ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​​និង​អូតង់​ថា រុស្ស៊ី​កំពុង​បង្កើន​ទ័ព​នៅ​តាម​ព្រំដែន​អ៊ុយក្រែន​​ មិន​មែន​កំពុង​បន្ថយ​ភាព​តានតឹង​ទេ


រូបថត​ពី​វីដេអូ​ដែល​ផ្តល់​ឱ្យ​ដោយ​អង្គភាព​ផ្សព្វផ្សាយ​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​នេះ បង្ហាញ​រថពាស​ដែក​រុស្ស៊ី​ត្រូវ​បាន​គេ​ដឹក​តាម​រថភ្លើង​ក្រោយ​សមយុទ្ធ​មួយ។ (AP)
រូបថត​ពី​វីដេអូ​ដែល​ផ្តល់​ឱ្យ​ដោយ​អង្គភាព​ផ្សព្វផ្សាយ​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​នេះ បង្ហាញ​រថពាស​ដែក​រុស្ស៊ី​ត្រូវ​បាន​គេ​ដឹក​តាម​រថភ្លើង​ក្រោយ​សមយុទ្ធ​មួយ។ (AP)

ប្រទេស​រុស្ស៊ីកំពុង​បង្កើន​កងទ័ព​របស់​ខ្លួន ​តាម​ជុំវិញ​បណ្តោយ​ព្រំដែនជា​មួយ​ប្រទេស​អ៊ុយក្រែន​ បើទោះ​បី​ជា​ខ្លួន​បាន​អះអាង​ថា​ បាន​ដក​កងទ័ព​មួយ​ចំនួន​ចេញ​ក៏ដោយ។​ ​ នេះ​បើតាម​ការ​បញ្ជាក់​របស់​សហរដ្ឋ​អាមេរិក និងប្រធាន​អង្គការ​អូតង់​លោក​ Jens Stoltenberg កាល​ពី​ថ្ងៃពុធ។​

​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ លោក​ Ned Price បាន​ក្រុម​អ្នក​សារព័ត៌មាន​ថា៖​ «ទ័ព​រុស្ស៊ីដែល​កំពុង​ស្ថិត​នៅ​តាម​ព្រំដែន​ជាមួយ​អ៊ុយក្រែន មាន​កាន់​តែ​ច្រើន មិន​មែន​តិចជាង​មុន​ទេ ហើយ​ពួកគេ​កំពុង​ត្រៀម​លក្ខណៈ​ដើម្បី​ប្រយុទ្ធ»។

នៅ​ក្នុង​កិច្ចប្រជុំជា​មួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃបណ្តា​រដ្ឋ​ទាំង​៣០​ដែល​ជា​សមាជិក​របស់​អង្គការ​អូតង់​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក លោក Stoltenberg បាន​ថែ្លង​ថា៖​ «យើង​បាន​ឮ​សញ្ញាពី​ទីក្រុង​មូស្គូ​ពី​ការ​ត្រៀម​ខ្លួនរួច​ជាស្រេច​របស់​ពួក​គេ​ ក្នុង​ការបន្ត​កិច្ចប្រឹង​ប្រែង​ការ​ទូតតទៅ​ទៀត​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ យើង​នៅ​មិន​ទាន់​មើល​ឃើញ​ពី​ភាព​ធូរ​ស្រាល​ណា​មួយនៅតាម​បណ្តោយ​ព្រំដែន​របស់​ប្រទេស​អ៊ុយក្រែន​នៅ​ឡើយ។​ ផ្ទុយ​ទៅវិញ​ រុស្សី​ហាក់​ដូច​កំពុង​បន្ត​បង្កើន​សកម្មភាព​កងទ័ព​របស់​ខ្លួន​ទៅវិញ»។ ​

ប្រធាន​ទីភ្នាក់ងារ​ស៊ើប​ការណ៍​របស់​ប្រទេស​អេស្តូនី​ លោក​ Mikk Marran បាន​អះអាង​ថា​ ប្រទេស​រុស្ស៊ី​អាច​បើកការ​វាយប្រហារ​ដោយ​មាន​កម្រិតមួយ​ ទៅ​លើ​ប្រទេស​អ៊ុយក្រែន​ ដែល​រួម​មាន​ដូច​ជា​ការ​បាញ់​មីស៊ីល​ និងចូលគ្រប់​គ្រង​ភូមិសាស្ត្រ​សំខាន់។​

នៅពេល​នេះ​ ការ​វាយ​តម្លៃ​របស់​យើង​គឺថា រុស្ស៊ី ​អាច​ជៀស​វាង​ការ​វាយ​ប្រហារ​ទៅ​លើ​ទីក្រុង​ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន​ ដោយ​សារ​តែ​ត្រូវ​ប្រើ​កងទ័ព​ច្រើន ដើម្បី​គ្រប់គ្រង​តំបន់​ទាំង​នោះ។​ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ពិតប្រាកដ​នៅ​ឡើយ​ ថា​តើ​ទីតាំង​មួយ​ណា​ ដែល​រុស្ស៊ីអាច​នឹង​ធ្វើ​ការ​វាយ​ប្រហារ​នោះ​ឡើយ។ នេះ​បើ​តាម​លោក​ Marran ដែល​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន។

មន្ត្រី​សហរដ្ឋ​អាមេរិក​និង​អ៊ុយក្រែនបាន​និយាយ​ថា​ គេ​នៅ​មិន​ទាន់​មើល​ឃើញ​នូវ​ភស្តុតាង​ណា​មួយ​ ពី​ការ​ដក​កងទ័ព​របស់​រុស្ស៊ី​មួយ​ចំនួន​ក្នុង​ចំនួន​កងទ័ព​ដែល​បាន​ដាក់​ពង្រាយ​ប្រមាណ​១​សែន​៥ម៉ឺននាក់ ចេញ​ពី​តំបន់​ព្រំដែន​ភាគ​ខាង​ជើង​ ខាង​កើត​ និង​ខាង​ត្បូង​នៃ​ប្រទេស​អ៊ុយក្រែន​នោះ​ឡើយ។​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ កន្លង​ទៅ​នេះ​ រុស្ស៊ី​បាន​បន្ថែម​កងទ័ព​ចំនួន​៧.០០០​នាក់​បន្ថែម ទៀត​ នៅជិត​ព្រំដែន​ជា​មួយ​អ៊ុយក្រែន។​ នេះ​បើ​តាមមន្ត្រី​ជាន់​ខ្ពស់របស់​រដ្ឋបាល​អាមេរិក​មួយ​រូប​ ដែល​បានប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក Antony Blinken បាន​ប្រាប់​កម្មវិធី​ «Good Morning America» របស់​ទូរទស្សន៍​ ABC ថា៖​ «ជា​អកុសល​ វា​មាន​ភាព​ខុស​គ្នា​រវាង​អ្វីដែល​រុស្ស៊ី​បាន​និយាយ​ និង​ធ្វើ​ ហើយ​អ្វី​ដែល​យើង​បាន​ឃើញនោះ​ គឺ​គ្មាន​ការ​ដក​កងទ័ព​អ្វីទេ» ៕

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍នេះ ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press Agence France-Presse និង Reuters។

XS
SM
MD
LG