ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាមេរិក​និង​ហ្វីលីពីន នឹង​ជួប​ពិភាក្សា​ ខណៈ​ភាព​តានតឹង​ជា​មួយ​ចិន​កំពុង​កើន​ឡើង​


រូប​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden​ ​ចូល​រួម​កិច្ច​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក ​​ប្រធានាធិបតី​​ហ្វីលីពីន​លោក​ Ferdinand Marcos Jr. ក្នុង​អំឡុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​បុរី New York សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២។
រូប​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden​ ​ចូល​រួម​កិច្ច​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក ​​ប្រធានាធិបតី​​ហ្វីលីពីន​លោក​ Ferdinand Marcos Jr. ក្នុង​អំឡុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​បុរី New York សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden​ មាន​គម្រោងទទួលប្រធានាធិបតីហ្វីលីពីន​លោក​Ferdinand Marcos Jr. នៅ​ក្នុង​ជំនួបនៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​សេតវិមាន​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ​ខណៈ​ពេល​ដែល​ក្តី​បារម្ភនៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​នាវា​ចិន​ទៅ​លើ​នាវា​ហ្វីលីពីន​ កំពុងកើន​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។​ នេះ​បើ​តាម​លើ​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​AP ។

ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វីលីពីន​រូប​នេះមក​កាន់​សហរដ្ឋ​អាមេរិក​ កើត​មាន​ឡើង​ បន្ទាប់​ពីកងទ័ព​អាមេរិក​និង​ហ្វីលីពីន​ ទើប​តែ​បិទបញ្ចប់​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​របស់​ខ្លួន​ដែល​មិន​ធ្លាប់​មាន​ក្នុង​ពេល​កន្លង​មក​កាល​ពី​សប្តាហ៍​មុន ហើយ​ក៏​ស្រប​ពេល​ដែល​កង​កម្លាំង​ទ័ព​អាកាស​នៃប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​ចាប់​ផ្តើម​ការ​ហ្វឹកហ្វឺនយន្តហោះ​ចម្បាំង​រួម​គ្នា​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ចាប់​តាំង​ពី​ឆ្នាំ​១៩៩០​មក។​ ប្រទេស​ហ្វីលីពីននៅ​ក្នុង​ឆ្នាំ​នេះ​ ក៏​បាន​យល់ព្រម​បើក​មូលដ្ឋាន​យោធា​៤​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​សហរដ្ឋ​អាមេរិក​ប្រើប្រាស់​នៅ​តាម​បណ្តា​កោះ​មួយ​ចំនួន​របស់​ខ្លួន ខណៈពេល​ដែល​សហរដ្ឋ​អាមេរិក​ កំពុង​សម្លឹង​រក​វិធី​ទប់ទល់​នឹង​សកម្មភាព​គឃ្លើន​កាន់​តែ​កើន​ខ្លាំង​ឡើង​របស់​ចិន​សំដៅ​ទៅ​លើ​កោះ​តៃវ៉ាន់​ និង​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នោះ។

ទន្ទឹម​នឹង​នេះ​ដែរ​ ប្រទេសហ្វីលីពីន​បាន​ខឹង​សម្បា​ជា​ខ្លាំង​នឹង​ប្រទេស​ចិន​ ដោយ​សារ​តែ​នាវា​ចិន​ធ្វើ​ទុក្ខបុកម្នេញទៅ​លើកង​នាវា​ជើង​ទឹក​និង​ឆ្មាំល្បាត​របស់​ហ្វីលីពីន​មិន​ចេះ​ចប់​មិន​ចេះហើយ​ ព្រមទាំង​បាន​បណ្តេញ​ក្រុម​អ្នកនេសាទ​ហ្វីលីពីន​ចេញ​ពី​តំបន់​ដែន​ទឹក ​ដែល​ស្ថិត​នៅ​ជិត​សមុទ្រហ្វីលីពីន​ ​ដែល​ចិន​បាន​អះអាង​ថា​ជា​របស់​ខ្លួន។

នៅ​មុន​ពេល​ចាក​ចេញ​មក​កាន់​រដ្ឋធានី​វ៉ាស៊ីតោន​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ​ប្រធានាធិបតី​ហ្វីលីពីន​លោក Macros ​និយាយ​ថា​ លោក​«មាន​ការ​តាំង​ចិត្តជា​ខ្លាំង​លើ​ការ​ពង្រឹង​ទំនាក់ទំនងឱ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ដែល​មិន​ធ្លាប់​មាន​ពី​មុនជា​មួយ​សហរដ្ឋ​អាមេរិក​ នៅលើ​វិស័យ​ជា​ច្រើន​ ដែល​មិន​គ្រាន់​តែ​មាន​ការ​បារម្ភ​នោះ​ឡើយ ​ប៉ុន្តែក៏​ជា​វិស័យដែល​មាន​លក្ខណៈ​សំខាន់ក្នុង​ការ​លើក​កម្ពស់ផលប្រយោជន៍​ស្នូល​របស់​យើង​ផង​ដែរ»។​

ជំនួប​នៅសេតវិមាននៅ​ថ្ងៃ​ចន្ទ​នេះ គឺជាកិច្ច​ប្រជុំការទូត​កម្រិត​ខ្ពស់​ចុងក្រោយមួយជា​មួយ​មេដឹកនាំប្រទេស​តំបន់​ប៉ាស៊ីហ្វិក​ ​របស់ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​Joe Biden ​ខណៈ​ដែល​រដ្ឋបាល​របស់​លោកកំពុង​ប្រឈម​នឹងសកម្មភាព​សេដ្ឋកិច្ច​និង​យោធា​កាន់​តែគឃ្លើន​ខ្លាំង​ឡើង​ពី​សំណាក់​ប្រទេស​ចិន​ ​ក៏​ដូច​ជា​ក្តី​បារម្ភ​មួយ​ចំនួន​ទៀតទៅលើកម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ផង​ដែរ។​ ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក Marcos ​មក​កាន់រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ពេល​នេះ ​ជា​ដំណើរ​ទស្សនកិច្ចលើក​ទី១​របស់​មេដឹកនាំ​ហ្វីលីពីន​ ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​ទៅ​នេះ។

ភាគី​ទាំង​ពីរ​ត្រូវ​គេ​រំពឹង​ថា​នឹង​ពិភាក្សា​គ្នាទៅ​លើ​ស្ថានភាព​សន្តិសុខ​ និង​ដាក់​ចេញ​គំនិត​ផ្តួចផ្តើម​ថ្មី​ស្តី​ពី​វិស័យ​សេដ្ឋកិច្ច​ អបរំ​ ការ​ប្រែប្រួល​អាកាសធាតុ​ និង​បញ្ហា​ដទៃ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ ដែល​ជា​ផ្នែក​មួយ​នៃដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​ របស់​មេដឹកនាំ​ហ្វីលីពីន​រូប​នេះ។​ នេះបើយោង​ទៅ​លើ​មន្ត្រី​រដ្ឋបាល​អាមេរិក​ជាន់​ខ្ពស់​មួយ​រូប ដែល​បាន​ថ្លែង​ប្រាប់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP៕

XS
SM
MD
LG