ក្រុមមន្ត្រីការពារជាតិនិងការទូតកំពូលរបស់សហរដ្ឋអាមេរិកនិងហ្វីលីពីនបានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារថានឹងរៀបចំឲ្យរួចរាល់នូវផែនការមួយលើជំនួយសន្តិសុខរបស់សហរដ្ឋអាមេរិកទៅកាន់ហ្វីលីពីននៅក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំខាងមុខ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin កាលពីថ្ងៃអង្គារ និងត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Austin បានថ្លែងថា សម្ព័ន្ធមិត្តយូរអង្វែងទាំងពីរនេះបានពិភាក្សាគ្នាអំពីការបញ្ជូន«សម្ភារៈការពារជាតិជាអាទិភាពនានា» ដែលរួមមានទាំងផ្កាយរណប ដ្រូន យន្ដហោះដឹកជញ្ជូនសម្រាប់យោធា និងប្រព័ន្ធការពារដែនទឹកនិងដែនអាកាស នៅក្នុងជំនួបមួយដែលត្រូវបានគេហៅថា ២+២ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលជំនួបនេះក៏មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងសមភាគីហ្វីលីពីនរបស់ពួកគេផងដែរ។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Enrique Manalo បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដដែលនេះថា ភាគីទាំងពីរបានបង្កើនការប្ដេជ្ញារបស់ខ្លួនទ្វេដង ដើម្បីធ្វើឱ្យសម្ព័ន្ធភាពរវាងហ្វីលីពីននិងសហរដ្ឋអាមេរិកកាន់តែប្រសើរឡើង នៅក្នុងការទទួលស្គាល់ថា «ភាពជាដៃគូរបស់យើងនឹងត្រូវដើរតួនាទីកាន់តែសំខាន់ជាងមុន ក្នុងការថែរក្សាសណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ»។
ក្រុមអ្នកជំនាញ រួមមានទាំងអតីតក្រុមមន្ត្រីការពារជាតិសហរដ្ឋអាមេរិកផងនោះ និយាយថា សហរដ្ឋអាមេរិកមើលឃើញថា ហ្វីលីពីនគឺជាទីតាំងដ៏មានសក្កានុពលមួយសម្រាប់បំពាក់រ៉ុក្កែត មីស៊ីល និងប្រព័ន្ធកាំភ្លើងធំ ដើម្បីប្រឆាំងនឹងការឈ្លានពានទាំងតាមផ្លូវទឹកនិងផ្លូវគោករបស់ចិនទៅលើកោះតៃវ៉ាន់ ដែលចិនអះអាងថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
លោក Austin ថ្លែងថា វាលឿនពេកក្នុងពិភាក្សាអំពីឧបករណ៍អ្វីខ្លះដែលសហរដ្ឋអាមេរិកចង់បំពាក់នៅឯមូលដ្ឋានយោធារបស់ខ្លួនក្នុងប្រទេសហ្វីលីពីនក្រោមកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារឱ្យកាន់តែប្រសើរឡើង (Enhanced Defense Cooperation Agreement)។
លោក Manalo មានប្រសាសន៍ថា ទីតាំងដែលនឹងត្រូវបំពាក់ឧបករណ៍នានាក្រោមកិច្ចព្រមព្រៀងនេះគឺត្រូវប្រើប្រាស់ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការផ្នែកយោធា ដើម្បីកំណត់នូវគ្រោះមហន្ដរាយមនុស្សជាតិដែលអាចនឹងកើតមាន«និងប្រហែលជាដើម្បីឆ្លើយតបទៅនឹងប្រភេទផ្សេងទៀតនៃបញ្ហាប្រឈមផ្នែកសន្ដិសុខ» ប៉ុន្តែលោកមិនបានបញ្ជាក់ឱ្យច្បាស់លាស់នោះទេ។
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានធានាដល់ប្រទេសចិនកាលពីថ្ងៃចន្ទថា មូលដ្ឋានយោធាដែលសហរដ្ឋអាមេរិកអាចប្រើប្រាស់បាននឹងមិនត្រូវបានប្រើប្រាស់នៅក្នុងសកម្មភាពវាយលុកនោះទេ ដោយលោកសង្កត់ធ្ងន់ថា ការរៀបចំជាមួយនឹងសហរដ្ឋអាមេរិកនេះគឺដើម្បីធ្វើឱ្យប្រសើរឡើងនូវការការពារនៅក្នុងប្រទេសរបស់លោក៕