រដ្ឋបាលលោកប្រធានាធិបតី Joe Biden កាលពីថ្ងៃអាទិត្យបានបន្តការបដិសេធរបស់រដ្ឋបាលលោក Donald Trump ចំពោះការទាមទារដែនសមុទ្រស្ទើរតែទាំងអស់របស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។ រដ្ឋបាលរបស់លោក Biden ក៏បានព្រមានប្រទេសចិនផងដែរថារាល់ការវាយប្រហារណាមួយទៅលើប្រទេសហ្វីលីពីននៅក្នុងតំបន់រសើបនេះនឹងធ្វើឲ្យមានការឆ្លើយតបរបស់សហរដ្ឋអាមេរិកក្រោមសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក។
សារដ៏ម៉ឺងម៉ាត់របស់រដ្ឋមន្រ្តីក្រសួងការបរទេសស.រ.អា. Antony Blinken បានចេញផ្សាយក្នុងសេចក្តីថ្លែងការណ៍មួយមុនខួប៥ឆ្នាំនៃសេចក្តីសម្រេចរបស់សាលាក្តីអន្តរជាតិដែលគាំទ្រដល់ប្រទេសហ្វីលីពីនប្រឆាំងនឹងការទាមទារដែនសមុទ្ររបស់ចិននៅប្រជុំកោះ Spratly និងតំបន់ថ្មប៉ប្រះទឹកនិងឆ្នេរដែលនៅក្បែរនោះ។ចិនបានច្រានចោលសេចក្តីសម្រេចនេះ។
នៅមុនខួប៤ឆ្នាំនៃសេចក្តីសម្រេចនេះកាលពីឆ្នាំមុនរដ្ឋបាលលោកTrumpបានចេញមុខគាំទ្រសេចក្តីសម្រេចនេះប៉ុន្តែក៏បាននិយាយថាខ្លួនបានចាត់ទុកថាជាការមិនស្របច្បាប់ស្ទើរតែទាំងអស់ចំពោះការទាមទារដែនសមុទ្រចិននៅក្នុងសមុទ្រចិនខាងត្បូងនៅខាងក្រៅដែនទឹកដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជារបស់ប្រទេសចិន។
លោក Blinken បាននិយាយថា៖ «គ្មានកន្លែងណាដែលបទបញ្ជាតាមសមុទ្រស្ថិតក្រោមការគំរាមកំហែងខ្លាំងជាងនៅសមុទ្រចិនខាងត្បូងទេ»។ លោកបានចោទប្រកាន់ប្រទេសចិនពីបទបន្ត«បង្ខិតបង្ខំនិងបំភិតបំភ័យបណ្តារដ្ឋនៅជាប់ឆ្នេរសមុទ្រនៅអាស៊ីអាគ្នេយ៍ដោយគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្ររបស់ពិភពដ៏សំខាន់នេះ»។
លោកបាននិយាយយោងដល់សេចក្ដីថ្លែងការណ៍របស់លោក Mike Pompeo អតីតរដ្ឋមន្ត្រីការបរទេសស.រ.អា.ថា៖ «សហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនូវគោលនយោបាយរបស់ខ្លួននៅថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២០ទាក់ទងនឹងការទាមទារដែនសមុទ្រនៅសមុទ្រចិនខាងត្បូង។យើងក៏បានបញ្ជាក់ជាថ្មីផងដែរថាការវាយប្រហារដោយអាវុធទៅលើកងកម្លាំងប្រដាប់អាវុធនាវាសាធារណៈឬយន្តហោះហ្វីលីពីននៅសមុទ្រចិនខាងត្បូងនឹងជំរុញឲ្យស.រ.អា.អនុវត្តការតាំងចិត្តការការពារគ្នាទៅវិញទៅមកជាមួយប្រទេសហ្វីលីពីន»។
មាត្រា៤នៃសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិកនិងហ្វីលីពីនឆ្នាំ១៩៥១តម្រូវឲ្យប្រទេសទាំងពីរជួយគ្នាទៅវិញទៅមកក្នុងករណីមានការវាយប្រហារ៕