រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការដកកងទ័ពរុស្ស៊ីដែលបានបញ្ចប់សមយុទ្ធនៅជិតព្រំដែនប្រទេសអ៊ុយក្រែនគឺត្រូវការពេលវេលា។ ការលើកឡើងនេះបានធ្វើឡើង ស្របពេលដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តផ្សេងទៀតរបស់អ៊ុយក្រែនបានបញ្ជាក់ថា មិនមានសញ្ញាជាក់ស្តែងណាមួយបង្ហាញឲ្យឃើញថារុស្ស៊ីបានដកកងទ័ព។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិកបានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីយប់ថ្ងៃពុធថា ថ្វីបើ រុស្ស៊ីបាននិយាយថា ខ្លួនបានចាប់ផ្តើមដកកងកម្លាំងខ្លះត្រឡប់ទៅកាន់មូលដ្ឋានវិញក៏ដោយ ក៏តាមការពិត រុស្ស៊ីបានបន្ថែមកងទ័ពជាង ៧.០០០ នាក់នៅតាមបណ្តោយព្រំដែនអ៊ុយក្រែន។
មន្ត្រីជាន់ខ្ពស់រូបនោះបានបញ្ជាក់ថា៖ «រុស្ស៊ីក៏បានលើកឡើងក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះផងដែរថា ពួកគេត្រៀមខ្លួនប្រឡូកផ្នែកការទូត នៅពេលដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិកបានស្នើឲ្យមានការចរចាម្តងហើយម្តងទៀត។ ក៏ប៉ុន្តែ រាល់សញ្ញាដែលយើងឃើញនៅពេលឥឡូវនេះគឺថា រុស្ស៊ីស្នើជាសាធារណៈឲ្យមានការចរចា និងអះអាងអំពីការកាត់បន្ថយភាពតានតឹង ប៉ុន្តែស្របពេលនោះដែរគឺកំពុងរៀបចំកងទ័ពស្ងាត់ៗដើម្បីធ្វើសង្គ្រាម»។
រុស្ស៊ីបានបដិសេធថា ខ្លួនគ្មានផែនការឈ្លានពានប្រទេសអ៊ុយក្រែនទេ ហើយរុស្ស៊ីបានស្វះស្វែងចង់ឲ្យមានការធានាផ្នែកសន្តិសុខដូចជាការចង់ឲ្យអង្គការអូតង់ (NATO) ប្ដេជ្ញាមិនអនុញ្ញាតិឲ្យអ៊ុយក្រែននិងប្រទេសផ្សេងទៀតដែលធ្លាប់ស្ថិតក្រោមសហភាពសូវៀតក្លាយជាសមាជិករបស់អង្គការអូតង់ជាដើម។
សហរដ្ឋអាមេរិកនិងអង្គការអូតង់បានបញ្ជាក់ម្តងហើយម្តងទៀតថា ការទាមទារនេះនឹងមិនត្រូវបានពិចារណានោះឡើយ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារ Reuters។