ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី Biden និយាយ​ថា វា​ទំនង​កាន់​តែ​ខ្លាំង​ណាស់​ថា រុស្ស៊ី​នឹង​ឈ្លានពាន​​អ៊ុយក្រែន


ទាហាន​ឆ្មាំ​ការពារ​ជាតិ​អ៊ុយក្រែន​ម្នាក់​យាម​កន្លែង​ត្រួតពិនិត្យ​មួយ​កន្លែង​​នៅ​ក្រុង Kharkiv ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២។
ទាហាន​ឆ្មាំ​ការពារ​ជាតិ​អ៊ុយក្រែន​ម្នាក់​យាម​កន្លែង​ត្រួតពិនិត្យ​មួយ​កន្លែង​​នៅ​ក្រុង Kharkiv ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា វា​ទំនង​កាន់តែ​ខ្លាំង​ឡើង​ណាស់​ថា រុស្ស៊ី​នឹង​ឈ្លានពាន​អ៊ុយក្រែន​ក្នុង​រយៈពេល​បីបួន​ថ្ងៃ​ខាង​មុខនេះ។

លោក​ប្រធានាធិបតី Biden បាន​ប្រាប់​ក្រុមអ្នក​យក​ព័ត៌មាន​នៅឯ​សេតវិមាន​ថា៖ «យើង​មាន​ហេតុផល​ជឿ​ថា ពួកគេបាន​ទាក់ទិន​នៅ​ក្នុង​កិច្ចប្រតិបត្តិការ​វាយ​ប្រហារ​ដើម្បី​ឲ្យ​មាន​លេស​ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន។ រាល់​ការ​ចង្អុល​បង្ហាញ​ដែល​យើង​មាន​គឺ​ថា ពួកគេ​បាន​ប្រុងប្រៀប​ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន វាយ​ប្រហារ​អ៊ុយក្រែន»។

លោក​ប្រធានាធិបតី មាន​ប្រសាសន៍​ទៀត​ថា៖ «ការគិត​របស់​ខ្ញុំ​គឺ​ថា ការ​វាយ​ប្រហារ​នឹង​កើតមាន​ឡើង​នៅ​បីបួន​ថ្ងៃ​ខាង​មុខទៀត​នេះ»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក Biden នៅ​តែ​ជឿ​ថា អាច​មាន​លទ្ធភាព​ស្វែងរក​ដំណោះស្រាយ​ខាង​ការទូត​ដែល​នឹង​បន្ធូរបន្ថយ​ការព្រួយ​បារម្ភ​របស់​រុស្ស៊ី​អំពី​កាំជ្រួច​មីស៊ីល​របស់​អង្គការ​អូតង់​ និង​សមយុទ្ធ​ហ្វឹកហាត់​ខាង​យោធា​នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត។ សម្ព័ន្ធមិត្ត​លោក​ខាង​លិច បាន​ច្រានចោល​ការទាមទារ​ដ៏​សំខាន់​មួយ​របស់​រុស្ស៊ី​ដែលឲ្យ​អង្គការ​អូតង់​ច្រានចោល​ការអនុញ្ញាត​ឲ្យ​អ៊ុយក្រែន​និង​រដ្ឋ​ផ្សេង​ទៀត​របស់​របស់​អតីត​សហភាព​សូវៀត ​ក្លាយ​ជា​សមាជិក​របស់​អង្គការ​អូតង់។

សេតវិមាន​បាន​បញ្ជាក់​ថា លោក​ប្រធានាធិបតី Biden នឹង​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​ក្រុម​មេដឹកនាំ​ត្រើយ​ម្ខាង​ទៀត​នៃមហា​សមុទ្រ​អាត្លង់ទិក​នៅ​ថ្ងៃ​សុក្រ​នេះ​អំពី​ការដាក់​ពង្រាយ​កងទ័ព​របស់​រុស្ស៊ី​នៅ​តាម​ព្រំដែន​អ៊ុយក្រែន​និង​ការ​បន្ត​ការ​ខំប្រឹងប្រែងរបស់​សហរដ្ឋ​អាមេរិក​ដើម្បី​ស្វែងរក​ការកំញ៉ើញ​និង​ការទូត។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ក្រោយមក​បាន​និយាយ​ដូច​លោក Biden ដោយ​បាន​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា ពិភពលោក​អាច​រំពឹង​ឃើញ​ការវាយ​ប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ក្នុង​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ហើយ​ថា ព័ត៌មាន​នៃ​ការស៊ើប​ការណ៍​សម្ងាត់ ប្រាប់​ឲ្យ​ដឹង​ថា ការ​វាយ​ប្រហារ អាច​ធ្វើ​ឡើង​តាមរយៈការបង្កើត​ជា​លេស​មួយ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​និយាយ​ថា លោក Blinken បាន​ថ្លែង​នៅឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​នេះ​ដូច្នេះ ពីព្រោះ តែយើង​ជឿ​ថា មធ្យោបាយ​ដែល​មាន​ការទទួល​ខុសត្រូវ​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ គឺ​តាម​រយៈ​ការទូត​និង​ការសន្ទនាគ្នា។ លោក Blinken ​បាន​ស្នើ​ជួប​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Lavrov នៅ​អឺរ៉ុប​នៅ​សប្តាហ៍​ក្រោយ។

លោក Price បាន​និយាយ​ទៀត​ថា៖ «រុស្ស៊ីបាន​ឆ្លើយតប​ដោយ​មាន​ពេល​វេលា​នៃ​ការជួប​នៅ​ចុង​សប្តាហ៍​ក្រោយ​ដែល​យើង​សុខចិត្ត​ទទួលយក ឲ្យតែ​មិន​មាន​ការបន្ត​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ ប្រសិន​បើ​រុស្ស៊ី​ឈ្លានពាន​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត វា​នឹង​បញ្ជាក់​យ៉ាង​ច្បាស់​ថា រុស្ស៊ី​មិន​ខ្វល់ខ្វាយ​អំពី​ការទូត​ទេ។ យើង​នឹង​បន្ត​សម្រប​សម្រួល​ជាមួយ​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​យើង​ហើយ​នឹង​ជំរុញ​ឲ្យ​មាន​ការទាក់ទង​បន្ថែម​ទៀត​ជាមួយ​រុស្ស៊ី​តាម​រយៈ​ក្រុមប្រឹក្សា​អូតង់​និង​រុស្ស៊ី​ និង​អង្គការ​សន្តិសុខ​និង​កិច្ចសហប្រតិបត្តិការ​ដើម្បី​អឺរ៉ុប​ឬ OSCE»៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP, The New York Times, AFP និង Reuters

XS
SM
MD
LG