនាន់​ក្រោយ​ ចំពោះការប្រហារ​គ្នា​លើ​សេចក្តី​ថ្លៃថ្នូ​ររបស់​បុគ្គល​នយោ​បាយ ដែល​ប្រាក​ចាក​ពី​វិទ្យាសាស្ត្រ​នយោ​បាយ​។ ​

ក្នុង​មួយ​រយៈ​ពេលចុង​ក្រោយ​ លោក សម រង្ស៊ី ​ហាក់​ប្តូរ​គោល​ដៅ​នយោ​បាយ​ ដោយ​មក​មក​លែង​រិះ​គន់​គណបក្ស​កាន់​អំណាច និង​ ចំណុច​អវិជ្ជ​មាន​នានា​របស់​រដ្ឋាភិបាល ប៉ុន្តែងាយ​មករិះគន់​ត្រកូល​ហ៊ុលដោយ​ផ្ទាល់​។ ​នេះ​បើតាម​លោក​ សេង សារី។​ ប៉ុន្តែ​លោក​ថា មិន​មែន​មាន​តែលោក​ សម រង្ស៊ី ទេ ​សូម្បី​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​ប្រើ​ប្រាស់​ពាក្យ​ធ្ងន់​ធ្ងរ​ដែ​រ ដូច​ជា​ហៅ លោក​ សម រង្ស៊ី ​ថា​ជា​ក្បត់​ជាតិ​ ៣ ​ជំនាន់​ជាដើម​។ ដូច្នេះ​លោក​យល់ថា​ «សំរាម​នយោបាយ ដែល​ជា​សារ​នយោបាយ​វាយប្រហារ​»​ គួរ​តែ​សំអាត​ចេញ​ ដើម្បីនយោ​បាយ​កម្ពុជា​រក្សា​បាន​ភាពថ្លៃ​ថ្នូរ ​តាម​រយៈ​ការ​ប្រកួត​ប្រជែង​គ្នា​នូវ​គោលនយោបាយ និង​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ​។

លោកថ្លែងថា៖ ​«​អ្វីដែល​ខ្ញុំ​មើល​ឃើញ​ ខ្ញុំ​ឃើញ​ថា ​វាជាគំរូ​អាក្រក់​សម្រាប់​អ្នក​នយោបាយ​ជំនាន់ថ្មី។ ហើ​យធ្វើ​ឱ្យអ្នក​នយោបាយ​ជំនាន់ថ្មី​គិត​ថា ​ការ​វាយ​ប្រហារ​ជាលក្ខណៈ​បុគ្គលនេះ​ ជាឧបករណ៍​នៅក្នុង​ការឃោសនា ឬជា​ឧបករណ៍​នយោ​បាយ​ដើម្បី​អាច​ឈ្នះ​ដៃគូ ដែល​វា​ប្រាកចាក​ពីវិទ្យាសាស្ត្រ​នយោ​បាយ​ ឬការ​ធ្វើនយោបាយ​បែបអាជីព»។

​លោក សេង សារី ​បន្ថែម​ថា ការ​វាយ​ប្រហារ​របស់​លោក ​សម រង្ស៊ី លើ​លោក​ ហ៊ុន ម៉ាណែត អាច​នឹងបង្ក​ផល​ប៉ះពាល់​ដល់​គណ​បក្ស​ភ្លើងទៀន។ ​បច្ចុប្បន្ន​នេះ ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​នេះ រួមមាន​លោក ថាច់ សេដ្ឋា និង​លោក សុន ឆ័យ ​កំពុង​រង​ក្តីក្តាំង​នៅ​តុលាការ​ ​បើ​ទោះ​បី​ជា​គណ​បក្ស​ភ្លើង​ទៀន​បាន​បញ្ជាក់​ច្បាស់​ថា ខ្លួនមិន​ពាក់ព័ន្ធ​លោក សម រង្ស៊ី​ ជាច្រើន​លើក​យ៉ាងណា​ក៏​ដោយ។

ដោយ​ឡែក ​សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោ​បាយ ​លោក ​ឯម សុវណ្ណារ៉ា កត់​សម្គាល់​ថា​ ការ​ឆ្លើយ​តប​របស់​លោក ហ៊ុន ម៉ាណែត ទៅ​កាន់លោក សម រង្ស៊ី ហុច​ផល​ចំណេញ​ខ្លះ​ដល់​គណបក្ស​កាន់​អំណាច​។

លោកថ្លែងថា៖ «​វាអាច​ជួយ​ទប់​ស្កាត់នូ​វគេហៅថា ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី ​ដែរ ដើម្បី​កាត់​បន្ថយ​ការ​យល់​ច្រឡំ​អ៊ីចឹង​ទៅ ឬហៅថា​បំប៉ន​ស្មារតី​របស់​គណបក្ស​ប្រជាជន​ដើម្បី​កុំឱ្យ​មាន​សតិអារម្មណ៍​ដែរ​។ វា​អាច​ចំណេញ​សម្រាប់​គណបក្ស​កាន់​អំណាច​ កុំ​ឱ្យមាន​ភាព​រង្គោះរង្គើ ឬ​មាន​ការ​បាត់​ការ​គាំទ្រ​ដែរ​»។

​ក៏ប៉ុន្តែ​លោក​ថា ការ​ឆ្លើយ​តប​ជា​បន្តបន្ទាប់​នេះក៏​ឆ្លុះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ លោក សម រង្ស៊ី នៅតែ​មាន​តម្លៃ​នយោ​បាយ ព្រោះ​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ​នៅ​តែ​មាន​ការ​ព្រួយបារម្ភចំពោះការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី​ លើឆាក​នយោបាយ​នេះ៕

XS
SM
MD
LG