អ្នកវិភាគលើកឡើងថា ការកើនឡើងនូវប្រព័ន្ធបណ្តាញទូរស័ព្ទបន្ទាន់សម្រាប់ដោះស្រាយវិបត្តិរវាងប្រទេសចិននិងប្រទេសអាស៊ីមួយចំនួនបានបង្ហាញថា រដ្ឋាភិបាលក្រុងប៉េកាំងមានបំណងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសទាំងនោះ ប៉ុន្តែមិនដោះស្រាយបញ្ហាទ្រង់ទ្រាយធំ ដែលអាចបង្កទៅជាជម្លោះនោះទេ។
មន្ត្រីក្រុងប៉េកាំងរំពឹងថា ការតភ្ជាប់បណ្តាញទូរស័ព្ទនេះបង្ហាញថា «យើងកំពុងសហការគ្នា» ប៉ុន្តែពុំមានការផ្លាស់ប្តូរនូវគោលនយោបាយដែលធ្វើឲ្យប្រទេសក្បែរខាងមានការស្ងប់ចិត្តនោះទេ។ នេះបើតាមការបញ្ជាក់របស់សាស្ត្រាចារ្យ Alexander Vuving នៃមជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិក Daniel K. Inouye សម្រាប់ការសិក្សាសន្តិសុខ នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។ លោកជឿជាក់ថា សកម្មភាពជាច្រើន ដែលធ្វើឲ្យប្រទេសមានជម្លោះដែនទឹកជាមួយចិនខឹងសម្បានោះ ត្រូវបានរៀបចំទុកជាមុន ដោយមិនបានកើតឡើងភ្លាមៗនោះទេ។
អ្នកវិភាគជឿថា បណ្តាញទំនាក់ទំនងទូរស័ព្ទបន្ទាន់នៃកងនាវាជើងទឹកនឹងធានាដល់សុឆន្ទៈនៃទំនាក់ទំនងវៀតណាមនិងចិន លុះត្រាតែផែនការបន្ទាប់ត្រូវបានរៀបចំឡើង។ ប្រទេសទាំងពីរនេះ មានភាពរកាំរកូសជាមួយគ្នាអស់រយៈពេល៧ឆ្នាំមកហើយ ក្នុងការរកប្រេងក្នុងតំបន់ជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង។ កាលពីឆ្នាំទៅ ប្រទេសវៀតណាមបានប្រឆាំងតវ៉ាជាមួយប្រទេសចិនចំពោះការពន្លិចទូកនេសាទរបស់វៀតណាមមួយគ្រឿង។
ប្រព័ន្ធទូរស័ព្ទបន្ទាន់ជាដំណោះស្រាយទូទៅមួយសម្រាប់ប្រទេសចិន។ ខ្សែទូរស័ព្ទយោធាបន្ទាន់នេះអាចធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង ដោះស្រាយ និងកាត់បន្ថយហានិភ័យនៃជម្លោះ។ នេះបើយោងទៅតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានរដ្ឋចិន Global Times ក្នុងឆ្នាំ២០១៨៕