ចិនកំពុងបង្ហាញចំណាប់អារម្មណ៍ថ្មីក្នុងការធ្វើការជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាក់ទងនឹងជម្លោះក្នុងសមុទ្រចិនខាងត្បូងដែលសម្បូរធនធានធម្មជាតិ ខណៈគូប្រជែងគឺសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden មានសន្ទុះការទូតជាមួយចិន។ នេះបើតាមអ្នកវិភាគនៅអាស៊ី។
ប្រទេសចិនដែលមានយោធានិងសេដ្ឋកិច្ចធំជាងគេនៅអាស៊ីបានរៀបចំកិច្ចប្រជុំដោយផ្ទាល់និងកម្រមួយនៅថ្ងៃទី៧និងទី៨ ខែមិថុនា ដោយមានរដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ីអាគ្នេយ៍ទាំង១០និងសមភាគីចិនគឺលោក Wang Yi ។
លោក Wang Yi និងរដ្ឋមន្ត្រីសមាគមអាស៊ានដែលមាន១០ប្រទេស ចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៩ ខែមិថុនាអំពីកិច្ចប្រជុំរបស់ពួកគេនៅទីក្រុង Chongqingប្រទេសចិនថា ពួកគេបានពិភាក្សាគ្នាស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធីនៅក្នុងសមុទ្រចិនខាងត្បូង និងបន្តចរចាបញ្ចប់ក្រមប្រតិបត្តិអំពីសមុទ្រចិនខាងត្បូង។
អ្នកជំនាញបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំខែនេះ ប្រទេសចិនចង់ធ្វើឱ្យរដ្ឋាភិបាលអាស៊ីអាគ្នេយ៍ឈរនៅខាងខ្លួនហើយចាកចេញពីសហរដ្ឋអាមេរិក។
លោក Jay Batongbacal សាស្ត្រាចារ្យកិច្ចការនាវាចរណ៍អន្តរជាតិនៅសាកលវិទ្យាល័យហ្វីលីពីនក្នុងទីក្រុង Quezon បានមានប្រសាសន៍ថា៖ «នេះនឹងជាមធ្យោបាយមួយសម្រាប់ប្រទេសចិនព្យាយាមបង្កើនការការពារប្រឆាំងនឹងការលេចចេញនូវឥទ្ធិពលគាំទ្របស្ចិមប្រទេស»។
ប្រទេសចិនទាមទារប្រហែល៩០%នៃដែនសមុទ្រ៣លាន ៥សែនគីឡូម៉ែត្រការ៉េដែលសម្បូរជលផលនិងប្រេង។ សមាជិកអាស៊ានមួយចំនួនមានប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមទាមទារផ្នែកខ្លះដែលគងនឹងការទាមទាររបស់ចិនហើយតៃវ៉ាន់ទាមទារភាគច្រើនជាផ្លូវទឹកដែលមានជម្លោះនោះ៕